29.6 C
Phnom Penh

នគរបាលច្រាន​​​ចោល​​​​​​​​​សេចក្ដីរាយ​​​ការណ៍​​​ថា មន្ត្រី​​​ជាន់​​​ខ្ពស់​​​ម្នាក់​​​ផ្ទុះ​​​អាវុធពេលបុករថយន្តដឹកស្រាបៀរអង្គរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបាន​​​ច្រាន​​​ចោល​​​សេច​​​ក្ដី​​​រាយ​​​ការណ៍​​​​​​នានា តាម​​​ប្រ​​​ព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​​ស្រុក​ដែល​​​​​​ថា មន្ត្រី​​​នគរបាល​​​ជាន់​​​ខ្ពស់​​​មួយ​​​រូប បាន​​​បាញ់​​​កាំ​​​ភ្លើង​​​របស់​​​ខ្លួន​​​ឡើង​​​លើ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ បន្ទាប់​​​ពី​​​មាន​​​កំហឹង ពេល​​គាត់​​​បាន​​​បើក​​​​​​​​​បរ​​​បុក​​​រថ​​​យន្ត​​​ចែក​​​ចាយ​​​ស្រា​​​បៀរ​​​អង្គរមួយ​​​គ្រឿង។

គេហទំព័រ​​​​​​ព័ត៌​​​មានដើម​​​អម្ពិល បាន​​​ធ្វើ​​​សេច​​​ក្តី​​​រាយ​​​ការណ៍​​​​​​ថា​​​ មន្ត្រី​​​នគរបាល​​​​​ជាន់​​​ខ្ពស់​​​រូប​​​នេះ បាន​​​បើក​​​បរ​​​​​​រថយន្ដ​​​ឡង់​​​គ្រីស័រ​​​របស់​​​ខ្លួន​​​ទៅ​​​បុក​​​រថយន្ដ​​​ដឹក​​​ស្រា​​​បៀរ​​​អង្គរ​​​ក្នុង​សង្កាត់​​​​ បឹង​​​ទំពុន ​​​ខណ្ឌ​​​មាន​​​ជ័យ រួច​​​ក៏​​​​​បាញ់​​​កាំ​​​ភ្លើង​​​ពីរ​​​គ្រាប់ឡើង​​​លើ​​​​​ទាំង​​​​​​កំហឹង។

ប៉ុន្តែ លោក ឡូ ភារម្យ នាយ​​​ប៉ុស្ដិ៍​​​នគរ​បាល​​​​សង្កាត់​​​បឹង​​​ទំពុន បាន​​ចាត់​​​ទុក​​​​​​​​​សេច​​​ក្ដី​​​រាយ​ការណ៍​​​នេះ​​​ថាជា​​​ “ពាក្យ ចចាម​​​អារ៉ាម ” ។ លោក ​​​ថ្លែង​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “យើង​​​មិន​​​បាន​​​រក​​​ឃើញ​​​គ្រាប់កាំ​​​ភ្លើង​​​​​​ទេ” ។ មន្ត្រី​​​នគរ​បាល​​​ផ្សេង​​​ៗទៀត បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លូន​​​​​មិន​​​បាន​​​ដឹង​​​​ពី​​​បញ្ហា​​​នេះ​​​ទេ ឬ ក៏​​​បដិសេធ​​​មិន​​​ធ្វើ​​​ការ​​​បំភ្លឺ​​​តែ​​​ម្តង។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា អ្នក​​​បើក​​​​​​បរ​​​រថយន្ដ​​​ចែក​​​ចាយ​​​ស្រា​​​បៀ​​​រ​​​អង្គរ ឈ្មោះ ​ទូច វណ្ណៈ ​បាន​​​និយាយ​​​កាល​​​ពីម្សិល​​​មិញ​​​ថា អ្នក​​បើក​​​បរ​​​រថ​​​យន្ត​​​ពិតជា​​​បាន​​​ដក​​​កាំ​​​ភ្លើង​​​ចេញពី​​​ស្រោម​​​នៅ​​​នឹង​​​ចង្កេះ​​​មក​​​គំរាម​​​កំហែង​​​គាត់​​​​​​ពិត​​​មែន។

គាត់​​​​​​និយាយ​​​ទៀត​​​ថា នៅទី​​​បញ្ចប់ បុរស​​​រូប​​​នោះ​​​បាន​​​ស្ងប់​​​អារម្មណ៍​​​វិញ ហើយ​​​ក៏​​​​​​បាន​​​ឲ្យ​​​ប្រាក់​​​​​​សំណង​​​មក​​​គាត់​​​ចំនួន​​​៤០​​​ដុល្លារ​​​បន្ទាប់​​​ពី​​​នគរបាលទៅ​​​ដល់​​​កន្លែង​​​កើត​​​ហេតុ​​​។ គាត់​​​បន្តថា “ខ្ញុំ​​​ភ័យ​​​ខ្លាច​​​យ៉ាង​​​ខ្លាំង ហើយ​​​ខ្ញុំ​​​ក៏​​​​​​ទទួល​​​យក​​​ប្រាក់​​​នេះទៅ”៕ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស