ក្រុមមន្ត្រីបានថ្លែងកាលពីម្សិលមិញថា គណៈកម្មាធិការមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកមានគម្រោង បើកកិច្ចប្រជុំមួយនៅថ្ងៃទី២៥ ខែតុលា ដើម្បីពិនិត្យឡើងវិញលើកិច្ចព្រមព្រៀង ដែលខ្លួនបានចុះហត្ថលេខាជាមួយកម្ពុជា កាលពីឆ្នាំ១៩៩៩ស្តីពីការបញ្ជូនវត្ថុបុរាណខ្មែរមកវិញ។
អនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរដែលត្រូវគណៈកម្មាធិការប្រឹក្សាយោបល់អំពីសម្បត្តិវប្បធម៌ធ្វើបច្ចុប្បន្នភាពរៀងរាល់ប្រាំឆ្នាំម្ដងនោះ ដាក់ចេញនូវបទបញ្ជាតឹងរុឹងក្នុងការបញ្ជូនមកវិញនូវវត្ថុបុរាណ ដែលមានតាំងពី យុគសំរឹទិ្ធ រហូតដល់ចុងបញ្ចប់នៃសម័យមហាអង្គរ។
លោក ហាប់ ទូច អគ្គនាយកនៃអគ្គនាយកដ្ឋាន បេតិកភណ្ឌវប្បធម៌នៅក្រសួងវប្បធម៌មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងរៀបចំរបាយការណ៍មួយ ដើម្បីធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន។ អនុស្សរណៈនោះនឹងត្រូវធ្វើបច្ចុប្បន្នភាពជាផ្លូវការនៅឆ្នាំក្រោយនេះ។ លោកមានប្រសាសន៍បន្ដថា “ យើងនឹងផ្ដល់អានុសាសន៍ខ្លះៗដើម្បីធ្វើឲ្យអនុស្សរណៈនេះកាន់តែប្រសើរឡើង។
លោកមានប្រសាសន៍បន្ថែមដោយមិនប្រាប់ពីចំណុចដែលត្រូវកែប្រែនៅក្នុងកិច្ចព្រមព្រៀងមានស្រាប់នេះថា “ យើងសង្ឃឹមថា នឹងចូលរួមឲ្យបានសកម្មថែមទៀតក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសម្បត្តិវប្បធម៌”។
លោកមានប្រសាសន៍ទៀតថា ការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងនេះ នឹងមិនពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់កម្ពុជាដែលបានប្ដឹងក្រុមហ៊ុនលក់ដេញថ្លៃសុថេប៊ី សាខានៅបុរីញូវយ៉កអំពីរូបចម្លាក់បុរាណខ្មែរមួយតាំងពីសតវត្សរ៍ទី១០ ដែលកម្ពុជាអះអាងថា ត្រូវបានគេលួចក្នុងទសវត្សរ៍ឆ្នាំ១៩៧០។
លោកថ្លែងទៀតថា “ យើងពិចារណាជាទូទៅសម្រាប់ការការពារកេរដំណែលវប្បធម៌ខ្មែរ។ អនុស្សរណៈនៃការយោគយល់គ្នានេះមានសារៈសំខាន់ណាស់ ហើយយើងកំពុងរង់ចាំការពិនិត្យឡើងវិញនៅឆ្នាំ២០១៣”។
កាលពីខែមេសា រដ្ឋាភិបាលអាមេរិក តាមសំណើរបស់រដ្ឋាភិបាលកម្ពុជាបានរឹបអូសយកចម្លាក់បុរាណខ្មែរសតវត្សរ៍ទី១០ពីហាងដាក់លក់ដេញថ្លៃនៅបុរីញូវយ៉កនេះ។ កម្ពុជានិងក្រុមហ៊ុន សុថេប៊ី ឥឡូវនេះកំពុងតស៊ូតាមផ្លូវច្បាប់អំពីរូបចម្លាក់អ្នកចម្បាំងធ្វើពីថ្មភក់ ដែលកម្ពុជាអះអាងថា ត្រូវបានគេលួចពីប្រាសាទកោះកេរ នៅខេត្តព្រះវិហារ។
យោងតាមគេហទំព័រក្រសួងការបរទេសសហរដ្ឋអាមេរិកឲ្យដឹងថា បច្ចុប្បន្ននេះកិច្ចព្រមព្រៀងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកចែងថា “ វត្ថុបុរាណអាចនាំចូលទៅកាន់សហរដ្ឋអាមេរិកបានលុះត្រាតែមានច្បាប់អនុញ្ញាតឲ្យនាំចេញពីអាជ្ញាធរកម្ពុជា ឬមានឯកសារដែលបញ្ជាក់ថា បាននាំចេញពីកម្ពុជានៅមុនកាលបរិច្ឆេទនៃកិច្ចព្រមព្រៀងនេះ”៕
ប្រែស្រួលដោយ ឃិន ណៃ