29.6 C
Phnom Penh

ន​​​គរ​​​បាល​​​កំពុង​​​ស្វែង​​​រក​​​ជន​​​សង្ស័យ​​​ពាក់​​​ព័ន្ធ​​​​​​នឹង​​​ការ​​​ដាក់គ្រប់​​​បែក​​​បំផ្លាញ​​​ស្ពាន​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា នគរ​​​បាល​​​កំពុង​​​ស្វែង​​​រក​​​ជន​​​សង្ស័យ​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ដាក់​​​គ្រាប់​បែក​​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ ​​​ក្នុង​​​បំណង​​​​​​បំផ្លាញ​​​ស្ពាននៅ​​​តាម​​​បណ្ដោយ​ផ្លូវ​​​ជាតិ​​​លេខ​​​៤ ​​​​​​នៅ​ចន្លោះ​​​​​​​ព្រំប្រទល់​ខេត្ត​​​កំពង់​​​ស្ពឺ​​​ និង​​​ខេត្ត​​​ព្រះ​​​សី​​​ហនុ។​​​​​​

នគរបាល​​​បាន​​ឲ្យ​​​ដឹង​​​ថា បុរស​​​បួន​​​នាក់​​​ត្រូវ​​​បាន​សាកសួរ ​​​និង​​​ដោះ​​​លែង​​​វិញ​​​តាំង​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍។​​​​​​ គ្រាប់​​​បែកកែ​​​ច្នៃ​ផ្សំ​​​ពី​​​ម្សៅ​​​តេ​​​អិន​​​តេ ជី​​​គីមីនិង​​​ប្រេង​​​សាំង​​​ទម្ងន់​​​៣០​​​គីឡូក្រាម​​​ត្រូវ​​​បាន​​​គេ​​​ដាក់​​​នៅ​​​ក្រោម​​​ស្ពាន ​​​និង​​​កំណត់​​​ម៉ោង​​​ឲ្យ​​​ផ្ទុះ​​​នៅ​​​ម៉ោង​​​៩​​​យប់​​​ ប៉ុន្ដែ​​​ មិន​​​បាន​​​បំផ្លាញ​​​ស្ពានឬ​​​ធ្វើ​​​ឲ្យ​​​នរណា​​​ម្នាក់របួស​​​​​​នោះ​​​ទេ។  ​​​

លោក ខេង​​​ ទីតូ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជអាវុធ​​​ហត្ថ​​​​លើ​ផ្ទៃប្រទេស​​​​ ដែល​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះជន​​​សង្ស័យ ​​​​​​ឬមូល​​​ហេតុ​​​នៃ​​​ការ​​​ដាក់​​​គ្រាប់​​​បែក​​​​នេះទេ​ ​​ដោយ​​​សារតែ​​​រឿង​​​នេះ​​​កំពុង​​​ស្ថិតនៅ​ក្រោម​​​​​​ការ​​​ស៊ើប​​​អង្កេត​នោះ បាន​មាន​​​ប្រសាសន៍ថា “ យើង​​​​បាន​​​ស្គាល់​​​អត្ត​​​សញ្ញាណរបស់​​ជន​​​សង្ស័យ​​​ហើយ។ ​ពេលនេះ​​យើង​​​កំពុង​​​​​​​ស្វែង​​រក​​​ចាប​់​ខ្លួន​ជន​សង្ស័យ​​​​”។

លោក​​​ ទី​​​តូ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា“ យើង​​​មិន​​​ទាន់​​​បញ្ចប់​​​ការ​​​ស៊ើប​​​អង្កេត​​​នៅឡើយ​​​ទេ។ ដូច្នេះ យើង​​​មិន​​​អាច​​​និយាយ​​​បាន​ថា​​​ តើ​​​ការ​​​ដាក់​​​គ្រាប់​​​បែក​​​នេះ​​​ជាភេរវកម្ម ឬ​​​គ្រាន់​​​តែ​​​​ដើម្បី​​​បង្ក​​​ចលា​​​ចល​​​នោះ​​​ទេ​​​។ យើង​​​កំពុង​​​តែស៊ើប​​​អង្កេត”។

លោក​​​បាន​​​បន្ថែម​​​ថា បុរស​​​អាយុ​​​៥០​​​ឆ្នាំ​​​ម្នាក់​​​ ដែល​​​កង​​​រាជ​អាវុធ​​​ហត្ថ​ឃាត់​​​​ខ្លួន​​​​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​​នោះ ត្រូវ​​​បាន​​​ដោះ​​​លែង​​​កាល​​​​ពីម្សិល​​​មិញវិញហើយ ដោយ​​​សារ​​​តែ​​​ពួក​​​គេ​​​ពុំ​​​បាន​​​រក​​​ឃើញ​​​ភស្តុតាង​​​ភ្ជាប់​​​គាត់​​​ទៅ​​​នឹង​​​បទ​​​ល្មើស​​​នេះ។   លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា “ យើង​​​មិន​​​បារម្ភថា រឿង​​​នេះ​​​នឹង​​​អាច​​​កើត​​​ឡើង​​​ម្ដង​​​ទៀត​​​នោះ​​​ទេ”។

លោក ស្វាយ យឿន ​នាយ​ការិយាល័យ​​​នគរ​បាល​​​​ព្រហ្ម​ទណ្ឌ​​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កាលពី​​​ថ្ងៃ​​​ព្រ​ហស្បតិ៍មន្ត្រី​​​របស់​​​លោក ក៏បាន​​​សាកសួរបុរស​​​បី​​​នាក់​​​ផ្សេង​​​ទៀត ​​​ដែល​​​បានសាង​​​​សង់​​​ផ្ទះ​ចម្ងាយ​​​នៅ​ប្រហែល​​​៥០​​​ម៉ែត្រ​​​ពី​​​ស្ពាន​នោះ​ដែរ​​​ប៉ុន្ដែ​​​ពួកគាត់​​​​​​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​​វិញ​នៅថ្ងៃ​​​នោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា“ យើង​​​បាន​​​អញ្ជើញ​​​ពួកគាត់​​​មក​​​សាកសួរ​​​ ពី​​​ព្រោះ​​​ពួក​គាត់​​​​សង់​​​ផ្ទះ​​​ជិត​​​ស្ពាននោះ​​​ ប៉ុន្ដែ​​​ យើង​​​បាន​​​ដោះ​​​លែង​​​ពួកគាត់​​​វិញ ដោយ​​​សារតែ​​​ពួកគាត់​​​មិន​​​បាន​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​រឿង​​​នេះ​​​”។​​

គ្រាប់​​​បែក​​​ ដែល​​​ដាក់​​​ក្នុង​​​ធុង​​ជ័រ​​​ធំ​​​នោះ​បាន​​​រមៀល​​​ចេញ​​​ពី​​​ស្ពាន​​​ពេល​​​វា​​​​​​ផ្ទុះ នេះបើ​​​យោង​​​តាម​​​មន្ត្រី​​​មូល​​​ដ្ឋាន។ការ​​​ខូច​​​ខាត​​​បន្តិច​​​បន្តួច​​​មក​​​លើ​​​ផ្លូវ​​​ដែល​​​បម្រើ​​​ចរាចរណ៍​​​រវាង​​​រាជធានី​​​ភ្នំពេញ​​​និង​​​ខេត្ត​​​ព្រះ​​​សី​​​ហនុ​​​ក៏​​​ត្រូវ​​​បាន​​​ជួស​​​ជុល​​​រួច​​​ហើយ​​​ដែរ៕

​​​ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស