28.4 C
Phnom Penh

រដ្ឋា​ភិបាល​​​​​​ដាក់​​​បម្រាម​​​​ជា​ថ្មី​មិន​ឲ្យ​ស្ថានីយ​​​វិទ្យុ​ផ្សព្វ​​​ផ្សាយ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ជាតិ​​​​​​​​​ឆ្នាំ​​​ក្រោយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ បាន​លើក​ឡើង​ កាល​ពី​ម្សិល​មិញ​ថា រដ្ឋា​ភិបាល​នឹង​អនុវត្ត​សា​​​​ជា​ថ្មី​​នូវ​បម្រាម​​មិន​ឲ្យ​​ស្ថានីយ​​​វិទ្យុផ្សព្វផ្សាយ​​អំពី​បញ្ហា​មិន​​​ប្រក្រតី​​​​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោតក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ។

សម្រាប់​រយៈ​ពេល​ពីរ​ថ្ងៃ​ ក្នុង​អំឡុង​​ពេល​បោះ​ឆ្នោត​ឃំុ-សង្កាត់ កាល​ពី​ខែ​មុន​ ក្រសួង​ព័ត៌​មាន​​ បាន​ហាម​​វិទ្យុ​សំឡេង​​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​អាស៊ី​សេរី  (RFA) មិន​ឲ្យ​ផ្សាយ​​ជា​ភាសា​ខ្មែរ។

លោក ខៀវ កាញារីទ្ធ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​ ​មាន​ប្រសាសន៍​នៅ​ឯ​សន្និសីទ​សារ​ព័ត៌មាន​​​​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​​ថា “ កាល​ពីលើក​​មុន​ យើង​បាន​ហាម​ស្ថានីយ​​វិទ្យុ​ [បរទេស​]​ទាំង​អស់​​​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​​រយៈ​ពេល​ពីរ​ថ្ងៃ ប៉ុន្តែ ពួក​គេ​នៅ​​តែ​អាច​ផ្សព្វ​ផ្សាយ​តាម​​អីុន​ធើ​ណិត ឬ​តាម​វិទ្យុ​រលក​ធាតុ​អាកាស​ខ្លី” ។

លោក​បាន​បន្ថែម​ថា វិទ្យុ​ VOA និង​វិទ្យុ​ RFA ព្រម​ទាំង​វិទ្យុ​អូស្ត្រាលី​​ផ្សាយ​ជា​ភាសា​ខ្មែរ ក៏​ត្រូវ​បាន​ហាមឃាត់​ផង​ដែរ។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “ យើង​គ្រោង​នឹង​សំុ​ឲ្យ​ស្ថានីយ​វិទ្យុ​ទាំង​អស់​រក្សា​ភាព​​ស្ងប់​ស្ងាត់​រយៈ​ពេល​ពីរ​ថ្ងៃ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត [ជាតិ] នៅ​ឆ្នាំ​ក្រោយ”។

កាល​ពី​ថ្ងៃ​ទី៣ ខែ​មិថុនា ជា​​​ថ្ងៃ​បោះ​ឆ្នោត​ឃំុ-សង្កាត់​ វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ ដែល​​​​គ្រប់​គ្រង​​ដោយ​មជ្ឈ​មណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​ ក៏​ត្រូវ​បាន​កាត់​ផ្តាច់​ផង​ដែរ នៅ​ពេល​វិទ្យុ​នេះ​ កំពុង​តែ​ផ្សាយ​​អំពី​ភាព​មិន​ប្រក្រតី​ ដែល​​​កើត​​​មាន​​​នៅតាម​​​​​ការិយាល័យ​​បោះ​ឆ្នោត។

ទោះ​ជា​យ៉ាង​ណា​​​ លោក ខៀវ កាញារីទ្ធ  បាន​​បញ្ជាក់​ថា មិន​មែន​ហាម​ឃាត់​​​​ទាំង​ស្រុង​មិន​ឲ្យ​វិទ្យុ​​​​​រាយ​ការណ៍​ពី​ភាព​មិន​ប្រក្រតី​​នោះ​ទេ។ ក៏​ប៉ុន្ដែ​​​​ ការ​ផ្សព្វ​ផ្សាយ​ក្នុង​អំឡុង​ពេល​បោះ​​ឆ្នោត​ មិនគួរ​​​លើក​​​យក​​​បញ្ហា​មិន​ប្រក្រ​តី​មកពិភាក្សា​​​​ទេ ព្រោះ​សេចក្តី​រាយ​ការណ៍​​នោះ​ អាច​នាំ​ឲ្យ​មាន​ការ​យល់​​​ខុស។

លោក​ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា  “ តាម​ពិត​ ក្រសួង​ព័ត៌​មាន​ មិន​បាន​ហាម​មិន​ឲ្យផ្សព្វ​​​​ផ្សាយ​ អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​​ឆ្នោត​នោះ​ទេ​ ប៉ុន្តែ អ្នក​កាសែត​ចេះ​​​តែ​​​មួល​​​បង្កាច់​រឿង​នេះ​ដោយ​ខ្លួន​ឯង​ទៅ​វិញ​ទេ”។ លោក​បាន​បន្ត​ថា “ យើង​មិន​បាន​ហាម​ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ទេ [ប៉ុន្តែ] សូម​រក្សា​ភាព​ស្ងៀម​​ស្ងាត់​ អំពី​បញ្ហា​នានា​​ [ពាក់​ព័ន្ធ​នឹងការ​បោះ​ឆ្នោត]។ ឧទាហរណ៍​ ប្រសិន​បើ​លោក​អ្នក​សម្ភាស​មនុស្ស​​តែ​ប្រាំ​នាក់ យើង​ស្តាប់​ទៅ​​​​​ហាក់​ដូច​ជា ​ខ្មែរ​ ទូទាំង​ប្រទេស​កំពុង​និយាយ​ដូច្នេះដែរ”។

លោក ទេព នីថា អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​មាន​ប្រសាសន៍ថា ច្បាប់​​បោះ​ឆ្នោត​ចែង​ថា ការ​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​បោះ​ឆ្នោត​ និង​មួយ​ថ្ងៃ​មុន​ថ្ងៃបោះ​ឆ្នោត ត្រូវ​បាន​ហាម​មិន​ឲ្យ​បង្ហាញ​នូវ​​​ការ​គាំ​ទ្រ ​គណបក្ស​នយោ​បាយណាមួយ​​​​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ ពំុ​មាន​ច្បាប់​ណា​មួយ​ចែង​ថា វិទ្យុ​មិន​អាច​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ ស្តី​ពី​ភាព​មិនប្រ​ក្រតី​ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​នោះ​ទេ។ លោក​បន្ថែម​ថា “ យើង​មិន​អនុញ្ញាតឲ្យ​ស្ថានីយ​វិទ្យុ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ប្រ​ក្រតី ដោយសារ​តែ​ព័ត៌​មាន​នោះ​អាច​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ភ្ញាក់​ផ្អើល ហើយ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​លទ្ធ​ផលនៃ​​ការ​បោះ​ឆ្នោត។

ទោះ​ជា​យ៉ាង​ណា អ្នក​រិះ​គន់​ជា​ច្រើន​ បាន​​លើក​ឡើង​ថា ការ​ដាក់​​​បម្រាម​​លើ​ស្ថានីយ​វិទ្យុ​បែប​នេះ​ គឺ​ជា​កា​រ​កាត់​បន្ថយ​កម្រិត​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​​ក្នុង​ប្រទេស​កម្ពុជា​។

លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​​​​គណៈ​កម្មាធិការ​​​សម្រាប់ការ​​​បោះ​​​ឆ្នោត​​​ដោយ​សេរី​និង​​​យុត្តិធម៌​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “ បញ្ហា​សំខាន់​នៅ​ថ្ងៃ​បោះ​ឆ្នោត​ គឺ​ព័ត៌​មាន​។ អ្នកបោះ​ឆ្នោត​មានសិទ្ធិ​ស្តាប់​ព័ត៌​មាន​ពាក់​ព័ន្ធ​​នឹង​ការ​បោះឆ្នោត ​អំឡុង​ពេល​បោះ​ឆ្នោត​​។​ បើ​មិន​អ៊ីចឹង​ទេ វា​ពិត​ជា​​ប៉ះ​ពាល់​ដល់​តម្លា​ភាព​នៃ​ការ​បោះ​ឆ្នោត និង​ធ្វើ​ឲ្យ​ទំនុក​ចិត្ត​​លើ​​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ធ្លាក់​ចុះ​​”៕

(រាយ​ការណ៍​បន្ថែម​ដោយ Simon Lewis)

            ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស