35.9 C
Phnom Penh

កម្ពុជា​ប្រឆាំង​ការ​សាងសង់​សំណង់​រឹង និង​សកម្មភាព​ខុស​ច្បាប់​នានា​របស់​យោធា​ថៃ លើ​ទឹកដី​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា ប្រឆាំង​ការ​សាងសង់​សំណង់​រឹង និង​សកម្មភាព​ខុស​ច្បាប់​ជាច្រើន​ផ្សេង​ទៀត​របស់​យោធា​ថៃ លើ​ទឹកដី​ខ្មែរ​តាម​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​ត្រូវ​បាន​ធ្វើឡើង​ក្រោយ​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ។

ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៦ នេះ​ថា បុគ្គលិក​យោធា និង​ជនស៊ីវិល​ថៃ បាន​ធ្វើ​ការ​សាងសង់ និង​ជីក​កកាយ​ខុស​ច្បាប់​នៅ​លើ​ពយ​ភ្នំ​ប្រាសាទ​ព្រះវិហារ រួម​ទាំង​ការ​សាងសង់​ប៉ុស្តិ៍​យាម និង​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​វត្ត​កែវសិក្ខាគិរីស្វារៈ ផង​ដែរ។

ប្រភព​ដដែល​ថា ទង្វើ​ទាំងនេះ​គឺ​ផ្ទុយ​ទៅ​នឹង​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឆ្នាំ​១៩៦២ និង​ឆ្នាំ​២០១៣ ដែល​បាន​សម្រេច​ឱ្យ​ប្រាសាទ​ព្រះវិហារ និង​ពយ​ភ្នំ​ប្រាសាទ​ព្រះវិហារ​ទាំងមូល ស្ថិត​នៅ​ក្នុង​ដែនដី​អធិបតេយ្យ​របស់​កម្ពុជា។

ជាង​នេះ​ទៀត កងកម្លាំង​ប្រដាប់អាវុធ និង​ព្រះសង្ឃ​ថៃ ក៏បាន​បន្ត​សាងសង់​ព្រះពុទ្ធរូប​ធំ​មួយ​អង្គ​នៅ​តំបន់​បុស្សស្បូវ-ជាំតែ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០២៦ កន្លង​ទៅ បើ​ទោះជា​មាន​សំណើ​ម្តង​ហើយ​ម្តង​ទៀត​ពី​ភាគី​កម្ពុជា ឱ្យ​បញ្ឈប់​ការ​សាងសង់​នេះ​ក៏ដោយ។

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា រហូត​ដល់​ពេលនេះ កងកម្លាំង​ប្រដាប់អាវុធ​ថៃ នៅតែ​បន្ត​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​អចិន្ត្រៃយ៍​នៅ​ក្នុង​តំបន់​ប្រាសាទ​តាក្របី រួម​ទាំង​ផ្លូវ​បេតុង ជណ្តើរ​ដែក និង​រូបសំណាក​ព្រះពុទ្ធ ក្នុង​បំណង​បង្កើត​ជា​តំបន់​ទេសចរណ៍ និង​ទីតាំង​យោធា​របស់​ពួកគេ​ដោយ​មិន​គោរព​ច្បាប់​អន្តរជាតិ​ឡើយ។

ក្រសួង​ការបរទេស​ថា សកម្មភាព​ខុស​ច្បាប់​ស្រដៀង​គ្នា​នេះ ក៏បាន​កើតឡើង​នៅ​តំបន់​ជប់អង្គញ់ និង​ដើមត្រាង ក្នុង​ខេត្ត​ឧត្ដរមានជ័យ ផង​ដែរ ដែល​កងកម្លាំង​ថៃ បាន​ធ្វើការ​ដំឡើង​ទង់ជាតិ និង​សាងសង់​ផ្លូវ​បេតុង​នៅ​ទីនោះ។

ប្រភព​ដដែល បញ្ជាក់​ថា សកម្មភាព​ដែល​រំលោភ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ទាំងនេះ គឺ​ផ្ទុយ​នឹង​មាត្រា​៥ នៃ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ ស្ដីពី​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក ដែល​ហាមឃាត់​រាល់​សកម្មភាព​ដែល​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​រូបរាង ឬ​បរិស្ថាន​នៃ​តំបន់​ព្រំដែន និង​អាច​រារាំង​ដល់​ការងារ​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក។

ជាង​នេះ​ទៀត ក៏​ផ្ទុយ​នឹង​ស្មារតី​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ចុះ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ផង​ដែរ។

យ៉ាងណាក៏ដោយ កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២៦ កាសែត​ថៃ The Nation បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ក្នុង​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ ដោយ​បដិសេធ​ដាច់អហង្ការ​ដែល​ថា​យោធា​ថៃ កំពុង​កាន់កាប់​ដែនដី​កម្ពុជា​ដោយ​ខុស​ច្បាប់​នោះ។

បែប​នេះ​ក្តី នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៦ នេះ ពលរដ្ឋ​ខ្មែរ​បាន​ចែកចាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​អំពី​សកម្មភាព​យោធា​ថៃ ដែល​បាន​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​ដី និង​រាយ​បន្លា​លួស​ដោយ​រំលោភ​យក​ដី​ខ្មែរ​នៅ​ទីតាំង​កូនភ្នំ​មួយ ស្ថិត​នៅ​តំបន់​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ ខណៈ​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​វិធានការ​ទប់ស្កាត់​ឡើយ។

ជាង​នេះ​ទៀត នៅ​តំបន់​អូរខ្លាឃ្មុំ ស្រុក​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ ដដែល​នោះ ក៏​ត្រូវ​បាន​ទាហាន​ថៃ ជីក​ប្រឡាយ និង​រាយ​បន្លា​លួស​កាលពី​ថ្ងៃទី​១២ មីនា ដែរ។

ចំណែក​សកម្មភាព​យោធា​ថៃ ចូល​ទៅ​គ្រប់គ្រង​ស្ថានីយ​ប្រេងឥន្ធនៈ​យីហោ CE មួយ​កន្លែង​ដែល​ជា​របស់​ខ្មែរ​ក្នុង​តំបន់​ថ្មដា ខេត្ត​ពោធិ៍សាត់ និង​សកម្មភាព​សាងសង់​រូប​ព្រះពុទ្ធ​បដិមា​ដ៏​ធំ​នៅ​លើ​ភ្នំ​៤០០ តំបន់​តាស៊ីម ដែល​ស្ថិត​នៅ​ជិត​ភ្នំ​ទ្រព្យ ក្នុង​ខេត្ត​ព្រះវិហារ ខណៈ​សកម្មភាព​យោធា​ថៃ លើក​ដង​ទង់ជាតិ​របស់​ពួកគេ​នៅ​ភ្នំ​២២៥ ជិត​ប្រាសាទ​តាក្របី ក៏​ត្រូវ​បាន​គេ​ចែកចាយ​ជាបន្តបន្ទាប់​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែរ​នា​ពេលនេះ។

ដោយឡែក​សកម្មភាព​សាងសង់​លេណដ្ឋាន​ដែល​ធ្វើ​ពី​បេតុង​ក្នុង​បរិវេណ​ប្រាសាទ​តាមាន់ធំ ក្នុង​ខេត្ត​ឧត្ដរមានជ័យ សកម្មភាព​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ​ដើម្បី​កំណត់​ព្រំដែន​ថ្មី​ក្នុង​បំណង​កុំ​ឱ្យ​ទាហាន​ខ្មែរ​ឆ្លង​ចេញ​ចូល និង​ដើម្បី​ប្រឆាំង​រថក្រោះ​នៅ​តំបន់​ជាំតែ ខេត្ត​ព្រះវិហារ ក៏​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ព្រំដែន​ចែកចាយ​លើ​បណ្ដាញ​សង្គម​ជា​ហូរហែ​ផង​ដែរ។

នៅ​ថ្ងៃទី​១៣ មីនា នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ប្រាប់​អង្គការ​សហប្រជាជាតិ​ថា យោធា​ថៃ បាន​ឈ្លានពាន​ទឹកដី​ខ្មែរ​នៅ​តាម​តំបន់​ព្រំដែន​ដោយ​រំលោភ​ច្បាប់​អន្តរជាតិ ជាពិសេស​ច្បាប់​សិទ្ធិមនុស្ស និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស