39.4 C
Phnom Penh

សាលាដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​ពន្យារ ​​​ពេល​​​សវនាការ​រឿង​ក្តី​លោក ឈូក បណ្ឌិត ​អតីតអភិបាល​​​​ក្រុង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​មន្ត្រី​​​តុលាការ​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា សាលាដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​​​​មិន​​​បាន​​​បើក​​​សវនាការ​​​តាម​​​កាល​​​បរិច្ឆេទ​​​​ ដែល​បាន​គ្រោង​ទុក​​ក្នុង​រឿង​ក្តី​​​​បាញ់​​​ប្រហារ​​​​មនុស្សបី​​​នាក់​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​​លោ​ក​​​ ឈូក បណ្ឌិត អតីត​​​អភិ​បាល​​​ក្រុង​​​បាវិត​នោះ​ទេ។ 

ការ​​​ស៊ើប​​​អង្កេត​​​របស់​​​តុលាការ​​​លើ​​​​​​ករណី​​​បាញ់​​​ប្រហារក្នុង​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២០ ខែ​​​កុម្ភៈ​​​​​​​ ដែល​​​​​បណ្ដាល​​​ឲ្យ​​​កម្មការិនី​​​​បី​​​នាក់​​​រង​​​របួសនោះ បាន​​​បញ្ចប់​​​​​​កាល​​​ពី​​​ពាក់​​​កណ្ដាល​​​ខែ​​​សីហា ​​ ហើយ​​ពេល​​​នោះ​​​លោកឈូក បណ្ឌិត​​​​​​ ដែល​​​​​មិន​​​ធ្លាប់​​​​​​ចាប់​​​ខ្លួននោះ ​​​​​​ត្រូវ​​​​បាន​​​តុលាការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បង្ក​​​របួស​​​ស្នាម​​​​ដោយ​​​អចេតនា។

មន្ត្រី​​​តុលាការ​​​​ធ្លាប់​​​​បាន​​លើក​​​ឡើង​​​ថា ​សវ​នាការនេះ​​​នឹង​​​ធ្វើ​​​​​នៅ​​​​​ក្នុង​​​ខែតុលា ប៉ុន្ដែ​​​លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញាអម​​​សាលា​ដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា តុលាការ​​​នឹង​​​បើក​​​សវនា​ការ​​​ជំនុំ​ជម្រះ​រឿង​ក្តី​​​នេះ​ក្នុង​​​ខែ​​​វិច្ឆិកា ​ប៉ុន្តែ​​​មិន​​​ទាន់​​​បាន​​​កំណត់​​​កាល​​​បរិច្ឆេទ​​​ច្បាស់​​​លាស់​​​​នៅ​ឡើយ​ទេ។

លោក​​​ ហឹុង ប៊ុនជា​​​ ​​​បានមាន​​​ប្រសាសន៍ថា ​ “ តុលា​ការ​​​ប្រហែល​​​ជា​​​កំណត់​​​កាល​​​បរិច្ឆេទ​​​សវនា​ការ​​​នេះ​​​​នៅ​​​ចន្លោះ​​​​ពី​​​ពាក់​​​កណ្ដាល​​​​​​ខែ​​​វិច្ឆិកា​ដល់​​​​ដំណាច់​​​ខែ​​​វិច្ឆិកា​​​”។

លោក ឈូក បណ្ឌិត​​​ ត្រូវ​​​បាន​​​ចោទប្រកាន់​​​​ពី​​​បទ​​​បង្ក​​​របួស​​​ស្នាម​​​ដោយ​​​អចេតនា​​​លើ​​​ករណី​​​​បាញ់​​​ប្រហារកម្មការិនី​​​បី​​​នាក់​​​ដោយ​​​កាំភ្លើង​​​ផ្ទាល់​​​ខ្លួនអំឡុង​​​ពេល​​​តវ៉ា​​នៅ​​​ក្រៅ​​​រោង​​​ចក្រ​​​ផលិត​​​ស្បែក​​​ជើងកីឡា​​​​របស់​​​អាល្លឺម៉ង់​​មាន​​យីហោពូម៉ា។ អ្នក​​​ឃ្លាំ​មើល​តុលាការ​​​​ និង​​សកម្ម​ជន​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​​បាន​​​​និយាយ​នៅ​ពេល​នោះ​ថាការ​​​ចោទ​​​ប្រកាន់​​​នេះ​​​មិន​​​ទាន់​​​គ្រប់​​​គ្រាន់​​​នោះ​ទេ ព្រោះ​​​សាក្សីបាន​​​បញ្ជាក់​​​ថា លោក​​​បណ្ឌិត បាន​បាញ់​​​ប្រហារ​​​ទៅ​​​លើ​​​ក្រុម​​​អ្នក​​​តវ៉ា​​​ដោយ​​​ចេតនា​​​​​​​​​​​​​​​​​​។

កាល​​​ពី​​​ខែ​​​កញ្ញា តុលាការ​​​បាន​​​ចោទ​​​ប្រកាន់​​​​មន្ត្រី​​​នគរ​​​បាល​​​ម្នាក់​​​ឈ្មោះ​​​ សរ ចន្ថា ពី​​​បទបង្ក​របួស​​​ស្នាម​​​ដោយ​​​អចេតនា​​​ពាក់​​​ព័ន្ធ​​​នឹង​​​ករណី​​​ស្រ​​​ដៀង​​​គ្នានេះ​​​ដែរ។ លោក​​​ ចន្ថា បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នោះ ​ដោយ​និយាយថា ពេល​​​​មាន​​​ការ​​​បាញ់​​​ប្រហារ​​​​នោះ​ គាត់​មិន​នៅ​​​រោង​​​​ចក្រ​​​នោះ​ទេ ហើយ​ក៏​គ្មាន​អាវុធ​ដែរ។​​​ កាល​​​ពីម្សិល​​​មិញ​​​ គាត់​​​​នៅ​​​តែ​​​​​​អះអាង​​​ថា ​គាត់​មិន​​​បាន​​​ដឹង​​​រឿង​​​អ្វី​​​នោះ​​​ទេ ហើយ​គាត់​​​​ក៏​​​មិន​​​​បាន​ទទួល​​​​​​ដី​​​កា​​​កោះ​​​ហៅ​​​ពី​តុលាការ​​​ដែរ។

លោក​​​ ចន្ថា បាន​​​មាន​​​​​​ប្រសាសន៍ថា “ នៅ​​​ថ្ងៃ​​​ [​​​បាញ់​​​ប្រហារ​]​​នោះ ​​​ខ្ញុំ​​​មិន​​​បាន​​​នៅ​​​ជាមួយ​​​លោក ឈូក បណ្ឌិត​​​ ទេ។ ខ្ញុំ​​​នៅ​​​ឯរោង​​​ចក្រ​​​មួយ​​​ផ្សេង​​​ទៀត។ ខ្ញុំ​​​មិន​​​ខ្លាចទេ។ខ្ញុំ​​​នឹង​​​ទៅ​​​​បំភ្លឺ​នៅ​តុលាការ ព្រោះ​​​ខ្ញុំ​​​មិន​​​បាន​​​ប្រព្រឹត្តបទ​​​ឧក្រិដ្ឋ​​​​​​នោះទេ”។

លោក ជិន លីដា មេធាវី​​​ការ​​​ពារ​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​បី​​​នាក់​​​ មានប្រសាសន៍​ថា ​ពួកគេ​​​មាន​​​ភ័ស្តុតាង​​​គ្រប់​​​គ្រាន់ ដើម្បី​​​ផ្ដន្ទាទោស​​​លោក ​បណ្ឌិត។ លោក​​​បាន​​​មាន​​​ប្រសាសន៍​ថា “ យើង​​​មាន​​​សាក្សី​​​និង​​​ភ័ស្ដុតាង ដើម្បី​​​ចោទ​​​ប្រកាន់​​​គាត់​​​ក្នុង​​​ករណី​​​នេះ​​​”។

បន្ទាប់​​​ពី​​​មានហេតុ​​​ការណ៍​​​​​​ការ​​​បាញ់​​​ប្រហារ​​​​នោះ​​​ លោក​ស្រី​ឧបនាយក​​​រដ្ឋ​​​មន្ត្រី ម៉ែន ​សំអនបាន​​​ចុះ​​​សួរ​​​សុខ​​​ទុក្ខ​​​ជន​​​រងគ្រោះ​​​ទាំង​​​បី​​​នាក់​​​និង​​​បាន​​​ឲ្យ​​​ប្រាក់​​​​​​ពួកគេ​​​ជា​​​ថ្នូរ​នឹងការ​​​ដក​​​ពាក្យ​​​បណ្ដឹង​​​ប្តឹង​​​​លោក បណ្ឌិត​​​។ លោក មឿន តុលា ​​​​​​​​​​​​ប្រធាន​​​កម្មវិធី​​​ការ​​​ងារ​នៅ​​​​មជ្ឃមណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​​សម្រាប់​​​​សហគមន៍​​​​បាន​​​មាន​​​ប្រសាសន៍ថា “ យើង​​​​មិន​ឃើញ​​​តុលា​ការ​​​មាន​​​ឆន្ទៈ​​​​​ផ្ដន្ទាទោស​​​ជន​​​ល្មើស​​​រូប​នេះ​ទេ។ ផ្ទុយទៅ​​​វិញ យើង​​​ឃើញ​​​ថា មាន​​​​ការព្យាយាម​បិទ​សំណុំ​រឿង​នេះ”។

លោក តុលា បាន​​​គូស​​​បញ្ជាក់​​​ថា  នៅ​ពេល​​លោក​ បណ្ឌិត ​នៅ​មាន​សេរី​ភាព​​ប៉ុន្មាន​ខែ​បន្ទាប់​ពី​ការ​បាញ់​នេះ តុលាការ​ដដែល​នេះ​បាន​​​​​ចេញ​​​ដី​​​កាចាប់​​​ខ្លួន​​​លោក សម ​រង្ស៊ី ​មេ​ដឹក​នាំគណបក្ស​​​ប្រឆាំង​​​និង​​​បាន​​​ផ្ដន្ទាទោស​​​លោក​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​រយៈពេលពីរ​​​ឆា្នំ ​ពី​បទ​ញុះ​ញង់ និង​​​បំផ្លាញ​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ​តែ​ក្នុង​រយៈ​ពេល​មួយ​ខែ​ប៉ុណ្ណោះ។  លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ បើ​​​យើង​​​ពិនិត្យ​​​និង​​​ប្រៀប​​​ធៀប​​​ករណី​​​ទាំង​​​ពី​​​រខាង​​​លើ ​វាបង្ហាញ​​​​​​ច្បាស់​​​ថា ​​​[ប្រព័ន្ធ​​​តុលាការ] ទទួល​​​រង​​​​​​​ឥទ្ធិពល​​​​​​នយោបាយ​​​ និង​​​អំពើ​​​ពុក​​​រលួយ៕

(រាយ​​​ការ​​​ណ៍​​​បន្ថែម​​​ដោយ Dene-Hern Chen)

ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស