32 C
Phnom Penh

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ចោទ​ថា​យន្តហោះ​ចម្បាំង​ថៃ F-16 ទម្លាក់​គ្រាប់បែក​ចូល​ទឹកដី​កម្ពុជា ៧០​គីឡូម៉ែត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា នៅ​ថ្ងៃទី​១៥ ធ្នូ នេះ យោធា​ថៃ បាន​វាយប្រហារ​លើ​ទឹកដី​កម្ពុជា ចំនួន ១៥​ដង ក្នុង​រយៈពេល ១០​ម៉ោង គិត​ចាប់ពី​ម៉ោង ៤ និង ៣០​នាទី ដល់​ម៉ោង ២ និង ៤២​នាទី ក្នុង​នោះ ទាហាន​ថៃ ក៏បាន​ទម្លាក់​គ្រាប់បែក​ពី​យន្តហោះ F-16 ចូល​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា ចម្ងាយ ៧០​គីឡូម៉ែត្រ​ក្បែរ​ជំរំ​ជនភៀសសឹក​ផង​ដែរ។

ក្រៅពី​នោះ ចាប់តាំងពី​ម៉ោង ៤ និង ៣០​នាទី​ទៀបភ្លឺ ដល់​ម៉ោង ២ និង ៤២​នាទី នៅ​ថ្ងៃទី​១៥ ធ្នូ នេះ កងកម្លាំង​យោធា​ថៃ បាន​បន្ត​ការ​បាញ់​ប្រហារ​មក​លើ​កងកម្លាំង​ខ្មែរ​ចំនួន ១៥​លើក នៅ​ភូមិសាស្ត្រ​អូរស្មាច់ ប្រាសាទខ្នារ ជប់អង្គញ់ ប្រាសាទ​តាមាន់ធំ ថ្មដូន ប្រាសាទ​តាក្របី ប្រាសាទ​ព្រះវិហារ ក្នុង​ខេត្ត​ព្រះវិហារ និង​ក្រុង​សំរោង ដែល​ជា​តំបន់​ប្រជាពលរដ្ឋ​ស៊ីវិល​ក្នុង​ខេត្ត​ឧត្ដរមានជ័យ ផង​ដែរ។

ជាង​នេះ​ទៀត យោធា​ថៃ ក៏បាន​វាយប្រហារ​មក​លើ​តំបន់​ជាច្រើន​ផ្សេង​ទៀត​ដែរ ដូចជា ភូមិ​ព្រៃចាន់ ភូមិ​ជោគជ័យ ច្រក​បឹងត្រកួន និង​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ រួម​ទាំង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ថែមទៀត។

ក្រសួង​ការពារ​ជាតិ បញ្ជាក់​ថា ចំពោះ​ស្ថានការណ៍​នៅ​ក្នុង​ភូមិសាស្ត្រ​ផ្សេង​ទៀត​មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​កងកម្លាំង​កម្ពុជា បន្ត​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ក្នុង​ស្មារតី​តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​តតាំង​ជាមួយ​សត្រូវ​ឈ្លានពាន​នៅ​គ្រប់​សមរភូមិ​ទាំងអស់ ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា។

នៅ​ថ្ងៃ​ដដែល សារព័ត៌មាន​ថៃ បាន​ផ្សព្វផ្សាយ​ថា​កងទ័ព​ជើងគោក​ថៃ បាន​រឹបអូស​គ្រាប់​មីស៊ីល​កម្ទេច​រថក្រោះ​ប្រភេទ GAM-102LR ជាច្រើន​គ្រាប់ បោះបង់​ចោល​ក្នុង​សមរភូមិ​អានសេះ ឬ​ភ្នំ៥០០។ គ្រាប់​ប្រភេទ​នេះ បាញ់​បាន​ចម្ងាយ​ប្រមាណ ១០​គីឡូម៉ែត្រ អាច​ទាញ​តម្រង់​សំដៅ​រថក្រោះ ផលិត​ដោយ​ក្រុមហ៊ុន​ចិន Poly Tech ទើប​នឹង​ចេញ​ដាក់​ផ្សាយ​លក់​នៅ​ឯ​ពិព័រណ៍​តាំង​អាវុធ​យុទ្ធភណ្ឌ​នៅ​ទីក្រុង​គែរ៍ ប្រទេស​អេហ្ស៊ីប​កាលពី​ដើម​ខែ​ធ្នូ នេះ មួយ​គ្រាប់​ថ្លៃ ១​សែន ១​ម៉ឺន ២​ពាន់​ដុល្លារ។

ក្រុម​ស៊ើបការណ៍​ថៃ កំពុង​ស្រាវជ្រាវ​ចង់​ដឹង​ថា ហេតុ​អ្វី​អាវុធ​ទំនើប​នេះ​ធ្លាក់​ដល់​ដៃ​កងទ័ព​ខ្មែរ​លឿន​ម្ល៉េះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សង្គ្រាម​កម្ពុជា-ថៃ បាន​ឈាន​ចូល​ដល់​ថ្ងៃទី​៩ ហើយ គិត​ត្រឹម​ថ្ងៃទី​១៥ ធ្នូ នេះ ខណៈ​អន្តរជាតិ​ជំរុញ​ឱ្យ​ប្រទេស​ទាំង​ពីរ​វិល​ទៅ​រក​តុ​ចរចា​ដើម្បី​បញ្ចប់​ជម្លោះ​នេះ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Guo Jiakun បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ ខែ​ធ្នូ នេះ​ថា ប្រទេស​ចិន សង្ឃឹម​ថា​កម្ពុជា និង​ថៃ នឹង​អនុវត្ត​ការ​អត់ធ្មត់​ជា​អតិបរមា ដោយ​ចាត់​វិធានការ​ទាំងអស់​ដែល​អំណោយផល​ដល់​ការ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា និង​កាត់បន្ថយ​ភាព​តានតឹង​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក Guo Jiakun បញ្ជាក់​ថា ប្រទេស​ចិន នឹង​បន្ត​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​នាំមក​នូវ​បទ​ឈប់​បាញ់ និង​ការ​ស្ដារ​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ​ឡើងវិញ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ សារព័ត៌មាន Wall Street Journal បាន​ស្រង់​សម្ដី​ប្រធានាធិបតី​សហរដ្ឋ​អាមរិក លោក ដូណាល់ ត្រាំ ថា សហរដ្ឋ​អាមេរិក​នឹង​ដំឡើង​ពន្ធគយ​សាជាថ្មី​លើ​ថៃ និង​កម្ពុជា ប្រសិនបើ​ប្រទេស​ទាំង​ពីរ​មិន​ព្រម​បញ្ឈប់​សង្គ្រាម​ទេ​នោះ។

លោក ដូណាល់ ត្រាំ អះអាង​ថា លោក​បាន​ប្រាប់​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ហើយ​ថា ប្រសិនបើ​ពួកគេ​បន្ត​ធ្វើ​សង្គ្រាម នោះ​អាមេរិក​នឹង​មិន​ត្រឹមតែ​បញ្ឈប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ប្រទេស​ទាំង​ពីរ​មាន​ជាមួយ​សហរដ្ឋ​អាមរិក​ប៉ុណ្ណោះ​ទេ ថែមទាំង​ត្រូវ​ដំឡើង​ពន្ធគយ​ថែមទៀត។

យ៉ាងណាក៏ដោយ ប្រព័ន្ធ​ផ្សព្វផ្សាយ Thai PBS បាន​ស្រង់​សម្ដី​នាយសេនាធិការ​កងទ័ព​ជើងគោក​ថៃ លោក Chaiyapruek Duangpraphat កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ នេះ​ថា គោលដៅ​បញ្ចប់​របស់​កងទ័ព​ថៃ គឺ​ធានា​ឱ្យ​បាន​ថា កម្ពុជា​នឹង​លែង​បង្ក​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​ថៃ ក្នុង​រយៈពេល​យូរ​ត​ទៅ​មុខ​ទៀត។

លោក Chaiyapruek Duangprapat បញ្ជាក់​ថា ដើម្បី​សម្រេច​គោលដៅ​នេះ ប្រទេស​ថៃ ចាំបាច់​ត្រូវ​បន្សាប​សមត្ថភាព​យោធា​របស់​កម្ពុជា ដូច្នេះ​ថៃ ចាំបាច់​ត្រូវតែ​បំផ្លាញ​សមត្ថភាព​យោធា​របស់​កម្ពុជា ដោយ​កំណត់​គោលដៅ​លើ​បរិក្ខារ និង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​កម្ពុជា ទាំងអស់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស