42.2 C
Phnom Penh

​​នៅ​ពេល​ជិត​មាន​ការ​​​បណ្ដេញ​ចេញ​​​ សហគមន៍​​​នេសាទ​​​ខ្មែរ​​​អីុស្លាម​​​រស់​​​​នៅ​ដោយ​ការ​ភ័យ​​​ខ្លាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិល​​​មិញ​​​ក្មេង​​​ៗ​​​​​​លេង​​​នៅ​​​តាម​​ច្រាំង​​​ទន្លេ​​​នៅ​ជ្រោយ​ចង្វាខណៈដែល​​​ឪ​​​ពុក​​​​ម្ដាយ​​​របស់​​​ពួក​​​គេ​​​កំពុង​​​សម្រាក​​​ក្រោយ​​​ពេល​​​បាយ​​​ថ្ងៃ​​​ត្រង់នៅ​​​ក្រោម​​​ដំបូល​​​ផ្ទះ​​​ទូក​​​ពណ៌​លឿង និង​​​​ខៀវ។​​​​​

ប៉ុន្ដែ​​​ សមាជិក​​​នៃ​​​សហគមន៍​​​ខ្មែរ​​​អុីស្លាម​​​នេះ​​​​​​​​​និយាយថា កាល​​​ពី​​​យប់​​​ថ្ងៃ​​​សុក្រ​​​ មាន​រឿង​​​​ផ្សេង​មួយ​ គឺ​​​​នៅ​​​ម៉ោង​​​១០យប់​​​​​​ មន្ត្រី​​​នគរ​​​បាល​​​​ប្រ​​​ដាប់​​​អាវុធ​​​ប្រមាណ​២០​​​នាក់ ​​​បាន​​​មក​​​បង្ខំ​ពួកគេ​​​បើក​​​ទូក​ចេញ​ពី​ទីនោះ​។​​​​​​​​​​

​​​អ្នក​​​ស្រី​​​ លៀក មុំ អង្គុយ​​​នៅ​​​លើ​​​ទូក​​​ជា​មួយ​​​​កូន​​​បួន​​​នាក់​​​បាន​​​ឲ្យ​​​ដឹង​​​ថា “ខ្ញុំ​​ភិត​ភ័​យ​​​ណាស់​​ពេល​​​នគរ​​​បាល​​​មក​​​ ជាពិសេស​​​ដោយសារ​ពួក​គេ​​​មក​​​​នៅ​​​​ពេល​​​យប់។ ពួកគេ​​​មាន​​​កាំភ្លើង ​​​និង​​​ខ្នោះដៃ​​”។

ក្រោយ​​​ពី​​​ហេតុ​​​ការណ៍​​​នោះ អ្នក​​​ស្រី ​លៀក​ មុំ បាន​​​អុំទូក​​​គេច​​​ខ្លួន ប៉ុន្ដែ​​​បាន​​​ត្រឡប់​​​មក​​​វិញ​​​ពេល​​​នគរ​​​បាល​​​បាន​​​ចេញ​​​ទៅ​​​អស់។​​​ លោក ម៉ាត់​​​ គ្រីយ៉ា តំណាង​​​សហគមន៍​​​ខ្មែរអីុស្លាម​​​ជាង​​​១០០​​​គ្រួសារ​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​សង្កាត់​​​ជ្រោយ​​​ចង្វា​​​បាន​​​លើក​​​ឡើង​​​ថា ​​​ប្រជា​ពលរដ្ឋ​​​៦៦​​​គ្រួសារ​​​នៅ​​​បន្ត​​​រស់​​​នៅ​​​​តាម​មាត់​ទន្លេនោះ។​​​​​​

អាជ្ញាធរបាន​​​បញ្ជា​​​ឲ្យ​​​គ្រួសារទាំង​​​អស់​​​នោះ​​​ចាក​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ដោយ​​​លើក​​​ឡើង​​​ថា ត្រូវ​​​ការ​​​សម្អាត​​​មាត់​​​ទន្លេ​​​ និង​ដើម្បី​​​យកក​​​ន្លែង​​​នោះ​​​សាងសង់​​​សណ្ឋាគារ​​​សុខា ដែល​​​នៅ​​​ចំពីលើ​​​សហគមន៍ទូក​​​នោះ។​​​​​​​​​​​​

លោក ចៅ ស៊ីដន ចៅសង្កាត់​​​ជ្រោយ​​​ចង្វា បានមាន​​​ប្រសាសន៍ ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​​​​ថា សហ​គម​ន៍នេះ ​​​បន្ដ​​​នៅ​​​ទី​​​នោះ​​​រហូត​​​ដល់​​​ថ្ងៃ​​​សៅរ៍​​​ដើម្បី​​​ប្រារព្ធ​​​​​​​​​​​​ពិធី​​​បុណ្យ​​​សាសនារ៉ាម៉ាដន​​​រួច​​​ទើប​​​ចាក​​​ចេញ។​​​​​​

លោក ស៊ីដន​​​ ​​​មាន​​​ប្រសាសន៍​ថា ​ “ យើង​​​ទុ​​​កពេល​​​១០​​​ថ្ងៃ​​​ ឲ្យ​​​ពួកគេ​​​​​រៀប​​​ចំ​​​ពិធី​​​បុណ្យ​​​សាសនានេះ បន្ទាប់​​​ពីនោះ​​​យើង​​​នឹង​​​ចាត់​​​វិធាន​​​ការ​​​ហើយ”។ លោក​​​បាន​​​បន្ថែម​ថា​ ទី​តាំង​​​ថ្មី​​​សម្រាប់​​​ពួកគាត់​​​នៅ​​​មិន​​​ឆ្ងាយ​​​ពី​​​ទី​​​នេះប៉ុន្មាន​​​នោះទេ។​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “យើង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​ប្រ​​​ជាពល​​​រដ្ឋ​​​ អ៊ីចឹង​​​ហើយ​​​បាន​​​ជាយើង​​​សុំ​​​ឲ្យ​​​ពួកគាត់​​​ចាក​​​ចេញ​ពី​​​ទី​​​នេះ។ នៅ​​​ពេល​​​តំបន់​នេះ​​​ត្រូវ​​​អភិវឌ្ឍ អាច​មាន​កម្ទេច​​​​កម្ទី​​​សំណង់ធ្លាក់​​​លើ​​​ពួកគាត់”។

​​​ទោះ​​​ជាយ៉ាង​​​ណា លោក គ្រី​​យ៉ា ដែល​បានជំទាស់​​​​​​នឹង​​​ទីតាំង​​​ថ្មី​​​ទាំង​​​ពីរ​​​កន្លែង​​​ ដោយ​​​សារ​តែ​​​នៅ​​​ឆ្ងាយ​​​ពី​​​ទន្លេ​​​សាប​​​ ដែល​​​អាច​​​ពិបាក​​​សម្រាប់​​​កូនៗ​​​របស់​​​ពួកគាត់​​​ទៅ​​​សាលារៀន​​​ក្នុង​​​ពេល​​​ព្រឹក។​​​​​​ លោក​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថាការ​​​ប៉ុនប៉ង​​​បណ្ដេញ​​​សហគមន៍​​​នេះ​​​ចេញ​​​កាល​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​និង​​​ថ្ងៃ​​​សុក្រ​​​ បាន​​​ធ្វើ​​​ឲ្យ​​​រំខាន​​​ដល់​​​ពិធី​រ៉ាម៉ាដនបាត់​​​ទៅ​ហើយ។​ប្រជាពល​រដ​្ឋ​​​ក្នុង​​​សហគមន៍​​​នេះ ​​​ត្រូវ​​​សូត្រធម៌បួង​​​សួង​​​​​​ប្រាំ​​​ដង​​​ក្នុង​​​មួយ​​​ថ្ងៃ ដោយ​​​តម​​​អាហារ​​​ចាប់​​​តាំង​​​ពី​​​ព្រះ​​​អាទិត្យ​​​រះ​​​ដល់​​​ព្រះ​​​អាទិត្យ​​​លិច​​​ប៉ុន្ដែ​​​ អាជ្ញាធរ​​​បែរ​​​ជាមក​​​ធ្វើ​​​ឲ្យ​​​ខូចពិធី​​​របស់​​​សហគមន៍​​​នៅ​​​ឱកាស​​​បរិសុទ្ធនោះ​​​ទៅ​​​វិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​ខ្មែរ​​​អីុស្លាម​​​ម្នាក់​​​ឈ្មោះ​​​ សាស អាយុ​​​៥៥​​​ដែល​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​នាម​​​ត្រកូល​​​ព្រោះ​​​ខ្លាច​​​អាជ្ញាធរ​​​​​​ធ្វើ​​​បាប​ បាន​​​លើកឡើង​​​ថា “ នៅពេល​​​ពួកគេ​​​បង្ខំ​​​ឲ្យ​​​យើង​​​ចាក​​​ចេញ​​​នោះ ពួកគេ​​​​​​​មិន​​​ខ្វល់​​​ថា​​​ ទូកខូច ឬ​​​មនុស្ស​​​ស្លាប់​​​នោះ​ទេ។ កូនៗ​​​របស់​​​យើង​​​ស្រែក​​​យំ​​​ទ្រហឹង ​ព្រោះ​​​​ពួកគេ​​​ភ័យ​​​ខ្លាច​​​”។

មន្ត្រី​​​នគរ​​​បាល​​​សង្កាត់​​​ម្នាក់ ​​ដែល​ត្រួត​​​ពិនិត្យ​​​ទី​​​នោះ​ និង​ដែល​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ដោយ​​​សារ​​​លោក​​​មិន​​​ត្រូវ​​​បាន​អនុញ្ញាត​​​ឲ្យ​​​និយាយ​​​​ជាមួយ​អ្នក​​​សារព័ត៌មាន​​​នោះ បាន​​​ឲ្យ​​​ដឹង​​​ថា នគរ​​​បាល​​​នឹង​​​បន្ដ​​​ការ​​​បណេ្ដញ​​​ចេញ​នេះទៀត​​​ បន្ទាប់​​​ពី​​​ពិធី​​​បុណ្យ​​​រ៉ាម៉ាដន។​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍បន្ថែម​ទៀត​ថា “ រើ​ទូក​មាន​​​ភាព​​​​ងាយ​​​ស្រួល​​​ជាង​​​រើ​​​ផ្ទះ។ យើង​​​គ្រាន់​​​តែ​​​ស្រាយ​​​ខ្សែពួរ​​​ចេញ ​​​[ពី​​​​ច្រាំង​​​ទន្លេ] ជាការ​​ស្រេច​​​”៕

    ប្រែ​​​សម្រួល​​​ដោយ​​​ ហម សុផាណ្ណា​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស