កាលពីម្សិលមិញ ក្រសួងការពារជាតិបានលើកឡើងថា ពាក្យបណ្តឹងដែលប្តឹងមេបញ្ជាការកងយោធពលខេមរភូមិន្ទក្នុងខេត្តបន្ទាយមានជ័យពីបទពុករលួយ និងប្រព្រឹត្តបទល្មើសជាច្រើនទៀតនោះត្រូវបានដោះស្រាយរួចហើយកាលពីឆ្នាំ២០១១។
កាលពីថ្ងៃសុក្រ ទាហានខេត្តបានជូនដំណឹងទៅអង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុកពីពាក្យបណ្តឹងមុនៗរបស់ខ្លួនដែលប៉្តឹងទៅតុលាការនិងមន្ត្រីរដ្ឋាភិបាល ដែលក្នុងពាក្យបណ្តឹងនោះពួកគេបានចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី ផ្លន តារា មេបញ្ជាការកងយោធពលខេមរភូមិន្ទខេត្តបន្ទាយមានជ័យនិងលោកវរសេនីយ៍ឯក កែវ សេងឡុង មេបញ្ជាការរងដែលត្រូវជាសាច់ថ្លៃរបស់លោកថា បានប្រព្រឹត្តបទល្មើសជាច្រើន រួមមានការកាត់ប្រាក់ខែទាហាន យោធិនពិការ អតីតយុទ្ធជន លួចទ្រព្យសម្បត្តិកងយោធពលខេមរភូមិន្ទ និងបន្ថែមឈ្មោះខ្មោចក្នុងបញ្ជីបើកប្រាក់ខែ។
លោក វណ្ណ ឆោម អតីតមេបញ្ជាការរងខេត្តជាតំណាងទាហានទាំងនោះបានងាកទៅរកអង្គការអាដហុកវិញកាលពីថ្ងៃសុក្រ ដោយលើកឡើងថា តុលាការ និងមន្ត្រីរដ្ឋាភិបាលមិនបានដោះស្រាយពាក្យបណ្តឹងនោះរយៈពេលច្រើនឆ្នាំមកហើយរួមទាំង លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនិងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង។
ទោះយ៉ាងណា លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា នាយកដ្ឋានអធិការកិច្ចនៅក្រសួងបានសើុបអង្កេតរឿងក្តីនេះរយៈពេលច្រើនឆ្នាំមកហើយ ហើយបានរកឃើញថា ទាំងលោកឧត្តមសេនីយ៍ត្រី ផ្លន តារា និងលោកវរសេនីយ៍ឯក សេងឡុង មិនមានកំហុសទេ។
លោក ឈុំ សុជាតិ បានមានប្រសាសន៍ថា “ ឯកឧត្តម ទៀ បាញ់់ បានបញ្ជាឲ្យនាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិស៊ើបអង្កេតកាលពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១១ ប៉ុន្តែ រកមិនឃើញកំហុសរបស់លោក ផ្លន តារា ឡើយ”។
លោក ឈុំ សុជាតិ បានមានប្រសាសន៍បន្ថែមទៀតថា សេចក្តីរាយការណ៍ព័ត៌មានចោទប្រកាន់ថា លោកឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ និងលោក ប៊ុន សេង មេបញ្ជាការយោធភូមិភាគ៥ដែលឈរជើងនៅខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យបានគាំទ្រឧត្តមសេនីយ៍ត្រី ផ្លន តារា នោះ ក៏មិនត្រូវដែរ។ លោកមានប្រសាសន៍ថា “យើងមិនចង់ឲ្យសាធារណជនមានការភាន់ច្រឡំអំពីរឿងនេះទេ ព្រោះវាមិនមែនជារឿងថ្មីឡើយ”។
លោក ឈុំ សុជាតិ បានមានប្រសាសន៍ថា “លោក ប៊ុន សេង មេបញ្ជាការយោធភូមិភាគ៥ និងលោក នាង ផាត រដ្ឋលេខាធិការមិនបាននៅពីក្រោយលោក ផ្លន តារា ទេ”។ លោកបានបន្ថែមថា លោក វណ្ណ ឆោម និងទាហានផ្សេងទៀតមានសិទ្ធិដាក់ពាក្យបណ្តឹងទៅអង្គការអាដហុក ប្រសិនបើពួកគេមិនពេញចិត្តនឹងការសើុបអង្កេតរបស់ក្រសួងការពារជាតិ។
លោក វណ្ណ សឿង ទាហានមួយរូបដែលបានផ្តិតមេដៃលើពាក្យបណ្តឹងនោះដែរបាននិយាយកាលពីម្សិលមិញថា លោកមិនដែលបានឮអំពីការស៊ើបអង្កេតនេះទេ ហើយលោកមិនពេញចិត្តនឹងការឆ្លើយតបរបស់ក្រសួងឡើយ។ លោកបាននិយាយថា “ខ្ញុំគិតថា ការស៊ើបអង្កេតបានបញ្ចប់ដោយគ្មានការគោរពច្បាប់ទាល់តែសោះ ពីព្រោះពួកគេការពារតែផលប្រយោជន៍បុគ្គល។ លោក ផ្លន តារា ជាមេចោរនៅតាមព្រំដែន ហើយថ្នាក់លើបាន…ដោះស្រាយបញ្ហានេះឲ្យគាត់”។ លោកបានបន្ថែមថា ក្រុមទាហានកំពុងរៀបចំពាក្យបណ្តឹងផ្លូវការដាក់ជូនទៅអង្គការអាដហុក៕ សារុន