33.8 C
Phnom Penh

គ្រាប់​ផ្ទុះ​បណ្តាល​ឱ្យ​ស្លាប់​កុមារ​ខ្មែរ​ម្នាក់​និង​ឪពុក​របួស​ធ្ងន់ ភាគី​ខ្មែរ​ថា​ជា​គ្រាប់​របស់​ថៃ ខណៈ​ថៃ​បដិសេធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងទ័ព​ជើងគោក​ថៃ ច្រានចោល​សេចក្តី​ថ្លែងការណ៍​ពី​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) និង​សារព័ត៌មាន​ស្រុក​ខ្មែរ ដែល​បាន​អះអាង​ថា​គ្រាប់​ដែល​ផ្ទុះ​បណ្ដាល​ឱ្យ​កូនប្រុស​អាយុ ១០​ឆ្នាំ​ស្លាប់ និង​ឪពុក​របស់​គេ​របួស​ធ្ងន់​ថា​ជា​គ្រាប់​បាញ់​ដោយ​យោធា​ថៃ ថា​ជា​ការ​ផ្សាយ​សេចក្តី​រាយការណ៍​មិន​ត្រឹមត្រូវ ប្រាសចាក​ការពិត។

កាសែត The Nation របស់​ថៃ បាន​រាយការណ៍​អំពី​ការ​អះអាង​របស់​អ្នក​នាំពាក្យ​កងទ័ព​ថៃ លោក វិនធ័យ សុវារី (Winthai Suvaree) នៅ​ថ្ងៃទី​៣១ តុលា ថា កងទ័ព​ជើងគោក​ថៃ (Royal Thai Army) មាន​ការ​ព្រួយបារម្ភ​ចំពោះ​របាយការណ៍​ព័ត៌មាន​ខ្លះ​របស់​កម្ពុជា ពាក់ព័ន្ធ​ការ​ផ្ទុះ​គ្រាប់បែក​នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ដែល​បាន​សម្លាប់​កុមារ​អាយុ ១០​ឆ្នាំ​ម្នាក់ និង​បង្ក​ឲ្យ​ឪពុក​រង​របួស ថា​បណ្តាល​មកពី​គ្រាប់បែក​ប្រភេទ M-85 របស់​ថៃ នោះ។

កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២៥ មាន​ករណី​គ្រោះថ្នាក់​ផ្ទុះ​គ្រាប់បែក​មួយ ស្ថិត​នៅ​ភូមិ​បង្គោល៨ ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បាន​បណ្តាល​ឲ្យ​ក្មេងប្រុស​អាយុ ១០​ឆ្នាំ​ម្នាក់​បាត់បង់​ជីវិត ខណៈ​ឪពុក​ដែល​មាន​អាយុ ៤៣​ឆ្នាំ​ត្រូវ​រង​របួស​ធ្ងន់។

ជុំវិញ​បញ្ហា​នេះ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០២៥ ថា អង្គភាព CMAC បាន​សន្និដ្ឋាន​ថា​គ្រាប់​ដែល​បាន​ផ្ទុះ​បង្ក​ឱ្យ​មាន​ការ​ស្លាប់ និង​របួស​នេះ គឺជា​គ្រាប់បែក​ចង្កោម​ប្រភេទ M-85 នៃ​គ្រាប់​កាំភ្លើងធំ​ទំហំ ១៥៥​មិល្លីម៉ែត្រ។

CMAC សន្និដ្ឋាន​ថា គ្រាប់បែក​នេះ​គឺជា​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ដែល​កងទ័ព​ថៃ បាន​បាញ់​មក​លើ​ទឹកដី​កម្ពុជា ក្នុង​សង្គ្រាម​កាលពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ។

ប្រភព​ដដែល បន្ត​ថា ការ​សន្និដ្ឋាន​នេះ គឺ​ផ្អែក​ទៅ​លើ​លទ្ធផល​នៃ​ការ​ធ្វើ​វិភាគ​សំណាក​អំបែង​នៅ​កន្លែង​កើតហេតុ ស្លាក​ស្នាម​របួស ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​រង​ផល​ប៉ះពាល់​ដោយ​គ្រាប់បែក​ចង្កោម និង​ផ្អែក​តាម​សម្ដី​របស់​សាច់ញាតិ​ជនរងគ្រោះ អំពី​ភិនភាគ​គ្រាប់បែក​ដែល​ពួកគេ​បាន​យក​គ្រាប់​នោះ​មក​ទុក​ក្បែរ​ផ្ទះ​នោះ។

អង្គភាព​កម្ចាត់​មីន​កម្ពុជា បញ្ជាក់​ថា កាលពី​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២៥ ក្រុម​ជំនាញ​របស់​អង្គភាព CMAC បាន​ស្រាវជ្រាវ និង​កំណត់​ទីតាំង​ភូមិសាស្ត្រ​ចំណុច​ដែល​បាន​ផ្ទុះ​គ្រាប់បែក​នេះ​ថា​ជា​ចម្ការ​គ្រាប់បែក​ចង្កោម​ផង​ដែរ ដែល​មាន​លេខ​កំណត់​សម្គាល់​ច្បាស់លាស់ “BS18134_B1.2+”។

យ៉ាងណាមិញ តាម​ការ​អះ អាង​ពី​អ្នកជំនាញ​គ្រាប់កាំភ្លើង​យោធា​ថៃ គ្រាប់ M-85 ជា​ប្រភេទ​គ្រាប់​តូច​បញ្ចូល​ក្នុង​គ្រាប់​ធំ បណ្តាល​ឲ្យ​ផ្ទុះ​បែក​ពេល​ធ្លាក់​ដល់​ដី ហើយ​ឆេះ​គ្មាន​បំណែក ឬ​អំបែង​ទេ។

ជុំវិញ​បញ្ហា​នេះ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣១ តុលា នេះ​ថា ចាប់ពី​ថ្ងៃទី​៣០ ដល់​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២៥ នៅ​ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ កម្លាំង​អង្គភាព CMAC បាន​បោស​សម្អាត​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​កម្ពុជា-ថៃ ដែល​ជា​គ្រាប់ប្លោង​ធ្លាក់​ចំ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មាន​ជម្រៅ​ប្រមាណ​ជា ៥​ម៉ែត្រ។

កាលពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២៥ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​អះអាង​ថា​រយៈពេល​សង្គ្រាម ៥​ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ ភាគី​ថៃ បាន​ប្រើប្រាស់​កាំភ្លើងធំ​ទំហំ ១១៥​មិល្លីម៉ែត្រ និង​គ្រាប់បែក​ចង្កោម​ផ្លោង​ចូល​ទឹកដី​កម្ពុជា។

គួរ​បញ្ជាក់​ថា ក្នុង​សង្គ្រាម​បាញ់​ផ្លោង​ដាក់​គ្នា​ឆ្លងដែន​រវាង​កងទ័ព​ថៃ និង​កងទ័ព​ខ្មែរ កងយោធពល​ខេមរភូមិន្ទ ក៏​មាន​កាំភ្លើងធំ​គ្រាប់ ១៥៥​មិល្លីម៉ែត្រ​ដែរ​ប្រភេទ SH-1 ដឹក​មកពី​ប្រទេស​ចិន នា​ខែ​ឧសភា ឆ្នាំ​២០២២ រួម​ទាំង​រ៉ុក្កែត​បាញ់​ផ្គួប BM-21 Grad។

ប្រភព​ដដែល​បញ្ជាក់​ថា គ្រាប់បែក​ទាំងនេះ​អាច​ស្ថិត​នៅ​លើ​ដើមឈើ លើ​ដំបូល​ផ្ទះ លើ​ដី ក្នុង​ដី ឬ​ក្នុង​ទឹក ជាដើម ដែល​កំពុង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​កងទ័ព និង​ប្រជាពលរដ្ឋ​ខ្មែរ ព្រោះ​គ្រាប់បែក​ទាំងនោះ​អាច​នឹង​ផ្ទុះ​ឡើង​គ្រប់​ពេល៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស