28 C
Phnom Penh

ប្រធាន​រដ្ឋសភា​នៃ​រាជាណាចក្រ​កម្ពុជា ហៅ​ទង្វើ​ទាហាន​ថៃ លើ​ពលរដ្ឋ​ខ្មែរ​ថា​ប្រើ​ច្បាប់​ព្រៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មាន​បស្ចិម​ប្រទេស មើល​ឃើញ​វិវាទ​ហិង្សា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ ពី​ការ​វាយប្រហារ​គ្នា​តាម​អាវុធ ដល់​ការ​តតាំង​យ៉ាង​ហិង្សា​រវាង​កម្លាំង​កងទ័ព​ថៃ និង​ជនស៊ីវិល​ខ្មែរ​ជា​ប្រជាពលរដ្ឋ បាន​ឈាន​ដល់​ត្រឹម​ចំណុច​ម្ខាង​ចោទ​ដាក់​ម្ខាង​ទៀត​ថា​ជា​អ្នក​រំលោភ​បំពាន​ទឹកដី​រៀងៗ​ខ្លួន ដោយ​ខ្មែរ​ថា​ថៃ រំលោភ​ដែនដី​ខ្មែរ ឯ​ថៃ​ថា​ខ្មែរ​រំលោភ​ដែនដី​ថៃ។

ទោះជា​ដូច្នេះ​ក្តី ប្រធាន​រដ្ឋសភា​ប្រទេស​កម្ពុជា អ្នកស្រី ឃួន សុដារី ប្រាប់​ថៃ ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ច្បាប់​ព្រៃ និង​ការ​អនុវត្ត​ច្បាប់​អាជ្ញាសឹក​នៅ​ក្រៅ​ដែនដី​របស់​ខ្លួន ដោយ​ចាត់ទុក​ការ​អនុវត្ត​ច្បាប់​ព្រៃ​នេះ​ថា​ជា​ការ​រំលោភ​បំពាន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា។

អ្នកស្រី ឃួន សុដារី ថ្លែង​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​លើកដំបូង​នៃ​សភា​វិសាមញ្ញ​លើក​ទី​៤៦ នៃ​អន្តរ​សភា​អាស៊ាន (AIPA) នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ដោយ​ទាមទារ​ឱ្យ​ថៃ បញ្ឈប់​ការ​ប្រើ​កម្លាំង​ទាហាន​ប្រឆាំង​ជនស៊ីវិល និង​បញ្ឈប់​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​កម្ពុជា ដើម្បី​កសាង​ទំនុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ឡើងវិញ។

ប្រធាន​រដ្ឋសភា​កម្ពុជា​រូប​នេះ លើកឡើង​ថា ភាគី​ថៃ ក៏​ត្រូវតែ​បញ្ឈប់​ការ​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​ចំពោះ​ទាហាន​ខ្មែរ​ទាំង ១៨​នាក់ និង​បញ្ឈប់​ការ​ដាក់​ពង្រាយ​លួស​បន្លា​ដោយ​ខុស​ច្បាប់​ចូល​ក្នុង​ទឹកដី​កម្ពុជា​បន្ត​ទៀត​ដែរ ព្រោះ​សកម្មភាព​ទាំងនេះ​គឺជា​ការ​រំលោភ​បំពាន​លើ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

អ្នកស្រី ឃួន សុដារី អំពាវនាវ​ឱ្យ​ភាគី​ថៃ បោះបង់​ចោល​នូវ​ការ​ប៉ុនប៉ង​កំណត់​ព្រំដែន​ជា​ឯកតោភាគី​ដោយ​កងកម្លាំង​យោធា និង​ងាក​មក​ពិភាក្សា​គ្នា​តាមរយៈ​គណៈកម្មការ​ព្រំដែន​រួម (JBC) ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ និង​ច្បាប់​អន្តរជាតិ​ជំនួស​វិញ។

កាសែត The Nation របស់​ថៃ ចុះផ្សាយ​នៅ​ថ្ងៃទី​១៩ កញ្ញា ថា នៅ​ក្នុង​កិច្ចប្រជុំ​អន្តរ​សភា​អាស៊ាន (AIPA) នៅ​ទីក្រុង​កូឡាឡាំពួរ កម្ពុជា​បាន​ចោទប្រកាន់​ប្រទេស​ថៃ ថា​បាន​រំលោភ​លើ​បទ​ឈប់​បាញ់ និង​ឃុំឃាំង​អ្នកទោស​សង្គ្រាម​ដោយ​ខុស​ច្បាប់ ប៉ុន្តែ​ត្រូវ​អនុប្រធាន​ទី​២ នៃ​សភា​តំណាងរាស្ត្រ​ថៃ លោក ហាឡាត់ ការឆូង (halad Khamchuang) ច្រានចោល​ទាំងស្រុង។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៥ អ្នកស្រី ម៉ាលី សុជាតា អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​អះអាង​ថា សង្គ្រាម​កម្ពុជា-ថៃ រយៈពេល ៥​ថ្ងៃ កងទ័ព​ថៃ បាន​ប្រើ​យន្តហោះ​ចម្បាំង F-16 និង​យន្តហោះ Gripen ដោយ​ទម្លាក់​គ្រាប់បែក Mk-82 និង​គ្រាប់បែក MK-84 លើ​ទឹកដី​កម្ពុជា។

ភាគី​ខ្មែរ​ថា​ទាហាន​ថៃ ក៏​បាន​ប្រើ​ដ្រូន​ទម្លាក់​គ្រាប់បែក M261 និង​ដ្រូន​ទម្លាក់​គ្រាប់បែក M472 រួម​ទាំង​ដ្រូន​អត្តឃាត និង​ដ្រូន​ឈ្លប​ការណ៍​ផង​ដែរ។ លើស​ពី​នេះ យោធា​ថៃ ក៏​បាន​ប្រើ​កាំភ្លើង​ត្បាល់ កាំភ្លើងធំ គ្រាប់បែក​ចង្កោម និង​យន្តហោះ​បញ្ចេញ​ផ្សែង​ពុល មក​លើ​ទឹកដី​កម្ពុជា​ថែម​ទៀត ខណៈ​កម្ពុជា មិន​បាន​ប្រើ​អាវុធ​ធុន​ធ្ងន់​វាយបក​ទៅ​លើ​ថៃ វិញ​ទេ។

សូម​បញ្ជាក់​ថា ពេល​វាយប្រហារ​គ្នា​កាលពី​ខែ​កក្កដា កងទ័ព​ខ្មែរ​ប្រើ​អាវុធ​ធុន​ធ្ងន់ BM-21 Grad រ៉ុក្កែត​ផ្គួប ៤០​គ្រាប់ បាញ់​ដាក់​ភូមិ-ស្រុក​ក្នុង​ខេត្ត​ស៊ីសាកេត បណ្តាល​ឲ្យ​មាន​មនុស្ស​របួស និង​ឆេះ​ខូចខាត​ស្ថានីយ​ប្រេងឥន្ធនៈ​ជា​ដំណំ​ដែរ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​អូស្ត្រាលី ABC នៅ​ថ្ងៃទី​២៤ ខែ​កក្កដា។

ប្រភព​ដដែល សង្កត់​ធ្ងន់​ថា ដោយសារ​ការ​ឈ្លានពាន​របស់​ថៃ ជនស៊ីវិល​ខ្មែរ មាន​កុមារ និង​ស្ត្រី រួម​ទាំង​កងទ័ព ត្រូវ​បាន​សម្លាប់​ជាច្រើន​នាក់ ខណៈ​ប្រជាជន​ខ្មែរ​ជាង ១៣​នាក់​ម៉ឺន​នាក់ ស្មើ​នឹង​ជាង ៣​ម៉ឺន​គ្រួសារ (៣៩៨២៨​គ្រួសារ) ត្រូវ​បាន​ជម្លៀស ក្នុង​នោះ​រួម​មាន ស្ត្រី​មាន​ផ្ទៃពោះ ចាស់ជរា ជនពិការ និង​កុមារ​ផង​ដែរ។

ជាមួយ​គ្នា​នេះ ប្រធាន​រដ្ឋសភា​ខ្មែរ ថ្កោលទោស​យោធា​ថៃ ដែល​បាន​ប្រើ​អំពើ​ហិង្សា​ធ្វើ​ឱ្យ​ប្រជាជន​ស្លូតត្រង់ និង​ព្រះសង្ឃ​រង​របួស​ធ្ងន់​ស្រាល​ជិត ៣០​រូប នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ពុធ ទី​១៧ ខែ​កញ្ញា។

រដ្ឋសភា​ប្រទេស​កម្ពុជា សម្ដែង​ការ​ខកចិត្ត​ចំពោះ​ភាគី​ថៃ យ៉ាង​ខ្លាំង ដែល​បន្ត​ធ្វើ​សកម្មភាព​នានា​ដោយ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​បទ​ឈប់​បាញ់​គ្នា​កម្ពុជា-ថៃ ដែល​បាន​ធ្វើឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ការ​ឯកភាព​គ្នា​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) និង​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ (RBC) នា​ពេល​កន្លង​មក។

ប្រភព​ដដែល បញ្ជាក់​ថា ទង្វើ​របស់​កងទ័ព​ថៃ ទាំងនេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជំនឿ​ទុកចិត្ត​នយោបាយ និង​ការ​ខិតខំ​ប្រឹងប្រែង​នានា ដើម្បី​ស្ដារ​ឡើងវិញ​នូវ​សុខ​សន្តិភាព និង​ប្រក្រតីភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍។

កាសែត ខៅស៊ុត (Khaosod) ចុះផ្សាយ​នៅ​ថ្ងៃទី​១៩ កញ្ញា ដែរ​ថា អភិបាល​ខេត្ត​ស្រះកែវ លោក ព្រីនយ៉ា ពោធិសាត់ (Prinya Pothisat) បាន​ផ្ញើ​លិខិត​តវ៉ា​មួយ​ច្បាប់​ទៅ​កាន់​អភិបាល​ខេត្ត​បន្ទាយមានជ័យ ទាក់ទង​នឹង​ការ​ទន្ទ្រាន​យក​ទឹកដី​ថៃ របស់​ពលរដ្ឋ​ខ្មែរ​ប្រមាណ ១៥០​នាក់ ដែល​បាន​ប្រមូលផ្ដុំ​នៅ​ភូមិ​បានណងចាន់ (Ban Nong Chan) និង​បាន​សាងសង់​លំនៅឋាន​នៅ​ទីនោះ។

អភិបាល​ខេត្ត​រូប​នេះ​បញ្ជាក់​ថា មន្ត្រី​ថៃ ត្រូវ​បង្ខំ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ហើយ​ក៏​បាន​ជូនដំណឹង​ទៅ​យោធភូមិភាគ​ទី​៥ ខាង​ប្រទេស​កម្ពុជា ឱ្យ​គ្រប់គ្រង​ជនស៊ីវិល​ខ្មែរ និង​ការពារ​ពួកគេ​ពី​ការ​បំពាន​ច្បាប់​ថៃ ដែរ តែ​មិន​មាន​ចំណាត់ការ​អ្វី​ឡើយ។ ដូច្នេះ ខេត្ត​ស្រះកែវ មាន​តែ​ត្រូវ​រក្សា​សិទ្ធិ​ការពារ​អធិបតេយ្យ និង​សុវត្ថិភាព​ប្រជាពលរដ្ឋ​របស់​ខ្លួន​ស្រប​តាម​ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ក្រសួង​ការពារ​ជាតិ​កម្ពុជា បញ្ជាក់​កាលពី​ថ្ងៃទី​១៧ កញ្ញា ថា កងទ័ព និង​កម្លាំង​ចម្រុះ​ថៃ បាន​បង្ក្រាប​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ដែល​កងទ័ព​ថៃ ប្រដាប់​ដោយ​អាវុធ និង​សមត្ថកិច្ច​នគរបាល​បង្ក្រាប​បាតុកម្ម​ថៃ ប្រដាប់​ដោយ​ដំបង និង​ខែល ព្រមទាំង​ឧបករណ៍​ផ្សេងៗ​ទៀត​ចូល​ទៅ​ព័ទ្ធ​យក​ដី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​រស់នៅ និង​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ ខណៈ​សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ គឺ​ដើម្បី​ការពារ​ដី​ស្រប​ច្បាប់​របស់​ពួកគេ​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា លោក​បាន​ស្នើ​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ភ្លាមៗ​ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​នេះ ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ជាបន្ទាន់ ដើម្បី​បន្ធូរ​ភាព​តានតឹង​រវាង​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ និង​ប្រជាពលរដ្ឋ​ស៊ីវិល​កម្ពុជា កាលពី​ថ្ងៃទី​១៨ កញ្ញា នេះ។

ចំណែក​ប្រធាន​ប្ដូរ​វេន​អាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​អះអាង​កាលពី​ថ្ងៃទី​១៨ កញ្ញា ថា លោក​បាន​ពិភាក្សា​តាម​ទូរសព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ រួច​ហើយ ដោយ​អំពាវនាវ​ឱ្យ​ថៃ យក​បញ្ហា​ទាំងអស់​ដែល​កើតឡើង​ដាក់​ចូល​តុ​ចរចា​តាមរយៈ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន (JBC) ដើម្បី​បញ្ចៀស​នូវ​ការ​ប្រឈមមុខ​ដាក់​គ្នា​បន្ត​ទៀត។

ព័ត៌មាន​ពី​ប្រទេស​ថៃឡង់ដ៍ វិញ ព្រះមហាក្សត្រ​ថៃ បាន​សព្វព្រះទ័យ​ប្រទាន​ការ​ទទួល​យល់ព្រម​សមាជិក​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ថ្មី ដឹកនាំ​ដោយ​លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ដែល​នឹង​ប្រកាស​អំពី​គោលការណ៍​នយោបាយ​នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា នេះ។ ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​ចម្រុះ​អង្គភាព​កងទ័ព​ថៃ និង​នាយករដ្ឋមន្ត្រី​ស្តីទី បាន​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ​បន្ត​បិទ​ច្រក​ព្រំដែន​ខ្មែរ-ថៃ ដោយ​ឥត​មាន​ថ្ងៃ​កំណត់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស