33.2 C
Phnom Penh

នគរបាល​ចាប់​ខ្លួន​ស្ត្រី​អ្នក​តវ៉ា១៣​នាក់​មកពីសហគមន៍បឹង​កក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​ក្នុង​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​ស្ត្រី​ចំនួន​១៣​នាក់​ ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​ជាយូរ​មក​ហើយ​ ជាមួយ​លោកឡៅម៉េងឃិនសមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ម្សិលមិញ បន្ទាប់​ពី​ពួកគេបាន​ប៉ះទង្គិច​គ្នា​ជា​មួយ​អ្នក​តវ៉ា​មួយចំនួន​ ហើយ​បាន​ចាប់​បង្ខំ​អ្នក​ទាំង​នោះ ​ឲ្យ​ចូលទៅ​​ក្នុង​រថយន្ដ​របស់​នគរបាល​។

អ្នក​តវ៉ា​ប្រមាណ​ជា​៥០​នាក់​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​នឹង​នគរបាល​ ដែល​មាន​ចំនួន​ច្រើន​ជាង​អ្នក​តវ៉ាជិតពីរដង​ នៅ​ពេល​អ្នក​តវ៉ា​ទាំង​នោះ​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ភាគ​និរតី​នៃ​អតីត​បឹង​កក់​ ដើម្បី​រួមគ្នាសាង​សង់​ផ្ទះ​មួយខ្នងឡើង​​វិញ​ ក្នុង​ចំណោម​ផ្ទះ​រាប់​រយ​ខ្នង ដែល​ត្រូវ​បាន​​បំផ្លាញដោយ​ក្រុម​ហ៊ុន ស៊ូកាគូ​អុីន ​របស់​សមាជិក​ព្រឹទ្ធសភា ​មក​ពី​គណបក្ស​ប្រជា​​ជន​កម្ពុជា​ ដើម្បី​បើក​ផ្លូវ​សម្រាប់​គម្រោង​ អភិឌ្ឍន៍អចលនទ្រព្យដ៏​ទំនើប​មួយ​។ផ្ទះ​នេះ​គឺ​ជា​ផ្ទះ​មួយ​ក្នុង​ចំណោម​ផ្ទះ​ជាង​៩០ខ្នង​ ដែល​​បាន​លុបចេញពី​បញ្ជី​ក្រុមគ្រួសារ​អ្នក​ភូមិមួយ​ចំនួនទៀត​ ដែល​ទទួល​បាន​ប្លង់​ដី​។

នៅ​ប្រហែលម៉ោង​​៨ព្រឹក​ អ្នក​តវ៉ា​ទាំង​នេះ​បាន​យក​សម្ភារ​ និង​ឈើ​មួយ​ចំនួន​ ដើម្បី​ចាប់​ផ្ដើម​សាង​សង់​ផ្ទះ​នេះ​។ ក៏ប៉ុន្ដែ​ បន្ទាប់​ពី​ពួក​គេ​បាន​ចាប់​ផ្ដើម​កាប់​ដី​ខ្សាច់​បាន​ពីរបីចប​ នគរបាល​ប្រដាប់​ដោយ​ដំបង​ឆក់​ និង​ខែល​ បានសម្រុក​ចូល​ទៅ​រឹប​អូសយក​សម្ភារ​របស់​អ្នក​តវ៉ា​ទាំង​នោះ​។ ដោយ​បដិសេធ​មិន​ព្រម​ចាក​ចេញ​ អ្នក​តវ៉ា​ទាំង​នេះ​បាននាំគ្នា​អង្គុយ​ចុះ​ រួច​ជេរ​ប្រទេច​នគរបាល​។ រហូតដល់ម៉ោង​១១​ព្រឹក​ បន្ទាប់​ពីទទួល​បាន​បញ្ជា​ពី​លោក​ ហួងម៉ាល័យ​ ស្នង​ការរង​នគរបាលរាជ​ធានី​ភ្នំ​ពេញភ្លាម មន្ដ្រី​ទាំង​នោះ​បាន​សម្រុកចូល​ទៅ​ម្ដង​ទៀត​ លើក​​នេះ​ពួក​គេ​បាន​ចាប់​ខ្លួន​មេ​ដឹក​នាំ​ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន ​រួម​ទាំង​អ្នកស្រីហេងមុំ​ និង​អ្នកស្រីទេព​ វន្នី​ ផងដែរ​។ ​មន្ដ្រី​ទាំង​នេះ​បាន​ចាប់​​ទាញ​ស្ដ្រី​តវ៉ា​ចូលទៅ​ក្នុង​រថយន្ដ​​ ដោយ​ខ្លះ​ចាប់​ដៃ​ និងខ្លះ​សែង​ជើងតែម្តង។

អ្នកស្រីសែន​ ទូច​ ដែល​ក្រុម​អ្នក​តវ៉ា​​ចង់​ជួយ​សាង​សង់ផ្ទះគាត់ឡើងវិញ​កាល​ពី​ម្សិល​មិញ​ បាន​លើកឡើង​ថា “ ​ខ្ញុំ​ស៊ូ​ស្លាប់​នៅ​លើ​ដី​របស់​ខ្ញុំ”។ ផ្ទះអ្នកស្រី​ស្ថិត​ក្នុង​ចំណោម​ផ្ទះ​ជា​ច្រើន​ ដែល​ត្រូវ​បាន​កប់បាត់​ទៅ​ក្នុង​ដី​ខ្សាច់​ នៅ​ពេល​ក្រុម​ហ៊ុន ស៊ូកាគូអុីន បាន​ចាក់​បំពេញបឹង​នេះ កាល​ពី​ឆ្នាំ​២០១០​ ហើយ​ផ្ទះ​នេះ​ គឺ​ស្ថិតនៅ​ចំ​កណ្ដាល​បឹង​កក់​តែ​ម្ដង។

អ្នកស្រីទូច​ បានបន្ដថា “ ​យើង​សម្រេច​ចិត្ត​​សាង​សង់​ផ្ទះ​នេះ​ឡើង​វិញ​ ពី​ព្រោះ​យើង​បាន​​រង់​ចាំ​ដំណោះ​ស្រាយ​ពី​អាជ្ញា​ធរ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​មក​ហើយ​”។ មន្ដ្រី​ម្នាក់​ក្នុង​ចំណោម​មន្ដ្រី​នគរបាល​មួយ​ចំនួន ដែលបានចូលរួមអនុវត្តវិធានការនោះ​និងសុំនិយាយ​ក្នុងលក្ខខណ្ឌ​អនាមិក​ ពី​ព្រោះ​លោក​មិន​ត្រូវបាន​អនុញ្ញាតឲ្យ​​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ បាន​មាន​ប្រសាសន៍ថា ស្ដ្រី​តវ៉ា​ត្រូវចាប់ខ្លួនទាំង១៣​នាក់​ ​ត្រូវនគរបាលបញ្ជូន​​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ​ឃុំខ្លួនពួក​គាត់​នៅ​ទី​នោះ​រហូត​ដល់​កាល​ពីល្ងាច​​ម្សិលមិញ​​។

មន្ដ្រី​នគរបាល​ និង​មន្ដ្រី​រាជការ​មួយចំនួន​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​ទេ​។ លោកអំសំអាត​ អ្នក​គ្រប់​គ្រង​​បច្ចេក​ទេស​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ​ដែលបាន​ឃើញ​ហេតុ​ការណ៍​តវ៉ា​នោះដែរបាន​រិះ​គន់​យ៉ាង​ខ្លាំ​ងចំពោះវិធានការរបស់នគរបាល​។ លោក​បាន​មាន​ប្រសាសន៍ថា “ ​យើង​មិន​អាច​ទទួលយក​បាន​​ទេ​ ពេល​​​រដ្ឋា​ភិបាល​បាន​ប្រើ​កង​កម្លាំង​ប្រដាប់​​អាវុធ​ទៅ​បង្ក្រាប​ប្រជា​ពលរដ្ឋ​​ ដែលតវ៉ា​ដោយ​សន្ដិវិធី​នោះ”។

លោក អំ សំអាត​ ​លើក​ឡើង​ថាអាជ្ញា​​ធរ​ក៏​បាន​បដិសេធ​មិនឲ្យ​គ្រូ​ពេទ្យចូល​ក្នុង​ស្នង​ការដ្ឋាននគរបាល​ ដើម្បី​ពិនិត្យសុខភាព និង​ព្យាបាល​ស្ដ្រី​តវ៉ា​​កំពុងឃុំខ្លួន​ទាំងនោះ​ទេ​។

អង្គការ​លីកាដូ​ និង​អង្គការ​សិទ្ធិ​មនុស្ស​ពីរ​ផ្សេង​ទៀត​ គឺ​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ និង​សមាគមធាង​ត្នោត​បាន​ចេញ​សេចក្ដី​​ថ្លែង​ការណ៍​រួម​មួយ ​​ដោយអំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​ស្ត្រី​តវ៉ា​ទាំង​នោះ ​ជា​បន្ទាន់​។ សកម្មភាព​របស់​នគរបាល​កាល​ពី​ម្សិល​មិញ​ មិនមែន​ជា​សកម្មភាព​លើក​ដំបូង​ ដើម្បី​ចាប់ខ្លួន​ក្រុម​អ្នក​តវ៉ា​នៅ​សហគមន៍បឹង​កក់​នោះ​ទេ​។

កាល​ពី​ខែ​តុលា អ្នក​តវ៉ា​ចំនួន​បី​នាក់​ត្រូវ​បាន​ចាប់ឃុំ​ខ្លួូន​ជា​ច្រើន​ម៉ោង​​ពី​បទថត​យក​រូប​​ភាព ក្នុង​បញ្ជី​ឈ្មោះ ដែល​គេ​ផ្សាយ​ជា​សាធារណៈ​ អំពី​ឈ្មោះគ្រួ​សារ​អ្ន​ក​ភូមិ​បឹង​កក់​ ត្រូវទទួល​បាន​ប្លង់​ដី​​។ អាជ្ញា​ធរ​បាន​ការ​ពារ​ទង្វើ​របស់​ខ្លួន​ ដោយ​លើក​ឡើង​ថា ស្ត្រី​តវ៉ា​ទាំង​បីនាក់​នេះ​ មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ថត​រូប​ភាព​នោះទេ​។

ស្ត្រី​តវ៉ា​ពីរ​នាក់​ក៏​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​កក្កដា​ ដែរ​ អំឡុង​ការ​តវ៉ា​ដោយសន្ដិវិធី​មួយ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ ហើយ​ត្រូវ​បាន​​ដោះ​លែង​​វិញ​នៅ​ថ្ងៃ​បន្ទាប់ បន្ទាប់​ពី​ពួកគាត់​​បដិសេធ​មិន​ព្រម​ចុះ​ហត្ថលេខា ដោយសន្យា​ថា ​មិន​ធ្វើ​បាតុកម្មម្ដងទៀត​នោះ​។ កាល​ពី​ខែ​មេសាឆ្នាំ​២០១១​ មាន​អ្នក​ភូមិ​បឹងកក់​យ៉ាង​ហោច​ណាស់​ប្រាំបួន​នាក់​ត្រូវ​បាន​ចាប់​ខ្លួូន​ បន្ទាប់​ពី​កើត​មានអំពើ​ហិង្សា​ប៉ះទង្គិចជាមួយ​នគរបាល​អំឡុង​​ការ​តវ៉ា​ដោយសន្ដិវិធី​មួយ​ផ្សេង​ទៀត​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ។ ទីស្នាក់​ការ​សិទ្ធិ​មនុស្ស​របស់​​អង្គការ​សហប្រជាជាតិ​ប្រចាំ​​រាជធានី​ភ្នំពេញ​បាន​ជួយ​ធានា​ឲ្យ​មានការ​ដោះ​លែង​ស្ត្រី​អ្នក​តវ៉ា​មក​វិញ​នៅព្រឹក​បន្ទាប់​។

សាលារាជធានី​បាន​ជួល​ដី​នេះ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ ស៊ូកាគូអុិន​ រយៈ​ពេល​៩៩​ឆ្នាំ​កាល​ពី​ឆ្នាំ​២០០៧​​។អង្គការ​​សិទ្ធិ​មនុស្ស​មួយ​ចំនួន​​បាន​លើក​ឡើង​ថាការ​ជួល​នេះ​បាន​រំលោភ​ច្បាប់​ភូមិបាល​ឆ្នាំ​២០១១​របស់​ប្រទេស​កម្ពុជា​ ដោយ​មិន​បាន​វាយ​តម្លៃ​ពី​​ការ​ជួល​ស្រប​ច្បាប់​ជា​មុន​ ចំពោះ​ដី​របស់​អ្នក​ភូមិ​រាប់​ពាន់​គ្រួសារ​ ដែលកំពុង​រស់​នៅ​ទី​នោះ​។អ្នក​ភូមិ​បឹង​កក់​ជាង​៣.០០០​គ្រួសារ​ត្រូវ​បណ្ដេញ​ចេញ​ចាប់​តាំង​ពី​ពេល​នោះ​មក៕

ប្រែសម្រួលដោយស៊ាស៊ុយឈាង

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស