29 C
Phnom Penh

កម្ពុជា​ ​ថៃ​​នឹង​​ពិភាក្សា​គ្នាអំពី​ការ​​បាញ់​​​ពល​រដ្ឋ​កម្ពុជា ​នៅ​ព្រំ​ដែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​កម្ពុជា​ បាន​និយាយ​​​កាល​ពី​​ម្សិល​មិញ​ថា ​​​ប្រទេស​ថៃ​ ​បាន​អញ្ជើញ​គណ:ប្រតិ​ភូ​អន្តរ​ក្រសួង​កម្ពុជា ​​​ឲ្យ​ចូល​​រួម​ក្នុង​​កិច្ច​ពិភាក្សា​នៅ​សប្តាហ៍​ក្រោយ​ជុំ​វិញ​​​ការ​បាញ់​ប្រ​ហារ​​ដែល​ចេះ​តែ​បន្ត​​កើត​មាន​​មក​លើ​ប្រ​​ជាជន​កម្ពុជា ​ដែល​​ឆ្លង​ដែន​ចូលទៅ កាប់​ឈើ​ប្រ​ណីត​ដោយ​​ខុស​ច្បាប់​នៅ​​​ក្នុង​​ប្រទេស​ថៃ។

លោក​ឧត្តម​សេនីយ៍​ឯកខៀវសុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​​​​ បាន​មាន​​ប្រ​សាសន៍​ថា ក្រ​សួង​​របស់​លោក​និង​ក្រ​សួង​ការ​​បរទេស​​កំពុង​ត្រៀម​គណ:​ប្រតិ​ភូ​ឲ្យ​​​ចូល​រួម​​ក្នុង​កិច្ច​ពិ​ភាក្សា​នេះ​។

លោក​​បាន​មាន​ប្រ​សាស​ន៍​ថា “ ក្រសួង​មហា​ផ្ទៃ​នឹង​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ពី​ខេត្ត​​​ជាប់​ព្រំ​ដែន​ឲ្យ​ចូល​រួម​ជា​មួយ​គណ:​ប្រតិ​ភូ​នេះ​ដើម្បី​ពិភាក្សា​អំ​ពី​បញ្ហា​នៃ​ការ​បាញ់ប្រ​ហារ​មក​លើ​​​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា ដែល​ឆ្លង​ដែនខុសច្បាប់”។​លោក​បាន​មាន​ប្រ​សាសន៍​ទៀត​ថា ​លោក ឡុ​ង វីសាលោ ​រដ្ឋ​លេ​ខា​ធិការ​​​ក្រសួង​ការ​បរទេស​ នឹង​ដឹកនាំ​គណ:ប្រតិ​ភូ​​នេះ​ទៅ​ជួប​ពិភាក្សា​​ជា​មួយ​មន្ត្រី​ថៃ។

រហូត​​មកទល់​​ពេល​នេះ​ក្នុង​ឆ្នាំ​នេះ​ ​ទា​ហាន​ថៃ បាន​​​បាញ់​សម្លាប់​ប្រ​ជា​ជន​កម្ពុជា ចំនួន​១២​នាក់​ ដែល​បាន​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​​ថៃ ​ដោយ​ខុស​ច្បាប់​ ដើម្បី​ទៅ​កាប់​​ឈើ​​គ្រញូង​ជា​​ឈើ​មាន​តម្លៃ​ថ្លៃ​អាច​​លក់​បាន​​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​គូប។

លោក ប៊ិច រតនា ​អនុ​ប្រ​ធាន​​រដ្ឋ​បាល​សាលា​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​មាន​ប្រ​សាសន៍​ថា ​ក្រសួង​ការ​បរទេស​​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​​ទៅ​លោក​ បិុចសុខិន ​អភិ​បាល​ខេត្ត ​ដោយ​កំណត់​កាល​បរិច្ឆេទ​សម្រាប់​កិច្ច​ពិ​ភាក្សា​​នេះ​​នៅ​ថ្ងៃ​ទី​១០​ខែ​​មេសា​ក្នុង​ទីក្រុង​បាង​កក។​លោកបា​ន​​មាន​ប្រ​សាសន៍​ទៀត​​ថា​ “​​លិខិត​​នេះ​​​បាន​ស្នើ​ឲ្យ​យើង​បញ្ជូន​មន្ត្រី​មួយ​ចំនួន ​​ចូល​រួម​​ក្នុង​កិច្ច​​ពិ​ភាក្សា​នេះ ដូច្នេះ​យើង​​នឹង​បញ្ជូន​លោក​អភិ​បាល​រង​​​ខេត្ត​​ និង​លោក​ស្នង​ការ​នគរ​បាល​ខេត្ត​ឲ្យ​​ចូល​រួម​”។

​កាល​ពី​​ខែ​កុម្ភ: ​​មន្ត្រី​ព្រំ​ដែន​កម្ពុជា ​​បាន​ជួប​ជា​មួយ​សម​ភាគី​ថៃ​របស់​ខ្លួន ដើម្បី​ជំរុញ​ឲ្យ​ពួកគេ​ឈប់​​​បាញ់​ប្រ​ហារអ្នក​កាប់​ឈើ​ជាជន​ជាតិកម្ពុជា នៅ​ក្នុង​ទឹក​ដី​​ថៃ​​ទៀត ​និង​បាន​លើក​ឡើង​ថា ​​ជន​​ល្មើស​ទាំង​នោះ​គួរ​តែ​​ត្រូវ​ចាប់​ខ្លួន​​​​បញ្ជូន​មក​ឲ្យ​​មន្ត្រីការពារ​ព្រំ​ដែន​វិញ។

លោក អ៊ុក កែវ​រត​ន:  អ្នក​នាំ​ពាក្យ​ខុទ្ទ​កា​​​ល័យ​ខេត្ត​​បន្ទាយ​មាន​ជ័យ​ ​​​​បាន​មាន​ប្រ​សាសន៍​ថា ​​ ខេត្ត​របស់​លោក​ក៏​ទទួល​​បាន​សំណើ​ឲ្យ​បញ្ជូន​​អ្នក​តំណាង​​​ទៅ​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​​​​​នេះ​ផងដែរ​។

លោក​ កែវរតនៈ បាន​​មាន​ប្រ​សាសន៍ថា“លោក​អភិ​បាល​ខេត្ត ​មេបញ្ជា​ការ​​កងយោធពល​ខេមរ​ភូមិន្ទ​ខេត្ត ស្នង​ការ​​​​នគរ​បាល​ខេត្ត​ និង​មេ​បញ្ជា​ការកង​រាជអាវុធហត្ថខេត្ត​ ត្រូវ​បាន​ចុះឈ្មោះ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​​ដ៏​សំខាន់​នេះ​ ​ដែល​ផ្តោត​លើ​ការ​បាញ់​ប្រហារ​មក​លើប្រ​ជា​ជន​កម្ពុជា​ឆ្លង​ដែនខុសច្បាប់”៕

​ប្រែសម្រួល​ដោយតែមសុខុម​​​​​​

                 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស