27 C
Phnom Penh

NGO ​ចេញ​អនុសាសន៍​ស្ដី​ពី​បញ្ហា​ដី​ធ្លី​ និង​ការ​ការ​ពារ​ធន​ធាន​ធម្មជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​មក​ពី​១៨​ខេត្ត ​បាន​ជួប​ប្រជុំ​គ្នា​​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​គោល​នយោបាយ​របស់​រដ្ឋា​ភិបាល​​ជុំវិញបញ្ហា​ដី​ធ្លី​ និង​ធន​ធាន​ធម្មជាតិ​។

បណ្តាអង្គការ​ ដែល​រួម​មាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ គណៈកម្មាធិការ​ប្រព្រឹត្ត​កម្មនៃ​អង្គការសមាគម ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​និង​​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍​ បាន​មក​ចូល​រួម​ក្នុង​សន្និសីទតស៊ូមតិ​ជាតិ​លើក​ទី​៧ ស្ដី​ពី​បញ្ហា​ដី​ធ្លី​ និង​ធន​ធាន​ធម្មជាតិ​។

ពួក​គេ​បាន​ផ្ដល់យោបល់ឲ្យ​រដ្ឋាភិបាល​ខិត​​ខំ​រិតបន្តឹង​ការ​គ្រប់​គ្រង​បញ្ហា​ដី​ធ្លី​ និង​ធន​ធាន​ធម្មជាតិ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ ប៉ុន្ដែពួក​គេ​បាន​ចេញ​សេចក្ដី​ព្រាងនៃ​អនុសាសន៍​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹងវិស័យ​ឧស្សាហកម្ម​ រុករកធនធាន​ធម្មជាតិ​ ជនជាតិភាគតិច បញ្ហា​ព្រៃ​ឈើ​ ការ​អភិវឌ្ឍ​ជនបទ​ និង​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ​ ព្រម​ទាំង​បញ្ហា​ជម្លោះ​ដី​ធ្លីផងដែរ​​ ។

សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​របស់​អង្គការ​ក្រៅ​​រដ្ឋាភិបាល​ទាំង​នេះ​ បាន​លើក​ឡើង​ថា “ សហ​គមន៍​មិន​បាន​ទទួល​ព័ត៌មាន​ និង​ការ​ពិគ្រោះ​យោបល់​ជា​មុន​ស្ដី​អំពី​ការ​សម្រេច​​អំពី​គម្រោង​អភិវឌ្ឍន៍​ធន​ធាន​រ៉ែ​ធម្មជាតិ​ទេ​ដោយ​​បញ្ហា​នេះ​បាន​នាំឲ្យ​មានការ​រំលោភ​សិទ្ធិម​នុស្ស​ ជា​ពិសេស​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​”។

ពួក​គេ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ធានា​ថាការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់ផ្នែក​បរិស្ថាន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​តម្លាភាព​ ហើយ​ក៏​បាន​ទទូច​ឲ្យ​មាន​ការ​កែប្រែ​​ច្បាប់​ស្តីពី​ការ​គ្រប់​​គ្រង​រ៉ែ​ធម្មជាតិ និងការ​កេង​ប្រវ័ញ្ច ដើម្បី​ធ្វើ​ឲ្យ​សាធារណជន​ទទួល​បាន​ប្រយោជន៍​ពី​​​គម្រោង​អភិវឌ្ឍ​ន៍ធន​ធា​ន​ធម្មជាតិ​ទាំង​នេះ​។

អង្គការ​ទាំង​នេះ​ ក៏​បាន​លើក​ឡើង​ដែរ​ថា​ដីធ្លី​ដែល​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ត្រូវ​តែ​ប្រគល់​ទៅ​ឲ្យ​សហគមន៍​ក្រី​ក្រ ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ការ​ផ្ដល់​សម្បទាន​​បែប​នេះ​វិញ​ ហើយ​ធ្វើ​ដូច្នេះ​ប្រពៃណី​របស់​ពួក​គាត់​អាច​នឹង​ត្រូវ​បាន​ការ​ពារ​។ ពួក​គេ​ក៏​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ ហើយ​ងាក​មក​ផ្ដោត​សំខាន់​លើ​ការ​បង្កើត​ដី​សម្បទាន​សហគមន៍​ ដែល​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់​សហគមន៍​​ជន​ជាតិភាគតិចវិញ​​។

លោក យឹម ឆៃលី ឧបនាយក​រដ្ឋមន្ត្រី​ដែល​បាន​មក​ចូល​រួម​ក្នុង​សន្និសីទនេះ​ដែរ​នោះ​បាន​ទទួល​ស្គាល់​​ការ​ចេញ​អនុ​សាសន៍​​ទាំង​នេះដែរ​ ប៉ុន្ដែ មិន​បាន​លើក​ឡើង​ពី​អ្វី​មួយ​ឲ្យ​បាន​ជាក់​លាក់​នោះ​ទេ​។ លោក​បាន​លើក​ឡើងអំពី​អនុសាសន៍​នេះ​ថា “ វា​គ្មាន​បញ្ហា​អ្វី​នោះ​ទេ”។លោក​បាន​បន្ដ​ថា “ គ្រាន់​តែ​ផ្ដល់​ឯកសារ​មក​ឲ្យ​ខ្ញុំ​ អ៊ីចឹង​យើងរួម​គ្នា​​ដោះ​ស្រាយ​បញ្ហា​នេះ​។ ដៃ​គូ​អភិវឌ្ឍន៍​ គឺ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ ដែល​​មាន​គោល​ដៅ​តែ​មួយ​គត់ គឺ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​”។

បញ្ហា​ដី​ធ្លី​ គឺ​ជា​បញ្ហា​មួយ​ក្ដៅ​បំផុតនៅ​ក្នុង​ឆ្នាំ​នេះ ដោយសារ​តែ​ជម្លោះ​ និង​ការ​តវ៉ា​បាន​បន្ដ​កើត​មាន​ទូទាំង​ប្រទេស​។ រដ្ឋាភិបាល​បាន​​ដោះ​ស្រាយ​បញ្ហា​នេះ​ ដោយ​ផ្អាក​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​បទ​បញ្ជា​នេះ​ កាល​​ពី​ខែ​ឧសភា​ តែ​ទោះ​ជាយ៉ាងណា​ ដី​សម្ប​ទាន​​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ផ្ដល់​មុន​ការ​ផ្អាក​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ​នៅ​តែ​បន្ត​ផ្តល់​សិទ្្ធិទៅ​​ឲ្យ​ក្រុមហ៊ុន​។ ​លោក ហ៊ុន សែន ក៏​បាន​បង្កើត​កម្មវិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដោយ​យុវជន​ស្ម័គ្រ​ចិត្ត​ ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ខែ​កក្កដា ដោយមាន​គោល​បំណង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​ពាន់គ្រួសារ​ដែល​រស់​នៅ​លើ​ដី​ព្រៃ​របស់​រដ្ឋនិង​ដីសម្បទាន​សេដ្ឋកិច្ច​ផង​ដែរ​។

ថ្លែង​ទៅ​កាន់​សន្និសីទនោះ​ លោក ធន់សារា៉យ​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​លើក​ឡើង​ថា លោក​ព្រួយបារម្ភ​​អំពី​ការ​ផ្អាក​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ និង​គម្រោង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ ដែល​វាស់​វែង​ដោយ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​។

លោក ធន់ សារា៉យ​ ​មាន​ប្រសាសន៍​ថា “ វា​ក៏​មាន​ចំណុច​អវិជ្ជមាន​នៅក្នុងគម្រោង​វាស់​វែង​ដីធ្លី​នេះ​ដែរ​ យើង​បាន​កត់​សម្គាល់​ឃើញថា  មាន​ការ​អសកម្ម​លើ​ការ​ដោះ​ស្រាយ​​ជម្លោះ​ដីធ្លី​ ដោយសារ​តែ​មន្ត្រី​ ដែល​ទទួល​ខុស​ត្រូវ​បញ្ហានេះ​ ចំណាយ​ពេលរបស់​ខ្លួន​តែ​ទៅ​លើ​ការ​វាស់​វែង​ដី​ធ្លី​ ជាជាង​ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​”។

លោកក៏​បាន​លើក​ឡើង​ដែរ​ថា ដី​សាធា​រណៈ​​ទំហំ​១៩.៧៩០ហិកតា​ ត្រូវ​បាន​ធ្វើ​អនុបយោគ​ នៅ​ក្នុងចុង​ឆ្នាំនេះ​។ លោកចោទ​សួរ​ថា “ នៅ​ពេល​រដ្ឋា​ភិបាល​ប្រកាស​ផ្អាក​ការ​ផ្ដល់​ដី​សម្បទាន​ តើ​ការ​ធ្វើ​អនុបយោគ​នេះមាន​ន័យ​យ៉ាង​ដូច​ម្ដេច?”​៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស