29.2 C
Phnom Penh

អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជំរុញ​ឱ្យ​ភាគី​ថៃ បញ្ឈប់​ការ​បង្វែរ​ប្រធានបទ​ទៅ​រក​បញ្ហា​គ្រាប់មីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​ច្បាប់ និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ លោក ឆាំង យុ លើកឡើង​ថា យោធា​ថៃ ពុំ​បាន​ធ្វើការ​រួម​គ្នា​ជា​ធ្លុង​មួយ​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ ទេ ខណៈ​បញ្ហា​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ គ្រាន់តែ​ជា​សមាសធាតុ​ផ្សំ​មួយ​ផ្នែក​នៃ​បញ្ហា​ជា​យុទ្ធសាស្ត្រ​របស់​ថៃ ក្នុង​ជម្លោះ​ជាមួយ​ប្រទេស​កម្ពុជា ប៉ុណ្ណោះ។

លោក ឆាំង យុ លើកឡើង​នៅ​ថ្ងៃទី​២៨ សីហា នេះ​ថា រដ្ឋាភិបាល​ថៃ បាន​បង្កើន​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​បញ្ហា​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​កម្ពុជា។ លោក​ថា ការ​ធ្វើ​បែប​នេះ មិនមែន​ជា​រឿង​ខុសឆ្គង​ទេ ព្រោះ​វា​ជា​បញ្ហា​ដែល​កើតមាន​ជាច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ ដែល​បន្សល់​ទុក​ពី​សង្គ្រាម និង​បាន​សម្លាប់ ឬ​បង្ក​ជា​ពិការភាព​លើ​ប្រជាជន​ស្លូតត្រង់​រាប់​ពាន់​នាក់​ក្នុង​ប្រទេស​ទាំង​ពីរ​នោះ។

គួរ​កត់សម្គាល់​ថា សេចក្តី​រាយការណ៍ Socio-Economic Survey 2004 ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ៧​សែន​នាក់​ជា​ជនពិការ។

លោក​បន្ថែម​ថា ផ្អែក​ទៅ​លើ​ស្ថានការណ៍​នៅ​តាម​បណ្ដោយ​ព្រំដែន​នា​ពេល​បច្ចុប្បន្ន បញ្ហា​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ មិនមែន​ជា​បញ្ហា​ចម្បង​បំផុត​ដែល​រារាំង​ដល់​ដំណើរការ​សន្តិភាព​នោះ​ទេ ព្រោះ​ការ​យក​បញ្ហា​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ មក​ធ្វើ​ជា​ប្រធានបទ គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​របស់​ថៃ ប៉ុណ្ណោះ។

លោក ឆាំង យុ អះអាង​ថា ក្នុង​ស្ថានភាព​នេះ ប្រទេស​ទាំង​ពីរ​ត្រូវ​ធ្វើការ​រួម​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម ហើយ​ដើម្បី​ដំណោះស្រាយ​បាន លុះត្រាតែ​ភាគី​ទាំង​សងខាង​មាន​ភាព​ស្មោះត្រង់ តម្លាភាព និង​ការ​ប្ដេជ្ញាចិត្ត​ដោយ​សុចរិត។

អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ​រូប​នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃ បញ្ឈប់​ការ​បង្វែរ​ប្រធានបទ​ទៅ​រក​បញ្ហា​មីន​ដែល​ជា​បញ្ហា​បន្ទាប់បន្សំ ដោយ​ងាក​ទៅ​ដោះស្រាយ​បញ្ហា​ចម្បង​នៅ​ចំពោះ​មុខ​វិញ គឺ​ការ​ប្ដេជ្ញាចិត្ត​ប្រកប​ដោយ​តម្លាភាព ស្មោះត្រង់ និង​ឥត​លក្ខខណ្ឌ ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

កាលពី​ថ្ងៃទី​២៧ ខែ​សីហា សារព័ត៌មាន​ថៃ ខៅ​ស៊ុត (Khaosod) បាន​ចុះផ្សាយ​ថា មេបញ្ជាការ​ភូមិភាគ​២ របស់​ថៃ ឧត្ដមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) បាន​ចោទប្រកាន់​ប្រទេស​កម្ពុជា ថា​បាន​រំលោភ​កិច្ចព្រមព្រៀង​ឈប់​បាញ់ និង​សន្ធិសញ្ញា​អូតាវ៉ា​ស្តីអំពី​មីន បន្ទាប់ពី​ទាហាន​ថៃ​ម្នាក់​បាន​ជាន់​មីន​ដាច់​ជើង​ម្ខាង​ក្បែរ​ប្រាសាទ​តាក្របី នៅ​ថ្ងៃ​ពុធ​នោះ។

មេបញ្ជាការ​ភូមិភាគ​២ របស់​ថៃ រូប​នេះ បញ្ជាក់​ថា ថៃ​បាន​ត្រៀម​ផែនការ​យោធា​ក្នុង​ការ​តវ៉ា​ចំពោះ​ប្រទេស​កម្ពុជា រួចរាល់​ហើយ ព្រោះ​ភ្នំ​៣៥០ ក្បែរ​ប្រាសាទ​តាក្របី គឺជា​តំបន់​ដែល​មាន​កម្លាំង​ទាហាន​ខាង​ប្រទេស​កម្ពុជា​ច្រើន និង​មាន​គ្រាប់មីន​នៅ​ជុំវិញ​នោះ។

ទោះជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​មីន​កម្ពុជា ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​យប់​ថ្ងៃទី​២៧ សីហា ដោយ​បដិសេធ​ដាច់អហង្ការ​ចំពោះ​ឧប្បត្តិហេតុ​ផ្ទុះ​មីន​កាលពី​ថ្ងៃទី​២៧ ខែ​សីហា ក្បែរ​ប្រាសាទ​តាក្របី បន្ទាប់ពី​យោធា​ថៃ ចោទប្រកាន់​កម្ពុជា ថា​បាន​រំលោភ​បទ​ឈប់​បាញ់ និង​អនុសញ្ញា​អូតាវ៉ា ដោយ​ការ​ដាក់​មីន​ថ្មី​ធ្វើ​ពី​ប្លាស្ទិក​នោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស