32.5 C
Phnom Penh

បន្ទាប់​ពីខ្សែ​ភាព​យន្តរឿង“ វាល​ ​ពិឃាត” លោក រ៉ូឡង់ ចូហ្វ មាន​ ​ឥទ្ធិ​ពល​លើ​កម្ពុជា ពេល​បច្ចុប្បន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោករ៉ូឡង់ចូហ្វ (Roland Joffe) ប្រហែល​​ជា​​​មិន​​បាន​ដឹង​ថា ​រឿងរ៉ាវ​មិត្ត​ភាព​មួយ​ដែល​លោកបាន​ជួយ​ទម្លាយ​ការ​ពិត បាន​ប្រ​សូត​ចេញ​ពី​សោក​នាដ​កម្ម​មួយនៅ​​ក្នុង​ចំណោម​សោក​​នាដ​កម្ម​ធំៗ​បំផុត​ក្នុង​​រយៈ​ពេល​មួយ​សត​វត្សរ៍​កន្លង​មក​នេះ​​ដោយ​របៀប​ណា​នោះ ​ធ្វើ​ឲ្យ​មនុស្សម្នា​មាន​ការ​ចាប់​អារម្មណ៍​រហូត​ដល់​សព្វ​ថ្ងៃ។

ប៉ុន្តែ​ការ​ចាក់​បញ្ចាំង​លើក​ដំបូង​នូវ​ខ្សែ​ភាព​យន្ត​រឿង “ វាល​ពិឃាត” ដែល​​លោក​ដឹក​នាំ​ថតនៅ​​ក្នុង​ឆ្នាំ១៩៨៤​ នៅ​តែ​ជា​ខ្សែ​ភាព​យន្ត​មួយ​ក្នុង​ចំណោម​ខ្សែភាព​យន្ត​ ដែល​ពណ៌​នា​ភាគ​ច្រើន​បំផុត​អំពី​ប្រទេស​កម្ពុជា។​ភាព​យន្ត​នេះ​ត្រូវបាន​ដាក់​ពាក្យ​ស្នើ​សុំ​ពាន​រង្វាន់​អូស្កា​ចំនួន​ប្រាំ​ពីរហើយ​ក៏​ទទួល​បាន​ពាន​រង្វាន់​នេះ​ចំនួន​បី ដោយ​មួយ​ក្នុង​ចំណោម​នោះ​បាន​ទៅ​លើ​លោកហាំងង៉ោតួសម្តែងដែល​មិន​ធ្លាប់​ទទួល​បាន​ការ​ហ្វឹក​ហាត់ ដែល​សម្តែង​ជា​តួ​អង្គ​អ្នក​កាសែត​កម្ពុជាម្នាក់ឈ្មោះឌិតប្រ៉ន។

ដោយ​ពេល​នេះ​មាន​វ័យ​៦៧​ឆ្នាំ​ ពេល​វេលា​បាន​កន្លង​ផុត​ទៅ​២៨​ឆ្នាំ​ហើយ​ចាប់​តាំង​ពី​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​នេះ​មក ហើយ​​ពេល​នេះ​លោករ៉ូឡង់ចូហ្វ ​បាន​វិល​ត្រ​ឡប់​មក​ប្រទេស​កម្ពុជា​វិញក្នុង​គោល​​បំណង​​ចូល​រួម​អប​អរ​ការ​ចេញ​ផ្សាយ​សៀវ​ភៅ​ថ្មី​មួយ​ដែលមាន​ចំណង​ជើង​ថា “ Phnom Penh Noir ”​ (អ្នក​រស់​នៅ​ភ្នំពេញ) នៅ​ក្លឹប​អ្នក​កាសែត​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បរទេស​កាល​ពី​ថ្ងៃ​សុក្រ។

ពេល​នេះលោករ៉ូឡង់ចូហ្វ ​មាន​ភាព​យន្ត​​ ដែល​ទទួល​បាន​ជោគ​ជ័យ​ជា​ច្រើន​។តែ​ទោះ​​ជា​យ៉ាង​ណា លោកនៅ​តែ​មាន​ទំនាក់​ទំនង​ជា​មួយ​កម្ពុជា គឺ​មិន​ត្រឹម​តែ​តាម​រយៈ​ប្រជា​ប្រិ​យភាព​ដែល​នៅ​តែ​មាន​របស់​ភាព​យន្ត​ខាង​លើ​នេះ​ ជា​ឧបករណ៍​ប្រ​វត្តិ​សាស្ត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​តាម​រយៈ​កិច្ច​ការ​របស់​លោក​ក្នុង​ឋានៈ​ជា​ស្ថាបនិក​មួយ​រូប​​ក្នុង​ចំណោម​ស្ថាប​និក​មូលនិធិ​កម្ពុជា (Cambodia Trust) ដែល​ជួយ​ដល់​អ្នក​ពិការ​ផងដែរ។

អង្គុយ​លើ​សាឡុង​នៅ​​ក្នុង​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal) កាល​ពី​ថ្ងៃ​ច័ន្ទ​ លោករ៉ូឡង់ចូហ្វ ​បាន​មាន​ប្រ​សាសន៍​ថាប្រទេស​កម្ពុជាដែល​លោក​ព្យាយាម​ពណ៌​នា​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​រឿង “ វាល​ពិឃាត” ដែលត្រូវ​បាន​ថត​បញ្ចប់​នៅ​ក្នុង​ប្រទេស​ថៃ និង​ពណ៌​នា​ពី​រឿង​រ៉ាវ​របស់​អ្នក​កាសែត​ម្នាក់មក​ពី​​កាសែតឌឹញូវយ៉កថែមស៍ (The New ​York Times) ឈ្មោះស៊ីដនីស្គែន​បឺក (Sydney Schanberg) និង​លោកឌិតប្រ៉ន​ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​នៅ​​សម័យ​លោក​ លន់នល់កាន់​តែ​មាន​កម្លាំង​ចុះ​ខ្សោយ​ក្រោម​​ការវាយ​ប្រហារ​យ៉ាង​ខ្លាំង​ពី​ខ្មែរ​ក្រ​ហម​នោះ បាន​ធ្វើ​ឲ្យ​​ប្រទេស​នេះ​បន្ត​គោល​នយោ​បាយ​​របស់​ខ្លួន​ដោយ​ស្ទើរតែ​គ្មាន​ការ​ត្រួត​ពិនិត្យ​ទាំង​ស្រុង។​លោក រ៉ូឡង់ចូហ្វ ​ពណ៌​នា​ពី​ប្រទេស​កម្ពុជាថាជា “ ក្មេង​វ័យ​ជំទង់​ដែល​ពិបាក​នឹង​គ្រប់​គ្រង”។​​​​

លោក​បានមាន​ប្រ​សាសន៍​ថា “ អ្នក​អាច​មើល​ឃើញបញ្ហា​ដដែលៗ​ជា​ច្រើន​កើត​មាន​ជា​ថ្មី​ទៀត​។ជីវ​ភាព​រស់​នៅ​តាមទី​ជន​បទ​ជួប​ការ​លំបាកដូច​កាល​ពី​មុន​ដែរ​។តែ​​​និយាយ​មួយ​បែប​គឺ​ថា ប្រទេស​កម្ពុជា​​​មាន​​​ការ​​​រីក​​​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ខ្លះ​​​ដែរ ប៉ុន្តែ​​​មិន​​​ដូច​​​កាលពី​​​មុន​​​ពេល​​​កម្ពុជា​​​ធ្លាក់​​​ដល់​​​ចំណុច​​​សូន្យ​​​ឡើយ ហើយ​វា​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា ជា​វិធី​ល្អ​ក្នុង​ការ​ពណ៌​នា​ពី​អ្វី​ដែល​បាន​កើត​ឡើត​ជា​មួយ​នឹងខ្មែរ​ក្រហម”។

លោករ៉ូឡង់ចូហ្វជឿជាក់​ថាការ​បែង​ចែក​​ល្អ​និង​ការ​ប្រ​កួត​ប្រជែង​ផ្នែក​មនោគម​វិជ្ជា​ បាន​ឆ្លុះ​បញ្ចាំង​ពី​​ប្រទេស​កម្ពុជា មុន​សម័យ​សង្គ្រាម​ស៊ីវិល ប៉ុន្តែ​ថា ហេដ្ឋារចនា​សម្ព័ន្ធ​ទាំង​នោះ​មិន​ត្រូវបាន​ស្តារ​ឡើង​​វិញ​ទេបន្ទាប់​ពី​ជម្លោះ​បានថម​ថយ​។

លោកមាន​ប្រ​សាសន៍​ថា“អ្វី​ដែល​ លោក​អ្នក​មាន​ជា​ទូ​ទៅ​នោះ​ គឺ​មូលធន​និយមបក្ខ​ពួកហើយ​មូល​ធន​និយម​បក្ខ​ពួក​នេះបង្ក​​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ វាគ្មាន​ការ​ត្រួត​ពិនិត្យ​ឡើយ។​

វា​ពិ​បាក​នឹង​រក​ភាសា​មក​ប្រើ​​ដើម្បីពណ៌​នា​ថា​​មូល​ធន​និ​យម​បក្ខ​ពួក​មាន​ន័យ​ដូច​ម្តេច​នោះពីព្រោះ​ពេល​នេះ​​វា​ហាក់​ដូច​ជា​​បទ​ដ្ឋាន​”។​​​​​លោក​មានប្រសាសន៍បន្ត​ទៀតថា“ ដូច្នេះ​​ហើយ​បាន​ជា​ខ្ញុំមក​ទី​នេះ ខ្ញុំ​មើល​ឃើញ​មូល​ធន​និយម​​​បក្ខ​ពួក ហើយ​អ្នក​មិន​អាច​បន្ទោស​ប្រទេស​នេះ​ចំពោះ​រឿង​នោះ​បាន​ឡើយពីព្រោះ​​​ប្រទេសកម្ពុជាបាន​​រីក​ចម្រើន​ឡើង​ដោយ​សារ​មេ​ដំបែ។ត្រង់​ថាវា​នឹង​​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ខាង​ណា​នោះ ខ្ញុំ​មិន​ដឹងទេ ខ្ញុំ​មិន​មែន​ជាគ្រូ​ទាយ​​ឡើយ”។

នៅ​ក្បែរៗ​នោះ ភ្ញៀវ​ទេសចរជា​​ក្រុម​ៗបាន​មក​ផ្តុំ​គ្នា​នៅ​ក្នុង​អាង​ហែល​ទឹក​មួយ​ក្នុង​ចំណោម​អាង​ហែល​ទឹក​ចំនួន​ពីរ​ក្នុង​សណ្ឋា​គារ ​ឡឺរ៉ូយ៉ាល់។ទោះ​បី​ជា​ខ្សែ​ភាព​យន្ត​រឿង“វាល​ពិឃាត​”មិន​ត្រូវបាន​ថត​នៅ​សណ្ឋាគារ​​នេះ​ក្តីក៏​ឈុត​ឆាក​មួយ​ចំនួន​ក្នុង​ខ្សែ​ភាព​យន្ត​នេះ​មាន​ពណ៌​នា​ពី​លោក ស៊ីដនី ស្គែន​បឺកនិង​​អ្នក​កាសែត​បស្ចិម​ប្រទេស​ផ្សេងៗ​ទៀត​ ដែល​បាន​ស្នាក់​នៅក្នុងសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ មុន​ពេល​រដ្ឋាភិបាល​ក្រុងភ្នំពេញដួលរលំ។

នាពេលបច្ចុប្បន្ន​ វា​ពិបាក​នឹង​នឹក​ស្រមៃ​ថា​ ប្រ​វត្តិ​សាស្ត្រ​បែប​នេះ​​​បានកើតឡើង​នៅ​ទី​នេះ​ណាស់។ ប៉ុន្តែ​វា​ប្រ​ហែល​ជា​ចំណុច​នោះ​ហើយហើយ​លោក រ៉ូឡង់ ចូហ្វ ពិត​ជា​ទន្ទឹង​រង់​ចាំ​ប្រាប់​ពី​រឿង​រ៉ាវ​បន្ថែម​ទៀត និង​ចង់​មើល​ឃើញ​ប្រជា​ជន​កម្ពុជានិយាយ​ពី​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ដែរ។នៅ​ល្ងាច​​​ថ្ងៃ​សុក្រ លោក​នឹង​ធ្វើ​ជា​វាគ្មិន​នៅ​ក្នុង​ពិធី​​ផ្សព្វ​​ផ្សាយ​សៀវ​ភៅ​ “ Phnom Penh Noir”។ ហើយ​មុន​ពេល​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា នៅ​សប្តាហ៍​ក្រោយ លោក​ក៏​នឹង​ជួយ​រៃ​អង្គាស​មូលនិធិ​សម្រាប់​ក្លឹប​រ៉ូតារី (Rotary Club) ដែល​ជា​ក្លឹប​ក្នុង​ស្រុក​ផង​ដែរ។​​

លោករ៉ូឡង់ចូហ្វជឿជាក់ថា រឿង​ខ្មែរ​​​លើក​ក្រោយ​​ មិន​ចំបាច់​មាន​រូបលោក​​ ឬក៏​ជនបរទេស​លោក​ខាងលិច​ណាផ្សេង​​និយាយ​​ប្រាប់នោះទេ។ លោកបាន​លើកឡើងថា “​​ រឿង​ទាំង​នោះ​គឺ​ដូច​តែគ្នា​ទេ​ ប៉ុន្តែវាបង្ហាញ​ពី​របៀប​របប​របស់ប្រទេស​កម្ពុជា។​ តើ​ប្រជាពលរដ្ឋ​​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​យ៉ាង​ដូចម្តេចតើអ្វីទៅ​ជា​មនុស្ស​ជាតិ​ដែល​ល្អ​? តើយើង​នឹង​រស់​នៅ​​យ៉ាងដូច​ម្តេច​? ខ្ញុំ​គិតថា សំណួរ​ទាំង​នេះ គឺ​សុទ្ធ​តែ​ជាសំណួរ​​ល្អ​ៗ ប៉ុន្តែ​ប្រជាពល​រដ្ឋ​ខ្មែរ​គួរតែជា​អ្នក​ឆ្លើយ​នូវ​សំណួរ​ទាំង​នេះ”។

លោករ៉ូឡង់ចូហ្វនៅតែ​មាន​ចំណាប់​អារម្មណ៍​លើអ្វី​ដែល​លោក​ហៅថា​​”ការងារ​មួយ​ដែល​កំពុងតែ​ដំណើរការ” គឺការ​ថត​ខ្សែ​ភាព​យន្ត​អំពី​ក្រុមបាល់ទះ​​ជនពិការ​កម្ពុជា​។លោកនៅចាំបានថា លោកបាន​ឃើញ​ការ​ប្រកួត​មួយដ៏អស្ចារ្យ​​របស់ពួកគេ​​ជា​មួយ​ក្រុម​បាល់ទះជនពិការ​អាល្លឺម៉ង់​ ដែល​មាន​បំពាក់​ទៅដោយ​អវយវៈ​សិប្បនិម្មិត​ដ៏ទំនើបៗហើយលោក​ក៏​នៅចាំ​បាន​ថា បានឃើញ​ប្រជា​ពល​​​រដ្ឋខ្មែរ​ទទួល​រង​ការ​ឈឺចាប់ដែរ។​

លោក រ៉ូឡង់ ចូហ្វ​  មាន​ប្រសាសន៍បន្តថាដែល​ផ្ទុយ​ទៅ​នឹង​ទីក្រុងមួយ​ដែលត្រូវ​បាន​គេ​បំផ្លិច​បំផ្លាញ។វាលើក​ឡើង​អំពី​ភាពដ៏អស្ចារ្យ​របស់​មនុស្សជាតិ”។

បន្ទាប់ពី​រឿង​ ‘វាលពិឃាត’​ លោករ៉ូឡង់​ ចូហ្វបាននិពន្ធរឿង’បេសកក្ម’ជា​រឿង​រំភើប​ដែល​​មាន​​តួសម្តែង​រួម​គ្នា​រវាង​ លោករ៉ូបឺតឌឺនីរ៉ូ(Robert de Niro)​ និងលោកជេរេមីអាយរន់ (Jeremy Irons) ព្រម​ទាំង​ទទួល​បាន​ពានរង្វាន់​ជាច្រើន​ផងដែរ។ខ្សែ​ភាពយន្ត​ទាំងពីរ​នោះគឺផ្តោត​យ៉ាង​សំខាន់​លើទំនាក់​ទំនង​របស់​មនុស្ស​ជាតិ។ លោកបានលើកឡើងថា”មិត្តភាព​ធ្វើ​ឲ្យខ្ញុំ​ជាប់ចិត្ត​យ៉ាងខ្លាំងខ្ញុំគិតថាវាគឺរឿងដ៏អស្ចារ្យ”។

ខ្សែភាពយន្តជាបន្តបន្ទាប់ទៀតរបស់​លោក​​មិន​អាចប្រៀប​ផ្ទឹម​នឹង​ខ្សែ​ភាពយន្ត​ដែល​ទទួល​បាន​ជោគជ័យ​ទាំង​ពីរ​របស់​លោក​ឡើយ​ ប៉ុន្តែថ្វីបើយ៉ាងនេះ​ក្តី​ វាមិនអាច​ធ្វើ​ឲ្យលោក​ រ៉ូឡង់​ ចូហ្វ​ មានភាពរួញរាទេ។

លោកបានថ្លែងថា​”​ខ្ញុំមិនចង់​ក្លាយជា​នាយក​គ្រប់គ្រង​មួយរូប​ដែល​ល្បី​ចំពោះ​ការ​ធ្វើ​​នេះ​ឬ​ធ្វើ​​នោះ​ឡើយ​។ខ្ញុំមិនគិតថាខ្ញុំចង់​ប្រកបអាជីព​ជា​នាយក​គ្រប់គ្រង​ឡើយ”។​

ទោះជាយ៉ាងណាលោកបានមាន​ប្រសាសន៍ថាលោក​ មិនអាចជួយបានទេ​ ប៉ុន្តែ​លោកមានភាព​រំជើប​រំជួល​ដោយ​សារ​​ការពិត​​ដែល​ថា ​រឿង​ ‘វាលពិឃាត’​​​នៅ​មាន​ឥទ្ធិពល​រហូត​ដល់​​សព្វ​​ថ្ងៃ​នេះហើយលោក​លើក​ឡើង​ថាវាគួរ​ឲ្យ​​អាណិត​ណាស់​​ នៅ​ពេល​ប្រជា​ពលរដ្ឋ​ប្រាប់ការពិតអំពីវាលពិឃាត។

លោកបានថ្លែងថា”ខ្ញុំព្យាយាម​ញែក​រូបខ្ញុំ​ឲ្យដាច់​ពីខ្សែភាពយន្ត​​េនះ​។ខ្សែភាពយន្ត​​នេះ​មិន​មែន​ជារូប​ខ្ញុំ​នោះទេ​ វាជា​ស្នាដៃ​របស់​មនុស្ស​ជា​ច្រើន​។ប៉ុន្តែខ្ញុំគិតថាគ្មាន​នណា​ម្នាក់​អាច​ជួយ​បាន​ទេ​ ប៉ុន្តែវាគួរឲ្យរំជើបរំជួល​ណាស់​ នៅ​ពេល​ណា​ មាន​នណា​ម្នាក់ដើរ​មក​ជិត​អ្នក​ហើយប្រាប់ថាខ្ញុំបានឃើញ​រឿង​នេះ​ កាលពីពីរសប្តាហ៍មុន ​ហើយ​វា​អស្ចារ្យ​ណាស់”៕

 

ប្រែសម្រួលដោយតែមសុខុមនិង​ ស៊ាស៊ុយឈាង​

​​​​​​​

​​​​​​​​​

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស