39.4 C
Phnom Penh

លោក​​​ ហ៊ុន សែន​​​ បដិសេធការ​​​​​ប្រើ​​​​​​ឈ្មោះ​​​ភរិយា​​​របស់​​​លោក និងកាកបាទ​​​ក្រហម​​​កម្ពុជា​​​ ដើម្បី​​​​​​​​​ចាប់​​​​​​យក​​​ដី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ហ៊ុន សែន បាន​​​ចោទ​​​ប្រកាន់​​​បុគ្គល​​មួយ​​​ចំនួន​​​ដោយ​​​មិន​​​បញ្ចេញ​​​ឈ្មោះ ថា ​​​បា​ន​​​ប៉ុនប៉ង​ចាប់​​​​យក​​​ដី​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ ​​​ដោយ​​​ប្រើ​​​ឈ្មោះ​​​ភរិយា​​​​របស់​​​លោក និង​​​បញ្ជា​​​ឲ្យ​​​កូន​​​ប្រុស​​​របស់លោក​ស៊ើប​​​អង្កេត​​​ដើម្បី​​​ផ្ដល់​​​ដី​​​ដែល​​​ចាប់​​​យក​​​ដោយ​ខុស​​​ច្បាប់​​​នោះ​​​ឲ្យ​​​​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​វិញ។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​មាន​​​ប្រ​​​សាសន៍​​​បែប​​​នេះ​​​​​​ក្នុង​​​ស្រុក​​​រលាប្អៀរ ខេត្ត​​​កំពង់​​​ឆ្នាំងនៅ​​​​​​ពេល​​​លោក​​​កំពុង​​​ចែក​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ធ្លី​​​ដែល​​​ជាផ្នែក​​​មួយនៃ​​​​​​​​​គម្រោង​​​កាត់​​​បន្ថយ​​​ជម្លោះ​​​​ដី​​​ធ្លី​​​ក្នុង​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ និង​​​ដី​​​រដ្ឋ។

យោង​​​តាម​​​ប្រសាសន៍​​​របស់​​​លោក​​​ ហ៊ុន ​សែន បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​ឥត​​​កេរ្តិ៍​​​ខ្មាស​​​មួយ​​​ចំនួន​​​​បាន​​​អះ​​​អាង​​​ថា លោក​​​ជំទាវ​​​ ប៊ុនរ៉ានី ភរិយា​​​របស់​​​លោក និង​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​បាន​​​ចាប់​​​យក​​​ដី​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ។

លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍ថា ​ “ ពួកគេ​​​បាន​​​និយាយថាប៊ុនរ៉ានី ​ហ៊ុន ​សែន ​មាន​​​ដី​​​៥០០​​​ហិកតា​​​ ក្នុង​​​ខេត្ត​​​កំពង់​​​ធំ ​ហើយ​​​​ដី​​​នោះ​​​ជាដី​​​របស់​​​កាក​​​បាទ​​​ក្រហម​កម្ពុជា​​​។ ខ្ញុំ​​​បាន​​​ឮពី​​​និស្សិត​​​ថា ពួក​​​គេ​​​ប្រើ​​​ប្រាស់​​​ឈ្មោះ​​​ប៊ុនរ៉ានី ដើម្បី​​​ចាប់​​​យក​​​ដី ដែល​​​តាម​ពិត​​​គាត់​​​មិន​​​បាន​​​ដឹង​​​សោះ”។

លោក​​​ ហ៊ុន សែន មិន​​​បានបញ្ជាក់​​​លម្អិត​​​ថា នរណាបាន​​​ធ្វើបែប​​​នោះ​​​ទេ ហើយ​​​ក៏​​​មិន​​​បានបញ្ជាក់​​​លម្អិត​​​ថា​​​ តើ​​​ដីក្នុង​​​ខេត្ត​​​កំពង់​​​ធំ​​​នោះ​​​នៅ​​​ត្រង់​​​ណាពិត​​​ប្រាកដ​​​ដែរ។

លោក​​​បាន​​​ចេញ​​​បញ្ជា​​​​​​លោក ​ហ៊ុន ​ម៉ានិត ​កូន​​​ប្រុស​​​របស់​​​លោក ដែលចូលរួម​​​ក្នុង​​​ពិធី​​​នោះដែរឲ្យស៊ើប​​​អង្កេតករណី​​​ក្លែង​​​ឈ្មោះ​​​ម្ដាយ​​​របស់​​​ខ្លួន  ហើយ​​​ថា រាល់​​​ដី​​​ដែលពាក់​​​ព័ន្ធ​​​ត្រូវ​​​តែ​​​ប្រគល់​​​ឲ្យ​​​ទៅ​​​គ្រួសារ​​​ប្រជាពលរដ្ឋ​​​នៅ​​​​ក្នុង​​​មូល​​​ដ្ឋាន​​​នោះវិញ។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ ដីនេះ​​​ត្រូវ​​​តែ​​​ប្រគល់​​​ឲ្យ​​​ប្រជាពល​​​រដ្ឋ។ ប្រសិន​​​បើ​​​ពួក​គេ​​​​និយាយថា ដី​​​នេះ​​​ជា​​​ដី​​​របស់​​​ ហ៊ុន សែន និង​​​ប៊ុនរ៉ានីអ៊ីចឹង​​គួរ​ឲ្យ​​​ទៅ​​​ប្រជា​​​ពលរដ្ឋ​​​ចុះ”។​លោក​​​បាន​​​កំប្លែង​​​លេង​​​ថា “ ប៉ុន្ដែមិន​​​មែន​​​ឲ្យ​​​ផ្ទះ​​​របស់​​​ខ្ញុំ​​​​​​នៅ​​​ជិត​​​វិមាន​​​ឯករាជ្យ និង​​​នៅ​​​ក្រុង​​​តាខ្មៅ​​​ទេ”។

ដោយ​​​ទាក់​​​ទងបាន​​​តាម​​​ទូរ​​​ស័ព្ទ​​​ លោក ​អ៊ុច ​សំអុន អភិបាល​​​រង​​​ខេត្ត​​​កំពង់​​​ធំ​​​ បាន​​​​មាន​​​​ប្រសាសន៍ថា លោក​​​នឹង​​​ពិនិត្យមើល​​​បញ្ហា​​​ដែល​​​អះអាង​​​ថា ដី​​​នេះ​​​ជា​​​ដី​​​របស់​​​លោក​ជំទាវ​​​ប៊ុន​​​ រ៉ានី ​​ផង​​​ដែរ។

លោកស្រី ម៉ែន នារីសុភ័ក្ត្រ អគ្គ​លេខា​ធិការ​រង​​​កាកបាទ​​​ក្រហម​​​កម្ពុជា បាន​​​មាន​ប្រសាសន៍​​​ថា លោក​​​ស្រី​​​មិន​​​បាន​​​ទទួល​​​ព័ត៌​មាន​ណាមួយ​​​​ថា សមាគមជាតិ​​​កាកបាទ​​​ក្រហម​កម្ពុជា​​មាន​​​ដី​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ​​​នោះទេ។

លោក​​​ ហ៊ុន សែន ដែល​​​កំពុង​​​ឈរ​​​ឈ្មោះ​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោតនៅ​​​​ក្នុង​​​ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៣ នោះ បាន​​​បញ្ជូន​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​រាប់​​​​ពាន់នាក់​​​ទៅ​​​កាន់​​​តំបន់​​​ដាច់​​​ស្រយាល​​​​នៅ​​​ទូ​​​ទាំង​​ប្រទេស​​​កម្ពុជា​​​ តាំង​​​ពី​​​ខែ​​​ឧសភា​​ ដើម្បី​​​វាស់​​​វែងដីនិង​​​ចែក​​​ប័ណ្ណកម្មសិទ្ធិ​​​ដី​​​ធ្លី​​​ដល់​​​ប្រជា​​​ពលរដ្ឋ​​​រាប់​​​ម៉ឺន​​​គ្រួសារ​​​ ដែ​​​លកំពុង​​​រស់​​​នៅ​​​លើ​​​​​​ដី​​​មាន​​​ជម្លោះ។

​​​ការ​​​ចាប់​​​យក​​​ដី​​​ពី​​​សំណាក់​​​អ្នក​​​មាន​​​អំណាច​​​និងតាមរយៈសម្បទាន​​​ដី​​​សេដ្ឋ​​​កិច្ចពី​​​សំណាក់​​​​រដ្ឋា​​​ភិបាល​​​ ​​​ធ្វើឲ្យ​​​គណបក្ស​​​កំពុង​​​កាន់​​​អំណាច​​​នេះទទួល​​​រង​​​នូវ​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​៕

​​​ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស