បើទោះជាសារភាព កាលពីម្សិលមិញថាខ្លួនបានដកកាំភ្លើងបាញ់ស្ត្រីបីនាក់អំឡុងការតវ៉ា កាលពីខែមុន នៅឯតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តស្វាយរៀង(SEZ) ក៏ដោយក៏លោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត នៅតែមានសេរីភាពអាចវិលត្រឡប់មកផ្ទះរបស់ខ្លួនវិញដែរបន្ទាប់ពីបានសារភាពនៅចំពោះមុខតុលាការ។
លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានថ្លែងថា “លោក បណ្ឌិត បានចូលមកឆ្លើយទល់មុខខ្ញុំ ហើយបានសារភាពថា លោកបានទៅដល់ទីកន្លែងធ្វើបាតុកម្ម ដើម្បីចរចាជាមួយកម្មករដែលតវ៉ា និងបានបាញ់ឡើងលើ”។
េពលសួរថា តើលោក បណ្ឌិត សារភាពថា គ្រាប់កាំភ្លើង ដែលគាត់បាញ់ចេញពីកាំភ្លើងរបស់គាត់ បានត្រូវកម្មការិនី ដែលតវ៉ាបីនាក់ ដោយរបៀបណានោះ លោក ប៊ុនជាបានបដិសេធមិនធ្វើអត្ថាធិប្បាយ។ ព្រះរាជអាជ្ញារូបនេះបានបន្ថែមថា “ ពេលនេះគាត់បានវិលត្រឡប់មកផ្ទះវិញហើយ”។
លោកបណ្ឌិតគ្រោងនឹងចូលខ្លួនមកបំភ្លឺជំុវិញការចោទប្រកាន់ថា លោកបានបាញ់ស្ត្រីបីនាក់អំឡុងការតវ៉ា កាលពីថ្ងៃទី២០ ខែកុម្ភៈ នៅឯតំបន់សេដ្ឋកិច្ចពិសេស ម៉ាន់ហាតតាន់ នៅថ្ងៃនេះ។
ប៉ុន្តែអតីតអភិបាលរូបនេះបានលបចេញចូលសាលាដំបូងខេត្តដោយស្ងាត់ៗ កាលពីម្សិលមិញ បន្ទាប់ពីព្រះរាជអាជ្ញាបានយល់ព្រមជួបគាត់មុនមួយថ្ងៃ។លោកប៊ុនជាបានថ្លែងថាមេធាវីការពារក្តីរបស់ជនសង្ស័យជាប់រវល់ពេកមិនអាចជួបបានទេនៅថ្ងៃនេះ ដែលនេះជាមូលហេតុឲ្យលោកព្រមធ្វើការសាកសួរ កាលពីម្សិលមិញ។
លោក ប៊ុនជា បានបង្ហាញឈ្មោះលោកស្រីម៉ៅ សំវុទ្ធារី មេធាវីរបស់លោក បណ្ឌិត ក៏ប៉ុន្តែនៅពេលទាក់ទងបាន លោកស្រី សំវុទ្ធារីបានបដិសេធថា លោកស្រីមិនមែនទទួលបន្ទុក ក្នុងរឿងក្តីនេះទេ ហើយក៏បានដាក់ទូរស័ព្ទចុះ មិនឆ្លើយចំពោះសំណួររបស់អ្នកយកព័ត៌មានឡើយ។
លោក ប៊ុនជា ថ្លែងថា អ្នកបន្ទាប់ដែលត្រូវកោះហៅមកសាកសួរនោះ នឹងជាស្ត្រីម្នាក់រងរបួស ដែលតាមការអះអាងថា ត្រូវបានលោក បណ្ឌិត បាញ់។ ស្រី្តពីរនាក់ក្នុង ចំណោមស្ត្រីទាំងបីនាក់ ដែលត្រូវបានបាញ់ប្រហារ អំឡុងការតវ៉ា កាលពីថ្ងៃទី២០ ខែកុម្ភៈ ប្តឹងលោក បណ្ឌិត ទៅតុលាការកាលពីថ្ងៃអង្គារ។
ពេលតុលាការសាកសួរ លោក បណ្ឌិតកាលពីម្សិលមិញ អង្គការសិទ្ធិមនុស្សអន្តរជាតិនិងអង្គការសិទ្ធិមនុស្សក្នុងស្រុក បន្តដាក់សម្ពាធលើរដ្ឋាភិបាល ដោយចេញសេចក្តីប្រកាសជំរុញឲ្យមានការសើុបអង្កេតប្រកបដោយតម្លាភាពនិងគ្មានការជ្រៀតជ្រែកខាងនយោបាយនិងចាប់ខ្លួនអ្នកបាញ់ប្រហារ នៅតំបន់សេដ្ឋកិច្ចពិសេស ជាអាទិភាពចម្បងមួយ។
អង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH)ដែលតំណាងឲ្យអង្គការសិទ្ធិមនុស្សចំនួន១៦៤នៅក្នុងប្រទេសជាង១០០និងអង្គការវេទិកាសិទ្ធិមនុស្ស និងការអភិវឌ្ឍអាស៊ាន មានមូលដ្ឋាននៅក្រុងបាងកក បានផ្ញើលិខិតមួយច្បាប់ជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយរិះគន់ចំពោះដំណើរការសើុបអង្កេតយឺតយ៉ាវ និងថ្កោលទោសចំពោះការផ្តល់សេរីភាពឲ្យលោកបណ្ឌិត។
សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិបានលើកឡើងក្នុងលិខិតនេះថា “បើទោះជាលោកសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជាសាធារណៈថា លោក បណ្ឌិត គឺជាជនសង្ស័យតែម្នាក់គត់ក៏ដោយ ក៏សាលាដំបូងក្រោមការដឹកនាំរបស់លោកហឹុង ប៊ុនជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានបដិសេធមិនព្រមចេញដីការចាប់ខ្លួនឡើយ”។
លិខិតនេះបានបន្ថែមថា “យើងសោកស្តាយបំផុតចំពោះការប្រើសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំគ្នាត្រូវបានរំលោភធ្ងន់ធ្ងរ ដោយការប្រើកម្លាំងហួសហេតុ ដែលបានបង្កឲ្យអ្នកចូលរួមធ្វើបាតុកម្មបីនាក់រងរបួសធ្ងន់ធ្ងរ”។ ដោយអត្ថាធិប្បាយអំពីសេរីភាពរបស់លោក បណ្ឌិត បន្ទាប់ពីសារភាពប្រាប់ព្រះរាជ
អាជ្ញាថា ខ្លួនបានប្រើកាំភ្លើងខ្លីមែននោះលោកស៊ីវេយ៉េ (Shiwei Ye) តំណាងរបស់សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិនៅអាស៊ានបានថ្លែងថារឿងនេះបង្ហាញអំពីការខ្វះការគោរពច្បាប់ក្នុងនាមជាប្រទេសប្រកាន់នីតិរដ្ឋ។
លោកយ៉េបានថ្លែងថា “ បញ្ហានេះ បង្កឲ្យមានកង្វល់កាន់តែខ្លាំង អំពីដំណើរការសើុបអង្កេតចំពោះការប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរក៏ប៉ុន្តែជនល្មើសត្រូវបានអនុញ្ញាតឲ្យមានសេរីភាព…និងអាចបង្កគ្រោះថ្នាក់ ដល់ជនរងគ្រោះដោយសារការតាមយាយីក្រោយៗទៀត”។
សេចក្តីប្រកាសដាច់ដោយឡែកមួយទៀតចុះហត្ថលេខាដោយសមាជិក៣២រូប របស់អង្គការសង្គមស៊ីវិលកម្ពុជា រាប់ទាំងអង្គការសិទ្ធិមនុស្ស និងសហជីពកម្មករក្នុងស្រុក ក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវឲ្យរដ្ឋាភិបាលស្វែងរកយុត្តិធម៌ជូនស្ត្រីរងរបួស។
សេចក្តីប្រកាសនេះ លើកឡើងថា “ កម្មករក្មេងៗ នៅក្នុងឧស្សាហកម្មកាត់ដេរកម្ពុជារាប់ទាំងស្ត្រីបីនាក់ ដែលត្រូវបានបាញ់ប្រហារគឺជាគ្រឹះនៃវិស័យនាំចេញមួយក្នុងចំណោមវិស័យនាំចេញសំខាន់ៗរបស់កម្ពុជា។ពួកគេរែកពុនបន្ទុករបស់ប្រទេសកំពុងអភិវឌ្ឍន៍នេះ។ពួកគេសមនឹងទទួលបាននូវស្ថានភាពល្អប្រសើរជាងនេះ។ ពួកគេសមនឹងទទួលបាននូវសេចក្តីថ្លៃថ្នូរនិងយុត្តិធម៌”៕
ប្រែសម្រួលដោយ ចេវប៊ុននី