28.4 C
Phnom Penh

ការ​បោស​សម្អាត​គ្រាប់​បែក​ចង្កោម​ថៃ​នៅ​មិន​ទាន់​បញ្ចប់​នៅឡើយទេក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បោស​សម្អាត​មីន​ម្នាក់​បាន​លើក​ឡើង​​​​កាល​ពី​ម្សិលមិញ​ថា ​នៅ​ពេល​ដែល​​ប្រ​ទេស​ថៃ​និង​ប្រ​ទេស​កម្ពុជា​ចាប់ផ្តើម​​ប្រតិបត្តិការ​បោស​សម្អាត​មីន​រួម​គ្នា​​នៅ​តំបន់​ជុំ​វិញ​ប្រា​សាទ​ព្រះ​វិហារ​នោះ ​នៅមិន​ទាន់​មាន​ថវិកា​​សម្រាប់​​​​បោស​សម្អាត​គ្រាប់​បែក​ចង្កោម​​​របស់​ថៃ​​ចេញ​​​​ពី​​តំបន់​នោះ​នៅ​ឡើយ​ទេ។

អង្គការ​ជំនួយ​ប្រជា​ជនន័​រ​វែស ​(NPA) ​ជា​​​​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​បាននិង​កំពុង​​ធ្វើ​ការ​ជា​មួយ​មជ្ឈមណ្ឌល​​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ នៅ​​ក្នុង​ការ​បោស​សម្អាត​មីន​នោះ​ បាន​ប៉ាន់​ប្រ​មាណ​ថា ​ប្រ​ទេស​ថៃ​បាន​បាញ់​​គ្រាប់​បែក​ចង្កោម​យ៉ាង​ហោច​ណាស់​ចំ​នួន​១០០​គ្រាប់​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ក្នុង​អំ​ឡុង​ពេល​ប្រ​យុទ្ធ​គ្នា​បួន​ថ្ងៃ​ កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១១​ដោយ​សារ​ដី​មា​នជម្លោះនៅ​​ក្បែរ​ប្រា​សាទ​ព្រះវិហា​រ​។

គ្រាប់​​បែកចង្កោម​នីមួ​យៗមាន​គ្រាប់​តូចៗ​ដូចកំប៉ុង​សូដាចំ​នួ​ន​៥២គ្រាប់នៅ​ក្នុង​នោះ​ និង​ផ្ទុះ​នៅក្នុង​លំហ​អា​កា​ស ​ហើយ​បាចសាច​​គ្រាប់​បែ​ក​តូចៗ​ជា​ច្រើន​ទៅ​លើ​​តំ​​បន់​ដ៏ធំ​​​។​​​អង្គ​ការ​​ជំនួ​យ​ប្រជា​ជន​ន័រវែសបា​ន​ធ្វើការ​ប៉ាន់​ប្រ​មា​ណ​​ថាគ្រាប់​បែ​ក​តូចៗ​​ប្រ​ហែ​ល​២០ភាគ​រយ​​នៅ​មិន​ទាន់​ផ្ទុះ​​នៅ​ឡើយ​ទេ​ ដោយ​​​បង្ក​​គ្រោះ​ថ្នាក់​ដល់​​ជន​ស៊ី​វិល ​ដែល​បា​ន​ប៉ះ​ពាល់​គ្រាប់​បែ​ក​ទាំ​ង​នោះ។

លោក​​ ហេង ​រតនាអគ្គ​នា​យ​ក​​មជ្ឈ​មណ្ឌល​​​សកម្ម​ភាព​​កម្ចាត់​​មី​ន​កម្ពុជាបា​ន​ថ្លែង​កា​ល​ពី​ម្សិល​មិញ​ថាក្រុម​កា​រ​​ងារ​មួយក្រុម​​ដែលបា​ន​ទទួល​ជំនួ​យ​ថវិ​កា​មួយ​ផ្នែក​​ពី​សហរដ្ឋ​អាមេរិកនោះ​​ បា​ន​ចាប់​ផ្តើម​​បោស​សម្អាត​គ្រាប់​​​​បែក​ចង្កោម​ភ្លាមៗ​បន្ទាប់ពី​កា​រ​​​ប្រយុទ្ធ​គ្នានោះប៉ុន្តែ​​បា​ន​ឈប់​​វិញ​កា​ល​ពី​ខែ​កក្កដា​​​ឆ្នាំ​មុន“ពី​ព្រោះ​មិន​មា​ន​ជំ​នួយ​ថវិកា​​សម្រាប់​បោស​សម្អាត​មីន​នៅ​តំ​បន់​នោះ​ទៀត​ទេ។ជំនួ​យ​​របស់​អា​មេរិក​បា​នផ្តោត​ទៅ​លើ​​ខេត្ត​នៅ​ភាគ​ខាង​កើត​ប្រទេ​ស​វិញ”។

លោក​​បា​ន​ប៉ាន់ប្រមាណ​​ថាក្រុ​មកា​រ​ងារ​​នេះ​បោស​សម្អាតបា​ន​ចំនួ​ន​២០​ភាគ​រយ​នៃតំ​បន់​ដែល​មា​ន​គ្រាប់​បែ​ក​ចង្កោម​ មុន​ពេល​​​ចាកចេញដោយ​ផ្តោត​​កា​រងារ​របស់​ខ្លួន​ទៅ​លើ​តំបន់​មាន​មនុស្ស​រស់នៅ​វិញ​ ហើយ​លោក​​​​បាន​​មាន​ប្រសាសន៍​ថាមិន​ទាន់​មា​ន​គម្រោង​បន្ត​កា​រ​ងារភ្លាមៗ​ទេ​។

លោករតនាមិន​បា​ន​​បញ្ជាក់​អំ​ពី​ទំ​ហំ​ដី​ដែល​មា​ន​គ្រាប់​បែក​ចង្កោម​នៅ​ជុំ​វិញ​ប្រ​សាទ​​​​ព្រះ​វិ​ហា​រ​​ ឬ​ថាតើ​ការ​បោស​​សម្អាត​​មី​ន​នៅ​តំ​បន់​នោះត្រូវ​មាន​រយៈពេល​ប៉ុន្មាន​នោះ​​ទេ​​​​ដោយលោក​បាន​ថ្លែ​ង​​ថាតំ​បន់​នោះ​​ត្រូវ​ការ​​កា​រ​សិក្សា​​ឲ្យ​បាន​ច្បាស់​ថែមទៀត។ ប្រទេ​ស​ថៃនិង​ប្រទេ​ស​កម្ពុជាចង់​បោស​សម្អាត​មី​ន​នៅ​តំ​បន់​នោះសម្រាប់​ឲ្យ​​ក្រុម​អ្នក​​​​​ សង្កេត​កា​រ​ណ៍​ចូល​មក​ត្រួត​ពិ​និត្យមើល​​កា​រ​​ដកក​ង​ទ័ព​នៃ​ប្រទេ​ស​ទាំ​ង​ពី​រ ចេញ​ពី​តំបន់​គ្មាន​កង​ទ័ពដែល​តុលា​កា​រ​យុត្តិ​ធម៌​អន្តរ​ជាតិ​ បា​ន​​បង្កើត​ឡើង​​នៅ​ជុំវិញ​ប្រាសាទ​ព្រះ​វិ​ហា​រនិ​ង​​តំ​បន់​មា​ន​ជម្លោះ​នៅ​ក្បែរ​នោះ​។

កាលពី​សប្តាហ៍​មុនប្រទេ​ស​ទាំ​ង​ពី​​បា​ន​​យល់​ព្រម​ដក​កងទ័ពទាំង​អស់​មិន​ឲ្យ​លើសពី​៣០​ថ្ងៃ​បន្ទាប់​​ពី​កា​រ​បោស​​សម្អាត​មីន​បា​ន​បញ្ចប់​​​​រួចរាល់​ហើយ។លោក​ឧត្តមសេនី​យ៍ឯកស្រីឌិកដែល​ឈរ​ជើង​​នៅ​ព្រំ​ដែ​ន​និងដែល​បា​ន​ចូ​ល​រួម​ប្រជុំ​កា​ល​ពី​សប្តាហ៍​មុន​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​នោះបា​ន​​ថ្លែ​ង​ថាគោល​បំ​ណង​របស់​​ប្រទេ​ស​ទាំ​ង​ពី​រ​គឺ​ដើម្បីបោស​សម្អាត​មីន​​នៅ​ក្នុង​តំ​បន់​គ្មា​ន​កង​ទ័ពទាំង​១៧​គីឡូម៉ែត្រ​ក្រឡានេះប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថាត្រូ​វ​ប្រើ​រយៈ​ពេល​ប៉ុន្មាន​នោះ​ទេ​។

លោកជេនអេរីកស្តាវ (Jan Erik Stoa) ជា​អ្ន​ក​ជំ​នាញ​ផ្អែកគ្រាប់​បែក​​ចង្កោម​នៅ​អង្គ​ការ​​ជំនួ​យ​ប្រជា​ជន​ន័រ​វែសដែលបាន​​ជួយ​​​ស្ទ​ង់​មើល​អំ​ពី​ចំនួន​គ្រាប់​បែ​ក​ចង្កោម​​​ដែលថៃ​​បាន​បាញ់​ចូ​ល​ទឹក​ដី​កម្ពុជា​កា​ល​ពី​ឆ្នាំ​មុនបា​ន​​​​លើក​ឡើ​ង​ថាក្រុម​បោស​សម្អាត​មី​ន​ទំនងជា​មិន​​​​អា​ច​​រក​ឃើញ​គ្រាប់​បែក​ចង្កោម​ច្រើន​ ឬ​​​គ្រាប់​តូចៗ​របស់​វានៅ​ក្នុ​ង​តំ​បន់​​គ្មាន​កង​ទ័ព​នេះ​ទេ។

លោក​បន្ត​ថា“មិន​មា​ន​គ្រាប់​បែ​ក​ចង្កោម​​​ច្រើន​ទេ​ក្នុង​តំ​បន់​នោះពី​ព្រោះ​កងទ័ព​ថៃ​បា​ន​បាញ់​ចូ​ល​​មក​ក្នុ​ង​ទឹក​ដី​កម្ពុជា​​ចម្ងាយ​ពី​បី​ទៅ​បួន​គីឡូ​ម៉ែត្រឯណោះ​​ ដូច្នោះ​នៅ​តាម​តំ​បន់​ព្រំ​ដែននេះ​​មិន​មា​ន​គ្រាប់​បែ​ក​ចង្កោម​ច្រើន​ទេ​។លោក​មា​ន​ប្រ​សាស​ន៍​ថានៅ​តាម​ព្រំ​ដែ​ន​គឺមា​ន​តែគ្រាប់​មីន​ប៉ុណ្ណោះ​”៕

(រាយ​ការ​ណ៍​បន្ថែម​ដោ​យអ៊ាងម៉េង​ឡេង)

ប្រែសម្រួលដោយ​​ ឃិន​ ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស