28.5 C
Phnom Penh

តុលាការសាកសួរ​​​ជន​​​សង្ស័យ​​​​ប្រាំ​​​មួយ​​​នាក់ពីបទសាង​​​សង់​​​អាងស្តុកទឹកខុសច្បាប់ ក្នុង​​​បឹងទន្លេ​​​សាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ​​​ សាលាដំបូង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​សាកសួរ​​​​ជន​​​សង្ស័យ​ប្រាំមួយ​​​នាក់​​ រួម​​​ទាំង​​​​​​ប្រធាន​​​មន្ទីរ​​​ធន​​​ធាន​​​ទឹក​​ និង​​​មេឃុំ​ម្នាក់ ដោយសង្ស័យថា​ មានជាប់ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បំផ្លាញព្រៃ​​​លិច​​​ទឹក​​​ ​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ​​​ ដើម្បី​​​សាង​​​សង់​​អាង​​​​​​ស្តុកទឹកដោយខុស​​​ច្បាប់​​​នៅ​​​ក្នុង​​បឹង​ទន្លេសាប។

​​​នៅ​​​ដើម​​​ខែនេះ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​រឹបអូស​​គ្រឿងចក្រជា​​​ច្រើន​​​គ្រឿង​​​ពី​​​សហគមន៍​​​ធ្វើ​កសិកម្ម​​មួយក្រុម ដែល​​​គ្រប់​​​គ្រង​​​ដោយ​លោក​​ពាញ ពូល មេ​​​ឃុំ​​​សំព្រោច មក​​​ពី​​​​បក្ស​​​​ប្រ​​​ជា​ជន​​​​កម្ពុជា ​​​ដែល​​​ទើប​​​តែ​​​ជាប់​​​ឆ្នោត​​​​។​​​ លោកឧត្តមសេនីយ៍ត្រី​​​ ស៊ា សម្បត្តិ ស្នង​​ការរងផ្នែក​​​ស្រាវ​​​ជ្រាវ ​​​និង​​​ស៊ើប​​​អង្កេត​​​នៃ​​​កង​​​រាជអាវុធហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​បាន​​​មាន​​​ប្រសាសន៍ថា លោក ពាញពូលនិង​​​លោក​ជាតិ ស៊ីវុត្ថា ​​​ប្រធានមន្ទីរ​​​​​​ធន​​​ធាន​​​ទឹក​​​​ ព្រមទាំងកសិករ​​​បួន​​​នាក់​​​ទៀត​​​ មាន​​​ឈ្មោះ ម៉េង ​ផល្លី ​ឈ្មោះ ធាង ធា ឈ្មោះ ថាវ ទុំ និងអ្នកស្រី យក់​គឹមឡេន ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពីថ្ងៃ​​​អង្គារ​​​ពី​បទសង្ស័យថា ទន្ទ្រាន​​​យក​​​ដី​​​លិច​​​ទឹក​ដោយ​ខុសច្បាប់។លោក​​​បន្ថែម​​ថា“ ដោយ​​​មាន​​ដី​​​កាពី​​​តុលាការ​​​ទើប​​​​​​​​​អាចនាំ​​​​ខ្លួន​​​ជន​​​សង្ស័យ​​​ទាំង “ ​​​ប្រាំ​​​មួយ” ​​​​នាក់​ដែល​ជាប់ពាក់​​​ព័ន្ធនឹង​​​ការ​​​ទន្ទ្រាន​​​យក​​​ដី​​​ព្រៃ​​​លិច​​​ទឹក​​​នេះ​​​បាន​​​”។​​​

គ្រឿងចក្រជាច្រើន​​​គ្រឿង​​​ត្រូវ​​​បាន​​​ដក​​​ហូត​​នៅក្នុងយុទ្ធនាការ​​​បង្ក្រាប​ករណី​​​សាង​សង់​​​អាងដោយខុសច្បាប់ជាបន្ដ​​​បន្ទាប់​​​​​​ ​​​របស់​​​រដ្ឋា​​​ភិបាល​​​​​​ ដែលទទួលរងការ​​​រិះគន់​​​ថា ​​​កំពុង​បំផ្លិញ​​បំផ្លាញ​​​ជម្រក​​​ត្រី​​​ពង និង​​​ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៩​​​មក​​​ម៉្លេះ។​​​

នៅ​​​ខាង​​​ក្រៅ​​​តុលាការ ​​​កាល​​​ពី​​​ម្សិលមិញ​ជន​​​សង្ស័យ​​​ពីរនាក់​​​បាន​​​បដិសេធយ៉ាង​​​ដាច់​​​អហង្ការថា មិន​​​មានពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​នេះ​​​ទេ ដោយ​​​និយាយថា ពួកគេពិតជា​​​បាន​​​ជួល​​​ត្រាក់​​​ទ័រទាំង​​​នេះមែន ប៉ុន្ដែ​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ច្បាប់​​​នោះទេ។ លោក ពាញ ពីល ដែលជា​​​ប្រធាន​​​សហ​គមន៍​​​ស្រែ​​​ប្រាំងផង​​​ដែរ​​​នោះ ​​​និយាយ​ថា“ ខ្ញុំ​​​មិន​​​បាន​​​ទន្ទ្រាន​​​យក​​​ដី​​​ព្រៃ​​​លិច​​​ទឹក​​​នោះ​ទេ”។លោក ម៉េង ផល្លី កសិករ​​​ម្នាក់​​​មកពីឃុំ​​​ចំណារក្រោម  ស្រុក​​​ស្ទោង  ខេត្ត​​​កំពង់​​​ធំ បញ្ជាក់​​​ឲ្យ​​​ដឹង​​​ថា លោក​​​បាន​​​ទទួល​​​ការ​​​អនុញ្ញាត​ពីអាជ្ញាធរ​​​ខេត្ត​​​ ឲ្យជីកអាងស្តុកទឹក​​​ក្នុង​​​តំបន់​​​នេះ។​​​

លោក គា ឆាយ មេធាវី​​​ការពារ​​​ជន​​​សង្ស័យ​បួន​​​នាក់​​​ រាប់​​​ទាំង​​​លោក ស៊ីវុត្ថា ផងនោះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការសាក​​​សួរ​​​នេះនឹង​​​បន្ដ​នៅថ្ងៃនេះ​​ទៀតហើយ​​ជន​​​សង្ស័យ​​​ទាំង​អស់​ត្រូវ​​​បាន​​​បញ្ជូន​​​ត្រឡប់ទៅឃុំ​​​ខ្លួន​​​​​​ក្នុង​ទី​បញ្ជា​ការកង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើផ្ទៃប្រទេស​​​វិញ​​​​​។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​មិន​​​អាច​​​និយាយ​​​លម្អិត​​​អំពី​​​ករណី​​​នេះ​​​បាន​​​ទេ ​​​ប៉ុន្ដែ​​​អ្នកស្រី គឹមឡេន បាន​​​ប្រាប់​​​ខ្ញុំ​​​ថា អ្នកស្រី​​​បាន​​​សាងសង់​​​អាងទឹក​​​នេះ តាំង​​​ពី​​​ឆ្នាំ​​​២០០៤​​​មក​​​ម៉្លេះ ដោយ​​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ពី​​​អាជ្ញា​ធរ​​​ខេត្ត ហើយ​​​គ្មាន​​​អាជ្ញាធរ​​​ណាបាន​​​ហាម​​​ឃាត់​​​គាត់​​​នោះ​​​ទេ”។ លោកស្រីវ៉ា សក្កដា ព្រះ​​​រាជអាជ្ញារង​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយទេ៕

     ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស