32.5 C
Phnom Penh

ជន​សង្ស័យ​សម្លាប់​ក្មេង​ស្រី​បី​​​​នាក់​ ទី​បំផុត​​ត្រូវ​បាន​សាលាដំបូង​រាជ​ធានីភ្នំពេញ​កាត់​ក្តី​កំបាំង​មុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេល​ជិត​បួន​ឆ្នាំ​បន្ទាប់​ពី​បុរស​ពីរ​នាក់​​បាន​គាស់​​​ផ្ទះ​មួយ​​ក្នុង​ខណ្ឌ​ទួលគោក រាជ​ធានីភ្នំពេញ កាលពី​ខែ​ឧសភា​ឆ្នាំ២០០៩ ហើយ​បាន​ធ្វើ​ទារុណ​កម្ម​​និង​​សម្លាប់​ក្មេង​ស្រី​វ័យ​ជំទង់​ពីរ​នាក់​និង​បង​ប្អូន​ជីដូន​មួយ​ម្នាក់​អាយុ​៤​ឆ្នាំ​របស់​ពួកគេ​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​នោះ ពេល​នេះសាលា​ដំបូងរាជ​ធានី​ភ្នំពេញ​​​បាន​​កាត់​ទោស​ជន​សង្ស័យ​ម្នាក់​​​ ដោយ​កំបាំង​មុខ​ពី​បទ​ឃាតកម្ម​ខាង​លើ​នេះ​។

ជន​សង្ស័យ​ឈ្មោះ នាង ប៊ុនធឿន ដែល​ពេល​នេះ​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ​ គឺ​ជា​អតីត​មន្ត្រី​ម្នាក់​នៅ​ក្រសួង​ទំនាក់​ទំនង​ជា​មួយ​​សភា ​ព្រឹទ្ធ​សភា ​និង​អធិការ​កិច្ច។

អ្នក​ស្រី អឹុម សុវណ្ណ​ផល្លា ម្តាយ​របស់​ក្មេងស្រី​វ័យ​ជំទង់​ទាំង​ពីរ​ដែល​ត្រូវ​ឃាតករ​សម្លាប់ និង​ត្រូវ​ជា​ម្តាយ​ធំ​របស់​ក្មេង​ប្រុស​រង​គ្រោះ​​អាយុ​​៤​ឆ្នាំ បា​ន​និយាយ​ក្នុង​តុលាការ​​កាល​ពី​ម្សិល​មិញ​​ថា ទោះ​បី​ជាឈ្មោះ ប៊ុនធឿន ​បិទ​មុ​ខ​ពេល​ធ្វើ​សកម្ម​ភាព​សម្លាប់​មនុស្ស​​ក្តី ក៏​អ្នក​ស្រី​នៅ​តែ​អាច​ចំណាំ​ជន​នេះ​បាន​ ពីព្រោះ​ជន​នេះ​គឺជា​មិត្តភក្តិ​​របស់​គ្រួសារ​នេះ​​ជា​យូរ​មក​ហើយ និង​ធ្លាប់​បរិភោគ​អាហារ​ពេលព្រឹក​​នៅ​ហាង​របស់​អ្នក​ស្រី​រាល់​ព្រឹក។

ស្វាមី​របស់​អ្នក​ស្រី សុវណ្ណ​ផល្លា គឺ​លោកទេព ដារ៉ុង ដែល​​ជា​​ប្រធាន​រាជ​បណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ​នៅពេល​មាន​ករណី​សម្លាប់​កូន​ស្រី​និង​ក្មួយ​ប្រុស​របស់​លោក មិន​បាន​បង្ហាញ​វត្ត​មាន​ក្នុង​តុលាការ​ទេ​កាល​ពី​ម្សិល​មិញ។

អ្នក​ស្រី សុវណ្ណ​ផល្លា បាននិយាយ​​ថា “ នាងប៊ុនធឿន ​និង​ប្រពន្ធ​របស់​គេ​គឺ​ជា​មិត្ត​ល្អ​របស់​ខ្ញុំ​តាំង​ពី​ឆ្នាំ១៩៩០​​ម្លេ៉ះ​ ខ្ញុំ​មិន​ដឹង​ថា មូល​ហេតុ​​អ្វី​បាន​ជា​ពួកគេ​ហ៊ានសម្លាប់​កូន​ស្រីរបស់​ខ្ញុំ និង​ក្មួយ​ប្រុស​របស់​ខ្ញុំ​​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​​បែប​នេះ​ទេ ព្រោះ​​ពួកគេ​​ទើប​តែ​មាន​អាយុ​​​៤​ឆ្នាំ​ និង​​១៧​ឆ្នាំ​ប៉ុណ្ណោះ”។

អ្នក​ស្រី​បន្ត​ថា “ នាង ប៊ុនធឿន គឺ​ជាឃាត​ករ​សម្លាប់​គ្រួសារ​របស់​ខ្ញុំ​។​ខ្ញុំ​ចង់​ឲ្យ​តុលាការ​រក​យុត្តិ​ធម៌​ឲ្យ​​ខ្ញុំ​ ហើយ​ខ្ញុំ​ទាម​ទារ​ឲ្យ​ជន​សង្ស័យ​​ផ្តល់សំណង​ចំនួន​៧០០.០០០ដុល្លារ”។

លោក ជា ម៉េត ព្រះ​រាជ​អាជ្ញារង​​អម​សាលា​​ដំបូងរាជ​ធានី​ មាន​ប្រ​សាសន៍​ថា តុលា​ការ​​គួរ​តែ​​​ធ្វើ​ការ​ចោទ​ប្រ​កាន់​ឈ្មោះ ប៊ុនធឿន ​ថ្វី​បើ​​ជន​នេះ​មិន​មាន​វត្ត​មាន​នៅ​សាល​ជំនុំ​ជម្រះ​ក្តី។លោក​ថ្លែង​ថា “ ទោះ​បីជា​ជន​សង្ស័យ​​បា​រត់រួច​ពី​ការ​ចាប់​ខ្លួន​ក្តី ក៏​តុលាការ​នៅ​តែ​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ដើម្បី​ចោទ​ប្រកាន់​ជន​នេះពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុនដែរ”។

លោក ជួន ណារិន ស្នង​ការ​រង​រាជ​ធានី​ភ្នំពេញ​​បានមាន​ប្រ​សាសន៍​ថា ​តុលាការ​បាន​ចេញ​​ដី​កា​ចាប់​ខ្លួន​​ឈ្មោះ ប៊ុនធឿន ​ហើយ ប៉ុន្តែ​​នគរ​បាល​មិ​ន​​ទាន់​​រកជន​នេះ​ឃើញ​ទេ​ចាប់​តាំង​ពី​មាន​ឃាតកម្មសម្លាប់​មនុស្ស​​ទាំង​​ប​ី​នាក់ដោយ​ការ​ឆក់ខ្សែ​ភ្លើង​មក។

លោក​បានមាន​ប្រ​សាសន៍​ថា “ យើង​កំពុង​សហការ​ជា​មួយ​ក្រសួង​មហា​ផ្ទៃ​ដើម្បី​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​នេះ”។ លោក ទូច ណារ៉ុថ អតីតស្នងការ​នគរ​បាល​​រាជធានីភ្នំពេញ បាន​មាន​ប្រសាសន៍​​នៅ​ពេល​​មាន​​ឃាតកម្ម​​​នេះ​ថា​​ ការ​សម្លាប់​ជន​រង​គ្រោះ​ទាំង​បី​នាក់​មាន​ដូច​ជា​​ អឹុម ចាន់បូរី អាយុ​១៧​ឆ្នាំ​ អឹុម ស្រី​ពេជ្រ អាយុ​១៥ឆ្នាំ និង​​ អឹុម រ៉ាសាអាយុ​៤ឆ្នាំ​ទំនង​ជា​ករណី​សង​សឹក។

លោក ទូច ណារុ៉ថ​ ​លើក​ឡើង​នៅ​ពេល​នោះ​ថា ឃាតករ​​ធ្វើ​ទារុណកម្ម​ជន​រង​គ្រោះដោយ​ឆក់​ខ្សែភ្លើង​ ហើយ​បាន​រង់​ចាំ​ម្ដាយ​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ​អស់​រយៈពេល​ប្រហែល​មួយ​ម៉ោង”។​

បន្ទាប់​ពី​បាន​ធ្វើ​ទារុណ​កម្ម​ លើ​ជន​រង​គ្រោះ​ និង​​បន្ទាប់​ពី​បាន​បង្ខំ​ជន​រងឲ្យ​ទូរស័ព្ទ​ហៅ​ម្ដាយ​របស់​ខ្លួន​ត្រឡប់​មក​ផ្ទះ​វិញ ឃាតករ​បាន​យក​​ដែកបំពង់​ទីប​​វាយ​ក្បាល​ជន​រង​គ្រោះ​ហើយបាន​យក​​គ្រឿង​អលង្ការ និង​​ប្រាក់​ចំនួន​២៩.០០០​ដុល្លារ​ចាក​ចេញ​ទៅ។

នៅ​ពេល​អ្នក​ស្រី​ សុវណ្ណ​ផល្លា ត្រឡប់​មក​ផ្ទះ​វិញ​ អ្នក​ស្រី​ត្រូវ​បាន​​ឃាតករ​វាយ​​ក្បាល​នឹង​ដែក​បំពង់​ទីប​ រួច​​យក​ក្រណាត់​រុំមាត់ ហើយ​អ្នក​ស្រី​បាន​ត្រឹម​តែ​ឈរ​មើល​ឃាតករ​គេច​ខ្លួន​ប៉ុណ្ណោះ។

ទាំង​លោក ទេព ដារ៉ុង និង​ភរិយា​របស់​លោក​មិន​បាន​និយាយជា​សាធារណៈ​អំពី​អំពើ​ឃាត​កម្ម​ដ៏​សាហាវ​នេះ​ឡើយ។​

មួយ​សប្ដាហ៍​មុន​ពេល​ឃាតកម្ម​នេះ​កើត​ឡើង​ មាន​សេចក្ដី​រាយ​ការណ៍​មួយ​បាន​ផ្សាយ​តាម​វិទ្យុសំឡេង​សហរដ្ឋ​អាមេរិក​ថា និស្សិត​នៅ​រាជ​បណ្ឌិត្យ​​សភា​វិជ្ជាជីវៈ​តុលាការ​​ដែល​បណ្ដុះ​បណ្ដាល​ចៅ​ក្រម​ក្នុង​ប្រទេស​កម្ពុជា បាន​បង់​ប្រាក់​​ពី ២០.0០០​ដុល្លារ ទៅ៣០.០០០​ដុល្លារ​​ដើម្បី​​មាន​សិទ្ធិ​​​ទទួល​​បាន​តំណែង​មួយ​នៅ​ក្នុង​តុលាការ​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា។

លោក ទេព ដារ៉ុង​ បាន​ចូល​និវត្តពី​តំណែង​​របស់​លោកជា​នាយក​រាជ​បណ្ឌិត្យ​សភា​វិជ្ជា​ជីវៈ​តុលាការ​​​ជាច្រើន​ឆ្នាំ​មក​ហើយ។​សាលាដំបូង​រាជធានី​ភ្នំពេញគ្រោង​នឹង​ប្រកាស​សាល​ក្រម​​ផ្តន្ទាទោសជង​សង្ស័យ​ ​នាង ប៊ុនធឿន នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ៕

ប្រែ​សម្រួល​ដោយ តែម សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស