ក្រុមមន្ត្រីរដ្ឋាភិបាលបានយល់ព្រមពន្លឿនការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីតាមការសន្យាដល់ប្រជាពលរដ្ឋប្រមាណ១.៥០០គ្រួសារនៅក្នុងខេត្តក្រចេះ បន្ទាប់ពីប្រជាពលរដ្ឋប្រហែល២០០គ្រួសារក្នុងចំណោមនោះ ដែលមានកំហឹងដោយសារតែការពន្យារពេលជាច្រើនខែបានធ្វើការតវ៉ានៅតាមមូលដ្ឋានខាងក្រៅសាលាឃុំរបស់ពួកគេកាលពីម្សិលមិញ។
អ្នកតវ៉ាទាំងនោះបានលើកឡើងថា ដីរបស់ពួកគាត់ត្រូវបានវាស់វែងកាលពីខែឧសភា ដោយនិស្សិតស្ម័គ្រចិត្តរបស់លោក ហ៊ុន សែន ដែលបានចុះវាស់វែងដីធ្លីនៅទូទាំងប្រទេសចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១២មក ជាផ្នែកនៃគម្រោងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដ៏ធំរបស់នាយករដ្ឋមន្ត្រី។
លោក សួន វិច្ឆិកា តំណាងប្រជាពលរដ្ឋទាំងនេះបាននិយាយថា “យើងធ្វើការតវ៉ាដោយសារតែយើងចង់ឲ្យអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិដីថ្លីឲ្យពួកយើង ពីព្រោះអ្នកភូមិផ្សេងៗទៀតមកពីឃុំក្បែរខាង ដែលដីចម្ការ និងដីលំនៅដ្ឋានរបស់ពួកគេត្រូវបានវាស់វែង បន្ទាប់ពីដីរបស់យើងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីរួច”។
លោក វណ្ណ ឌឿន មេឃុំស្នួលមកពីស្រុកស្នួលបានមានប្រសាសន៍ថា មន្ត្រីស្រុកនិងខេត្តបានចូលរួមការជួបចរចានេះបន្ទាប់ពីលោកបានហៅពួកគេនៅពេលអ្នកតវ៉ាទាំងនេះបានឡោមព័ន្ធសាលាឃុំរបស់លោក ហើយបានគំរាមរារាំងមិនឲ្យនរណាចូលឬចាកចេញពីទីនោះ។
លោកបានមានប្រសាសន៍ថា គ្រួសារទាំងនេះបានរស់នៅលើដីនេះចាប់តាំងពីឆ្នាំ២០០០មកម៉្លេះ ហើយមានវិវាទដណ្ដើមកាន់កាប់ជាងពាក់កណ្ដាលនៃដីសម្បទានសេដ្ឋកិច្ចទំហំ១០.០០០ហិកតាផ្ដល់ជូនក្រុមហ៊ុន Horizon Agriculture Development របស់កូរ៉េកាលពីឆ្នាំ២០០៨។
លោក ឌិន សារឿន អ្នកតវ៉ាម្នាក់ទៀតបានលើកឡើងថា “យើងធ្វើការតវ៉ា ដើម្បីស្វែងរកយុត្តិធម៌ ពីព្រោះយើងបានកាន់កាប់ដីនេះមុនក្រុមហ៊ុនសម្បទាននេះមកដល់ទៅទៀត”។
លោក ខាន់ ចំណាន អភិបាលរងខេត្តក្រចេះ ដែលបានចូលរួមក្នុងការចរចាបានបន្ទោសការពន្យារពេលចរចាដោយសារតែខ្វះបុគ្គលិក។
លោកបានមានប្រសាសន៍ថា អំឡុងមានការសន្យាថា នឹងចែកជូនប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យគ្រួសាររបស់ពួកគាត់នៅក្នុងរយៈពេលបីខែបន្ទាប់ ប៉ុន្តែថា ពេលវេលាបានរំកឹលទៅមុខ បន្ទាប់ពីទាក់ទងទៅលោក អឹុម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកបានមានប្រសាសន៍ទៀតថា “បន្ទាប់ពីជូនដំណឹងអំពីការចរចានេះ លោកបានផ្ដល់អនុសាសន៍ថា គួរតែចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនអ្នកភូមិក្នុងរយៈពេលពី២០ទៅ៣០ថ្ងៃបន្ទាប់យ៉ាងយូរបំផុត” ៕ សុខុម