នគរបាលបាននិយាយកាលពីម្សិលមិញថា បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីពួកគេបានដេញតាមចោរមួយ ក្រុមដែលបានលួចទាមួយក្បាលពីផ្ទះរបស់ខ្លួនកាលពីយប់ថ្ងៃច័ន្ទ នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។
លោក ស៊ុំ សេន នាយប៉ុស្តិ៍ឃុំគោករវៀង បានមានប្រសាសន៍ថា ជនសង្ស័យប្រាំបួននាក់បានផឹកស៊ីនៅយប់នោះ ហើយបន្ទាប់មកបានជិះម៉ូតូកាត់ផ្ទះឈើតូចមួយដែលម្ចាស់ផ្ទះបានទុកទាមួយក្បាលនៅទីធ្លាផ្ទះនោះ ហើយចោរបានសម្រេចចិត្តចាប់យកទានោះទៅធ្វើម្ហូបពេលយប់។ លោកបានមានប្រសាសន៍ថា ជនសង្ស័យពីរនាក់បានចូលទៅក្នុងទីធ្លាផ្ទះគាត់ ហើយបានលួចយកទានោះ រួចបានរត់សំដៅទៅមិត្តភក្តិរបស់ខ្លួនដែលកំពុងរង់ចាំជាស្រេចនៅចិញ្ចើមផ្លូវ ហើយក៏ជិះម៉ូតូចេញទៅ។
សំឡេងនោះបានធ្វើឲ្យបុរសពីរនាក់ឈ្មោះ ជឿន ជើន អាយុ៣៦ឆ្នាំ និង ងិន សំខាន់ អាយុ ២៤ឆ្នាំដែលនៅក្នុងផ្ទះភ្ញាក់ដឹងខ្លួន ហើយបានជិះម៉ូតូដេញតាមជនទាំងនោះ។
លោក ស៊ុំ សេន បានថ្លែងថា “ជនរងគ្រោះទាំងពីរនាក់បានដេញតាមជនសង្ស័យប្រាំបួននាក់ ហើយបានហៅឲ្យឈប់” ។ លោកបានបន្ថែមថា “ជនសង្ស័យម្នាក់មានពូថៅ ហើយបានកាប់លោក ជឿន ជើន ចំកបណ្តាលឲ្យស្លាប់។ បុរសឈ្មោះ សំខាន់ ត្រូវមួយពូថៅចំក្បាលរងរបួសធ្ងន់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ”។
លោក ស៊ុំ សេន បានមានប្រសាសន៍ថា នគរបាលកំពុងស្វែងរកជនដៃដល់ទាំងនោះ។ លោកបានមានប្រសាសន៍បន្ថែមថា “ការសម្លាប់បុរសម្នាក់ដោយសារតែទាមួយក្បាលនោះពិតជាឃោរឃៅណាស់។ យើងកំពុងស្វែងរកចាប់ខ្លួនពួកគេយកមកផ្តន្ទាទោស”៕ សារុន