28.4 C
Phnom Penh

បទ​​​ចោទ​ប្រកាន់​អតីត​អភិបាល​ក្រុង​បាវិត​ត្រូវ​បាន​លើក​លែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សាលាដំបូង​ខេត្ត​ស្វាយ​រៀង​ លើក​ឡើង​កាល​ពីម្សិលមិញ​ថាសាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​ បាន​លើកលែងរាល់​​ការ​ចោទ​ប្រកាន់​​​ទាំង​អស់​ប្រឆាំង​នឹង​អតីត​អភិបាល​ក្រុង​បាវិត​​ ដែល​ជា​ជន​សង្ស័យ​ដ៏​សំខាន់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​កម្មការិនី​រោង​ចក្រ​​ចំនួន​បី​​នាក់​​ អំឡុង​ការ​តវ៉ា​​ដោយ​ហិង្សា​នៅ​ឯ​តំបន់​សេដ្ឋកិច្ច​ពិសេស​​មួយ​កាល​ពី​ខែ​កុម្ភៈ​។

មេធាវី​មួយ​រូប​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូបាន​មាន​ប្រសាសន៍​ថាសាលាដំបូង​បាន​ចោទ​ប្រកាន់​លោកសចន្ថានាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​ក្រុង​បាវិត​ពី​បទ​បាញ់​ប្រហារ​កម្មការិនី​ចំនួន​បី​​នាក់​នេះ​ជំនួស​វិញ​។

លោកឈូកបណ្ឌិតអតីត​អភិបាល​ក្រុង​បាវិតតាំង​ពី​ដំបូង​ឡើយ​ គឺ​ជា​ជន​សង្ស័យ​តែ​​ម្នាក់​គត់​ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​ក្រសួង​មហាផ្ទៃ​ ក្នុង​ករណី​ការ​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ នៅ​ខាង​​ក្រៅ​រោងចក្រ​​ផលិត​ស្បែក​​ជើង​កីឡា​​ម៉ាក​ពូម៉ា (Puma) របស់​ប្រទេស​អាល្លឺម៉ង់។

លោកហ៊ឹងប៊ុនជាព្រះ​រាជអា​ជ្ញា​អម​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​ ​បាន​ថ្លែង​ថា “ យើង​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​​លោក​ [ឈូកបណ្ឌិត] ហើយ​ខ្ញុំ​មិន​ចង់​ធ្វើ​អត្ថា​ធិប្បាយ​អំពី​ហេតុ​ផល​នេះ​ឡើយ​”។ លោកបាន​ថ្លែង​ថា “ ផ្អែក​លើ​ភ័ស្ដុតាងនិង​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ លោក​មិន​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​បង្ក​ឲ្យ​ជន​រងគ្រោះ​រង​របួស​ទេ​”។

លោកជិនលីដាមេធាវី​មក​​ពី​អង្គការ​លីកាដូ​ ដែល​តំណាង​ឲ្យ​ជន​រង​គ្រោះដោយ​​ការ​បាញ់​ប្រហារ​ទាំង​បី​រូប​​មានប្រ​សាសន៍​ថា លោក​បាន​ទទួល​ដីកា​ពី​តុលាការ​ ដែល​បាន​លើក​ឡើង​ថា បទ​ចោទ​ប្រកាន់​មក​លើ​លោកឈូក បណ្ឌិត នឹង​ត្រូវ​លើក​លែង​ រីឯ​ការ​បើក​សវនាការ​ជំនុំ​ជម្រះ​លើក​ក្រោយ​នឹង​ធ្លាក់​ទៅ​លើ​លោកសចន្ថា។

ជិត​ប្រាំ​មួយ​ខែ​បន្ទាប់​ពីហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ លោកសចន្ថាបាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ កាល​ពី​ខែ​សីហាពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​ ចំពោះ​​អំពើ​បាញ់​ប្រហារ​កម្មការិនី​​ទាំង​បី​នាក់​។

លោកជិនលីដា ​លើក​ឡើង​ថាសេច​ក្ដី​សម្រេច​នេះ​មិន​បាន​លើក​ឡើង​ពី​មូល​ហេតុ​នៃ​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​​លោក​ ឈូក បណ្ឌិត ឡើយ​ និង​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា ​ដែល​ត្រូវ​កំណត់​សម្រាប់​បើក​សវនាការជំនុំជម្រះ​រឿង​ក្ដី​របស់​​មន្ត្រី​នគរ​បាល​រូប​​នេះ​ទេ​។

លោកសចន្ថាដែល​នៅ​​បម្រើ​ការ​ជា​មន្ត្រី​​នគរបាល​នៅ​ឡើយ​​បាន​មាន​ប្រសាសន៍​​ថាលោក​មិន​មាន​អ្វី​ភ្ញាក់​ផ្អើល​នោះ​ទេ ដែល​ថាលោក​ ឈូក បណ្ឌិត ត្រូវ​បាន​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​នោះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​មិន​ខ្លាច​ចំពោះ​​​អ្វី​ ដែល​គេ​បាន​ចោទ​ប្រកាន់​ខ្ញុំ​នោះ​ទេ​ ពី​ព្រោះខ្ញុំ​មិន​​បាន​ប្រព្រឹត្ត​កំហុស​ណា​មួយ​​ឡើយ​នៅ​ក្នុង​ករណី​នេះ​”។

សាក្សី​ដែល​អង្គការ​សិទ្ធិ​មនុស្ស​​សម្ភាស​​​បាន​ឲ្យ​ដឹងថា​ គេ​បាន​ចោទ​ថាលោក​ ឈូកបណ្ឌិត បាន​​បាញ់​យ៉ាង​កៀក​ទៅ​លើ​កម្មករ​កម្មការិនី​​មួយ​ក្រុម​ ដែល​​តវ៉ា​ដោយ​ហិង្សា​​ ដើម្បី​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ខែ​ និង​​ប្រាក់​​ឧបត្ថម្ភ​ផ្សេងៗទៀត។ ដើម​ឡើយ​ សាលាដំបូង​​ខេត្ត​​បាន​ចោទ​ប្រកាន់​​លោក ឈូក បណ្ឌិត ពីបទ​​បង្ក​របួស​ស្នាម​ដោយ​អចេតនា តែ​នគរបាល​មិន​បាន​ចាប់​ខ្លួ​នលោក​ឡើយ​។

អ្នក​​ស្រីគុយលក្ខណ៍ម្ដាយ​របស់​ ប៊ុនចិន្ដាដែល​សួត​របស់​នាង​ត្រូវ​រង​របួស​ដោយសារ​គ្រាប់​កាំ​ភ្លើង​មួយ​គ្រាប ​ដែល​បាន​​បាញ់​រះ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​​នោះ បាន​ហៅ​ការ​​សម្រេចរបស់​តុលាការ​ថា អយុត្តិធម៌។ អ្នក​ស្រី​​និយាយ​ថា “ ​​ការ​សម្រេច​បែប​នេះ​​នឹង​​ធ្វើ​​ឲ្យ​​គាត់​​បន្ដ​​បាញ់​​អ្នក​ផ្សេង​ៗ​ទៀត​ តាម​​អំពើ​​ចិត្ត​។ ខ្ញុំ​​ឈឺ​ចាប់​ណាស់​ ហើយ​ខ្ញុំ​មិន​ពេញ​ចិត្ត​ចំពោះ​តុលាការ ​ដែល​បាន​អនុញ្ញាតឲ្យ​គាត់​រួច​ផុត​ពី​សំណាញ់​ច្បាប់​នោះ​ទេ”។

លោកស្រី​​ ជិលថាក់ឃឺ (Jill Tucker) ប្រធាន​គ្រប់​គ្រង​បច្ចេកទេស​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) បាន​មាន​ប្រសាសន៍​ថាវា​គឺ​ជា​ថ្ងៃ​មួយ​ដ៏​សោក​សៅ​​សម្រាប់​កម្មការិនី​កាត់​ដេរ​​នៅ​​កម្ពុជា។

លោក​ស្រី​បាន​ថ្លែង​ថា “ អ្នក​បញ្ជា​ទិញ​បាន​សរសេរ​លិខិត​ជា​បន្ទាន់់​ផ្ញើ​ទៅ​រដ្ឋា​​​ភិ​​​បាល​ដោយ​ជំរុញ​ឲ្យ​ពន្លឿន​ការ​បើក​សវនា​​​ការ​​ជំនុំ​ជម្រះ​ប្រកប​​ដោយ​យុត្តិធម៌ ហើយ​ខ្ញុំ​គិត​ថា ប្រសិន​បើ​គ្មាន​ការ​បើក​សវនាការ​ដោយ​យុត្តិធម៌​​នៅ​ក្នុង​ករណី​នេះ​មែន​នោះ​ អ្នក​បញ្ជា​ទិញ​ទាំង​អស់​ប្រហែល​​ជា​មាន​ការ​ខក​ចិត្ត​យ៉ាងខ្លាំង​។

លោក​ គឺស្ទីននូប៊ើ (Kerstin Neuber) ប្រធាន​​ផ្នែក​ទំនាក់​ទំនង​សាជីវកម្ម​របស់​ក្រុមហ៊ុនពូម៉ា ​លើក​ឡើង​តាម​​អុីម៉េល​មួយ​ថា “ ​ក្រុម​ហ៊ុន​ ពូម៉ា ដែល​ជា​ក្រុមហ៊ុន​ប្រកប​​​អាជីវកម្ម​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​បញ្ហា​នយោ​បាយ​ ឬក៏​ប្រព័ន្ធ​តុលាការ​ឡើយ​”។ តែ​ទោះ​ជា​យ៉ាង​ណា យើង​សង្ឃឹម​យ៉ាង​មុត​មាំ​ថា រដ្ឋា​ភិបាល​កម្ពុជា​ នឹង​ខិត​ខំ​វែក​មុខ​ឧក្រិដ្ឋ​ជន​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​​េនះ”។

ភ្លាម​ៗ​បន្ទាប់​ពី​ការ​បាញ់​ប្រហារ​​នេះអាជ្ញា​ធរ​បាន​ទៅ​ជួបជន​រង​គ្រោះ​ជា​ច្រើន​លើក​ច្រើន​សា រួម​មាន​បុគ្គល​មួយ​ចំនួន ​ដែល​អះអាង​ថា ជា​​​​តំណាង​របស់​ឧប​នាយក​រដ្ឋ​មន្ត្រី លោក​ស្រី ម៉ែន សំអន ដើម្បី​បញ្ចុះ​​បញ្ចូល​ជន​រង​គ្រោះ​កុំ​ឲ្យ​ដាក់​ពាក្យបណ្ដឹង​ព្រហ្មទណ្ឌប្តឹង​លោកឈូកបណ្ឌិតដើម្បី​ជា​ថ្នូរ​នឹង​លុយ​កាត់​ និង​អំណោយ​ផ្សេងៗ​។

រឿងក្តី​​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​មិន​សម​ស្រប​ឡើយ​។ កាល​ពី​ខែ​មីនាលោកហ៊ឹងប៊ុនជាបាន​មាន​ប្រសាសន៍​ថាលោកឈូកបណ្ឌិតបាន​សារភាព​ថា បាន​ដក​កាំ​ភ្លើង​ខ្លី​របស់​ខ្លួន​បាញ់​ឡើង​លើ​ នៅ​កន្លែង​តវ៉ា។ប៉ុន្ដែប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​លោកបែរជា​​​មាន​ប្រសាសន៍​ថា លោក​ ឈូកបណ្ឌិតគ្រាន់​តែ​បាន​ដក​កាំ​ភ្លើង​ខ្លី​តម្រង់​ទៅ​លើ​មែន​ តែ​គាត់​មិន​បាន​បាញ់​មួយ​គ្រាប់​ណា​ឡើយ៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស