មន្ត្រីចំនួន១៩នាក់ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់របស់លោកជាស៊ីមប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាច ដោយធ្វើឲ្យចំនួនទីប្រឹក្សាសរុបរបស់លោកជា ស៊ីមឡើងដល់ទៅ៤២រូប។
យោងតាមឯកសារផ្សាយក្នុងសៀវភៅរាជកិច្ច ចុះថ្ងៃទី២៥ខែឧសភាបានឲ្យដឹងថាទីប្រឹក្សាពីររូបក្នុងចំណោមទីប្រឹក្សា ដែលត្រូវបានតែងតាំងថ្មីចំនួន១៩រូប មានឋានៈស្មើរដ្ឋមន្ត្រីនិង១៦រូបមានឋានៈស្មើរដ្ឋលេខាធិការ ចំណែកឯមួយរូបទៀតមានឋានៈស្មើអនុរដ្ឋលេខាធិការ។
ឯកសារនេះបញ្ជាក់ពីការតែងតាំងថ្មី ក៏ប៉ុន្ដែ លោកឧត្តមសេនីយ៍ឯកយឹមលាងប្រធានកងអង្គរក្សរបស់លោក ជាស៊ីមបានមានប្រសាសន៍ថាទីប្រឹក្សា១៩រូបនេះ ត្រូវបានតែងតាំងអំឡុងអាណត្តិទី២ហើយត្រូវបានតែងតាំងឡើងវិញ ស្របពេលបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភា ក្នុងខែមីនា។
យោងតាមលោកឧត្តមសេនីយ៍ឯកយឹមលាងដែលបាននិយាយការពារការតែងតាំងទីប្រឹក្សាដ៏ច្រើននេះថាពេលនេះ លោកជា ស៊ីមមានទីប្រឹក្សាទទួលប្រាក់ខែសរុប៤២រូបដើម្បីជួយលោកក្នុងការងារប្រចាំថ្ងៃនៅព្រឹទ្ធសភា។
លោកឧត្តមសេនីយ៍ឯកយឹមលាងបានជំទាស់ថា“វាមិនច្រើនពេកទេ បើប្រៀបធៀបទៅនឹងការងារដ៏ច្រើនរបស់សម្ដេច”។លោកបានបន្ថែមទៀតថាទីប្រឹក្សាទាំងនេះផ្ដល់យោបល់ក្នុងការងារគ្រប់ផ្នែកទាំងអស់។នៅពេលដែលសុំការបំភ្លឺ លោកបានពន្យល់ថាទីប្រឹក្សាទាំងនេះផ្ដល់យោបល់អំពីការងារមនុស្សធម៌។
នៅឆ្នាំមុនលោក ជាស៊ីមបានរកឃើញបញ្ហាផ្នែកផ្ទៃក្នុងរបស់លោក។ទីប្រឹក្សាប្រាំរូប ក្នុងចំណោមទីប្រឹក្សាដ៏ជិតស្និទ្ធរបស់លោករាប់ទាំងបុព្វាធិការីរបស់លោកឧត្តមសេនីយ៍ឯកយឹមលាងផងនោះត្រូវបានចាប់ខ្លួននៅក្នុងខែសីហានិងខែកញ្ញា ឆ្នាំមុនតាមការចោទប្រកាន់ចាប់ពីការក្លែងឯកសារ រហូតដល់ការប្រើប្រាស់អាវុធខុសច្បាប់ និងការលក់ទ្រព្យសម្បត្តិយោធាដោយខុសច្បាប់។អ្នកទាំងអស់នោះ ត្រូវបានរកឃើញពិរុទ្ធភាព និងត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលពីបីឆ្នាំទៅ៣៦ឆ្នាំ។
ក៏ប៉ុន្ដែនៅពេលដែលលោក ជាស៊ីមបន្ដប្រមូលទីប្រឹក្សានៅជុំវិញលោកកាន់តែច្រើនអ្នកផ្សេងទៀតបានចោទសួរអំពីគោលបំណងពិតនិងបញ្ហាស្មុគស្មាញដល់រដ្ឋ។លោកសឺនស៊ូប៊ែរ្តិ៍អ្នកប្រវត្តិសាស្ត្រនិងជាអតីតអ្នកនយោបាយបានមានប្រសាសន៍ថា“ពួកគេកំពុងតែប្រើថវិកាជាតិ ដើម្បីបើកប្រាក់ខែឲ្យសមាជិកគណបក្សរបស់ខ្លួនក្នុងតួនាទីជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភាឬប្រធានរដ្ឋសភា”។
លោកស៊ូប៊ែរ្តិ៍បានកត់សម្គាល់ថាអំឡុងអាណត្តិរបស់លោកជាអនុប្រធានទី២នៃរដ្ឋសភាក្នុងទសវត្សរ៍ឆ្នាំ១៩៩០លោកមានទីប្រឹក្សាតែពីររូបប៉ុណ្ណោះ។ លោក ស៊ូប៊ែរ្ដិ៍បានមានប្រសាសន៍ថា“អ្វីដែលខ្ញុំបានឃើញនៅក្នុងប្រទេសកម្ពុជាពេលនេះគឺថាមានទីប្រឹក្សាជាច្រើនត្រូវបានតែងតាំងនៅក្នុងរដ្ឋសភា ព្រឹទ្ធសភានិងទីប្រឹក្សារបស់នាយករដ្ឋមន្ត្រី”។ លោកបានមានប្រសាសន៍ថា“ខ្ញុំគិតថាព្រឹទ្ធសភានៅក្នុងប្រទេសកម្ពុជាពុំមានការងារធ្វើច្រើននោះទេពីព្រោះសមាជិកព្រឹទ្ធសភាទាំងនោះគ្រាន់តែមក ដើម្បីលើកដៃតែប៉ុណ្ណោះ”។លោកបន្ថែមទៀតថានៅពេលទីប្រឹក្សាមិនជួយធ្វើការងារប្រចាំថ្ងៃអ៊ីចឹងនោះវាមិនចាំបាច់មានច្រើនពេកទេ៕
ប្រែសម្រួលដោយចេវប៊ុននី