32.5 C
Phnom Penh

មាន​ការ​សង្ស័យ​អំពី​ការ​បញ្ជូន​ត្រឡប់​ទៅវិញ​​​ ​នូវជន​សង្ស័យ​ជនជាតិ​ចិនតៃវ៉ាន់ពាក់​ព័ន្ធនឹងការ​ចាប់ជំរិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេលមនុស្ស​៤៩នាក់​ ​ជាប់​សង្ស័យ​ថា​ បាន​ជាប់​ពាក់ព័ន្ធនឹងក្រុម​ចាប់​ជំរិត​មនុស្ស​ទារប្រាក់នៅ​រង់ចាំការ​ការ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​កាល​ពី​ម្សិល​មិញ​នោះ ក្រុម​អ្នកជំនាញ​ច្បាប់បាន​លើក​ឡើងពី​កង្វល់​ថាអាជ្ញាធរ​ប្រហែល​​ជា​មិន​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​តាម​នីតិវិធី​ទេនៅ​ក្នុងករណី​នេះ​។

ជនជាតិចិន​តៃវ៉ាន់៤៤​នាក់​និង​ជន​ជាតិ​ចិនប្រាំនាក់ ត្រូវបានចាប់ខ្លួននៅក្នុង​រាជធានី​ភ្នំពេញកាលពីខែមុន និងកាលពីថ្ងៃសុក្រ។ ពួកគេត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ចាប់​ជំរិត​ជនជាតិចិន ដែលរស់នៅបរទេស​ និងបាន​ប្រើ​ប្រាស់​ប្រព័ន្ធ​អុីន​ធើណិត​ ដើម្បី​ជំរិត​ទារ​ប្រាក់​ពី​គ្រួសារ​របស់​ជន​រងគ្រោះ។

លោក​វរសេនីយ៍​ទោឈួរគឹមនីប្រធាន​​នគរ​បាល​អន្ដោប្រវេសន៍​នៅ​អាកាស​យាន​ដ្ឋាន​​​អន្ដរជាតិ​ភ្នំ​ពេញ​ បាន​មាន​ប្រសាសន៍​​ថា ជន​សង្ស័យ​ទាំង​នោះ​​​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​អគារ​មួយ​នៅ​​​អាកាស​យានដ្ឋាន​នេះ។

ទោះ​ជាយ៉ាងណាលោក​បាន​​បន្ថែម​ទៀត​​ថា លោក​​មិន​ទាន់​បាន​ទទួល​បទ​បញ្ជា​ពី​ថ្នាក់​លើ​របស់​លោក​ថា ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា​ចំពោះ​​ជន​សង្ស័យ​ទាំង​នេះទេ​។ វរសេនីយ៍​ទោ​​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ​នាយក​ដ្ឋាន​នគរបាលអន្ដោប្រវេស​ន៍មិន​ទាន់​បាន​ទាក់​ទង​មក​​យើងនៅ​ឡើយ​ទេ។​ជា​ធម្មតា​ ពួក​គេ​ទាក់​ទង​មក​​យើង​មុន​ ដើម្បី​រៀប​ចំ​​ឯកសារ​សម្រាប់​ជន​សង្ស័យ​បែប​នេះ”។

លោក​ ជាម៉េតអនុ​ប្រធាន​​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ជន​សង្ស័យ​ទាំង​នោះ​នឹង​មិន​ត្រូវ​ចោទ​ប្រកាន់​ ឬ​ក៏​ករណី​របស់​ពួក​គេត្រូវ​បញ្ជូន​​ឡើង​តុលាការនោះទេ​ ហើយ​ថា​ ពួក​គេ​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​​ទៅ​​ប្រទេស​ចិនវិញ​នា​ពេល​​ឆាប់​ៗ​នេះ​។

លោកសុក​ សំអឿន​ ​នាយក​​ប្រតិបត្តិ​ក្រុម​​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ ថ្លែងកាល​ពី​ម្សិល​មិញ​ថា ការ​ធ្វើ​បត្យាប័ន​គួរ​តែ​ធ្វើ​តាម​ “​នីតិ​វិធី​​ត្រឹម​ត្រូវ​តាម​ប្រព័ន្ធ​តុលាការ​”​ ដែល​នីតិ​វិធី​បែប​នេះ​​ទំនង​ជា​មិន​អាច​​មាន​ឡើយ​​នៅ​កម្ពុជា​។ លោក​បន្ដ​ទៀតថា “ជន​ជាប់​ចោទ​មាន​សិទ្ធិ​ស្នើសុំឲ្យ​​តុលាការធ្វើ​សេចក្ដីសម្រេច​​​ជា​មុនសិន​ក្នុង​ករណី​​ធ្វើ​បត្យាប័ន​​​ ប៉ុន្ដែ​​កន្លង​មក​ [រដ្ឋាភិបាល​កម្ពុជា] បានចាត់​ការ​រឿង​បែប​នេះ​ដោយ​ផ្ទាល់តែម្តង​”។ នគរបាល​មិន​បាន​និយាយ​ថា ​តើ​មាន​បទ​​ឧក្រិដ្ឋណា​មួយ​ក្នុង​ចំណោម​បទ​ឧក្រិដ្ឋ​​ទាំង​នេះ បាន​កើត​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ឬ​អត់​នោះទេ។

លោក​ មឿនតុលា ​ប្រធាន​​​ កម្មវិធី​ការ​ងារ​នៅមជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​ ​ថ្លែង​​ថា “ ​បើ​សិន​ពួក​គេ​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មែននោះ ​ពួក​គេ​គួរ​ត្រូវ​បាន​កាត់​ទោស​នៅ​ទី​នេះ​”។ ទោះ​ជា​យ៉ាង​ណា ​លោក​បាន​​បន្ថែម​ថាបើ​ទោះ​​ជាពួក​គេ​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋ​​នៅ​ទី​ណា​ក៏​ដោយ ក៏​គួរ​តែ​មាន​ការ​ធ្វើ​បត្យាប័ន​ត្រឹម​ត្រូ​វ​​តាម​ប្រព័ន្ធ​តុលាការដែរ​”។ លោកមឿន​ តុលាបាន​ថ្លែង​ថា “ ​ខ្ញុំ​មាន​កង្វល់​អំពី​ឥទ្ធិពល​នយោបាយ​មក​លើ​ករណី​នេះ…ប្រហែល​ជា​មាន​ឥទ្ធិពល​នយោ​បាយពី​​​រដ្ឋាភិបាល​​កម្ពុជាហើយ”។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​បាន​​ធ្វើ​តាម​សម្ពាធ​​របស់​​ចិន​ក្នុង​ករណី​​បញ្ជូន​ជន​សង្ស័យ​ត្រឡប់​ទៅ​វិញ​ កាល​ពី​​លើក​មុនៗ​។

កាល​ពី​​ឆ្នាំ​២០០៩ ប្រទេសកម្ពុជា​បាន​បញ្ជូន​​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​​ជន​​ជាតិ​វីហ្គួ២០​នាក់​​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ដោយ​​​ចម្រូង​ចម្រាស៕

ប្រែសម្រួល​ដោយ ឃិនណៃ​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស