29.6 C
Phnom Penh

អ្នកស្រី ម៉ម​ សូម៉ាលី ទទួល​ស្គាល់​​ថា ការ​អះអាង​របស់​ខ្លួន​​ គឺមិនច្បាស់លាស់​នោះឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ស្រី​  ម៉ម  សូម៉ា លី ​ នាយិកា​​អង្គការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ដ៏​ល្បី​ឈ្មោះ​បាន​​ទទួល​ស្គាល់​​ថា​ សេចក្ដី​ថ្លែង​ការ​ណ៍ ដែល​​អ្នកស្រី​បាន​ថ្លែង​ក្នុង​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ខែ​នេះ​​ មិន​ត្រឹម​​ត្រូវនោះទេ​ ដោយ​បញ្ជាក់​ថា ទាហាន​​កម្ពុជា​មិន​បាន​សម្លាប់​​ក្មេង​ស្រី​ប្រាំ​បី​នាក់​បន្ទាប់​ពីការឆ្មក់​ចូល​មណ្ឌល​ក្នុង​អង្គការ​របស់​អ្នក​ស្រី​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ឆ្នាំ​២០០៤​នោះ​ឡើយ​។

ថ្លែង​នៅក្នុង​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ទៅ​កាន់​ប្រទេសជា​សមាជិកអង្គការ​​​សហប្រជាជាតិ​ អង្គការផ្ដល់​ជំនួយ​អន្ដរជាតិ ​​និងប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​បុរី​ញូវ​យ៉ក​កាលពី​ថ្ងៃ​ទី​៣ខែមេសា​​ អ្នក​ស្រី​ ម៉មសូម៉ាលីបាន​មាន​​ប្រសាសន៍ថា ក្មេង​ស្រី​ប្រាំបី​នាក់​ត្រូវ​បាន​​សម្លាប់​បន្ទាប់​ពី​អង្គការ​អាហ្វេសីុប​របស់​អ្នកស្រី​បាន​ធ្វើការ​ឆ្មក់​ចូល​ទ្រង់​ទ្រាយ​ធំ​មួយ​​ទៅ​ក្នុង​កន្លែង​ម៉ាស្សានៅ​​សណ្ឋាគារ​ឆាយ​ហ៊ួរ​២ក្នុង​រាជធានីភ្នំពេញហើយ​គេ​បាន​រំដោះ​ស្ត្រី​ និង​ក្មេង​ស្រី​ចំនួន​៨៣នាក់​ចេញ​​ពី​សណ្ឋា​គារនោះ​ រួច​បញ្ជូន​ទៅ​កាន់​មណ្ឌលរបស់​អ្នកស្រី​។

អ្នក​ស្រី​ ម៉​មសូម៉ាលី​ បាន​លើក​ឡើង​តាម​អីុម៉េល​កាល​ពី​ម្សិល​មិញពី​​ទី​ក្រុង​បាង​កក​ថា “ នៅ​ក្នុង​ការ​ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ​កាល​ពី​​ខែមេសា​នោះ​​ ការលើក​ឡើង​មួយចំនួន​របស់​ខ្ញុំ​មិន​មាន​ភាព​ច្បាស់​លាស់​នោះ​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​ចង់​និយាយ​បំផ្លើស​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៤​ដែរ​។​ខ្ញុំ​មិនមាន​បំណង​ទាល់​តែ​សោះ​ ចំពោះ​ការ​ចោទ​​ប្រកាន់ថា ក្មេង​ស្រី​ត្រូវ​បាន​គេសម្លាប់​អំឡុង​​ពេល​​ឆ្មក់​ចូល​ក្នុង​មណ្ឌល​នោះ​​”។

អ្នកស្រី​ ម៉ម​ សូម៉ាលី​ បាន​បន្ដ​ថា “ ​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​បន្ទាប់​ពី​ហេតុ​ការណ៍​ឆ្មក់​ចូល​នោះ ​តាម​រយៈ​ប្រភព​ដែល​គួរឲ្យ​ទុក​ចិត្ត​មួយ​ថា​ ស្ត្រី​ និង​ក្មេង​ស្រីមួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ឆ្មក់ចូលនោះ ​ក្រោយ​មក​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​​ជា​បន្តបន្ទាប់​ ដែល​យើង​ជឿ​ជាក់​ថា​ វាអាច​ពាក់​ព័ន្ធ​នឹង​អ្នក​ជួញ​ដូរ​ និង​មេបន​របស់​ស្ត្រី​ទាំងនោះ​​”។

អ្នក​ស្រីម៉ម​ សូម៉ាលី​ បាន​បញ្ជាក់​ថាគ្មាន​របាយ​ការណ៍​ ឬ​ក៏ពាក្យ​បណ្ដឹង​ជា​ផ្លូវ​ការ​ណា​មួយ​ត្រូវ​បាន​អង្គការ​របស់​អ្នក​ស្រី​ប្ដឹង​ទៅ​កាន់​អាជ្ញាធរ​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ក្មេង​ស្រី​ទាំងប្រាំ​បីនាក់​ដូច​ដែល​បាន​លើក​ឡើង​ដោយ​ប្រភព​របស់​អ្នក​ស្រី​នោះ​ទេ​។

មន្ត្រី​នគរ​បាល​ម្នាក់ ​ដែល​កាល​ពី​សប្ដាហ៍​មុន​បាន​បញ្ជាក់​អំពី​ការ​សង្ស័យ​ចំពោះ​​ការ​អះអាង​ពី​ដំបូងរបស់​អ្នក​ស្រី​ ម៉ម សូម៉ាលីអំ​ពី​ការ​​ស្លាប់​របស់​ក្មេង​ស្រី ប្រាំបីនាក់​នៅឯ​មណ្ឌលរបស់​អ្នក​ស្រី​នោះ​ មាន​ការ​សង្ស័យ ចំពោះការ​បញ្ជាក់​របស់​អ្នក​ស្រី​ កាល​ពី​ថ្ងៃ​ម្សិលមិញនេះ។

លោក កែវ​ ធា​ នាយ​ការិយាល័យ​​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​រាជធានី​ភ្នំ​ពេញ​បាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​មិនដែល​បាន​ឮ​ពី​ការ​ស្លាប់​របស់​​ស្ត្រី​ណាម្នាក់​នោះ​ទេ​។ ខ្ញុំ​គ្រាន់​តែ​បាន​ឮ​ថា ស្ត្រី​ទាំង​នោះ​បាន​ចាក​ចេញ​ពី​មណ្ឌលរបស់​អ្នក​ស្រី​ ម៉ម​ សូម៉ាលី​”។

អ្នក​ស្រី ម៉ម​សូម៉ាលី​ មិនបាន​ឆ្លើយ​តប​ទេ​កាល​ពី​ម្សិល​មិញ​ចំពោះ​សំណើ​សុំ​​បញ្ជាក់​ពី​អត្តសញ្ញាណ​ក្មេង​ស្រីទាំង​​ប្រាំបី​នាក់ និងសុំ​ឲ្យ​បង្ហាញថា​ តើ​ពួក​គេ​បាន​ស្លាប់​យ៉ាងដូច​ម្ដេច​នោះ។ ស្ថានទូត​សហរដ្ឋអាមេរិក​ ដែល​ឃ្លាំ​មើល​​​បទ​ឧក្រិដ្ឋជួញដូរ​មនុស្សទូទាំង​ពិភព​លោកនឹង​អាច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​ណា​ដែល​មិនការ​ពារ​ជន​រង​គ្រោះ​​ពី​អ្នក​ជួញដូរ​មនុស្ស​នោះបាន​លើក​ឡើង​ថាខ្លួន​នឹង​ស្វែង​រក​ព័ត៌មាន​បន្ថែម​ពី​អ្នក​ស្រី​ ម៉ម​ សូម៉ាលី។

កាល​ពី​ម្សិលមិញអ្នក​ស្រី​ ម៉ម​ សូម៉ាលីក៏បាន​ឆ្លើយ​តប ​​​ចំពោះការ​អះ​អាង​របស់​លោកភីយាឡេក្រុស (Pierre Legros) អតីត​ប្តី​របស់​អ្នក​ស្រី​ និង​ជាអតីត​ប្រធាន​អង្គការ​អាហ្វេស៊ីប​ថាអ្នក​ស្រី​បាន​ធ្វើការ​បង្ហាញខុស​ពី​ហេតុ​ការ​ណ៍​មួយ​ពាក់ព័ន្ធ​នឹង​កូន​ស្រី​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៤។

អ្នក​ស្រី​ ម៉ម​ សូម៉ាលីបាន​អះអាង​ជាយូរ​មក​ហើយ​ថា​ កូន​ស្រី​របស់​អ្នក​ស្រី​ត្រូវ​បាន​គេ​ចាប់​ពង្រត់ និង​បាន​​ទទួល​រង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​កណ្ដាប់​ដៃរបស់​អ្នក​ជួញដូរ​មនុស្ស​ ជា​ការ​សង​សឹក​ ចំពោះ​​ការឆ្មក់​ចូល​របស់​អ្នក​ស្រី​ ទៅក្នុង​សណ្ឋាគារ​ឆាយហ៊ូរ២​។

លោកឡេក្រុសបាន​មាន​ប្រសាសន៍ថាកូន​ស្រីរបស់​ខ្លួន​មិន​ត្រូវ​បាន​ចាប់​ពង្រត់នោះ​ទេ​ ប៉ុន្ដែ​បាន​រត់​តាម​សង្សារបស់​ខ្លួន​ ហើយ​បាន​អះអាង​ថារឿង​ចាប់​ពង្រត់ត្រូវ​បាន​ប្រើ “ ជា​ប្រយោជន៍​សម្រាប់​ផ្សព្វផ្សាយ​ពី​មូល​និធិ​សូម៉ាលី​ ម៉ម​”។ អ្នក​ស្រី​ ម៉ម​ សូម៉ាលីបាន​អះអាង​​តាម​អីុម៉េល​របស់​អ្នក​ស្រី​ថាកូន​ស្រី​របស់​អ្នក​ស្រី​ត្រូវ​បាន​ចា​ប់​ពង្រត់​ពិតមែន។

អ្នក​ស្រី​បាន​សរសេរ​ថា  “ ​ខ្ញុំ​ជឿ​ជាក់​ថា​ កូន​ស្រីរបស់​ខ្ញុំ​ត្រូវ​បាន​ចាប់​ពង្រត់​ពិត​មែនហើយ​​ ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​ផ្លូវ​ការ​មួយ​នៅ​ពេល​ដែល​ហេតុ​ការ​ណ៍​នេះ​បាន​កើត​ឡើង​ កាលពី​ប៉ុន្មានឆ្នាំ​មុន​។​ ខ្ញុំទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពីក្រសួង​មហាផ្ទៃ​ ដែល​បាន​ជួយតាម​ដាន​រឿង​ចាប់ពង្រត់

កូន​ស្រី​រប​ស់ខ្ញុំ​។ ខ្ញុំ​ក៏មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ការ​ពារ​ភាពឯកជន​របស់​កូនស្រី​ខ្ញុំដែរ​ ហេតុ​​ដូច្នេះហើយ​​ខ្ញុំ​សង្ឃឹមថា បញ្ហា​នេះ​អាច​នឹង​ត្រូវ​បាន​​ចុះ​ផ្សាយ​ជា​សារធា​រណៈ​​បន្ដ​ទៀត​”។

លោកចូសេហ្វ​ មូសសូម៉េលី (Joseph Mussomeli) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​ពេល​នោះបាន​សរសេរ​​តាម​សារទូរលេខ​​ការទូត​ កាល​ពី​ឆ្នាំ​២០០៤​ថា​ អង្គការ​អាហ្វេ​ស៊ីប បាន​រាយការណ៍​ថាកូន​ស្រី​របស់​អ្នក​ស្រីម៉មសូម៉ាលី​ ត្រូវ​បាន​សង្សាររបស់នាង​ពង្រាត់​

ទៅ​ខេត្ត​បាត់​ដំបង​ ដែល​ក្រោយ​មក ​គេ​បាន​ប្រទះ​​ឃើញ​នៅ​ទីនោះ​ ក្នុង​​ក្លឹបរាត្រី​មួយ​រួម​ជាមួយ​​បុរស​បី​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ពី​បទ​ជួញដូរ​មនុស្ស​។

នៅក្នុងសៀវភៅ​​ជីវប្រវតិ្តរបស់​អ្នក​ស្រី​ឆ្នាំ​២០០៧ អ្នក​ស្រី​ ម៉ម​ សូម៉ាលី​ បាន​សរសេរ​ថា មនុស្សដែល​ពាក់ព័ន្ធ​ក្នុង​ការ​ចាប់​ពង្រត់​កូន​ស្រី​របស់​អ្នក​ស្រី​ ក្រោយ​មក​ត្រូវ​បាន​គេ​ដោះលែង​ពី​ពន្ធធនាគារ​ បើ​ទោះ​ជា​មិន​ទាន់​មាន​ការកាត់​ទោស​ក៏ដោយ​​។

អ្នក​ស្រី​ ម៉មសូម៉ាលី​ មិនបាន​ឆ្លើយ​តប​ទេ​កាល​ពី​ម្សិល​មិញ​ចំពោះ​សំណើសុំ​ឲ្យ​ប្រាប់​ព័ត៌មាន​អំពី​អត្តសញ្ញាណ​របស់​ជន​ចាប់​ពង្រត់​កូន​ស្រី​របស់​អ្នក​ស្រី​ និង​ស្ថានភាព​នៃ​ការ​កាត់​ទោ​សពួកគេ​។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ ​និង​មន្ត្រី​នគរបាលប្រឆាំង​ការ​ជួញដូរ​មនុស្ស​រាជធានី​ភ្នំពេញ រួម​ជាមួយនឹង​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​ និង​ខេត្ត​បាត់ដំបង​ បាន​មាន​ប្រសាសន៍នៅ​សប្តាហ៍នេះ​ថា ពួកគេ​មិន​ដឹង​អ្វី​ទាំង​អស់​អំ​ពី​ការ​ចាប់ពង្រត់​កូន​ស្រី​របស់​អ្នកស្រីម៉មសូម៉ាលី៕

​​​​​   (រាយការណ៍បន្ថែមដោយ​ ឡោច័ន្ទតារា)

ប្រែសម្រួល​ដោយ​ ស៊ាស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស