33.2 C
Phnom Penh

អង្គការ​​​យូណេស្កូ៖​​​ អគារ​​​​សម័យអាណានិគម​​​គួរតែជួសជុល ​​​មិនគួរវាយចោល​​​សាង​​​សង់​​​ថ្មី​​​ជំនួសទេ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​អង្គការ​​​យូណេស្កូ​​​កាលពី​​​ម្សិលមិញ​​​បាន​​​សម្តែងការ​​​ព្រួយបារម្ភ​​​របស់​​​ខ្លួន​​​ចំពោះការ​​​វាយកម្ទេចចោលជាបន្តបន្ទាប់ នូវ​​​ប្រភេទ​​​​​​អគារ​​​សម័យ​​​អាណានិគម​​​បារាំង​​​ ដែល​​​ជា​​​សំណង់​​​ប្រវត្តិសាស្រ្ត​​​ក្នុងរាជ​​​ធានី​​​ភ្នំពេញ​​​ ហើយ​​​បាន​​​មាន​ប្រសាសន៍ទទូចឲ្យ​​​ជូន​​​ដំណឹង​​​ទៅក្រសួង​​​វប្បធម៌ជាមុនសិន មុននឹងសម្រេច​​​​​​លើ​​​យោគវាសនា​​​របស់​​​អគារ​​​នេះ​​​។ 

លោក​​​ ស្រី អេនី​​​ ឡឺម៉េស្ត្រ(Anne Lemaistre) ​​​​​​ តំណាង​​​ប្រ​​​ចាំប្រទេស​​​របស់អង្គការ​​​យូណេស្កូ​​​​​​បាន​​​មាន​​​ប្រសាសន៍ថា ការ​​​សម្រេចចិត្ត​​​សាង​​​សង់​​​ឡើងវិញនូវគំរូអគារ​​​សតវត្សទី១៩ នៅ​​​ត្រង់ចំណុច​​​ប្រសព្វផ្លូវ​​​លេខ​​​១០៨​​​ និង​​​មហា​​​វិថីព្រះ​​​នរោត្តម នឹង​​​មិន​​​អាច​​​រក្សា​​​តម្លៃ​​​បេតិ​កភណ្ឌ​​​របស់​​​អគារនេះ​​​បាន​​​ទេ​​​។

យោង​​​តាមសេចក្តីជូន​​​ដំណឹងបិទ​​​នៅ​​​ខាង​​​មុខ​​​អគារ​​​ ដែលចុះហត្ថលេខា​​​ដោយលោក​​​កែប​​​ ជុតិមា​​​ អភិបាល​​​រាជធានី​​​ភំ្នពេញ ចុះ​​​ថ្ងៃ​​​ទី៦ ​​​ខែមេសា​​​ បាន​​​ឲ្យដឹង​​​ថា​​​នៅពេល​​​អគារ​​​នេះ​​​​​​ត្រូវគេវាយកម្ទេច​​​ចោល អគារថ្មី​​​មួយ​​​មាន​​​​​​​​​មូ៉តដូចគ្នា​​​នឹង​​​ត្រូវ​​​សាងសង់​​​ជំនួស​វិញ​​​។

លោកស្រី ​​​ឡឺម៉េស្ត្រ បាន​​​មាន​​​ប្រសាសន៍ ថា “ គេគួរតែរក្សាវាទុក​​​។ រឿង​​​ដែល​​​ទាក់​​​ទង​​​​​​​​​បេតិ​កភណ្ឌ​​​ត្រូវ​​​តែ​​​រក្សា​​​តម្លៃ​​​ដើម​​​។​​​ទោះបី​​​ជា​​​វា​​​ដូចគ្នាក៏ដោយ​​​ ក៏វានៅ​​​តែ​​​ជា​​​វត្ថុ​​​ចម្លង​​​។ ​​​វា​​​មិន​​​ពិត​​​ទេ”។ លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា ម្ចាស់អគារនេះ​​​គួរតែបាន​​​ទាក់ទង​​​ជាមួយ​​​នឹង​​​គណៈ​​​កម្មាធិការ​​​បេតិ​កភណ្ឌ​​​ ប្រចាំក្រសួង​​​វប្បធម៌ និង​​​វិចិត្រ​​​សិល្បៈអំពី​​​លទ្ធភាព​​​នៃ​​​ការរក្សា​​​អគារ​​​នេះ​​​ទុក។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គួរតែ​​​មាន​​​កិច្ចសហ​​​ប្រតិបត្តិការ​​​ថែមទៀត​​​រវាង​​​ពួក​​​គេ ពីព្រោះ​​​គណៈកម្មាធិការបេតិ​កភណ្ឌ​​​កំពុង​​​​​​ធ្វើ​​​ការ​​​ជា​​​មួយ​​​រដ្ឋាភិបាល ហើយ​​​​​​ត្រូវ​​​បាន​​​បង្កើតឡើង​​​ដោយ​​​មាន​​​គោល​​​បំណង​​​បែប​​​នេះ”។ លោកស្រី  សីុសុវត្ថិ ចន្ទទេវី ប្រធាន​​​គណៈ​​​​​​កម្មាធិការរបស់​​​ក្រសួង​នេះ បានមាន​​​ប្រសាសន៍​​​​​ថា លោកស្រី មិនទទួលបាន​​​ព័ត៌មាន​​​អំពីការ​​​វាយ​​​កម្ទេច​​​អគារ​​​នេះទេ​​​។

លោកស្រី ចន្ទទេវី បាន​​​មាន​​​ប្រសាសន៍​​​ថា “ តម្លៃប្រវត្តិសាស្រ្តមាន​​​សារៈសំខាន់​​​សម្រាប់ទីក្រុង​​​ ប៉ុន្តែ​​​យើង​​​មិន​​​ស្គាល់​​​ម្ចាស់​​​អគារ​​​នេះ​​​ទេ ដូច្នេះ​​​វាជា​​​ការ​​​ពិបាក​​​។ ប្រសិន​​​បើ​​​ម្ចាស់​​​អគារ​​​នេះ​​​សួរ​​​យើង​​​ យើង​​​អាច​​​ផ្តល់​​​ដំបូន្មាន​​​ពីរបៀប​​​កែ​​​លម្អ​​​ និង​​​របៀបអភិរក្ស​​បាន”។

អគារនេះ​​​អម​​​ទៅដោយហាង​​​ និង​​​ភោជនីយ​​​ដ្ឋាន​​​នៅ​​​សង​​​ខាង​​​ ហើយ​​​មាន​​​សភាព​​​ទ្រុទ​​​​ទ្រោម​​​​​​ជាយូរមកហើយ​​​។​​​ផ្នែកខាងក្រៅ​​​អគារ​​​ពណ៌លឿង​​​ក៏​​​បាន​​​សឹករេចរឹល​​​តាមអាយុ​​​កាល​​​​​​របស់វា ​ហើយ​​​កំពូលអគារ​​​ក៏បាក់​​​បែក​ដែរ។

លោកស្រី ចន្ទទេវី បានមាន​​​ប្រសាសន៍​​​ថា​​​​​​អគារនេះត្រូវ​​​បាន​​​សាង​​​សង់ឡើងក្នុង​​​រវាង​​​ឆ្នាំ​​​១៨៩០ ​​​និង​​​ឆ្នាំ​​​១៩០០ ​​​​​​​​​​​​​​​ហើយពី​​​មុន​​​ធ្លាប់​​​ជា​​​​​​​​​ទីស្នាក់ការ របស់ក្រសួង​​​ឧស្សាហកម្ម រ៉ែ​​​ និង​​​ថាមពល​​​ក្នុង​​​អំឡុង​​​សម័យ​​​អាណា​​​និគម។  លោកស្រី​​​ក៏បាន​​​មាន​​​ប្រសាសន៍ផង​​​ដែរ​​​ថា​​​អគារ​​​នេះ​​​ក៏ធ្លាប់​​​បាន​​​ប្រើប្រាស់ជា​ការិយាល័យ​​​ ​​​របស់​​​ធនាគារជាតិ​​​ នៃកម្ពុជាផង​​​ដែរ​​​​​​។

សេចក្តីជូន​ដំ​ណឹង​បិទនៅ​ពី​មុខអាគា​រ​​នេ​ះ​​​​​​​ឲ្យ​ដឹង​ថា “ សាលា​រាជធានីបានអនុញ្ញាត​ឲ្យ​​វាយកម្ទេច​អគារ​នេះ​ចោល​ ហើយ​សាង​សង់​អគា​រ​ថ្មីមួ​យ​ តា​ម​​រចនាបថ​ដូចគ្នា”។            សេចក្តី​ជូន​ដំណឹង​នេះ​បន្ថែមថា “ មុន​ពេល​ធ្វើការរុះរើត្រូវធ្វើសម្រង់ប្លង់អគារ និង​​​កំណត់​​​ទំហំកាន់កាប់របស់​​គ្រួសា​រនីមួយៗជា​​​មុនសិន ​​ចៀងវា​ង​មានជម្លោះ​​​នៅ​​​ថ្ងៃ​​​ក្រោយ”។

សេចក្តី​ជូន​ដំណឹង​នេះ​បា​ន​លើក​ឡើង​ថា​ ម្ចាស់​អ​គា​​រ​នេះ​ ឈ្មោះ កា​ំង ហ្គិចណៃ។ លោក​​​​​​សាំង ចន្ធូ បុគ្គលិក​របស់​អ្នក​ស្រី ហ្គិច​ណៃ ​ដែល​​​​យា​ម​ច្រក​ចេញចូល​អគា​រ​​នេះកា​ល​ពី​ម្សិល​មិញបា​ន​និ​យា​យ​ថា ម្ចាស់​អគារ​នេះ ជា​ភរិយា​​​​​របស់​អ្ន​ក​ជំនួញ​ដ៏​ស្តុក​ស្តម្ភ​ម្នាក់​។

លោក​ ចន្ធូ បា​ន​មា​ន​ប្រសា​សន៍​ថា “ពួកគេ​​​​កំ​ពុង​តែ​ធ្វើ​​គម្រោង​​សាង​សង់​អគារ​​ថ្មី​ឲ្យ​ដូច​​​អគា​រ​​ចាស់​ លើកលែ​ង​តែ​កម្ពស់ អាចមានមួ​យ​ជាន់​ឬពីរ​ជាន់”។ លោក​បា​ន​បន្ថែម​ថា អគា​រ​​​ ​នេះ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ហាង​​លក់​វត្ថុ​អ​នុ​​ស្សា​វរីយ៍វិញ។

​លោក ដារីល កូលី្លន (Darryl Collins)​អ្ន​ក​ស្រាវ​ជ្រាវ និង​ជា​អ្នក​ប្រវត្តិ​សាស្ត្រ​ជន​ជាតិ​អូ​ស្ត្រាលី​ប្រចាំការ​នៅ​​ខេត្តសៀម​រាប បា​ន​មា​ន​ប្រ​សាសន៍​ថា កា​រ​ព្យាយាម​​​​សាង​សង់​អគា​រ​ ម​ួយ​ឡើ​ង​វិញ គ្មាន​ប្រយោជន៍ទេ ពី​ព្រោះ​តម្លៃផ្នែក​បេតិកភណ្ឌរបស់​វា នឹង​ត្រូ​វ​បំ​ផ្លាញ​​​ទៅហើយ។

លោក កូលី្លន បា​ន​មាន​​ប្រសាសន៍​ថា “ប្រសិ​ន​បើ​​អ្នក​វាយកម្ទេច​ចោល​អ្វី​មួ​យ​ និង​ធ្វើ​កា​រ​​ចម្លង​មកវិញ វាគ្មាន​​តម្លៃ​ផ្នែកបេតិ​ក​​​ភណ្ឌ​ឡើយ។ នៅក្នុងប្រទេសកម្ពុជា គ្មាន​ច្បាប់​កា​រ​ពារបេតិ​កភណ្ឌពិត​ប្រាកដទេ។ អ៊ីចឹងហើយបានជា​មានបញ្ហាបែបនេះ”៕

​​ប្រែ​​​សម្រួល​​​ដោយ ​​​ហម សុផាណ្ណា ​​​និង ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស