29.6 C
Phnom Penh

ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ លើក​ឡើង​ពី​កង្វល់​ជុំ​វិញ​ការ​បាញ់​ប្រហារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរាជ​ទូត​ជប៉ុន លោក ម៉ាសា ហ្វូ៊មីគូរូគី (Masafumi Kuroki) ​បា​ន​មាន​ប្រ​សាសន៍កា​លពី​ម្សិល​មិញថា ​លោក​រំ​ពឹង​ថា ​រដ្ឋា​នឹង​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​នៅ​ពី​ក្រោ​យ​​កា​រ​បាញ់​ប្រហា​រ​កា​ល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ​ទៅ​លើ​កម្មករ​តវ៉ា​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង ហើយ​ត្រូវ​ធានា​សុវត្ថិ​ភាព​ដល់​វិនិយោគិន​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស ​(SEZ) នោះ។

មិន​ទាន់​មាន​ការ​ចាប់​ខ្លួន​នៅឡើយ​ទេចាប់​តាំង​ពី​បុរស​ស្លៀកពាក់​ឯក​សណ្ឋាន​ម្នាក់បាន​បាញ់​ប្រហារ​ទៅ​លើ​កម្មករតវ៉ា នៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ម៉ាន់ហាតតាន់ ដែល​បាន​ធ្វើ​ឲ្យ​របួសកម្មការិនី​បី​នាក់។ លោក​ ឈូក បណ្ឌិត អភិ​បាល​ក្រុង​បាវិត ត្រូវ​បាន​អះ​អាង​ថាជា​ជន​សង្ស័យ ប៉ុន្តែ​សាលា​ដំបូង​ខេត្ត បានត្រឹមតែ​សុំឲ្យ​លោក បង្ហាញ​ខ្លួន​ ដើម្បី​សាក​សួរ​នៅ​ចុង​ខែ​នេះ​ប៉ុណ្ណោះ។

នៅ​ឯ​កិច្ច​ប្រ​ជំុ​រវាងវិស័យសាធារណៈ​និង​ឯក​ជន​លើក​ទី​ប្រាំមួយរបស់កម្ពុជា​ និងជប៉ុន​ នៅ​ឯក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) លោក​ឯក​អគ្គ​រាជ​ទូត ម៉ាសាហ្វូ៊មី គូរ៉ូគី បាន​លើក​ឡើង​ដោយ​ផ្ទាល់ អំពី​បញ្ហា​មិន​ទាន់​ដោះស្រាយ​ករណីបាញ់​ប្រហារ​ ដែល​បាន​​ធ្វើ​ឲ្យ​មាន​ការ​គិតគូរ​ឡើងវិញ ចំពោះ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នៅ​ក្នុង​ប្រ​ទេស​នេះ និង​បញ្ហា​និទណ្ឌភាព​ពាក់​ព័ន្ធ​នឹង​នយោ​បាយ​។

លោក​ឯក​អគ្គ​រាជ​ទូត​បាន​ថ្លែង​ថា”​ខ្ញុំ​សូម​លើក​ឡើង​ពី​បញ្ហា​ ដែល​បាន​កើត​ឡើង​នៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ម៉ាន់​ហាត​តាន់​ កាល​ពី​ខែ​មុន”។ លោក​បាន​ថ្លែង​ថា ”ខ្ញុំ​គិត​ថាកម្ពុជា​

គឺ​ជា​ប្រទេសមាននីតិរដ្ឋ​…​ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា ដូច្នេះ [រដ្ឋា​ភិបាល​] នឹង​វែកមុខជន​សង្ស័យហើយ​នាំ​ខ្លួន​ជន​នេះ​ទៅ​ឲ្យតុលាការ​កាត់​ទោស​ ​ទៅ​តាម​ច្បាប់”។ លោក​បន្ថែម​ថា​ ពី​ព្រោះ​​ក្រុម​ហ​៊ុន​ជប៉ុន​ប្រតិបត្តិ​ការ​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នេះដែរ ហើយជន​ជាតិ​ជប៉ុន​ផ្សេង​ទៀត​មាន​ការ​ព្រួ​យ​បារម្ភដោយ​សារ​តែ​ព្រឹត្តិការណ៍​នេះ​។

លោកឯក​អគ្គ​រាជ​ទូត បាន​ថ្លែង​ថា ”ត្រូវ​តែ​ធានា​សុវត្ថិ​ភាព​ដល់​វិនិយោគិន​ទាំង​នៅ​ក្នុង​​ និង​ក្រៅតំបន់​សេដ្ឋ​កិច្ច​ពិសេស ដូច្នេះ​កំុឲ្យ​ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ម្តង​ទៀត​”។លោក​បាន​បន្ថែម​ថា ”ខ្ញុំ​និយាយ​ដូច្នេះពី​ព្រោះ​ខ្ញុំ​នាំ​ភ្ញៀវ​ជប៉ុន​មក​ទី​នេះ​គ្រប់​ពេលពី​ព្រោះ​កម្ពុជា​មាន​សុវត្ថិ​​ភាព​ណាស់​ ក៏​ប៉ុន្តែ​វា​ក៏​លំបាក​​ណាស់​ដែរនៅ​ពេល​មាន​ព្រឹត្តិការណ៍​អ៊ីចឹង​កើត​ឡើង”។

ឆ្លើយ​តប​ទៅ​នឹង​លោក​ឯក​អគ្គ​រាជ​ទូត​ លោក​ សុខ ចិន្តា​សុភា អគ្គ​លេខា​ធិការ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ប្រាប់​គណៈ​ប្រតិភូ​ជប៉ុន​វិញថាការ​បាញ់​ប្រហារ​នេះ​ “​គឺ​ជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​សោក​ស្តាយ​ណាស់”។ លោកចិន្តា​សុភាបាន​ថ្លែង​ថារដ្ឋា​ភិបាល​បាន​ប្រជំុ​ពីរ​លើក កាល​ពី​ថ្ងៃ​ទី​២៧​ខែ​កុម្ភៈនិង​ថ្ងៃ​ទី​២ ​ខែ​មីនា ដើម្បីពិភាក្សាអំពី​ការ​បាញ់​ប្រហារ​នេះ ក៏ប៉ុន្តែ​លោក​មិន​បាន​បរិយាយ​ឲ្យ​បាន​ល្អិត​ល្អន់​ទេ។

លោក ចិន្តា​សុភា បាន​ថ្លែង​ថា ”​ខ្ញុំ​សូម​ទោស​ដោយសា​រខ្ញុំ​មិន​បាន​ជូន​ដំណឹង​ប្រាប់​លោក​អំពី​​វិធានការត្រូវអនុវត្ត​យ៉ាង​ម៉េច​នោះ។គ្រប់​ស្ថាប័ន​រដ្ឋា​ភិបាល​ទាំង​អស់​ នឹង​ព្យាយាម​ដោះ​ស្រាយ​វិវាទ​ការងារ​”។

យោង​តាម​ទិន្ន​ន័យ​ពី​ក្រុម​ប្រឹក្សា​វិនិ​យោគ​​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​  គម្រោងវិនិយោគ​ពី​ប្រទេស​ជប៉ុន​ មាន​ទឹក​ប្រាក់​ជាង​១២០​លាន​ដុល្លារ​ ហើយ​នៅ​តែ​ជា​វិនិយោគ​ិន​មួយ​ ក្នុង​ចំណោម​វិនិយោគិន​ដ៏​ធំ​បំផុត​ របស់​កម្ពុជា​រៀង​រាល់​​ឆ្នាំ។

ពេលទាក់​ទង​បន្ទាប់​ពី​កិច្ច​ប្រជំុ​នេះលោក​ ចិន្តា​សុភា បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំ​ពី​កិច្ច​ប្រ​ជំុ​នេះ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍ថា ”កំុ​សួរ​ពី​ព្រោះ​ខ្ញុំ​មិន​ឆ្លើយទេ។​ កំុ​សរ​សេរ​ថា ខ្ញុំ​មិន​​ឆ្លើយសំនួរ”។

ស្ថានទូត​ជប៉ុន​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ស្តី​ពី​ជំនួប​នេះ​ដែរ។ ស្ថាន​ទូត​បាន​លើក​ឡើង​ថា”ដោយ​សារ​កិច្ច​ប្រជំុ​ថ្ងៃ​នេះ ​ជា​លក្ខណៈមិន​ផ្លូវ​ការ​នោះ​ ស្ថាន​ទូត​ជប៉ុន​សូម​មិន​ធ្វើអត្ថា​ធិប្បាយ​ចំពោះ​សេចក្តីថ្លែងការណ៍ ធ្វើ​ឡើង​ដោយ​អគ្គ​រាជ​ទូត​អំឡុង​កិច្ច​ប្រជំុ​នេះ​ទេ”។

លោកឯកថាអ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថា បើ​ទោះ​ជា​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​មាន​កង្វល់​ក៏​ដោយក៏​វិនិយោគិន​នៅ​កម្ពុជានៅតែមាន​សុវត្ថិ​ភាព​ដែរ។

លោក ឯក ថា បាន​​ថ្លែង​បន្ថែមថា ”រាជ​រដ្ឋា​ភិបាល​កម្ពុជា​ធានាដល់ការវិនិយោទុននៅ​ក្នុង​ប្រទេស​​កម្ពុជា ហើយ​យើង​បន្ត​អនុវត្ត​តាម​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា”។ លោក​បាន​បន្ថែម​ថា ការ​បាញ់​ប្រហារ​នៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ម៉ាន់​ហាត​តាន់​ គឺ​ជា​ហេតុ​ការណ៍​ដាច់​ដោយ​ឡែក​មួយ។លោក​ថ្លែងថា ”នេះ​គឺ​ជា​ហេតុ​ការ​ណ៍​មួយ​ផ្សេង​។ហេតុការណ៍​នេះ​មិន​រាល​ដាល​ទៅ​តំបន់​ផ្សេង​ទៀត​ទេ”។

លោកមឿនតុលាប្រធាន​ផ្នែក​គម្រោង​ការ​ងារ​របស់​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​កម្ពុជាបាន​ច្រាន​ចោល​ការ​អះ​អាង​របស់​លោក​ឯកថា ដែល​អះអាងថា ការ​បាញ់​ប្រហារ​នេះ​គឺ​ជា​ហេតុការណ៍​ដោយ​ឡែក​ ដោយលោក​បាន​សំដៅ​ដល់​ហេតុការណ៍កើតឡើងកាល​ពី​ថ្ងៃ​ទី​១៨ ​ខែ​មករានៅក្នុង​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ ដែល​សន្តិ​សុខ​ប្រដាប់​អាវុធ​បាន​បាញ់ក្រុម​អ្នក​តវ៉ា​ក្នុងជម្លោះ​ដី​ធ្លី​មួយកន្លែងដោយ​បានធ្វើ​ឲ្យ​របួស​មនុស្ស​បួន​នាក់​។

លោក មឿន តុលា ​ បាន​​ថ្លែង​ថា ”ហេតុ​ការ​ណ៍​នេះ​មិន​មែន​កើត​ឡើង​តែ​មួយ​នេះ​ទេ​…ប្រសិន​បើ​ការ​អនុវត្ត​ច្បាប់​ ​ក្នុង​ប្រទេស​​នេះមិន​ល្អ រឿង​នេះ​ប៉ះ​ពាល់​ដល់​អារម្មណ៍​វិនិយោគិន”។

របាយ​ការណ៍​មួយ ដែល​ចេញផ្សាយដោយ​​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ឲ្យ​ដឹងថា កាល​​​ពី​ខែ​មុន វិវាទ​ដី​ធ្លី​បាន​ប្រែ​ក្លាយ​ជា​អំពើ​ហិង្សា​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ចុង​ក្រោយ​នេះដោយ​មាន​ហេតុការណ៍​យ៉ាង​តិច​ប្រាំករណីពាក់​ព័ន្ធ​នឹង​កម្លាំង​ប្រដាប់​អាវុធ​បាញ់ប្រហារ​ អ្នកតវ៉ា។ អ្នក​ស្រុក​សរុប​១៩​នាក់​បាន​រង​របួស​នៅ​ក្នុងការ​តវ៉ា​នោះ រាប់​ទាំង​ប្រាំ​ពីរ​នាក់​បានរងរបួសដោយសារការផ្ទុះ​អាវុធ​ផង​ដែរ”៕

ប្រែសម្រួល​ដោយ  ចេវ ប៊ុននី

               

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស