កងកម្លាំងថៃ បូរ៉ាផា (Burapha) ឬកម្លាំងបូព៌ាប្រទេសថៃ ប្រកាសដាក់ភូមិណងចាន់ ឃុំខកសុខ ខេត្តស្រះកែវ ដែលនៅទល់មុខនឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាតំបន់ស្ថិតក្រោមច្បាប់អាជ្ញាសឹក ដែលត្រូវស្ថិតក្រោមការត្រួតត្រារបស់យោធាទាំងស្រុង។
សារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី២៩ សីហា ថា ក្រោយការដាក់ភូមិណងចាន់ ស្ថិតក្រោមច្បាប់អាជ្ញាសឹកនេះ គឺត្រូវហាមមិនឲ្យយកអាវុធគ្រប់ប្រភេទចូល ឬវត្ថុដែលអាចប្រើជាអាវុធផងដែរ។ ជាងនេះទៀត ក៏ត្រូវហាមឃាត់ការបិទផ្លូវដែលប៉ះពាល់ដល់ប្រតិបត្តិការមន្ត្រី និងការរស់នៅរបស់ប្រជាជនថែមទៀត។ លើសពីនេះ ក៏ហាមឃាត់មិនឲ្យថតរូបមូលដ្ឋានប្រតិបត្តិការយោធា រួមទាំងហាមឃាត់មិនឲ្យវាយគ្នា ទាស់គ្នា និងទទួលទានសារធាតុស្រវឹង ព្រមទាំងហាមឃាត់មិនឲ្យយកឧបករណ៍បំពងសំឡេងចូលក្នុងបរិវេណនេះដោយមិនមានការអនុញ្ញាតផងដែរ។
កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ផ្អែកតាមសារព័ត៌មាន ខៅស៊ុត (Khaosod) នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វិឆាយាឆៃ អះអាងថា ចំពោះកម្ពុជាដែលបានដាក់សម្ពាធបង្ខំឱ្យថៃ រុះរើរបងបន្លាលួសចេញ គឺលោកគ្មានសិទ្ធិសម្រេចលើរឿងនេះទេ។
នាយករដ្ឋមន្ត្រីស្តីទីរូបនេះបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋាភិបាលថៃ បានប្រគល់សិទ្ធិការពារព្រំដែនឱ្យកងទ័ពថៃ ជាអ្នកដោះស្រាយអស់ហើយ ខណៈការរាយបន្លាលួសពីសំណាក់កងទ័ពថៃ នាពេលនេះ គឺធ្វើឡើងដោយត្រឹមត្រូវ ស្របតាមកិច្ចព្រមព្រៀងនៃបទឈប់បាញ់នៅប្រទេសម៉ាឡេស៊ី ទាំងអស់។
កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ បានអះអាងថា កងទ័ពថៃ បានរាយបន្លាលួស និងប្រើសម្បកកង់ឡាន ហ៊ុមព័ទ្ធផ្ទះរបស់ពួកគាត់ដែលស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៣ ខែសីហា ថា កម្លាំងកងទ័ពថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធ នៅថ្ងៃទី១២ និងទី១៣ ខែសីហា បានរាយលួសបន្លា ព្រមទាំងដាក់កង់ឡាននៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃយោធភូមិភាគទី៥។
រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង ០២ និង ២០នាទី យោធាថៃ ប្រដាប់ដោយអាវុធ រួមទាំងឧបករណ៍បញ្ចេញរលកសំឡេង (Long Range Acoustic Device) បានចូលមករាយបន្លាលួសសាជាថ្មីនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ត្រទល់មុខនឹងភូមិណងចាន់ ឃុំខកសុខ ខេត្តស្រះកែវ ប្រទេសថៃ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលជាម្ចាស់ដីនៅទីតាំងនោះ រួមមានមនុស្សចាស់ជរា ជនពិការ ស្ត្រីមានផ្ទៃពោះ និងស្ត្រីពកូន ជាដើម បានរួមគ្នាប្រឆាំងតវ៉ាមិនឱ្យទាហានថៃ រាយបន្លាលួសបន្តទៀតឡើយ និងបានរុះរើបន្លាលួសដែលទាហានថៃ ទើបនឹងដាក់ពង្រាយចេញផងដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

