កម្មកររោងចក្រកាត់ដេរប្រហែល៣០.០០០នាក់នឹងចូលធ្វើការវិញនៅព្រឹកនេះបន្ទាប់ពីបានបញ្ចប់ការធ្វើកូដកម្មរយៈពេលបីថ្ងៃកាលពីម្សិលមិញ បន្ទាប់ពីមន្ត្រីខេត្តស្វាយរៀងបានសន្យាជួយកូដករទាំងនោះឲ្យសម្រេចបាននូវការទាមទាររបស់ខ្លួនពីថៅកែរោងចក្រមក។
កូដកម្មដ៏ធំនេះបានបណ្តាលឲ្យម្ចាស់តំបន់សេដ្ឋកិច្ចពិសេស តាយសេងក្នុងខេត្តស្វាយរៀងព្យាករពីការចាកចេញរបស់វិនិយោគិនបរទេសពីប្រទេសកម្ពុជា ដោយសារមានការទាមទារនិងការធ្វើដូកម្មរបស់កម្មករកាន់តែច្រើនឡើង។
លោក លី សុងស៊ីន គឺជាម្ចាស់តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ដែលមានរោងចក្រចំនួន២២ និងមានកម្មករជាង១០.០០០នាក់ត្រូវបានបិទទ្វារដោយសារកូដកម្មនេះ។ លោកបានមានប្រសាសន៍ថា “ ឥឡូវនេះកម្មករគឺជាម្ចាស់រោងចក្រទាំងនោះ”។ លោក សុងស៊ីន បានមានប្រសាសន៍ថា “យើងតែងតែឆ្លើយតបចំពោះការទាមទាររបស់កម្មករ ប៉ុន្តែពួកគេមិនដែលឈប់ទេ។ យើងមិនដឹងថា តើពួកគេចង់បានប៉ុន្មានទៀតទេ”។
លោក ឆេង ឈាន់ អគ្គលេខាធិការសម្ព័ន្ធសហជីពចលនាកម្មករបានមានប្រសាសន៍ថា កម្មករមកពីរោងចក្រចំនួន៣៦បានចាប់ផ្តើមតវ៉ាកាលពីថ្ងៃច័ន្ទ។
រោងចក្រទាំងអស់ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ានហាតតាន និងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង។យោងតាមលោក ឆេង ឈាន់ បានឲ្យដឹងថា កូដករបានទាមទារប្រាក់ឈ្នួលអប្បបរមាប្រចាំខែរហូតដល់១៥៤ដុល្លារ លក្ខខណ្ឌការងារប្រសើរជាងមុននៅក្នុងរោងចក្រ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ ប្រាក់ថ្លៃអាហារប្រចាំថ្ងៃ និងការមិនពិន័យកម្មករអំឡុងពេលអវត្តមាន។
លោក ឆេង ឈាន់ បានមានប្រសាសន៍ថា មេដឹកនាំសហជីពនិងសមាជិករបស់ខ្លួនរាប់ពាន់នាក់ទៀតបានយល់ព្រមត្រឡប់ទៅធ្វើការវិញនៅថ្ងៃនេះ បន្ទាប់ពីមានការធ្វើអន្តរាគមន៍ពីមន្ទីរការងារខេត្ត ដែល “ បានយល់ព្រមដោះស្រាយបញ្ហានេះ”។ លោក ឆេង ឈាន់ មានប្រសាសន៍បន្ថែមទៀតថា “មន្ត្រីមន្ទីរការងារខេត្តបានយល់ព្រមចំពោះការទាមទាររបស់អ្នកតវ៉ា ហើយបានប្រាប់ពួកយើងថា កម្មករទាំងអស់អាចត្រឡប់ទៅធ្វើការរបស់ខ្លួនវិញនៅថ្ងៃស្អែក”។
លោក អ៊ូ សុខឿន អនុប្រធានមន្ទីរការងារខេត្តស្វាយរៀងបានមានប្រសាសន៍ថា លោកបានជួបប្រជុំជាមួយសហជីពបីគឺ សម្ព័ន្ធសហជីពចលនាកម្មករ សហជីពការងារកម្មករ និងសម្ព័ន្ធសហជីពកម្មករខ្មែរ ដើម្បីពិភាក្សាអំពីការទាមទាររបស់ពួកគេ។ លោកបានមានប្រសាសន៍ថា លទ្ធផលនៃកិច្ចប្រជុំគឺលិខិតព្រាងមួយច្បាប់ស្តីពីការទាមទាររបស់កូដករដែលឥឡូវនេះនឹងត្រូវបញ្ជូនទៅម្ចាស់រោងចក្រទាំង៣៦”។ លោក សុខឿន បានមានប្រសាសន៍ថា “ យើងបានដោះស្រាយបញ្ហានេះឲ្យអ្នកតវ៉ា ដោយព្រាងលិខិតមួយច្បាប់រៀបរាប់ពីការទាមទាររបស់អ្នកតវ៉ាបញ្ជូនទៅឲ្យក្រុមហ៊ុន”។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានប្រសាសន៍ថា លិខិតនេះគឺគ្រាន់តែជាវិធានការដើម្បីបញ្ឈប់កម្មករមួយក្រុមតូចដែលរារាំងកម្មករដទៃទៀតមិនឲ្យចូលធ្វើការតែប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា “ខ្ញុំជឿថា មានកូដករមិនដល់៥០០នាក់ផងទេ។ ជាអកុសល កូដករទាំង៥០០នាក់នោះបានរារាំងកម្មករប្រហែល៣០.០០០នាក់មិនឲ្យចូលធ្វើការទៅវិញ។ តាមពិតកម្មករភាគច្រើនព្យាយាមចូលធ្វើការវិញ”។
លោក សុងស៊ីន ម្ចាស់តំបន់សេដ្ឋកិច្ចពិសេស តាយ សេង មានប្រសាសន៍ថា ថៅកែរោងចក្រភាគច្រើននៅក្នុងកន្លែងរបស់លោក គឺជនជាតិជប៉ុន និង ជនជាតិតៃវ៉ាន់ដែលបានវិនិយោគក្នុងប្រទេសវៀតណាម ប៉ុន្តែមានរោងចក្រច្រើនស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសជាប់ព្រំដែននេះ។ លោកបានមានប្រសាសន៍ថា “វិនិយោគិនភាគច្រើននៅទីនេះកំពុងពិចារណាដកខ្លួនចេញទៅប្រទេសវៀតណាម”។ លោកបានបន្ថែមថា “បើទោះជាប្រាក់ឈ្នួលក្នុងប្រទេសវៀតណាមខ្ពស់ជាងក៏ដោយ ក៏កម្មករនៅទីនោះមានភាពរួសរាយរាក់ទាក់ដែរ”។
សេង យៀកមីុ អាយុ២២ឆ្នាំ ជាកម្មករនៅរោងចក្រ DK Inc បាននិយាយថា នាងបានចូលរួមធ្វើកូដកម្ម ពីព្រោះអ្នកគ្រប់គ្រងនៅរោងចក្រដែលនាងធ្វើការបានប្រើ “ពាក្យសំដីមិនល្អមើលងាយដល់កម្មករខ្មែររបស់យើង”។ នាងបាននិយាយថា ការទាមទារដំឡើងប្រាក់ខែ និងថ្ងៃឈប់សម្រាកគ្មានប្រាក់ខែដែលត្រូវបានកាត់បន្ថយនោះគឺជាការទាមទារផ្សេងទៀត។ នាងបាននិយាយទៀតថា “យើងស្នើឲ្យក្រុមហ៊ុនទាំងអស់អនុញ្ញាតឲ្យយើងយកថ្ងៃឈប់សម្រាកប្រចាំឆ្នាំ និងឈប់កាត់ប្រាក់ខែរបស់យើង នៅពេលដែលយើងឈប់សម្រាកសម្រាប់ហេតុផលផ្ទាល់ខ្លួននោះ”៕ សារុន