31.9 C
Phnom Penh

ខេត្ត​ប្រាំ​របស់​កម្ពុជា​រង​ការ​វាយប្រហារ​ពី​យន្តហោះ​ចម្បាំង F-16 និង​កាំភ្លើង​គ្រប់​ប្រភេទ​ពី​សំណាក់​កងទ័ព​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា នៅ​ថ្ងៃ​ពុធ​នេះ កងទ័ព​ថៃ បាន​ប្រើ​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់ និង​បាញ់​កាំភ្លើង​គ្រប់​ប្រភេទ​មក​លើ​ខេត្ត​ចំនួន​៥ នៃ​យោធភូមិភាគ​ទី​៤ និង​យោធភូមិភាគ​ទី​៥ របស់​កម្ពុជា។

ក្រសួង​ការពារ​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១០ ធ្នូ នេះ​ថា នៅ​វេលា​ម៉ោង ៩ និង ៤៥​នាទី​ព្រឹក​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ កងទ័ព​ថៃ បាន​ប្រើ​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់​លើ​ភូមិសាស្ត្រ​ឃុំ​អូរបីជាន់ និង​ភូមិសាស្ត្រ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​តំបន់​ប្រាសាទ​តាមាន់ធំ និង​ក្រុង​សំរោង ក្នុង​ខេត្ត​ឧត្ដរមានជ័យ ខណៈ​ខេត្ត​ព្រះវិហារ ក៏​ត្រូវ​យន្តហោះ​ថៃ ទម្លាក់​គ្រាប់​ដែរ គឺ​នៅ​តំបន់​មុំបី អានសេះ ភ្នំខ្មោច និង​ប្រាសាទ​ព្រះវិហារ។

ប្រភព​ដដែល អះអាង​ថា ក្រៅពី​យន្តហោះ​ចម្បាំង ទាហាន​ថៃ ក៏បាន​ប្រើ​កាំភ្លើងធំ និង​ផ្សែង​ពុល​បាញ់​មក​លើ​កម្ពុជា ថែមទៀត ខណៈ​ការ​វាយប្រហារ​នេះ​មាន​ចំនួន​សរុប ១១​លើក ចាប់តាំងពី​វេលា​ម៉ោង ៥ និង ២០​នាទី​ព្រឹក រហូត​ដល់​ម៉ោង ០២ និង ២២​នាទី នៅ​ថ្ងៃ​ពុធ​នេះ ដូចជា នៅ​តំបន់​ប្រាសាទ​តាមាន់ ច្រក​អានសេះ ប្រាសាទខ្នារ ប្រាសាទ​តាក្របី តាថាវ ថ្មដូន បុស្សស្បូវ ជាំតែ មុំបី ប្រាសាទ​ព្រះវិហារ វាល​ឥន្ទ្រីយ៍ និង​ចម្ការ​ចេក ដែល​ទីតាំង​ទាំងនេះ​គឺ​ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ។

ចំណែកឯ​ខេត្ត​ពោធិ៍សាត់ ក៏​ត្រូវ​កងទ័ព​ថៃ បាញ់​វាយប្រហារ​ចំនួន ២​លើក​ដែរ នៅ​វេលា​ម៉ោង ៩ និង ០១​នាទី​ព្រឹក ដោយ​បាញ់​កាំភ្លើង DK ចំនួន ២​គ្រាប់ និង​ប្រើប្រាស់​ដ្រូន​ទម្លាក់​គ្រាប់​នៅ​ភូមិសាស្ត្រ​ជ័យជម្នះ ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។

ខណៈ​ខេត្ត​បាត់ដំបង ក៏​ត្រូវ​រង​ការ​វាយប្រហារ​ចំនួន ២​លើក​ដែរ ដោយ​ការ​បាញ់​កាំភ្លើងត្បាល់ ១០០​មិល្លីម៉ែត្រ និង ១០៥​មិល្លីម៉ែត្រ​ចំនួន ៥​គ្រាប់ ចូល​ក្នុង​ភូមិសាស្ត្រ​ឃុំ​ចក្រី ស្រុក​ភ្នំព្រឹក និង​ចល័ត​ចូល​ឃុំ​តាស្តា ស្រុក​សំពៅលូន។

ក្រសួង​ការពារ​ជាតិ បញ្ជាក់​ថា សកម្មភាព​វាយប្រហារ​ដ៏​កំរោល​ពី​សំណាក់​កងទ័ព​ថៃ ទាំង​គោលដៅ​យោធា និង​ជនស៊ីវិល​កម្ពុជា​ជាបន្តបន្ទាប់​នេះ គឺជា​ការ​រំលោភ​បំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​កងកម្លាំង​កម្ពុជា បាន​តស៊ូ​ប្រយុទ្ធ​តតាំង​ជាមួយ​សត្រូវ​ឈ្លានពាន និង​ឈរជើង​យ៉ាង​រឹងមាំ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ដើម្បី​ការពារ​បូរណភាព​ទឹកដី​កម្ពុជា។

ការ​វាយប្រហារ​ពី​សំណាក់​កងទ័ព​ថៃ លើ​កម្ពុជា នា​ពេលនេះ ធ្វើឡើង​មាន​រយៈពេល ៣​ថ្ងៃ​ហើយ​ខណៈ​កម្ពុជា​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ចាប់ពី​ល្ងាច​ថ្ងៃ​ចន្ទ​មក។

កាសែត​ថៃ ខៅស៊ុត បាន​ស្រង់​សម្ដី​កងទ័ព​ភូមិន្ទ​ថៃ ថា នៅ​ថ្ងៃទី​១០ ខែ​ធ្នូ នេះ ប្រតិបត្តិការ​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​ថៃ តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​៧​ខែ​ធ្នូ មក​នោះ កងទ័ព​ថៃ បាន​បំពេញ​ភារកិច្ច​ដោយ​កិត្តិយស​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន។

កាសែត​ថៃ ដដែល​នេះ​បញ្ជាក់​ថា ចំណែក​កងទ័ព​អាកាស​ថៃ បាន​បដិសេធ​ទាំងស្រុង​ចំពោះ​ព័ត៌មាន​មិន​ពិត​របស់​កម្ពុជា ដែល​បាន​អះអាង​ថា នៅ​ថ្ងៃ​ពុធ​នេះ យន្តហោះ F-16 របស់​ថៃ បាន​ហោះ​កាត់​ដែនអាកាស​អធិបតេយ្យ​របស់​កម្ពុជា នៅ​តំបន់​ក្រុង​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ នោះ។

ជុំវិញ​បញ្ហា​នេះ កាសែត Bloomberg បាន​រាយការណ៍​នៅ​ថ្ងៃទី​១០ ធ្នូ នេះ​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ គ្រោង​បើក​កិច្ចសន្ទនា​តាម​ទូរសព្ទ​ជាមួយ​មេដឹកនាំ​កម្ពុជា និង​ថៃ ដើម្បី​បញ្ចប់​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​អំពី​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​ផ្ទុះ​ឡើង​សាជាថ្មី​នា​ពេលនេះ។

ថ្លែង​នៅ​ឯ​ព្រឹត្តិការណ៍​មួយ​នៅ​រដ្ឋ Pennsylvania កាលពី​ល្ងាច​ថ្ងៃ​អង្គារ ទី​៩ ខែ​ធ្នូ ប្រធានាធិបតី​អាមេរិក លោក ត្រាំ បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ លោក​នឹង​ហៅ​ទូរសព្ទ​ពិភាក្សា​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​បញ្ឈប់​សង្គ្រាម​ក៏​ក្តៅ​គគុក​នា​ពេលនេះ។

យ៉ាងណាក៏ដោយ កាសែត Thai Enquirer បាន​ស្រង់​សម្ដី​អ្នកនាំពាក្យ​ក្រសួង​បរទេស​ថៃ លោក Nikorndej Balankura នៅ​មុន​នេះ​ថា ថៃ​មិន​ទាន់​បាន​ទទួល​ការ​ហៅ​ទូរសព្ទ​ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅឡើយ​ទេ។

ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ ធ្នូ នេះ​ថា កាលពី​យប់​ថ្ងៃទី​៩ ខែ​ធ្នូ លោក​បាន​ជជែក​តាម​ទូរសព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ ដើម្បី​ពិភាក្សា​អំពី​ភាព​ចលាចល​ដែល​កំពុង​កើតឡើង​នៅ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​ដំណោះស្រាយ​ពេញលេញ​មិន​ទាន់​ត្រូវ​បាន​សម្រេច​នៅឡើយ។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បញ្ជាក់​ថា ម៉ាឡេស៊ី នឹង​បន្ត​គាំទ្រ​កិច្ចសន្ទនា​ប្រកប​ដោយ​សន្តិភាព​ដំណោះស្រាយ​ដោយ​ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ដើម្បី​ការពារ​ស្ថិរភាព និង​សន្តិសុខ​នៃ​តំបន់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស