27.8 C
Phnom Penh

កម្ពុជា​ប្រកាស​កាន់ទុក្ខ​ប្រាសាទ​តាក្របី ក្រោយពី​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ពី​ការ​វាយប្រហារ​របស់​កងទ័ព​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​វប្បធម៌​កម្ពុជា ប្រកាស​កាន់ទុក្ខ​ប្រាសាទ​តាក្របី ដែល​ជា​និមិត្តរូប​នៃ​វប្បធម៌​អរិយធម៌​ដ៏​រុងរឿង​របស់​ខ្មែរ ក្រោយពី​យោធា​ថៃ បំផ្លិចបំផ្លាញ​ធ្វើ​ឱ្យ​ខូចខាត​ទាំងស្រុង​ដោយ​ការ​បាញ់​ផ្លោង​កាំភ្លើងធំ​ជុំវិញ​សង្គ្រាម​ឈ្លានពាន​ទឹកដី​កម្ពុជា នា​ពេលនេះ។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចេញ​ថ្លែងការណ៍​នៅ​ថ្ងៃទី​១១ ធ្នូ ដោយ​ថ្កោលទោស​កងទ័ព​ថៃ ដាច់អហង្ការ ដែល​បាន​ប្រព្រឹត្ត​ទង្វើ​អសីលធម៌​មក​លើ​វិស័យ​វប្បធម៌​របស់​កម្ពុជា ព្រោះ​ទង្វើ​របស់​ថៃ ក្នុង​ពេលនេះ គឺជា​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​មក​លើ​បេតិកភណ្ឌ​មនុស្សជាតិ ដែល​ប្រឆាំង​នឹង​អនុសញ្ញា​ឆ្នាំ​១៩៥៤ និង​អនុសញ្ញា​ឆ្នាំ​១៩៧២។

ប្រភព​ដដែល​អះអាង​ថា បន្ទាប់ពី​ទទួល​រង​នូវ​ការ​វាយប្រហារ​ពី​សំណាក់​យោធា​ថៃ កាលពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៥ បណ្តាល​ឱ្យ​រូបរាង និង​រចនាសម្ព័ន្ធ​របស់​ប្រាសាទ​តាក្របី ជា​ទី​សក្ការៈ​របស់​កម្ពុជា ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ទោះបីជា​ក្រសួង​វប្បធម៌ អំពាវនាវ​ឱ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ក៏ដោយ។

ក្រសួង​វប្បធម៌ អំពាវនាវ​ឱ្យ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស ចូលរួម​កាន់ទុក្ខ​ការ​បាក់បែក​របស់​ប្រាសាទ​តាក្របី និង​ចងចាំ​ទុក​នូវ​ទង្វើ​ឧក្រិដ្ឋកម្ម​នេះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​បំផ្លិចបំផ្លាញ​របស់​យោធា​ថៃ មក​លើ​ប្រទេស​កម្ពុជា។

ប្រភព​ដដែល បញ្ជាក់​ថា ទោះជា​ប្រាសាទ​តាក្របី ត្រូវ​បាន​បំផ្លាញ​ស្ទើរ​អស់​រូបរាង​យ៉ាងណា​ក៏ដោយ ក៏​ប្រាសាទ​មួយ​នេះ​នៅតែ​ឈរ​ជា​និមិត្តរូប​នៃ​វប្បធម៌​អរិយធម៌​ខ្មែរ​ដដែល និង​ជា​ភស្តុតាង​នៃ​សោកនាដកម្ម​វប្បធម៌​សម្រាប់​បង្រៀន​ដល់​មនុស្ស​ជំនាន់​ក្រោយ។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​លើ​សកលលោក អង្គការ​ជាតិ និង​អន្តរជាតិ ថ្កោលទោស​ទង្វើ​ឧក្រិដ្ឋកម្ម​នេះ និង​ជំរុញ​ឱ្យ​យោធា​ថៃ បញ្ឈប់​ជាបន្ទាន់​នូវ​ការ​បំផ្លិចបំផ្លាញ​វប្បធម៌ និង​បញ្ឈប់​ការ​ឈ្លានពាន​លើ​កម្ពុជា។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រាសាទ​តាក្របី ដែល​ជា​ប្រាសាទ​កេរដំណែល​របស់​បុព្វបុរស​ខ្មែរ​រង​ការ​បំផ្លាញ​ទាំងស្រុង​ពី​ការ​វាយប្រហារ​ដោយ​អាវុធ​ពី​សំណាក់​កងទ័ព​ថៃ នា​ពេលនេះ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ ថា យោធា​ថៃ បាន​ផ្លោង​កាំភ្លើងធំ​ទៅ​លើ​ប្រាសាទ​តាក្របី ដែល​ជា​ទី​សក្ការៈ​របស់​កម្ពុជា ចំនួន​ពីរ​លើក កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ខណៈ​ប្រាសាទ​ព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​មនុស្សជាតិ ក៏​ត្រូវ​យោធា​ថៃ បាញ់​បំផ្លាញ​ធ្វើ​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កាសែត​ថៃ ខៅស៊ុត (Khaosod) បាន​រាយការណ៍​កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ថា កងទ័ព​ភូមិភាគ​ទី​២ របស់​ថៃ បាន​វាយប្រហារ​តំបន់​ប្រាសាទ​ព្រះវិហារ ដោយ​សំអាង​ថា​ជា​ការ​កម្ទេច​ដង​ស្ទូច (Crane) មួយ​គ្រឿង ដែល​ស្ថិត​នៅ​ច្រក​ចូល​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ដំឡើង​ឧបករណ៍​រំខាន​សញ្ញា ឬ​ឧបករណ៍​ប្រឆាំង​ដ្រូន​នៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ។

ចំណែក​កាសែត​ថៃ មួយ​ទៀត​ឈ្មោះ Thai Enquirer បាន​ស្រង់​សម្ដី​កងទ័ព​ភូមិភាគ​ទី​២ របស់​ថៃ នៅ​ថ្ងៃទី​១១ ធ្នូ ថា កងកម្លាំង​កម្ពុជា បាន​បាញ់​កាំភ្លើងធំ និង​កាំភ្លើងត្បាល់​ទៅ​លើ​ទីតាំង​របស់​ថៃ លើ​តំបន់​សំខាន់ៗ​មួយ​ចំនួន រួម​មាន ចុងបូក ចុងសាងាំ ចុងអាន់ម៉ា ប្រាសាទ​តាក្របី និង​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ផង​ដែរ។

ប្រភព​ដដែល បញ្ជាក់​ថា កងកម្លាំង​ថៃ បាន​វាយ​ត្រឡប់​ទៅវិញ​ដោយ​ប្រើ​កាំភ្លើងធំ និង​កាំភ្លើងត្បាល់​សំដៅ​លើ​ទីតាំង​យោធា​កម្ពុជា ខណៈ​ប្រតិបត្តិការ​នេះ​បាន​បំផ្លាញ​រថយន្ត​ដឹកជញ្ជូន​ជាច្រើន​គ្រឿង​និង​បាន​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់ និង​របួស​ជាច្រើន​នាក់​ថែមទៀត។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ អង្គការ​យូណេស្កូ (UNESCO) បាន​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ភាព​តានតឹង​ជា​ថ្មី​រវាង​កម្ពុជា និង​ថៃ ជាពិសេស​នៅ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។

អង្គការ​យូណេស្កូ បាន​រំឭក​ភាគី​ទាំងអស់​អំពី​កាតព្វកិច្ច និង​ការ​ប្ដេជ្ញាចិត្ត​របស់​ពួកគេ​ក្នុង​ការ​គោរព​ច្បាប់​អន្តរជាតិ ជាពិសេស​អនុសញ្ញា​ទីក្រុង​ឡាអេ ឆ្នាំ​១៩៥៤ សម្រាប់​ការ​ការពារ​ទ្រព្យសម្បត្តិ​វប្បធម៌ និង​អនុសញ្ញា​ឆ្នាំ​១៩៧២ ទាក់ទង​នឹង​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​របស់​ពិភពលោក​ក្នុង​ព្រឹត្តិការណ៍​នៃ​ជម្លោះ​ប្រដាប់​អាវុធ​នេះ។

ជុំវិញ​បញ្ហា​នេះ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​នរោត្តម សីហមុនី មាន​ព្រះរាជបន្ទូល​នៅ​ថ្ងៃទី​១១ ធ្នូ ថា ប្រទេស​ថៃ បាន​បំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ក្នុង​បូរណភាព​ទឹកដី​ខ្មែរ។

ប្រាសាទ​តាក្របី ត្រូវ​បាន​សាងសង់​ក្នុង​អំឡុង​សតវត្ស​ទី​១១ នៃ​គ.ស. ក្នុង​សម័យ​ព្រះបាទ​សូរ្យវរ្ម័នទី១ និង​ព្រះបាទ​ឧទ័យទិត្យវរ្ម័នទី២ ស្ថិត​នៅ​ភូមិ​សែនមនោរម្យ១ ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ។ ប្រាសាទ​នេះ​ជា​ទីតាំង​បុរាណដ្ឋាន​ដែល​ត្រូវ​បាន​អភិរក្ស​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​ស្ថាប័ន​វប្បធម៌​កម្ពុជា និង​ជា​ទី​គោរព​សក្ការៈ​ទៅ​តាម​ជំនឿ ប្រពៃណី ទំនៀមទម្លាប់​របស់​ប្រជាជន​កម្ពុជា៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស