អ្នកតស៊ូមតិមកពីតំបន់អាស៊ីអាគ្នេយ៍ កាលពីម្សិលមិញបានលើកឡើងយ៉ាងច្រើន ពីទិដ្ឋភាពរំលោភសេរីភាពបញ្ចេញមតិ នៅដើមកិច្ចប្រជុំប្រចាំឆមាសរបស់អង្គការ អីុហ្វិច (IFEX) ដែលប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញ។ ពួកគេបានប្រៀបធៀបសេរីភាពដែលពួកគេខ្វះ នៅក្នុងទិដ្ឋភាពច្បាប់ផ្សេងៗគ្នា និងយន្តការគាំពារ ដែលត្រូវបានអនុវត្តនៅក្នុងប្រទេសនីមួយៗរបស់ពួកគេ។
នៅក្នុងកិច្ចប្រជុំ ដែលត្រូវបានរៀបចំជាលើកដំបូង នៅក្នុងប្រទេសកម្ពុជានេះ សកម្មជនសិទ្ធិដីធ្លី វិចិត្រករគំនូរជីវចល និងអ្នកសារព័ត៌មាន មកពីប្រទេសភូមា ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី កម្ពុជា និងប្រទេសហ្វីលីពីន បានលើកឡើងថា ទោះបីជាប្រជាពលរដ្ឋនៅក្នុងប្រទេសរៀងៗខ្លួនរបស់ពួកគេ ទទួលបានសេរីភាពក្នុងកម្រិតខុសៗគ្នាក៏ដោយ ក៏ការពិនិត្យមើលរឿងរ៉ាវកើតឡើងនៅពីក្រោយទិដ្ឋភាពនេះ បានលាតត្រដាងឲ្យឃើញថា មានការដាក់កម្រិតយ៉ាងខ្លាំងចំពោះសេរីភាពបញ្ចេញមតិ។
អ្នកស្រី ជីរ៉ាមុច ព្រេមចៃផន (Chiranuch Premchaiporn) អ្នកសារព័ត៌មានថៃ បានលើកឡើងថា នៅប្រទេសថៃ ការដាក់កម្រិតដ៏ចម្បង ចំពោះសេរីភាពបញ្ចេញមតិ កើតឡើងតាមរយៈការនិយាយបែបការពារខ្លួន។ អ្នកស្រី ព្រេមចៃផន បានមានប្រសាសន៍ថា “ ជាទូទៅ ប្រជាជនមានការប្រុងប្រយ័ត្នខ្លាំង ចំពោះអ្វីដែលខ្លួននិយាយ និងអ្វីដែលសរសេរ។
ប្រទេសថៃ មិនទាន់មានសេរីភាពដូចគេមើលឃើញទេ”។ អ្នកស្រីបានប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ពីបទសរសេរព័ត៌មានផ្សព្វផ្សាយ ដែលត្រូវបានចាត់ទុកថា បានបង្កផលប៉ះពាល់អវិជ្ជមាន ដល់រាជានិយមថៃ តាមរយៈគេហទំព័រសារព័ត៌មានឯករាជ្យឈ្មោះ ប្រាចាតៃ (Prachatai)។
អ្នកស្រី ព្រេមចៃផន បានទទួលដំណឹងឲ្យដកអត្ថបទផ្សព្វផ្សាយនោះចេញ ហើយបន្ទាប់មកក៏ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល៨ខែ បន្ទាប់ពីមានការព្យួរទោសស្ទើរតែទាំងស្រុង កាលពីខែឧសភាឆ្នាំ២០១២។ ក៏ប៉ុន្តែ អ្នកស្រីបានលើកឡើងបន្ថែមទៀតថា សង្គមស៊ីវិលកំពុងតែចូលរួមពាក់ពន្ធនឹងរឿងនេះ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ហើយនៅពេលឥទ្ធិពលរបស់វិស័យនេះបង្កើនកម្រិតតម្រូវការឯករាជភាព ប្រព័ន្ធផ្សព្វផ្សាយតាមបែបមានភាពមិនភ័យខ្លាចនឹងកើនឡើងដែរ។
អ្នកស្រីមានប្រសាសន៍ថា “ យ៉ាងតិចមានមនុស្ស៥នាក់នៅប្រទេសថៃ ជាប់ពន្ធនាគារដោយសារតែរឿង ដែលគេនិយាយ។ [ប៉ុន្តែ] ខ្ញុំនៅតែមានក្តីសង្ឃឹម ដោយសារតែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនកាន់តែខ្វល់ខ្វាយខ្លាំងឡើងៗ អំពី[សេរីភាពបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ] ហើយបញ្ហានេះទទួលបានការចាប់អារម្មណ៍ កាន់តែច្រើនឡើងៗ នាពេលបច្ចុប្បន្ន”។
អ្នកស្រី ម៉េលីនដា ឃ្វីនតេស ដឺ ជេសឺស(Melinda Quintes Jesus) នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិក្សាសេរីភាព និងទទួលខុសត្រូវ នៃប្រព័ន្ធផ្សព្វផ្សាយនៅហ្វីលីពីន (Center for Media Freedom and Responsibility) បានលើកឡើងថា បញ្ហាចម្បងនៅក្នុងប្រទេសរបស់អ្នកស្រី គឺវប្បធម៌និទណ្ឌភាពជាពិសេស ជុំវិញបញ្ហាសម្លាប់អ្នកសារព័ត៌មាន។ អ្នកស្រីបាននិយាយបន្តទៀតថា ដូចបញ្ហាបញ្ចេញមតិដោយអារម្មណ៍ភ័យខ្លាច នៅក្នុងប្រទេសថៃដែរ អង្គការសង្គមស៊ីវិល មានតួនាទីយ៉ាងសំខាន់ក្នុងការលុបបំពាត់វប្បធមនិទណ្ឌភាពដែលបណ្តាលមកពីបទឧក្រិដ្ឋបែបនេះ។
អ្នកស្រី ដឺ ជេសឺស បានមានប្រសាសន៍ថា “ នៅពេលមនុស្សកាន់តែមិនពេញចិត្តនឹងវប្បធម៌និទណ្ឌភាពនេះ ករណីផ្តន្ទាទោសនឹងកើតឡើងកាន់តែច្រើន ហើយរឿងនេះនឹងជួយយើង ក្នុងការកាត់បន្ថយកម្រិតវប្បធម៌នេះបានខ្លះ”។ បន្ទាប់ពីមានហេតុការណ៍សម្លាប់រង្គាលនៅខេត្ត ម៉ាហ្គីនដាណាវ (Mag- uindanano) ប្រទេសហ្វីលីពីន កើតឡើង ដែលក្នុងនោះ អ្នកសារព័ត៌មានយ៉ាងតិច៣៤នាក់ ត្រូវបានសម្លាប់ គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (Committee to Protect Journalists) បានចុះឈ្មោះប្រទេសហ្វីលីពីន ក្នុងបញ្ជី របស់ខ្លួនជាប្រទេស ដែលមានអ្នកសារព័ត៌មានស្លាប់ច្រើនបំផុតលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីប្រទេសអុីរ៉ាក់។
បួននាក់ក្នុងចំណោមអ្នកសារព័ត៌មានត្រូវបានគេសម្លាប់ទាំងនេះ គឺជាអតីតអ្នកសារព័ត៌មានស្ត្រី ត្រូវបានចាប់រំលោភ និងបាញ់សម្លាប់ចំត្រង់ប្រដាប់ភេទរបស់ពួកគេ។ ប៉ុន្តែ រហូតមកទល់ពេលនេះ មិនមានអ្នកណាម្នាក់ត្រូវបានដាក់ទោសពីបទឧក្រិដ្ឋនេះទេ។
នៅក្នុងជំនួបពិភាក្សានេះ តំណាងមកពីប្រទេសកម្ពុជាគឺ អ្នកស្រី ទេព វន្នី សកម្មជនប្រឆាំងការបណ្តេញចេញពីលំបានៅដ្ឋាន ដែលបានធ្វើយុទ្ធនាការឥតឈប់ឈរ អស់រយៈពេលជាច្រើនឆ្នាំមកហើយសម្រាប់ប្រជាជនដែលត្រូវបានបណ្តេញចេញពីសហគមន៍បឹងកក់ ក្នុងរាជធានីភ្នំពេញ។
អ្នកស្រីបានមានប្រសាសន៍ថា មួយក្នុងចំណោមបញ្ហាប្រឈមធំៗបំផុត សម្រាប់សេរីភាពបញ្ចេញមតិ នៅប្រទេសកម្ពុជា គឺ
បញ្ហាកង្វះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ អ្នកស្រីបានថ្លែងថា “ ស្ទើរតែ៩០ភាគរយនៃប្រព័ន្ធផ្សព្វផ្សាយស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល”។
លោក អេកូ ម៉ារីយ៉ាឌី (Eko Maryadi) អ្នកសារព័ត៌មានឥណ្ឌូណេស៊ី និងជាប្រធានសម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យ (Alliance of Independent Journalists) បានឯកភាពថា សមាជិកម្នាក់ៗនៅក្នុងសង្គមមានតួនាទីដ៏សំខាន់ ចំពោះសេរីភាពបញ្ចេញមតិ និងកិច្ចការពារសិទ្ធិមនុស្ស។ លោកបានមានប្រសាសន៍ថា “ យើងមិនអាចគ្រាន់តែផ្តល់សេរីភាពដល់អ្នកនយោបាយប៉ុណ្ណោះទេ ក៏ប៉ុន្តែ សេរីភាពនេះត្រូវស្ថិតនៅក្នុងដៃរបស់សង្គមស៊ីវិល ដែលត្រូវការការកសាងបណ្តាញការងារដ៏រឹងមាំ និងធ្វើការជាមួយគ្នាផងដែរ”។ លោក ម៉ារីយ៉ាឌី បានជាប់ពន្ធនាគាររយៈពេលបីឆ្នាំ កាលពីទសវត្សរ៍ឆ្នាំ១៩៩០ ពីបទធ្វើឲ្យគំនិតស្អប់រដ្ឋាភិបាលរបស់លោក ស៊ូហាតូ (Suharto) រាលដាលកាន់តែខ្លាំងឡើងៗ៕
ប្រែសម្រួលដោយ កង សុធា