28 C
Phnom Penh

តុលាការកំពូលតម្កល់សាលក្រម​ផ្តន្ទាទោសអ្នករិះគន់ ការដាក់​អំពូល​ភ្លើង​នៅ​ប្រាសាទអង្គរ​វត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ពុធ តុលាការ​កំពូល​បាន​តម្កល់​សាលដីកា​ផ្ដន្ទាទោស​លោក​ មឿង សុន កាល​ពីឆ្នាំ២០០៩ ក្នុងករណីធ្វើ​អត្ថាធិ​ប្បាយ​រិះ​គន់​គម្រោង​ដាក់​អំពូល​ភ្លើងបំភ្លឺ​នៅ​ក្នុង​ប្រាសាទ​អង្គរ​វត្ត​ ដែលជារឿងដ៏​ចម្រូង​ចម្រាស និង​នំាឲ្យមានការមន្ទិលសង្ស័យមកលើ​គំនាប​ខាង​នយោបាយ​ និង​ការ​ព្រួយបារម្ភអំពី​ផល​ប៉ះ​ពាល់​ដល់​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​។

កាលពីខែ​កក្កដា ឆ្នាំ​២០០៩ លោក មឿង​សុន ត្រូវ​បានសាលាដំបូងរាជធានីភ្នំពេញរក​ឃើញ​ពិរុទ្ធ​ភាព​ពី​បទ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិនពិត​ និង​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធ​នា​គារ​រយៈ​ពេល​ពីរ​ឆ្នាំ ដោយ​សារ​តែ​លោក​និយាយ​ថា ការ​ដំឡើង​​អំពូលភ្លើង​បំភ្លឺអាច​ធ្វើ​​​ឲ្យ​ខូច​ប្រា​សាទ​សាងសង់ក្នុងសតវត្ស​រ៍ទី​១២ នេះ។ សាលក្រមផ្តន្ទាទោស​នេះ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​តម្កល់​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១១ ប៉ុន្ដែ​បាន​កែរ​ប្រែ​បទចោទទៅ​ជា​បទញុះ​ញង់​វិញ។

ដោយ​អាន​សាល​ក្រម​បន្ទាប់ពី​បើក​សវ​នា​ការ​មានរយៈ​ពេល​ជិត​មួយ​ម៉ោង​ និង​បា​ន​​សួរ​ដេញដោលយ៉ាងខ្លីរួចមក លោក​ប្រធាន​ក្រុម​ប្រឹក្សាជំនុំជម្រះ​ ឃឹម ប៉ុណ្ណ បាន​ហៅ​សេចក្ដី​សម្រេច​ថ្មី​ៗនេះ​ថាជា​​ “ ការ​ត្រឹមត្រូវ​ទៅ​តាម​​ច្បាប់​”។ លោក​ក៏បាន​និយាយ ​ការពារ​ការ​កែរ​​ប្រែ​សាល​ក្រម​នេះ​ផង​ដែរ​ ដែលក្រុម​មេ​ធាវី​ការពា​របាន​លើក​ឡើង​ថា ពុំ​មាន​ចែងនៅ​ក្នុង​ច្បាប់​ ដើម្បីឲ្យធ្វើដូច្នោះ​ឡើយ​។

និយា​យ​នៅ​ក្រៅ​តុលាការ​ កាលពី​ម្សិល​មិញ​ មេធាវី​រដ្ឋាភិបាល​បាន​ហៅ​សាលក្រមនេះ​ថា​ ជាការត្រឹមត្រូវ​។ លោក​ មឿង​ សុនត្រូវ​បាន​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ សុខ អាន ដែលលោក​​ក៏​ជា​​ប្រធាន​អាជ្ញា​ធរ​អប្សរា​ផង​ប្ដឹង​​​ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត​។

លោក​មេធាវី បា៉ល់ ច័ន្ទតារា បាន​មានប្រសាសន៍ថា “សម្តីរបស់់​លោក ​មឿង ​សុន អាច​ធ្វើ​ឲ្យ​​សាធារណជន​យល់​ច្រឡំ​ និង​អាច​បណ្ដាល​ឲ្យ​មាន​​ចលា​ចល​ប៉ះ​ពាល់​ដល់​សន្តិ​សុខជាតិ​”។ លោក​បាន​​មាន​ប្រសាសន៍ថា “សាលដីកា​របស់​តុលាការ​​កំពូលពិត​ជា​យុត្តិ​ធម៌សម្រាប់​រដ្ឋា​ភិបាល​​។ រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​ប៉ះពាល់​ដល់​សុវត្ថិ​ភាពសាធា​រណៈ​”។

រឿង​ក្ដី​នេះ​ធ្វើ​ឲ្យមាន​ការ​ចាប់​អារម្មណ៍​ទូទៅ​ ពី​ក្រុមអ្នក​តស៊ូមតិ​ផ្នែកច្បាប់​ និង​អង្គការ​សិទ្ធិ​មនុស្ស​។ អ្នក​ភូមិ​ជិត​១០០​នាក់ មក​ពី​សហគមន៍​​បឹង​កក់ បុរី​កីឡា និង​សហគមន៍​៣៤៧ក្បែរ​កាំកូស៊ីធី បាន​ចូល​រួម​ស្តាប់សវ​នា​ការនេះ​​​ដើម្បី​បង្ហាញ​ការ​គាំ​ទ្រ​ដល់លោក មឿង សុន។

ពួកគេ​បាន​ដើរ​ចេញ​ ដោយ​ហៅ​សា​ល​ក្រម​នេះ​ថា អយុត្ដិ​ធម៌​ណាស់។ អ្នក​ស្រី ទេព វន្នី សកម្ម​ជន​នៅបឹង​កក់​ បាន​មានប្រសាសន៍​ថា “ យើង​គិត​ថា តុលា​ការមិន​ឯក​រាជ​្យ​ទេ”។

លោក យ៉េង វីរៈ នាយក​ប្រតិ​បត្តិ​នៃ​មជ្ឈ​មណ្ឌលអប់រំ​ច្បាប់​សម្រាប់​សហ​គមន៍​បាន​ចូល​រួម​ស្តាប់សវនាការ ​កាលពី​​ម្សិល​មិញ ហើយ​បានមាន​​ប្រសាសន៍ថា លោក​ខក​ចិត្ត​ណាស់ ចំពោះលទ្ធ​ផល​នេះ។

លោក​បាន​មានប្រសាសន៍ថា​ “ ថ្នាក់ដឹក​នាំ​បា​ន​ធ្វើខុស ហើយកំពុង​តែ​ធ្វើ​ខុស ហើយ​នឹង​បន្តធ្វើខុស​ទៀត។ អ្នក​អាច​ដក​ស្រង់​សម្ដី​ខ្ញុំ​បាន​។ ប្រជា​ពល​រដ្ឋ​មាន​សិទ្ធិ​បញ្ចេញ​មតិ​ និង​រិះ​គន់អ្នកដឹកនាំ តែមិន​គួរ​ប្រើ​តុលាការ​ ដើម្បី​គំរាមថា ពួក​គេ​មិន​អាចរិះគន់​ទៀត​ទេ។ វានឹងមាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​”។

លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​របស់​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រីបានតបវិញ​ថា “ ពេល​អ្នក​ណា​ម្នាក់​ចាញ់​ក្ដី​ ពួក​គេ​តែង​តែ​រិះ​គន់​តុលាការ​ថា មាន​ការ​ជ្រៀត​ជ្រែក​ខាង​នយោបាយ​។ វាជា​វោហារ​សាស្ត្រ​”។ លោក​បាន​ពោល​សង្កត់ថា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ត្រូវ​បាន​ការពារ​ក្នុង​ប្រទេស​កម្ពុជា​។ “អ្នក​អាច​សម្តែងការ​រិះ​គន់​តាមតែអ្នក​ចង់បា​ន​​ ​ក៏ប៉ុន្ដែ​យើងត្រូវ​តែ​ធ្វើ​តាម​ច្បាប់”។

លោក​ មឿង សុន ដែល​មាន​អាការ​ញ័រ បា​ន​មាន​​ប្រសាសន៍​ពី​ប្រទេស​ថៃ​ ​ដែល​លោក​​កំពុង​តែ​រស់​នៅ​បែប​និរទេស​ខ្លួន​​ថា លោក​តក់​ស្លុតខ្លាំងណាស់ នៅ​ពេល​​មេធា​វី​របស់​លោកប្រាប់​លោក​អំពី​សាល​ក្រម​នេះ​។

លោក​បាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​បាន​និយាយ​ ដើម្បីការពារ​​បេតិ​កភណ្ឌ​ពិភព​លោក​​របស់​យើង​។ វា​ជា​ការ​ងារ​របស់​ខ្ញុំ​ ខ្ញុំ​កំពុង​ធ្វើការ ដើម្បី​ការ​ពារ​បេតិ​កភណ្ឌ​ពិភព​លោក​របស់យើង​”។

លោក​ មឿង​ សុន ដែល​បាន​សុំ​ទោសរដ្ឋា​ភិបាល​​ម្ដង​ហើយ​ម្ដង​ទៀត​​ចាប់​តាំង​ពី​មាន​បណ្ដឹង​ដំបូងម្លេ៉ះ​ បានមាន​ប្រសាសន៍ថា “ យើង​ត្រូវ​ការ​យុត្តិ​ធម៌បន្ថែម​ទៀត​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ វាយឺត​ពេល​ណាស់​ហើយ​សម្រាប់​ខ្ញុំ ក៏ប៉ុន្ដែ​ប្រហែលជា​​ថ្ងៃ​ស្អែក​ វា​នឹង​ធ្លាក់ទៅលើ​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬ​អ្នក​កាសែត​ផ្សេង​ទៀត​។ រដ្ឋាភិបាល​កំពុង​តែ​ប្រើ​ឧបករណ៍ធំមួយ​”​។ លោកពោល​សង្កត់ថា ការ​អត្ថាធិប្បាយ​របស់លោក​គ្មាន​បំណង​អាក្រក់នោះ​ទេ។

បណ្ដឹង​របស់លោក​ សុខ អាន ប្ដឹង​លោក​ មឿង​ សុន បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើលចាប់​តាំង​ពី​ថ្ងៃ​នោះមក។ លោកស្រី​ ការ​ូល រ៉ត់លី (Carol Rodley) អតី​ត​ឯក​អគ្គ​រដ្ឋទូត​អាមេ​រិក​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ​ តាម​រយៈ​​សារទូរលេខ ដែលទម្លាយ​ដោយគេហទំព័រ​ប្រឆាំង​នឹង​ការ​សម្ងាត់​ Wikileaks ។

លោក​ស្រី រ៉ត់លី បាន​លើកឡើ់ងក្នុង​ខែ​កក្កដា ឆ្នាំ​២០០៩ ថា “ រឿង​ក្ដី​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​មិន​ពិត ​គឺ​ជា​អាវុធ​​របស់គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​ជាគណបក្សគ្រប់​គ្រង​អំណាច យកមកប្រើ​ក្នុង​ការ​បំបិទ​មាត់​អ្នក​រិះ​គន់​របស់​ខ្លួន​។ រឿង​ក្ដី​របស់​លោក​ មឿង សុន អាចជារឿងជាក់ស្តែង​ ក្នុងការ​ចោទ​ប្រកាន់ពីបទ​ព្រហ្មទណ្ឌ ដោយការផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​។ សម្រាប់ពេល​នេះ​ លោក សុខ អាន បាន​បង្ហាញ​ខ្លួន​ឯង​ថា ជា​អ្នក​មាន​ការអត់​ឱន​ដល់​អ្នករិះ​គន់​របស់​ខ្លួន​តិច​ជាង​លោក​នាយក​រដ្ឋ​មន្ត្រី ​ជាក់ស្តែងដូចជា​ការជំទាស់​របស់​លោក​ ទៅនឹងការ​សុំ​ទោស​អំពី​អ្នក​យក​ព័ត៌មាន​ ហង្ស ចក្រា ដែល​ជាប់​ពន្ធ​នាគារ​នោះ​”៕

ប្រែ​សម្រួល​ដោយ ​ ចេវ ប៊ុននី​           

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស