26 C
Phnom Penh

ការ​​​ផ្តន្ទា​​​ទោស​​​ ​​​ម៉ម សូណង់ដូ ឲ្យ​​​ ជាប់​ពន្ធនា​​​​​​គាររយៈ​​​ពេល​​​រហូត ដល់២០​​​​ឆ្នាំ​ ជា​​​រឿង​នយោបាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​​​រាជធានី​​​ភ្នំពេញ​​​ បាន​​​សម្រេច​​​​ផ្ដន្ទាទោស​​​លោក ម៉ម សូណង់ដូ ម្ចាស់​​ស្ថានីយ​វិទ្យុឯករាជ្យ​​​ ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​២០​​​ឆ្នាំ​​​ កាល​​​ពី​​​ម្សិលមិញ​​​ ចំពោះ​​​តួនាទី​​​របស់​​​លោក​​​ក្នុង​​​ការ​​​បង្កើត​​​ចលនា​​​អបគមន៍​​​ នៅ​សាល​ក្រម​​​​សម្រេច​​​មួយ​​​ ដែល​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ថ្កោល​​​ទោស​​​​ពី​​​បណ្ដា​​​អង្គការ​​​សិទ្ធិមនុស្ស​​​ និង​​​ម្ចាស់​​​ជំនួយ​​​បរទេស​​​សំខាន់​​​ៗ​​​មួយ​​​ចំនួន​​​របស់​​​កម្ពុជា។

សាលាដំបូង​​​ក៏​​​បាន​​​ចោទ​​​ប្រកាន់​​ និង​ផ្ដន្ទា​ទោស​​​សហចុង​​​ចោទ​​​១៣​​​នាក់​​​ផ្សេងទៀត​ផង​ដែរ​​​ រួម​​​ទាំងផ្ដន្ទាទោស​​​បី​​​នាក់​​​ទៀត ដោយ​​​កំបាំង​​​មុខ​​។ ទោះ​​​ជា​​​យ៉ាង​​​ណា ជនជាប់​ចោទ​ប្រាំ​​​ពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​១៣​​​នាក់​​​ ដែល​​​បាន​​​សហការ​​​ជា​​​មួយ​​​ព្រះ​​​រាជ​​​អាជ្ញា ​​​​​ត្រូវបាន​​​ព្យួរ​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ និង​​​ត្រូវបាន​​​តុលាការ​​​ដោះ​​​លែង​​​។

លោក ម៉ម សូណង់ដូ វ័យ​​​៧១​​​ឆ្នាំ ដែល​ពាក់​​​​អាវ​​​ដៃ​​​ខ្លី​​​ពណ៌ស​​​ និងចង​​​ក្រវាត់​​​ក​​​ពណ៌​​​ខៀវ បាន​​​សម្ដែង​​​​​​ការ​​​ភ្ញាក់​​​ផ្អើល​​​តិច​​​តួច នៅ​​​ពេល​​​លោកស្រីចៅ​​​ក្រម​​​ ចាំងស៊ីណាត ​ប្រកាស​​​សាល​​​ក្រម​​​។

ចៅ​​​ក្រម​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ​​​តុលាការ​​​មាន​​​ភ័ស្ដុតាង​​​គ្រប់​​​គ្រាន់​​​ ​​​ដើម្បី​​​​​​ចោទ​​​ប្រកាន់​​​ចុង​​​ចោទ ម៉ម សូណង់ដូ ដែល​​​ជាអ្នកញុះញង់ និង​​​​​​បាន​​​ញុះ​​​ញង់​​​ [​​​សហចុង​​​ចោទ​​​]  ប៊ុន រដ្ឋា ឲ្យ​​​ដឹកនាំ​​​ប្រជា​​​ពលរដ្ឋ​​​កាន់​​​អាវុធ​​​ប្រឆាំង​​​រដ្ឋ​​​”។

ក្នុងពេល​​​សវនាការ​​​ ​​​ដែ​ល​​​មាន​​​រយៈ​​​ពេល​​​បួន​ថ្ងៃ​​​កាល​​​ពី​​​ខែ​​​មុន​​​ លោក​​​ ម៉ម សូណង់ដូ ​បាន​​​​ពង្រឹង​ស្មារតី​​​ជម្នះ​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​ប្រាំមួយ​​​ករណី​​​មក​​​លើ​​​រូប​​​លោក​​​ រាប់​បញ្ចូល​ពី​​​ការ​​​ដឹក​​​នាំ​​​ចលនា​​​បះបោរ​​​​​​រហូត​​​ដល់​​​ការ​​​រារាំង​​​កិច្ច​​​ការ​​​អ្នក​​​រាជការ​​​​​សាធារណៈ​​​។ ​ប៉ុន្ដែ នៅ​​​ពេល​​​នគរបាល​​​រុញ​​​រូប​​​លោក​​​ចូល​​​ក្នុង​​​រថយន្ដ​​​មួយ​​​គ្រឿង​​​ ដើម្បីនាំខ្លួន​​​ទៅ​​​ពន្ធនា​គារ​​​ព្រៃសវិញ កាល​​​ពី​​​ម្សិលមិញ លោក​​​បដិ​សេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​សេចក្ដី​​​សម្រេច​​​​របស់​​​តុលាការ​​​ទេ​​​។

លោក​​​បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​មុន​​​ពេល​​​រថយន្ដ​​​ដឹក​​​លោក​​​ចេញ​​​ទៅ​​​ថា “ ​​​ខ្ញុំ​​​សប្បាយចិត្ត​​​នឹ​​ង​​​ជួយ​​​ខ្មែរ។ ខ្ញុំ​​​សប្បាយ​​​ចិត្ត​​​នឹង​​​ជួយ​​​ជាតិ​​​ខ្មែរ”។

លោក សុក សំអឿន មេធាវី​​​ការ​​​ពារ​​​លោក​​​ម៉ម សូណង់ដូ បាន​​​គ្រវី​​​ក្បាល​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ចំពោះ​​​សាល​​​ក្រមនេះ​​​ ប៉ុន្ដែ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ “ មិន​​​ភ្ញាក់​​​ផ្អើលទេ” ​ហើយ​​​​ទំនង​​​ជា​​​នឹង​​ប្ដឹង​​​ឧទ្ធរណ៍​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា“ ខ្ញុំ​​​គិ​ត​​​ថា យើង​​​នឹង​​​ប្ដឹង​​​ឧទ្ធរណ៍​​​។ ២០​​​ឆ្នាំ​​​គាត់​​​នឹង​​​ស្លាប់​​​ក្នុង​​​ពន្ធនាគារ​​​”។

លោក​​​ សុក សំអឿន ជា​​​មេធាវី​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​ដ៏​​​ល្បីល្បាញ​​​មួយ​​​រូប​​​ ក្នុង​​​នាម​​​ជា​​​ប្រធាន​​​ក្រុម​​​អ្នក​ច្បាប់ការ​​​ពារ​​​សិទ្ធិ​​​កម្ពុជា​​​ ជា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាលមួួយ ​​​ដែល​​​ផ្ដល់​​​ជំនួយ​​​​ផ្នែក​​​ច្បាប់​​​​​​​ដល់​​​ប្រជា​​​ពលរដ្ឋ​​​ក្រីក្រ​​​ផងដែរ បាន​​​មាន​​​ប្រសាសន៍​​​ថា សាល​​​ក្រម​​​នេះ​​​ ក៏​​ជះឥទ្ធិពល​​​ធ្វើ​​​ឲ្យ​​​អ្នក​​​រិះ​​​គន់​​​រដ្ឋាភិបាល​​​ផ្សេងៗ​​​ទៀត​​​មាន​​​ការ​​​ភ័យ​​​ខ្លាច។ លោក​​​​​​បន្ដ​​​ថា​“ សាល​​​ក្រមនេះ​​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ផ្សេង​​ខ្លាច​​​មិន​​​ហ៊ាន​​​និយាយ”។

លោក ម៉ម សូណង់ដូ ដែល​​​ស្ថានីយ​​​វិទ្យុ​​​សម្បុក​​​ឃ្មុំរបស់​​​លោក​​​ជា​​​ស្ថានីយមួយ​​​ក្នុង​​​ចំណោម​​​ស្ថានីយ​​​ផ្សព្វ​​​ផ្សាយ​​​តិច​​​តួចនៅ​​​​ក្នុង​​​ប្រទេស​​​កម្ពុជា ​​​ដែល​​​ចាក់​​​ផ្សាយ​​​ព័ត៌មាន​​​រិះ​​​គន់​​​រដ្ឋាភិបាល​​​ ត្រូវ​​​បាន​​​តុលាការចោទ​​​ប្រកាន់​​​កាល​​​ពី​​​ពាក់​​​កណ្ដាល​​​ខែ​​​កក្កដា ពី​​​បទ​​​ជួយ​​​​​​បង្កើត​​​​ចលនា​​​អបគមន៍​​​នៅ​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ ​​ដែល​​​ក្រុម​​​ហ៊ុ​​​នចម្ការ​​​កៅស៊ូ​​​កាសូទីម មាន​​​វិវាទ​​​ដី​​​ធ្លី​​​ជាមួយ​​​អ្នក​​​ភូមិ​​​ក្នុង​​​មូលដ្ឋាន​​​។

បន្ទាប់​​​ពី​​​វិល​​​ត្រឡប់​​​ពី​​​ដំណើរ​​​ទស្សនកិច្ច​​​ទៅ​​​កាន់​​​សហរដ្ឋ​​​អាមេរិក​​​កាលពី​​​ខែ​​​កក្កដា ​លោក​​​ ម៉ម សូណង់ដូ ក៏​​​ត្រូវ​​​នគរបាល​​​ចាប់​​​ខ្លួន​​​ពី​របីថ្ងៃ​​​ក្រោយ​​​មក​​​។

បណ្ដា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុងស្រុក​​​ និង​​​អន្ដរជាតិ​​​ បាន​​​ចាត់​​​ទុក​​​ការ​​​អះអាង​​​អំពី​​​ចលនា​អបគមន៍​​​ថា ជាលេស​​​របស់​​​រដ្ឋាភិបាល​​​ ដើម្បី​​​បណ្ដេញ​​​ប្រជាពលរដ្ឋ​​​ប្រហែល​​​៦០០​​​នាក់​​​ចេញ​​​ពី​​​ភូមិ​​​ប្រមា​​​ ក្នុងខេត្ត​​​ក្រចេះ​​​ កាល​​​ពី​​​ខែ​​​ឧសភា។

អំឡុង​​​ប្រតិបត្តិការ​​​របស់​​​កម្លាំង​​​សន្ដិសុខ​​​ទៅ​​​លើ​​​ក្រុម​​​អបគមន៍​​​ បាន​​​បណ្ដាល​​​ឲ្យ​​​មនុស្ស​​​ម្នាក់​​​បាត់បង់ជីវិត​​​ ​​​គឺ​​​ក្មេង​​​ស្រី​​​វ័យ​​​១៤​​​ឆ្នាំ​​​ម្នាក់​​​ ដែល​​​បាន​​​ត្រូវ​​​គ្រាប់​​​ស្លាប់​​​ អំឡុង​​​ពេល​​​សម្ងំ​​​លាក​​់ខ្លួន​​​នៅ​​​ក្នុង​​​ផ្ទះ​​​របស់​​​នាង​​​ ខណៈ​​​ដែល​​​នគរបាល​​​ និង​​​ទាហាន​​​សម្រុក​​​ចូ​​លភូមិ​​​ប្រមា​​​ដោយ​​​បាញ់​​​ប្រហារ​​​ជា​​​ច្រើន​​​គ្រាប់។

អាជ្ញាធរ​​​នៅ​​​តែ​​​អះអាង​​​ថា មិន​​​ចាំ​​​បាច់​​​ស៊ើប​អង្កេត​​​វែក​​​មុខ​​​អ្នក​​​សម្លាប់​​​ក្មេង​​​ស្រី​​​វ័យ​​​ជំទង់​​​រូប​​​នេះ ឬ​​​ពី​​​មូលហេតុ​​​ដែលនគរបាល​​​ ឬ​​​ទាហាន​​​សម្លាប់​​​នាងឡើយ​​​​​​។

លោកស្រី ខាធើរីន អាស្ដុន​​​ (Catherine Ashton) តំណាង​​​ដ៏ខ្ពង់​​​ខ្ពស់​​​ទទួលបន្ទុក​​​កិច្ច​​​ការ​​​បរទេស​​​របស់​​​សហភាព​​​អឺរ៉ុប​​​បាន​​​សម្ដែង​​​ក្ដី​​​បារម្ភ​​​ជា​​​ខ្លាំង​​​អំពី​​​សេចក្ដី​​​សម្រេច​​​នេះ​​​។

លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា “ ​​​សាល​​​ក្រមផ្ដន្ទាទោស​​​នេះ​​​ធ្វើ​​​ឲ្យ​​​មាន​​​មន្ទិលកាន់​​​តែ​​​ខ្លាំង​​​ឡើង​​​អំពី​​​ភាព​​​​អព្យាក្រឹត និង​​​ឯករាជភាព​​​របស់​​​តុលាការ​​​”។

លោក សុរិយា ស៊ូបេឌី ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​​ឯករាជ្យ​របស់​​​អង្គការ​​​សហប្រជាជាត​ិ​​​មក​​​កាន់​​​កម្ពុជា​​​ ដែល​​​នៅក្នុងរបាយការណ៍​​​ឆ្នាំ២០១០​​​របស់​​​លោក​​​ស្ដី​​​ពី​​​តុលាការ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា ប្រព័ន្ធ​​​តុលាការក្នុង​ប្រទេស​កម្ពុជា​​​ពោរពេញ​​​ដោយ​​​អំពើ​​​ពុក​​​រលួយ​​​នោះ​​​​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ “ ភ្ញាក់​​​ផ្អើល” ចំពោះ​​​សេចក្ដីសម្រេច​​​នេះ​​​ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ផ្ដន្ទាទោស​​​នេះ​​​“ ធ្ងន់​​​ហួស​​​ហេតុ​​​ពេក”។

ស្ថាន​​​ទូត​​​សហរដ្ឋ​​​អាមេរិក​​​បាន​​​លើក​​​ឡើង​​​​ក្នុង​​​អុីម៉េលមួយ​​​ថា ខ្លួន​​​ “ ​​​ខក​​​ចិត្ត​​​ និង​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​។ ករណី​​​លោក ម៉ម សូណង់ដូ នាំ​​​ឲ្យ​​​មាន​​​ការ​​​ចោទ​​​សួរ​​​អំពីការ​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​ជា​​​មូល​​​ដ្ឋាន​​​។ខណៈ​​​ដែលកម្ពុជា​​​បាន​​​បោះ​​​ជំហានទៅ​​​មុខ​​​ជាច្រើនអំពី​​​បញ្ហា​​​សិទ្ធិ​​​មនុស្ស​​​ដែលជាបញ្ហាកើត​​​ឡើង​​​ដដែល​​​ដូច​​​ជា​​​ករណី​លោក​​​ ម៉ម សូណងដូ ជាដើម​​​នោះ​​​ បានគំរាម​​​កំហែងដល់​​​ការ​​​អភិវឌ្ឍ​​​នាពេល​​​អនាគត​​​”។

នៅ​​​ខាង​​​ក្រៅ​​​សាលាដំបូង​​​ អ្នក​​​គាំ​​​ទ្រ​​​លោក ម៉ម សូណង់ដូ រាប់​​​រយ​​​នាក់​​​បាន​​​សម្ដែង​​​កំហឹង​​​ចំពោះ​​​សេចក្ដី​​​សម្រេច​​​នេះ​​​។ នគរបាល​​​បង្ក្រាម​​​កុបកម្ម​​​បាន​​​បិទ​​​ផ្លូវ​​​​​នៅ​​​ចម្ងាយជាច្រើនរយ​​​ម៉ែត្រ​​​ពី​​​តុលាការ ដោយ​​​មិន​​​ឲ្យ​​​អ្នក​​​តវ៉ា​​ទាំង​​​នេះ​​​ចូល​​​ឡើយ ហើយ​​​​​​ពួក​​​គាត់​​​ពាក់​​​អាវ​​​យឺត​​​វិទ្យុ​​​សម្បុក​​​ឃ្មុំ​​​ និង​​​គ្រវី​​​រូប​​​ម្ចាស់​​​ស្ថានីយ​​​វិទ្យុ​​​នេះ។

អ្នក​​​ស្រី​​​ ញ៉ឹប ហៀត ដែល​​​បាន​​​ចំណាយ​​​ប្រាក់​​​ផ្ទាល់​​​ខ្លួន​​​ធ្វើ​​​ដំណើរ​​​ពីខេត្ត​​​ព្រៃវែង​​​ដើម្បី​​​ចូល​​​រួម​​​ការតវ៉ានេះ​​​ បាន​​​និយាយ​​​ថា “ តុលាការ​​​មិន​​​យុត្តិធម៌​​​ទេ។ ប្រសិន​​​បើ​​​តុលា​ការ​​​កាត់​​​ឲ្យ​​​លោក​​​ ម៉ម សូណងដូ ជាប់​​​ទោស​​​បែប​​​នេះ តុលាការ​​​គួរ​​​តែ​​​កាត់​​​ទោស​​​ប្រជា​ពល​​​រដ្ឋ​​​ខ្មែរ​​​គ្រប់​​​រូប​​​”។

អ្នក​​​គាំ​​​ទ្រ​​​ម្នាក់​​​ទៀត ​​​ដែល​​​បាន​​​សម្ដែង​​​កំហឹង​​​របស់​​​ខ្លួន​​​និយាយ​​​ជា​​​ភាសាអង់គ្លេស​​​ថា មនុស្ស​​​ល្អ​​​ជាប់​​​ពន្ធ​​​នាគារ​​​។ ហេតុ​​​អ្វី​​​?”

លោក សំ ប្រជាមានិត នាយ​​​ក​​​ខុទ្ទកាល័យ​​​ក្រសួង​​​យុត្តិធម៌​​​ ​​​បដិសេធ​​​មិន​​​ធ្វើ​​​ការ​​​បំភ្លឺ​​​ទេ​​​។  កាល​​​ពី​​​ម្សិលមិញ​​​បណ្ដា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​​បាន​​​យល់​​​ឃើញ​​​ដូច​​ៗ​​​គ្នា​​​ថា សាល​​​ក្រម​​​នេះ​​​ គឺ​​​ជា​​​រឿង​​​នយោបាយ​​​។

ពួកគេ​​​និយាយ​​​ថា ការ​​​ចោទ​​​ប្រកាន់​​​មក​​​លើ​​​​លោក​​​ ម៉ម សូណង់ដូ ទំនង​​​ ជា​​​កើត​​​ចេញ​​​ពី​​​រឿង​​​មួយ​​​ ដែល​​​ស្ថានីយវិទ្យុ​​​សម្បុក​​​ឃ្មុំបាន​​​ផ្សព្វផ្សាយ​​​ កាល​​​ពី​​​ខែ​​​មិថុនា អំពី​​​អ្នក​​​ប្រឆាំង​​​មួយ​​​ក្រុម​​​ ជា​​​អនិកជន​​​ខ្មែរ​​​រស់​​​នៅ​​​សហរដ្ឋ​​​អាមេរិក ដែល​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​បទ​​​ឧក្រិដ្ឋ​កម្ម​​​​ប្រឆាំង​​​មនុស្ស​​​ជាតិ​​​ ប្ដឹង​​​លោកនាយក​​​រដ្ឋ​មន្ត្រី​​​ ហ៊ុន សែន ទៅ​​​តុលាការ​​​ឧក្រិដ្ឋកម្ម​​​យុត្តិធម៌​អន្ដរជាតិ​​​ក្នុង​​ទី​​​ក្រុង​​​ឡាអេ។

ដំបូង​​​លោក ហ៊ុន សែន បាន​​​ភ្ជាប់​​​លោក ម៉ម សូណង់ដូ ទៅនឹង​​​ចលនា​​​អបគមន៍​​​នៅខេត្ត​​​​ក្រចេះ មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​រឿង​​​រ៉ាវពាក់​​​ព័ន្ធ​​​ុតុលា​ការ​​​ឧក្រិដ្ឋកម្ម​​​អន្ដរជាតិ​​​ត្រូវ​​​បាន​​​ចាក់​​​ផ្សាយ​​​តាមវិទ្យុ​​​សម្បុក​​​ឃ្មុំ។

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស