ក្រសួងវប្បធម៌កម្ពុជា ស្នើឱ្យភាគីថៃ បញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ និងគម្រោងសាងសង់នានានៅជុំវិញប្រាសាទតាក្របី ដែលជាកម្មសិទ្ធិស្ថិតក្នុងដែនដីខ្មែរ ដោយងាកមករកការដោះស្រាយបញ្ហាព្រំដែនក្រោមលក្ខខណ្ឌសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដោយសន្តិវិធីជំនួសវិញ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ ស្ដីពីការតវ៉ាចំពោះការរំលោភបំពានរបស់ប្រទេសថៃ នៅថ្ងៃទី២២ មករា ដោយប្រកាសតវ៉ាប្រឆាំងនឹងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់មកលើប្រាង្គប្រាសាទ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជិតប្រាសាទផងដែរ។
ប្រភពដដែលលើកឡើងថា ប្រាសាទតាក្របី ដែលរងការបាញ់បំផ្លាញពីយោធាថៃ ស្ទើរតែខ្ទេចរូបរាងទាំងស្រុងកាលពីពេលថ្មីៗនេះ គឺជាទីតាំងបុរាណស្ថានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយស្ថាប័នវប្បធម៌កម្ពុជា និងជាទីតាំងគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនខ្មែរតាំងពីដើមរៀងមក។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់យោធាថៃ ក្នុងការបំពានកាន់កាប់ប្រាសាទតាក្របី និងគម្រោងសាងសង់នានាដែលធ្វើឱ្យប្រែប្រួលស្ថានភាពរបស់ប្រាសាទ និងតំបន់នៅក្បែរនោះ។
ក្រសួងវប្បធម៌កម្ពុជា បានចាត់ទុកសកម្មភាពនេះជាការរំលោភបំពានទាំងស្រុងទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ទឹកដីដោយការប្រើប្រាស់កម្លាំងនោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រាសាទតាក្របីរបស់កម្ពុជា ត្រូវបានទាហានថៃ វាយយកទៅកាន់កាប់ក្រោយសង្គ្រាម ២១ថ្ងៃ កាលពីពេលកន្លងទៅនេះ។
កាសែតថៃ ខៅស៊ុត រាយការណ៍នៅថ្ងៃទី២២ មករា នេះថា ក្រសួងវិចិត្រសិល្បៈ និងកងទ័ពថៃ បានចុះទៅពិនិត្យប្រាសាទតាក្របី មុនគ្រោងការជួសជុលប្រាសាទបុរាណនេះឡើងវិញ។
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា យោធាថៃ បានផ្លោងកាំភ្លើងធំទៅលើប្រាសាទតាក្របី ដែលជាទីសក្ការៈសម្រាប់ពលរដ្ឋខ្មែរ រហូតធ្វើឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ក្រៅពីការខូចខាតប្រាសាទតាក្របី កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានចោទយោធាថៃ ថាបានបំពានកាន់កាប់ទឹកដីខ្មែរដោយខុសច្បាប់ចំនួន ១៤តំបន់ ក្នុងខេត្តចំនួន៤ មានខេត្តបន្ទាយមានជ័យ ៣តំបន់ ខេត្តពោធិ៍សាត់ ២តំបន់ ខេត្តព្រះវិហារ ៣តំបន់ និងខេត្តឧត្ដរមានជ័យ ៦តំបន់។
ប្រភពដដែលបញ្ជាក់ថា តំបន់ទាំងនោះរួមមាន ភូមិជោគជ័យ ភូមិព្រៃចាន់ ភូមិបឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា ឬច្រកជ័យជម្នះ នៅខេត្តពោធិ៍សាត់ រីឯតំបន់អានសេះ តាថាវ ភ្នំទ្រព្យ នៅខេត្តព្រះវិហារ និងតំបន់អូរស្មាច់ ប្រាសាទខ្នារ ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គញ់ និងតំបន់ចូកគ្រួស គឺស្ថិតក្នុងខេត្តឧត្ដរមានជ័យ។ ភាគីថៃ អះអាងថា ទឹកដីកន្លែងខ្លះជាទឹកដីថៃ។
រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា អំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានបើកការវាយលើទីតាំងជាច្រើនដោយគិតទុកមុន និងជាប្រព័ន្ធមកលើទឹកដីកម្ពុជា ដើម្បីទន្ទ្រាន កាន់កាប់ និងឈរជើងលើទីតាំងទាំងនេះដោយខុសនឹងច្បាប់អន្តរជាតិ។
ជុំវិញបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២១ មករា នេះ ដោយប្រឆាំងសកម្មភាពកងកម្លាំងប្រដាប់អាវុធថៃ ដាច់ខាតក្នុងតំបន់ដែលពួកគេបានយកទៅកាន់កាប់ដោយខុសច្បាប់។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ទង្វើរបស់ថៃ ដែលបានប្រព្រឹត្តក្នុងតំបន់ទាំងនោះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចជា ការផ្លាស់ប្ដូររូបសំណាកដែលពួកគេបានបំផ្លាញ ការដាក់ពង្រាយទូកុងតឺន័រ និងការសាងសង់លេណដ្ឋានថ្មី ជាដើម។
ប្រាសាទតាក្របី ត្រូវបានសាងសង់ក្នុងអំឡុងសតវត្សទី១១ នៃគ.ស. ក្នុងសម័យព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទឧទ័យទិត្យវរ្ម័នទី២ ស្ថិតនៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ជាទីតាំងបុរាណដ្ឋានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយស្ថាប័នវប្បធម៌កម្ពុជា និងជាទីគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់នៃប្រជាពលរដ្ឋខ្មែរ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

