លោក នៅ សារឿន ប្រធានអង្គភាពលូទឹកនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍កាលពីម្សិលមិញថា ដោយមានភ្លៀងធ្លាក់មួយមេធំដំបូង នៅដើមឆ្នាំ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ទឹកភ្លៀងបានធ្វើឲ្យជន់លិចផ្លូវនានា និងរថយន្តជាច្រើនគ្រឿងក្នុងរាជធានី ដោយបង្ខំឲ្យស្ថានីយបូមទឹកនានាបូមទឹកបញ្ចូលទន្លេសាបជាបន្ទាន់។

ដូនពេញ កាលពីម្សិលមិញ។ ភ្លៀងធ្លាក់មួយមេយ៉ាងធំបានបណ្ដាលឲ្យជន់លិចផ្លូវជាច្រើននៅក្នុងរាជធានីភ្នំពេញ ដោយបានបង្កការលំបាកដល់អ្នកដំណើរ និងបង្កឲ្យស្ទះចរាចរណ៍ ជាពិសេសក្នុងចំណោមអ្នកបើកបរយានយន្ដ។Ben Wood/Cambodia daily
លោក នៅ សារឿន បានមានប្រសាសន៍ថា កម្ពស់ទឹកភ្លៀងក្នុងរាជធានី ជាធម្មតាឡើងដល់៦០មីលីម៉ែត្រ ទៅ៦៥មីលីម៉ែត្រ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងកាលពីម្សិលមិញ បានធ្វើឲ្យទឹកដក់មានជម្រៅប្រហែល៩២មីលីម៉ែត្រ ជាហេតុបង្កឲ្យការរស់នៅ ជួបការលំបាកសម្រាប់ប្រជាពលរដ្ឋក្នុងរាជធានី ជាពិសេសនៅតាមតំបន់ទំនាប។
លោកបានថ្លែងថា “ វាបានបង្កបញ្ហាជាច្រើនដល់អ្នកធ្វើដំណើរតាមយានយន្ត។ស្ថានីយបូមទឹកចំនួន១២កន្លែងកំពុងបូមទឹកចេញពីស្ថានីយនីមួយៗ ចូលទៅក្នុងទន្លេ ដើម្បីបញ្ចៀសការជន់លិចក្នុងរាជធានីភ្នំពេញ”។
ទីតាំងដែលរងការជន់លិចខ្លាំងជាងគេបំផុត គឺនៅផ្សារកណ្តាល តីរវិថីស៊ីសុវត្ថិក្នុងខណ្ឌដូនពេញ និងនៅជិតសារមន្ទីរទួលស្លែង និងបឹងត្របែកក្នុងខណ្ឌចំការមន។ ផ្សារអូរឬស្សីក្នុងខណ្ឌ៧មករា និងបឹងត្រកួនក្នុងខណ្ឌមានជ័យ ក៏រងការជន់លិចខ្លាំងដែរ។
លោក នៅ សារឿន បានមានប្រសាសន៍ថា “ទោះបីជាមានស្ថានីយបូមទឹកចំនួន១២កន្លែងហើយក្តី ក៏រាជធានីភ្នំពេញ នៅតែរងការជន់លិចដដែល ដោយសារតែកម្រិតទឹកភ្លៀងឡើងដល់៩២មីលីម៉ែត្រ”។ លោកបានមានប្រសាសន៍ទៀតថា ទឹកភ្លៀងភាគច្រើនបំផុតកាលពីឆ្នាំមុន ឡើងដល់១៣៩មីលីម៉ែត្រ។
លោក យ៉ន យឹម អ្នករត់រ៉ឺម៉កម៉ូតូបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងកាលពីម្សិលមិញ ធ្វើឲ្យគាត់ទៅទទួលម៉ូយមិនកើត ដោយសារតែម៉ូតូរបស់គាត់ខូច។គាត់បាននិយាយទៀតថា “រដ្ឋាភិបាលមិនដាក់លូទឹក និងបង្កើតស្ថានីយបូមទឹកឲ្យបានគ្រប់គ្រាន់នៅទូទាំងរាជធានីភ្នំពេញទេ”៕
ប្រែសម្រួលដោយ តែម សុខុម