កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសបុរសជនជាតិនីហ្សេរីយ៉ាអាយុ៣៨ឆ្នាំម្នាក់ឲ្យជាប់ពន្ធនាគារ៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០០ លានរៀល ពីបទជួញដូរមេតំហ្វេតាមីនទម្ងន់២,៧គីឡូក្រាមចូលក្នុងប្រទេសកម្ពុជា។
បុរសឈ្មោះ ចន អ៊ូកាជី អូនីយីនយេ ត្រូវបានចាប់ខ្លួនកាលពីខែមិថុនានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបន្ទាប់ពីនគរបាលប្រឆាំងគ្រឿងញៀនស្ទាក់ចាប់បាន ហើយ បានរកឃើញថ្នាំញៀននេះលាក់ទុកក្នុងថតសម្ងាត់នៅក្នុងវ៉ាលិសរបស់គាត់។
អំឡុងពេលបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២០ ខែធ្នូ បុរសឈ្មោះ អូនីយីនយេ បាននិយាយថា ខ្លួនបានយកវ៉ាលិសនេះពីប្រទេសនីហ្សេនីយ៉ាចូលមកប្រទេសកម្ពុជាជំនួសមិត្តតភក្តិម្នាក់ ហើយមិនបានដឹងថា មានអ្វីនៅក្នុងនោះទេ។ បុរសរូបនេះបាននិយាយនៅសវនាការថា “វ៉ាលិសនេះជារបស់ខ្ញុំមែន ប៉ុន្តែ ខ្ញុំមិនដឹងថា មានថ្នាំញៀនទេ។ ខ្ញុំមិនដឹងថា វ៉ាលិសនេះមានថ្នាំញៀនទេ”។
លោក ជា សុខឃាង ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានរកឃើញថា ជនជាតិនីហ្សេរីយ៉ារូបនេះមានពិរុទ្ធភាពពីបទជួញដូរថ្នាំញៀន កាលពីម្សិលមិញ ហើយបានមានប្រសាសន៍ថា គាត់មានពេល៣០ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍។
លោក អ៊ូ វុធ មេធាវីការពារលោក អូនីយីនយេ បានមានប្រសាសន៍ថា លោកនឹងប្តឹងឧទ្ធរណ៍។ លោកមានប្រសាសន៍ថា “សេចក្តីសម្រេចនេះមិនយុត្តិធម៌សម្រាប់កូនក្តី របស់ខ្ញុំទេ។ សេចក្តីសម្រេចរបស់តុលាការបែបនេះមិនអាចទទួលយកបានឡើយ”៕ សារុន