ក្រសួងការបរទេសកម្ពុជា អំពាវនាវឱ្យភាគីថៃ លើកបញ្ហាដែលចោទកម្ពុជាអំពីការឈ្លានពានទឹកដីនៅទីតាំងទាំង១៧ ស្ថិតនៅតំបន់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង យកទៅដោះស្រាយក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ដែលគ្រោងនឹងធ្វើឡើងនៅខែតុលា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៥ កញ្ញា ថា រាជរដ្ឋាភិបាលកម្ពុជា មានការព្រួយបារម្ភជាខ្លាំងចំពោះការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងទឹក និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ដែលថាប្រជាពលរដ្ឋខ្មែរកំពុងឈ្លានពានទឹកដីថៃ ចំនួន ១៧ទីតាំង ស្ថិតនៅតំបន់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង រួមទាំងតំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលស្ថិតនៅទល់មុខនឹងស្រុកមឿង ខេត្តត្រាត ប្រទេសថៃ នោះ។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកទង្វើរបស់ភាគីថៃ បែបនេះ មិនមែនជាកាយវិការស្ថាបនាទេ ដែលបំផុសរឿងនេះឡើង ព្រោះបញ្ហានេះត្រូវបានដោះស្រាយសមស្របរួចហើយជាមួយនឹងការប្រាស្រ័យទាក់ទងគ្នាលើកចុងក្រោយកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។
ប្រភពដដែលបន្តថា ជារឿងសំខាន់ដែលត្រូវទទួលស្គាល់ការពិតថា ពេលដែលប្រទេសទាំងពីរមិនទាន់បានកំណត់ខណ្ឌសីមានៅតំបន់មួយចំនួននៃព្រំដែនរួមគ្នា ប្រជាជនទាំងសងខាងបានរស់នៅ និងបង្កបង្កើនផលអស់ជាច្រើនទសវត្សរ៍មកហើយនៅលើដីក្នុងតំបន់ដែលមិនទាន់បានកំណត់ព្រំដែននោះ។
ក្រសួងការបរទេស គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តឥតងាករេក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាព ចំពោះរាល់វិវាទព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
កាលពីថ្ងៃទី១៦ ខែកញ្ញា សារព័ត៌មាន The Nation របស់ថៃ បានស្រង់សម្ដីអ្នកនាំពាក្យរងនៃកងទ័ពជើងទឹកថៃ លោក ផារ៉ាជ រតនាឆៃយ៉ាប៉ាន (Parach Rattanaichaiyapan) ថាកម្ពុជាបានបំពានកិច្ចព្រមព្រៀងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ព្រោះមិនអើពើក្នុងការរុះរើរចនាសម្ព័ន្ធ និងបំពេញប្រឡាយនៅក្នុងតំបន់ចំនួនបី ក្នុងខេត្តត្រាត របស់ថៃ ដែលទល់នឹងស្រុកវាលវែង ខេត្តពោធិ៍សាត់ របស់កម្ពុជា។
យ៉ាងណាក៏ដោយ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៥ កញ្ញា នេះថា ការលើកឡើងរបស់កងទ័ពជើងទឹក និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត គឺជាការគំរាមកំហែងអនុវត្តដោយបង្ខំនូវការខណ្ឌសីមាលើដីជាក់ស្តែងដោយឯកតោភាគី ដែលជាការរំលោភលើអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) យ៉ាងធ្ងន់ធ្ងរ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា អំពាវនាវឱ្យភាគីថៃ លើកយកបញ្ហាទាំង ១៧ទីតាំងនេះទៅដោះស្រាយតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលគ្រោងរៀបចំកិច្ចប្រជុំនាពេលខាងមុខ ព្រោះការងារវាស់វែង និងខណ្ឌសីមាព្រំដែន គឺស្ថិតនៅក្រោមសមត្ថកិច្ចផ្ដាច់មុខរបស់ JBC នៃប្រទេសទាំងពីរ ដោយគ្មានយន្តការ ឬស្ថាប័នផ្សេងណាមួយមានសមត្ថកិច្ចលើកិច្ចការនេះឡើយ។
ចំណែកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៧ កញ្ញា ថា កងកម្លាំងថៃ មានបំណងដណ្តើមយកទឹកដីខ្មែរចំនួន ១៧ទីតាំងនៅក្នុងតំបន់ចាប់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង ខណៈសកម្មភាពរបស់ថៃ បែបនេះ គឺជាការប៉ុនប៉ងធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគីតាមរយៈការប្រើប្រាស់កម្លាំង។
លោក ហ៊ុន ម៉ាណែត អះអាងថា ទង្វើបែបនេះគឺជាការបំពានដោយផ្ទាល់លើអនុស្សរណៈយោគយល់ឆ្នាំ២០០០ និងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) រួមទាំងការប្ដេជ្ញាចិត្តក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគនាពេលថ្មីៗនេះផងដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

