មេបញ្ជាការភូមិភាគ២ របស់ថៃ ចោទប្រកាន់កម្ពុជាថាបានរំលោភកិច្ចព្រមព្រៀងឈប់បាញ់ និងសន្ធិសញ្ញាអូតាវ៉ាស្តីអំពីមីន បន្ទាប់ពីទាហានថៃម្នាក់បានជាន់មីនដាច់ជើងម្ខាងក្បែរប្រាសាទតាក្របី នៅថ្ងៃពុធ នេះ។
សារព័ត៌មានថៃ ខៅស៊ុត (Khaosod) បានចុះផ្សាយនៅថ្ងៃទី២៧ សីហា នេះថា មេបញ្ជាការភូមិភាគ២ ថៃ ឧត្ដមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) បានថ្កោលទោសកម្ពុជាយ៉ាងធ្ងន់ធ្ងរចំពោះការបន្តរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ និងអនុសញ្ញាអូតាវ៉ាស្តីអំពីមីន។
មេបញ្ជាការភូមិភាគ២ រូបនេះ អះអាងថា ថ្ងៃនេះទាហានថៃ បានប្រើឧបករណ៍រាវរកមីនដែរ ប៉ុន្តែមិនអាចរកឃើញ ដោយសារជាមីនប្លាស្ទិក ហើយជាមីនដែលទើបនឹងត្រូវបានគេដាក់បង្កប់ថ្មី ខណៈថៃ ក៏បានត្រៀមផែនការយោធាក្នុងការតវ៉ាចំពោះកម្ពុជាដែរ។
លោក ប៊ុនស៊ីន ផាតក្លាង បញ្ជាក់ថា ព្រឹត្តិការណ៍នេះបានកើតឡើងនៅពេលដែលទាហានថៃ បំពេញបេសកកម្មនៅតំបន់ប្រាសាទតាក្របី ក្នុងស្រុក ភ្នំដងរែក (Phanom Dong Rak) ខេត្តសុរិន្ទ ខណៈភ្នំ៣៥០ ក្បែរប្រាសាទតាក្របី គឺជាតំបន់ដែលមានកម្លាំងទាហានកម្ពុជាច្រើន និងមានគ្រាប់មីននៅជុំវិញនោះ។
ក្នុងសន្និសីទសារព័ត៌មានជុំវិញការចោទប្រកាន់របស់ភាគីថៃ អំពីមីន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា លោក លី ធុជ លើកឡើងថា តំបន់ដែលទាហានថៃ រងគ្រោះដោយសារមីន គឺជាតំបន់អតីតសមរភូមិពីជំនាន់សង្គ្រាមស៊ីវិលផ្ទៃក្នុងរបស់កម្ពុជា។
អាជ្ញាធរមីនកម្ពុជារូបនេះបញ្ជាក់ថា ចំពោះគ្រោះថ្នាក់របស់ទាហានថៃ ដែលបណ្តាលមកពីគ្រាប់មីន គឺដោយសារតែក្រុមទាហានទាំងនោះនាំគ្នាឈ្លានពានចូលក្នុងដែនអធិបតេយ្យរបស់ប្រទេសកម្ពុជា ប៉ុណ្ណោះ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សុំការបំភ្លឺជុំវិញការជាន់មីនពីសំណាក់ទាហានថៃ បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

