28.4 C
Phnom Penh

មេធាវី​​អះអាង​ថា តុលាការ​កោះ​ហៅ​កូន​លោក​ ខូវ ជឺលី​ មក​សាក​សួរ​ពាក់​ព័ន្ធ​រឿង​ក្តី​​​ប៉ុន​ប៉ង​មនុស្ស​ឃាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​​ម្នាក់​តំណាង​ឲ្យកូន​ស្រី​របស់​លោក​​​ខូវ ​ជឺលី​ មាន​ប្រ​សាសន៍​កាល​ពី​ថ្ងៃ​សុក្រ​​ថា​កូន​​ប្រុស​ និង​កូន​ប្រ​សា​ស្រី​របស់​លោក​ឧកញ៉ា​ខូវ ជឺលី​ នឹង​ត្រូវ​កោះ​ហៅ​មក​សាក​សួរ​ចំ​ពោះ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​ពួក​គេ​ក្នុង​ផែន​ការ​សម្លាប់​កូន​ស្រី​ម្នាក់​របស់​លោកខូវជឺលី។

ការ​​កោះ​ហៅ​របស់​តុលាការ​នេះ​ជា​​ការ​បង្ហាញ​នូវ​ដំណាក់​កាល​មួយ​ទៀត​​នៃ​រឿង​ក្តី​មួយ​​​ដែលភរិយា​របស់​លោក​ ខូវ ជឺលី ត្រូវ​ផ្ដន្ទាទោស​​រួច​ហើយ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​​ ពី​បទ​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាតនេះ។

លោកមេធាវី ប៉ាល់​ ច័ន្ទ​ដារ៉ា​ ​តំណាង​ឲ្យ​កូន​ស្រី​របស់​លោក ខូវ ជឺលី គឺ​អ្នក​ស្រី ស៊ុនសុថា ដែល​ជា​គោល​ដៅ​នៃ​​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​នោះ​មាន​ប្រសាសន៍​ថា “​ខ្ញុំ​បាន​ដឹង​ថា​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​​

ពួក​គេ​រួច​ហើយ​ ហើយ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បាន​កោះ​ហៅ​លោក ខូវ ផល្លាបុត្រនិង​ប្រពន្ធ​របស់​គាត់​មក​​សាក​សួរ​ផង​ដែរ”។

អ្នក​ស្រី​ ស៊ុន សុថា ជា​ភរិយា​របស់​លោក ស៊ុន ចាន់ថុល អនុប្រធាន​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​។

លោក ឯក​ ឆេងហួត ព្រះ​រាជ​អាជ្ញា​រង​​អម​​​សាលាដំបូង​រាជ​ធានី​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿង​​នេះទេ​ កាល​ពី​ថ្ងៃ​សុក្រប៉ុន្ដែ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ដើម​ឆ្នាំ​នេះ​ថា តុលាការ​បាន​ទទួល​ពាក្យ​បណ្ដឹង​​​ប្តឹង​​​លោក ជឺលី និងសមាជិក​គ្រួសារ​បី​នាក់​ផ្សេង​ទៀត​​ក្នុង​គ្រួសារ​របស់​លោក ​​​​និង​អាច​កោះ​ហៅ​អ្នក​​ជាប់​ពាក់​ព័ន្ធ​ នៅ​​ថ្ងៃ​​ណា​មួយ​នៅ​ពេល​ក្រោយ។

លោក លឹម វណ្ណា មេធាវីការពារ​គ្រួសារ​លោកខូវ​ ជឺលីមាន​ប្រសាសន៍​ថាលោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ចោទ​ប្រកាន់​របស់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ទេ​ ដូច្នេះលោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ជាក់​លាក់​អំពី​រឿង​ក្តី​នេះ​បាន​ទេ។

យោង​តាម​លោក វណ្ណា ​មាន​ប្រ​សាសន៍​​​ថា លោក ជឺលី និង​កូន​ប្រុស​របស់​លោក​ គឺ​លោកផល្លាបុត្របច្ចុប្បន្ន​នេះ​កំពុង​ស្ថិត​នៅ​ប្រទេស​បារាំង​ ដែល​​កូន​ៗ​របស់​លោក​ ជឺលីភាគ​ច្រើន​ក្នុង​ចំណោម​កូន​ៗ​១២​នាក់​របស់​លោក​​រស់​នៅ​ទី​នោះ​ដែរ​។ លោក វណ្ណា​ បានថ្លែងថា​ លោក ជឺលី កំពុង​សម្រាក​ព្យាបាល​បញ្ហា​បេះ​ដូង​ និង​អាច​ត្រឡប់​មក​ប្រទេស​​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់​ៗខាង​មុខ​នេះ​។

ភរិយា​របស់​លោក ជឺលី គឺអ្នក​ស្រី​ សេងចន្តា អាយុ​៥០​ឆ្នាំ​ ត្រូវបាន​ចាប់​ខ្លួន​កាល​ពី​ខែកក្កដា ឆ្នាំ​២០១០ ពី​បទ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​រៀប​ចំ​​ផែន​ការធ្វើ​ឃាត​អ្នក​ស្រីសុថានិង​កូន​ស្រី​អាយុ៩ឆ្នាំ​ របស់​គាត់​។កាល​ពី​ថ្ងៃ​ទី​៧ខែ​តុលា តុលាការ​កំពូល​បាន​តម្កល់​សាល​ក្រម​​​ផ្តន្ទា​ទោស​អ្នក​ស្រី​ សេង ចន្ដា និង​អ្នក​​សម​គំនិត​បី​នាក់​ទៀត​ពី​បទ​រៀប​ចំ​ផែន​ការ​ធ្វើ​ឃាត​​ដែល​បរាជ័យ​នោះ​។ មិន​មាន​​ជន​សង្ស័យ​ណា​ម្នាក់​​ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​អស់​​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​ផ្ទះ​របស់​លោកស៊ុន ចាន់ថុល នៅយប់​​មាន​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​​នោះ​ទេ​ ហើយ​អ្នក​ស្រីសុថា និង​កូន​ស្រី​របស់​គាត់​ក៏​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ដែរ​។

យោង​តាម​គេហទំព័រ​របស់​ក្រុម​ហ៊ុន​លោក ផល្លាបុត្រ គឺ​ជា​ប្រធាន​ក្រុមហ៊ុន ខូវជឺលី​​ គ្រុបជា​ក្រុមហ៊ុន​រក​ស៊ី​រួម​គ្នា​​ជា​មួយ​​ក្រុម​ហ៊ុន​ខូវជឺលី​​អឹម​ខេខេ ​​ដែល​ជា​ក្រុម​ហ៊ុន​ធំ​មួយ​​ក្នុង​ចំណោម​ក្រុម​ហ៊ុន​សំណង់ធំៗ​នៅ​ប្រ​ទេស​កម្ពុជា​ដែល​​បាន​វិនិយោគ​យ៉ាង​ច្រើន​ទៅ​លើ​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​ទូទាំង​ប្រទេស​។ក្រុមហ៊ុន​របស់​លោកក៏​បាន​វិនិយោគ​ផ្នែក​កសិកម្ម​ ស៊ីម៉ង់ត៍ ថ្នាំ​លាប និង​​ក្រុម​ហ៊ុន​មូលបត្រ​​ និង​សំណង់​អាង​ហែល​ទឹក​តាម​លំនៅ​ដ្ឋាន​ផង​ដែរ​។

លោក ជឺលី បាន​អះអាងជា​យូរ​មក​ហើយ​​​ថា ​ជម្លោះ​គ្រួសារ​របស់​លោក​បណ្តាល​មក​ពីការ​ដណ្តើម​មរតក​ក្នុង​ចំណោម​កូន​ៗ​​ និង​កូន​ប្រ​សារបស់​លោក​៕

              ប្រែសម្រួល​ដោយឃិនណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស