42.2 C
Phnom Penh

នគរបាល​បិទ​ការ​ប្រជុំនៅ​ក្នុង​ខេត្ត​រតនគិរី​របស់​អង្គការ​សិទ្ធិ​មនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញា​ធរ​មូល​ដ្ឋាន​ រួម​ទាំង​មន្ត្រី​នគរ​បាល​ប្រដាប់​ដោយ​អាវុធ​ធន់​ធ្ងន់​ កាល​ពី​ថ្ងៃ​សុក្រ​ បាន​បំបែក​ការ​ជួបជុំគ្នាមួយដើម្បីពិភាក្សា​អំពី​សិទ្ធិ​ដី​ធ្លី​ នៅក្នុង​ស្រុក​លំផាត់​ ខេត្ត​រតនគិរី​ ដោយ​បាន​អះអាង​ថា អង្គការ​ទាំង​ពីរ​នេះ​គ្មាន​​សិទ្ធិ​​បើក​ការ​ប្រជុំ​បែប​នេះ​ទេ​។

ទង្វើនេះ​បានកើត​ឡើង​ជា​លើក​ទី​២​នៅក្នុងរយៈពេលមិន​ដល់​មួយ​សប្ដាហ៍​ផង​ ដែលអាជ្ញា​ធរ​បានបញ្ឈប់​កម្មវិធី​អប់រំ​អំពីសិទ្ធិ​ដីធ្លី​ ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុកនិង​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា​។

លោកឈឹមសាវុធ​ អ្នក​សម្រប​សម្រួល​គម្រោង​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​លើក​ឡើង​ថាអ្នក​ភូមិ​ប្រហែល​៥០​នាក់​ ​មកជួបជុំ​គ្នា​ដើម្បីចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ ​នៅក្នុង​ផ្ទះ​​មួយក្នុង​ភូមិ​បាតាង​ ឃុំ​បាតាង​ នៅ​ពេល​ដែល​មន្ត្រី​នគរបាល​ឃុំបី​រូប​ រួមទាំងមេភូមិមេឃុំនិង​ជំទប់ឃំុបាន​ទៅ​គោះ​ទ្វារ​ ហើយបង្គាប់ឲ្យ​បិទ​ការ​ប្រជុំ​នេះ។

លោកសាវុធ លើក​ឡើង​ថា អង្គការ​សិទ្ធិ​​មនុស្ស​ទាំង​ពីរ​នេះ​មិន​បាន​ធ្វើ​តាម​បទ​បញ្ជា​នោះ​ទេ​ ហើយ​នៅ​តែ​ព្យាយាម​បន្ដ​ពិភាក្សា​គ្នា រហូតដល់១៥​នាទី​ក្រោយ​មក ​ទើប​មាន​មន្ត្រី​​​នគរបាល​ស្រុក​ពីរ​នាក់ថែម​ទៀត ​មក​ដល់​ ហើយ​មាន​ម្នាក់​ប្រដាប់​ដោយ​អាវុធ​ M-16។

លោក សាវុធ បាន​មាន​ប្រសាសន៍​ថា “ ជា​ការ​ពិត​ហើយ​ វាគឺ​ជា​ការ​គំរាម​កំហែងនៅ​ពេល​ដែល​នគរបាល​ប្រដាប់​អាវុធ​ ត្រូវ​បាន​បញ្ជូ​កមកកាន់​ទី​នេះ​ ដើម្បី​រារាំង​ការ​ប្រជុំ”។លោក​បាន​បន្ថែម​ទៀត​ថា ការ​ប្រជុំ​នេះ​មិន​ទាន់​បាន​ចាប់​ផ្ដើម​ទេ ​នៅ​ពេល​នគរបាល​បាន​មក​ដល់​នោះ។

លោក រ៉ាយ រ៉ៃ ស្នង​ការ​នគរបាល​ខេត្ត​រតនគិរី ​ទទូច​ថា មិន​មាន​ការ​គំរាម​កំហែង​​ណាមួយ​ពី​មន្ត្រី​នគរបាល​នោះ​ទេ​ ដោយបាន​​លើក​ឡើងថា នគរបាល​តែង​តែ​កាន់​អាវុធ​បែប​នេះ​ហើយ​។

យោង​តាម​លោក រ៉ាយ រ៉ៃ ​បាន​ឲ្យដឹងថា នគរបាន​រារាំង​ការ​ប្រជុំ​មិន​ឲ្យ​បន្ដ​ទៀតមែនដោយ​សារ​មិន​មាន​ការអនុញ្ញាតពី​អាជ្ញា​ធរ​ខេត្ត​ ពី​ព្រោះ​អង្គការ​ទាំង​ពីរ​នេះ​មិន​​បាន​ផ្ដល់​​ដំណឹង​ដល់អាជ្ញាធរ ឬ​ក៏​សុំ​ការ​អនុ​ញ្ញាត​ពី​អាជ្ញាធរជាមុនឡើយ​។

លោក​បាន​លើក​ឡើង​ថា “​ហេតុ​ដូច្នេះ​ហើយ​ទើប​យើង​ចាំ​បាច់​ ត្រូវ​តែ​បញ្ឈប់​ពួក​គេ​ ពី​ព្រោះ​យើង​ចង់ដឹងថា តើពួក​គេ​ចេះ​អនុវត្ត​​ច្បាប់​ ដែល​តម្រូវ​ឲ្យ​ពួក​គេ​ផ្ដល់​ដំណឹង​ និង​សុំ​ការអនុញ្ញាតពី​អាជ្ញាធរ​ជាមុនដែរ​ឬ​ទេ”។ សម្ដី​របស់លោក​ត្រូវ​បានលោក ណាប់ប៊ុនហេងអភិបាល​រង​ខេត្តបន្ទរថែម​។

លោក​ ប៊ុនហេង បាន​មាន​ប្រសាសន៍​ថា“ ជា​អកុសល​ពួក​គេ​បាន​ចូល​ទៅ​ដល់​ភូមិ​នេះ​ ដោយ​មិន​បាន​ផ្ដល់​ដំណឹងដល់​យើង​ជា​មុន​ ហើយ​យើង​បាន​ចាត់​ទុក​ការ​មក​ដល់​របស់​ពួក​គេ​ក្នុង​ភូមិ​នេះ​ថា អាច​នឹង​ប៉ះពាល់​ដល់​គោល​នយោ​បាយ​​របស់​រដ្ឋាភិបាល​ក្នុង​ការ​ចុះ​បញ្ជីដី​ធ្លី និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដល់​ប្រជា​ជន​”។

លោក​បាន​បន្ថែម​ថា អាជ្ញាធរ​ខេត្ត​បាន​ប្រកាស​រួច​ហើយ​ថា ពួក​គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា​​ បើក​វេទិកា​សាធារណៈ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី​៣០ខែ​កក្កដា នៅ​ក្នុង​ឃុំ​មួយ​ក្បែរ​នេះ​ គឺ​ឃុំ​សេដា​​នោះ​ទេ​ ដោយ​លោក​​លើក​ឡើង​ថា មន្ត្រី​ ​និង​អ្នក​ភូមិ​កំពុង​តែ​រវល់​ជាមួយ​នឹងនិស្សិត​ស្ម័គ្រ​ចិត្តខ្លាំងណាស់​​​ ដែល​បានចុះ​មក​ជួយ​​វាស់ ​វែង​​ដី​ធ្លី​​មាន​ជម្លោះជា​ច្រើន​កន្លែង ដើម្បី​ផ្ដល់​​ប័ណ្ណ​កម្មសិទ្ធិ​​ដល់​អ្នក​ភូមិ​នោះ​។

ទោះ​បី​ជា​មន្ត្រី​មួយ​ចំនួន​​លើក​ឡើង​ថាពួកគេ​កំពុង​តែ​ធ្វើ​ការ​ ដើម្បី​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​​ដល់​អ្នក​ភូមិ ​ដែល​ធ្វើ​ឡើង​តាម​គំនិត​ផ្ដួច​ផ្ដើម​របស់​រដ្ឋាភិបាល​ក៏ដោយ​ ក៏​ខេត្ត​រតនគិរីត្រូវ​តែ​ដោះ​ស្រាយ​ជាមួយ​នឹង​ដី​សម្បទាន​ជា​ច្រើន​ ​និង​ការ​លក់​ដី​ឯក​ជន​ ​ដោយ​ប្រែក្លាយ​តំបន់​​អតីត​ព្រៃ​ឈើ​ទៅ​ជា​ចម្ការ​កៅស៊ូ​ ចម្ការ​ស្វាយ​ចន្ទី​ និង​​ចម្ការ​ដំឡូង​មី​ដ៏ធំល្វឹងល្វើយ​ក្នុង​ខេត្តនេះ។

នៅ​ពេល​សួរ​ថា តើ​ច្បាប់​អ្វី​ដែល​អង្គការ​ទាំង​ពីរ​នេះ​បាន​រំលោភតាមរយៈ​ការ​ជួបជុំ​គ្នា​នៅក្នុង​​ស្រុក​លំផាត់​ កាល​ពី​ថ្ងៃសុក្រ​ លោក​ ណាប់​ ប៊ុន​ហេង បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​​ទេ​។ លោក​លើក​ឡើង​ថា “​ខ្ញុំ​មិន​ចង់​និយាយ​អំពី​បញ្ហា​នេះ​ទេ​ ប៉ុន្ដែ យើង​បញ្ឈប់​ពួក​គេ​ ពី​ព្រោះ​ពួក​គេ​មិន​បាន​ផ្ដល់​ដំណឹង​ដល់​ពួក​យើង​​​ជាមុន​”។

អង្គការ​សិទ្ធ​មនុស្សអាដហុក និង​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា បាន​លើក​ឡើង​ថា មិន​មាន​ច្បាប់​​ណា​មួយតម្រូវ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាលសុំ​ការ​​​អនុញ្ញាត​ពីអាជ្ញាធរជាមុន ដើម្បី​រៀបចំ​ប្រជុំ​ជាមួយអ្នក​ភូមិ​នៅ​តាម​សហ​គមន៍​​​ ដើម្បី​ពិភាក្សាអំពី​ច្បាប់​ភូមិបាល​ និង​ច្បាប់​ព្រៃឈើ​នោះ​ទេ។

នៅក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​មួួយ​ចេញ​កាល​ពី​រសៀល​ថ្ងៃ​សុក្រអង្គការ​ទាំង​ពីរ​បាន​ថ្កោល​ទោស​ចំពោះ​ការ​រារាំង​ និង​បាន​អំពាវ​នាវ​​ឲ្យ​អាជ្ញា​ធរ​បញ្ឈប់​ការ​បំភិត​បំភ័យ​ដល់​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​ឲ្យ​ជួយ​លើក​​កម្ពស់​សិទ្ធិ​ប្រជា​ពលរដ្ឋ​ ដើម្បី​មាន​សិទ្ធិ​ក្នុង​ការ​​បញ្ចេញ​មតិ​ និង​សិទ្ធិធ្វើការ​ប្រជុំ​។

សេចក្ដី​ថ្លែងការណ៍​នេះ​ ​លើក​ឡើង​ថា “ ​អង្គការ​អាដហុក​ និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​សូម​រំឭក​ដល់​អាជ្ញាធរ​ខ្មែរថា បើ​យោង​​តាម​មាត្រា៣ នៃ​ច្បាប់​ស្ដី​អំពី​ការ​ធ្វើ​បាតុកម្ម (ឆ្នាំ២០០៩) អង្គការ​មិន​ចាំ​បាច់​ត្រូវ​បញ្ជាក់​លម្អិតអំពីសកម្មភាព​ផ្ដល់​ការ​អប់​រំ ​ដើម្បី​ប្រយោជន៍​សង្គម​នោះ​ទេ​។ ថ្វី​បើ​មាន​ការ​ផ្ដល់​​បែប​នេះក្ដី ​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្សកម្ពុជា​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​មេភូមិ​បាតាង​រួច​ហើយ ដោយបានបញ្ជាក់​អំពី​ការ​​ប្រជុំ​ដែល​​នឹង​ត្រូវ​ធ្វើ​ឡើង​នាពេល​ខាងមុខ​នេះ​​”។

សេចក្ដី​ថ្លែងការណ៍​នេះ​បន្ដ​ថា“​ សកម្ម​ភាព​​របស់​អាជ្ញាធរ​ គឺ​ពិត​ជា​បាន​រំលោភ​បំពាន​ទាំង​​ស្រុង​លើ​ច្បាប់​សិទ្ធិ​មនុស្ស​អន្ដរជាតិ​ និង​ច្បាប់​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​”។

លោក​ ប៉ែនបុ៊ណ្ណារ៍អ្នក​សម្រប​សម្រួល​របស់អង្គការ​​សិទ្ធិមនុស្សអាដហុក​ប្រចាំ​ខេត្ត​រតនគិរី​ បាន​លើក​ឡើង​ថានៅ​ពេលអាជ្ញាធរ​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​ជុំ​វិញ​កន្លែង​បើក​ការ​ប្រជុំ​ ​កាល​ពី​ថ្ងៃ​សុក្រ ​ពេល​នោះ​លោកផេងម៉ាំងមេភូមិ​បាតាង មក​ពី​គណបក្ស​ប្រជាជន​ បាន​ចាប់​ផ្ដើម​និយាយចោទ​ប្រកាន់​អង្គការ​អាដ

ហុក​​ក្ដែង​ៗ​ថា​អង្គការ​នេះ​កំពុងតែ​ធ្វើ​សកម្ម​ភាព​ញុះ​ញង់​។ លោក ប៉ែន ប៊ុណ្ណារ៍ ​ បានមាន​ប្រសាសន៍​ថា “ គាត់​បានចោទ​ប្រកាន់​ជា​សា​ធារ​ណៈ​ថា​  អង្គការ​​​​អាដ​​ហុក​ បាន​ញុះញង់​អ្នកភូមិ​ឲ្យ​ងើប​​ឡើង​បះ​បោរ​ និង​ប្រឆាំង​អាជ្ញាធរ​មូលដ្ឋាន​”។លោក​​បន្ថែម​ទៀតថា  លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​ពី​បទ​​បរិហារកេរ្ដិ៍​ប្តឹង​មេ​ភូមិ​រូបនេះ​​​នៅ​ថ្ងៃ​ច័ន្ទ។

លោក​បាន​ថ្លែង​ថា “ ​ខ្ញុំ​ចាត់​ទុក​ថា នេះ​គឺ​ការ​បរិហារកេរ្តិ៍ នៅ​ពេលយើង​បើក​វគ្គ​បំពាក់​បំប៉នមួយ​ចំនួន​ ដើម្បី​ឲ្យ​អ្នក​ភូមិ​យល់​ដឹង​អំពី​សិទ្ធិ​ដីធ្លី​ និង​សិទ្ធិ​មនុស្សប៉ុន្ដែយើង​មិន​ដែល​បាន​ញុះញង់​អ្នក​ភូមិ​ឲ្យ​ធ្វើ​អ្វី​ខុស​ ឬប្រឆាំង​អាជ្ញាធរ​ និង​រដ្ឋាភិបាល​នោះ​ទេ”។ លោក ផេង ម៉ាំង​ មិន​អាច​ទាក់​ទង​ដើម្បី​សុំការអត្ថាធិប្បាយ​បានទេ​ រីឯលោក គឹតចែមមេភូមិ​វិញ​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដែរ​។  លោកប៊ុណ្ណារ៍​ បាន​មាន​ប្រសាសន៍​ថាលោក​មិន​មាន​ការ​រំជើបរំជួល​ពី​ប្រតិកម្ម​ដ៏​ខ្លាំង​ក្លារបស់​រដ្ឋាភិបាល​នោះ​ទេ។

លោកបាន​បន្ដ​ថា”​អាជ្ញាធរ​មូល​ដ្ឋាន​ទាំង​នេះ​ ដែល​ធ្លាប់មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​លក់​ដី​ព្រៃ​របស់​រដ្ឋ​ មាន​អារម្មណ៍​ភ័យ​ខ្លាច​ នៅ​ពេលអ្នកភូមិ​បាន​យល់ដឹង​អំពី​ច្បាប់​ភូមិបាល​ និងសិទ្ធិដីធ្លី”។ សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​ក៏​បាន​លើក​ឡើង​ដែរ​ថាការ​ដាក់​សម្ពាធ​បែប​នេះ​ទៅ​លើ​អ្នក​ភូមិ​ ដែល​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​ ដើម្បី​ទាមទារកាន់កាប់សិទ្ធិ​ដី​ធ្លីគឺ​បាន​ក្លាយ​ជា​រឿងដែលតែងតែកើត​​មាន​ជា​ច្រើន​កន្លែង​។

លោកភៀលរ៉ូបឺតសុន​ (Phil Robertson) នាយក​រងអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ីបាន​លើក​ឡើង​នៅក្នុង​អុីម៉េលថា​ “ការ​រំលោភ​បំពាន​សិទ្ធិ​សេរី​ភាពបែបប្រព័ន្ធ​ មកលើ​ការ​ពិភាក្សា​ និង​ការ​ប្រជុំ​គ្នា ​គឺ​បាន​ក្លាយ​ទៅ​ជា​និយាម​មួយ​ថ្មី​ទៅ​ហើយ​ ជា​ពិសេស​នៅតាមកន្លែង​កើត​មាន​ការ​ប្ដឹង​ផ្តល់

អំពី​ការ​រឹប​អូស​ដីធ្លី​ ដែលបញ្ហានេះត្រូវលើកមកជាប្រធានបទសម្រាប់ពិភាក្សា”។លោក​បាន​លើក​ឡើង​បន្ថែមថា”​ទិដ្ឋភាព​ថ្មី​នេះ​ពិត​ជា​បាន​គម្រាម​កំហែង​ដល់​ប្រជា​ពលរដ្ឋ​ រសនៅតាម​ទី​ជនបទ​ ដែល​កំពុង​តែ​ខំការ​ពារ​ដីរបស់​ខ្លួន​ ដើម្បី​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ ហើយ​វា​ពិត​ជា​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភដល់អ្នក​ដែល​កំពុង​តែ​យក​ចិត្ត​ទុក​ការរីនចម្រើនផ្នែកសេដ្ឋកិច្ច​ និង​ការអភិវឌ្ឍក្នុងសង្គមកម្ពុជា៕

(រាយការណ៍​បន្ថែម​ដោយ Abby Seiff)

ប្រែសម្រួលដោយស៊ាស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស