38.8 C
Phnom Penh

វប្បធម៌កម្ពុជា ករណី​​រំលោភ​ផ្លូវ​ភេទ គេទុកជារឿងសម្ងាត់ មិន​​មាន​​ការជជែក​ដេញ​ដោល​ច្រើន​​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​យប់​ងងឹត​ បុរស​ពីរនាក់​បាន​វាយ​ដំ​ស្ត្រី​ពិការជើង​អាយុ​១៩​ឆ្នាំម្នាក់ រហូត​ដល់សន្លប់ ​រួច​នាំ​គ្នា​រំលោភ​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ​ក្នុង​ចម្ការ​ចេកមួយ ក្នុង​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល។

ស្ត្រី​អាយុ​១៩​ឆ្នាំ​រូប​នេះ បាន​និយាយ​ កាល​​ពី​ថ្ងៃ​អង្គារ​ថា “ ពួក​គេ​វាយ​ខ្ញុំ​ឲ្យ​សន្លប់​។ នៅ​ពេល​ខ្ញុំ​ដឹង​ខ្លួន​វិញ​ ទើបដឹងថា​ ខ្ញុំកំពុង​​នៅក្នុង​មន្ទីរ​ពេទ្យ​​ ហើយគ្រូពេទ្យ​​ប្រាប់​ខ្ញុំ​ថា​ ខ្ញុំ​ត្រូវ​គេ​ព្រួតចាប់​រំលោភ​”។

ស្ត្រី​រូប​នេះ​បាន​និយាយ​បន្ដ​ថា “ ខ្ញុំ​មិន​បាន​​ចាំ​អ្វី​ទាំង​អស់​ ប៉ុន្ដែ អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​ គឺ​គួរ​ឲ្យ​តក់​ស្លុត​ណាស់​”។

ករណី​វាយ​ឲ្យ​សន្លប់​ដ៏ព្រៃផ្សៃ​ កាល​ពី​ថ្ងៃ​អាទិត្យ​ គឺ​ជា​ករណីមួយ​ទៀត ក្នុង​ចំណោម​អំពើ​ហិង្សា​រំលោភផ្លូវ​ភេទ ប្រព្រឹត្ត​លើ​ស្ត្រី​ភេទ នៅ​ក្នុងប្រទេស​កម្ពុជា​។ នៅ​ក្នុង​ករណី​ចាប់​រំលោភប្រហែល​​៣២០​ករណី​ ដែល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​កត់​ត្រា​ កាល​​ពី​ឆ្នាំ​មុន​ មាន​២០១​ករណី​បាន​កើត​ឡើង​​ចំពោះ​អនីតិជន​។ ក្នុង​ឆ្នាំ​២០១២ ​កាសែត​ខេមបូឌា ដេលី បាន​ចុះ​ផ្សាយ​អំពើរំលោភ​ ហើយ​សម្លាប់​ក្មេងស្រី​អនីតិជនមាន​ចំនួន​១០​ករណី​ ហើយ​មាន​ករណី​ចាប់រំលោភ​៣​លើកដោយ​ឡែក​ផ្សេង​ទៀត​ បាន​កើត​ឡើង​ចំពោះ​ស្ត្រី​ពិការ​។

នៅ​ក្នុង​ស្រុក​កៀន​ស្វាយ នគរបាល​មិន​បាន​ចាប់​ខ្លួន​នរណា​ម្នាក់​ឡើយ​ នៅ​ក្នុង​ករណី​ចាប់​រំលោភ​ស្ត្រី​ពិការ​អាយុ​១៩​ឆ្នាំ​ តែ​ទោះ​ជា​យ៉ាងណា​ លោក ប៉ម សំអិត អធិការ​នគរ​បាល​ស្រុក​កៀន​ស្វាយ​ បាន​មាន​ប្រសាសន៍​ថា មន្ត្រី​នគរបាល​បាន​កំណត់​អត្ដសញ្ញាណ​ថា​ បុរស​វ័យ​ក្មេង​មួយ​រូប​នៅ​តំបន់​នោះ​​​​ គឺ​ជា​ជន​សង្ស័យ​។

ថ្វី​បើ​នគរបាលមិនសូវសកម្ម​ និង​មាន​បទ​ឧក្រិដ្ឋ​ដ៏​ព្រៃ​ផ្សៃ​បែប​នេះ​ក្ដី​ ក៏​គ្មាន​ការឈឺ​ឆ្អាល​ពី​សាធារណជន​ចំពោះ​ស្ត្រី​រូប​នេះ​ដែរ​ ខណៈដែលឪពុក​ម្ដាយ​របស់​នាង​ និង​បង​ប្អូន​ទាំងប្រាំពីរនាក់ ដែល​កំពុង​ថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។

ទោះ​ជាយ៉ាងណា ក្នុង​ប្រទេស​ឥណ្ឌា​ ការ​ខឹង​សម្បាពី​សាធារណជន​បាន​ផ្ទុះ​ឡើង​នៅ​តាម​ដងផ្លូវ​​ក្នុង​ទីក្រុង​ញូវដេលី ចំពោះ​ការ​រំលោភ​ និង​សម្លាប់​និស្សិត​ស្រី​ជន​ជាតិ​ឥណ្ឌា​ម្នាក់ អាយុ​២៣ឆ្នាំ ដែល​ទទួល​រង​ការ​វាយ​ដំ​យ៉ាង​ព្រៃ​ផ្សៃ ​កាល​ពី​ខែ​មុន​ ពី​បុរស​មួយ​​ក្រុម​ ដែល​កំពុង​តែ​ជិះ​រថយន្ដ​ក្រុង​ជាមួយនាង​។

បន្ទាប់​ពី​ការ​ស្លាប់​របស់​នាង​កាល​ពី​ថ្ងៃ​សៅរ៍ មនុស្ស​ម្នារាប់​ពាន់នាក់​បាន​ចេញ​មក​តាម​ផ្លូវ​ ដើម្បីអុជ​ទៀន​ និង​សម្ដែង​ការ​សោក​សង្រេង​ និង​ការ​ខឹង​សម្បា​ ចំពោះ​អំពើ​ដ៏​ព្រៃ​ផ្សៃ​នេះ​។ បុរស​ចំនួន​ប្រាំ​មួយ​នាក់​ ឥឡូវ​នេះ ត្រូវ​បាន​តុលាការឥណ្ឌា​​​ ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​នេះ​។

លោក ម៉ាន់ម៉ូហាន ស៊ីញ (Manmohan Singh) នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា បាន​​ចូល​រួម​រំលែក​ទុក្ខ​​ យ៉ាងក្រៀម​ក្រំនេះ ជាមួយ​ក្រុមគ្រួសារ​ជន​រង​គ្រោះ​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​មាន​កិច្ច​ពិភាក្សា​ដេញ​ដោល​ ដើម្បី​ស្វែង​រក​របៀប​ផ្លាស់​ប្ដូរ​ឥរិយាបថនៅក្នុង​សង្គម​។

លោក ម៉ែន មករា អ្នក​អង្កេតសិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​កណ្ដាល​របស់​អង្គការ​អាដហុក​បាន​មានប្រសាសន៍​ថា  “ក្នុង​ប្រទេស​កម្ពុជាក៏គួរ​តែ​ធ្វើ​បែប​នេះ​ដែរ។​ ជន​សង្ស័យ​ត្រូវ​តែ​ចាប់​ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​ចំពោះ​មុខ​ច្បាប់​ហើយ​សង្គម​ត្រូវ​តែ​ចូល​រួម​យ៉ាង​សកម្ម​ ដើម្បី​​​​រួម​ចំណែករក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​”។

លោក​មាន​ប្រសាសន៍​បន្ដ​ថា មូល​ហេតុ​ ដែល​សាធារណជនក្នុង​ប្រទេស​កម្ពុជា​ មិន​​​សូវ​ឈឺ​ឆ្អាល​​​ពីព្រោះ​តែ​ការ​អនុវត្ត​​​​ច្បាប់​​​​ចំពោះ​បទ​ឧក្រិដ្ឋ​​​បែប​នេះ​នៅ​មាន​កម្រិត។ លោក​ មករា បាន​បន្តថា “ករណីចាប់​រំលោភ​ បាន​ក្លាយ​ទៅ​ជា​រឿង​សាមញ្ញ​សម្រាប់​​​​ប្រជាពលរដ្ឋ​គ្រប់​ៗ​រូប​ទៅហើយ ដោយសារ​តែ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​ ចំណែក​​​ឯតម្លៃ​សីលធម៌ក៏បាន​ធ្លាក់ចុះ​។ វា​ធ្វើ​ឲ្យ​អ្នក​ផ្សេងទៀត​ចង់​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​​អ៊ីចឹង​ដែរ​”​​​។

កាល​ពី​ឆ្នាំ​២០១១ អង្គការ​អាដហុក​ បាន​កត់​ត្រា​ករណី​ចាប់​រំលោភ​បាន​ចំនួន​៤៦៧​ករណី​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១២ ដែល​មានត្រឹមតែ​ប្រហែល​៣២០ករណី​ប៉ុណ្ណោះ​។ ប៉ុន្ដែ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ បាន​លើក​ឡើង​ថា បទ​ឧក្រិដ្ឋ​ចាប់​រំលោភ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ វា​អាច​មាន​ច្រើន​ជាង​របាយការណ៍​នេះ ពីព្រោះ​មានជន​រង​គ្រោះ​ជា​ច្រើនទៀត​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​នគរបាល​ ឬក៏​ជន​រង​គ្រោះ​សុខចិត្តទទួលយក​ប្រាក់​សំណង​ជំងឺ​​ដោយចិត្ត​ស្ងាត់​ៗ​ ដើម្បី​​​កុំឲ្យ​​​ប្តឹងទៅតុលាការ​។

លោកឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ ​មាន​ប្រសាសន៍​ថា ទោះ​បី​ជា​លោក​មិន​បាន​ដឹង​អំពី​តួលេខ​ពិត​ប្រាកដ​នៃ​ការ​ចាប់​ខ្លួន​ជន​ល្មើសចាប់​រំលោភ​ នៅ​ក្នុង​ឆ្នាំ​២០១២​ក្ដី តែ​ប្រទេស​កម្ពុជា បាន​អនុវត្ត​ច្បាប់​យ៉ាងតឹងរុឹង​។

លោក​មានប្រសាសន៍កាល​ពី​ម្សិលមិញ​​​​ថា “ការ​អនុវត្ត​ច្បាប់​ គឺតឹងតែង​ណាស់​។ ជួន​កាល​ជន​ល្មើសចាប់​រំលោភ​ត្រូវតុលាការ​ផ្ដន្ទា​​​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​១០​ឆ្នាំ ឬក៏​១៥​ឆ្នាំ”។

ប៉ុន្ដែ ក្នុង​ខេត្ត​កណ្ដាល​ ករណី​បុរស​បី​នាក់​ ដែល​បាន​រំលោភ​ស្ត្រី​វិកលចរិត ​​អាយុ​២៥​ឆ្នាំនៅ​លើ​រទេះ​រុញ​ កាល​ពី​ខែ​តុលា​ មិនសូវ​​​មាន​ការ​ចាត់​វិធាន​ការ​ឲ្យបានតឹងរឹុងទេ​។ លោក សេង សុជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​​​​បាន​លើក​ឡើង​ថា ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ បាន​ចោទ​ប្រកាន់​ភ្លាម​ ប៉ុន្ដែ បុរស​ពីរនាក់​ផ្សេង​ទៀត​ ដែល​មាន​វត្ត​មាន​នៅ​កន្លែង​កើត​​​ហេតុ​មិន​ទាន់​បាន​ចាប់​ខ្លួន​នៅឡើយ​ទេ។

លោក សេង សុជាតិ ​មាន​ប្រសាសន៍​ថា  “យើង​បាន​កំណត់​អត្តសញ្ញាណ​ជនល្មើស​រួចហើយ ប៉ុន្ដែ យើង​មិន​ទាន់​បាន​ចាប់​ខ្លួន​ពួក​គេ​នៅ​ឡើយ​ទេ​”។ លោក​បាន​បន្ថែម​ថា លោក​នៅ​រង់ចាំ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​សិន​ មុន​នឹង​ចាត់​វិធាន​ការ​បន្ដទៀត​។

យោង​តាម​របាយការណ៍​ កាល​ពី​ឆ្នាំ​២០១០​​​ របស់​អង្គការ​លើក​លែង​ទោស​អន្ដរជាតិ​ បានឲ្យដឹងថា ជន​រង​គ្រោះ​ជា​ច្រើនមិន​​​​បាន​រាយការណ៍​អំពី​ករណី​ចាប់​រំលោភ​ឡើយ​ ពី​ព្រោះ​ជន​ល្មើស មាន​ទំនាក់​ទំនង​​​ជិតស្និទ្ធ​ជាមួយ​អ្នក​មាន​បុណ្យ​ស័ក្ដិ​​​​ ឬក៏​​ពីព្រោះ​​​​ជន​រង​គ្រោះ​មិន​មានប្រាក់​គ្រប់​គ្រាន់​ ដើម្បី​ជួលមេធាវី​។ របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា បំបែក​រឿង​សម្ងាត់​​​​ ក៏​បាន​រក​ឃើញ​ដែរ​ថា ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ តែង​តែ​ជួប​ប្រទះ​នឹង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ ប៉ុន្ដែ នគរបាល​មិន​ចាត់​​​​ទុក​បញ្ហា​ទាំង​នេះ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​នោះ​ទេ​។

របាយការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្ដរជាតិ​ បាន​រៀបរាប់​ពី​សវនាការ​​​ជំនុំជម្រះ​មួយ​ ដែល​ជន​រងគ្រោះទើបមាន​អាយុ​១១​ឆ្នាំ​ ហើយ​ត្រូវ​គេ​ព្រួត​គ្នារំលោភ​​​នោះ​​ ត្រូវបាន​​មេធាវី​ការ​ពារ​ចុងចោទ​​ឈ្លេច​សួរ​ រហូត​ធ្វើ​ឲ្យ​នាង​ស្រក់​ទឹក​ភ្នែក។ មេធាវី​បាន​សួរ​ហើយ​សួរទៀតថា ហេតុ​អ្វី​បាន​ជា​នាង​មិន​ប្រឹងស្រែកឲ្យគេជួយ ពេល​នោះ​នាង​បាន​ឆ្លើយ​ថា នាង​មិន​ហ៊ានទេ ​ពីព្រោះ​នាង​ត្រូវ​គេ​សម្រាត​ខោអាវ​អស់​ហើយ​ ហើយ​នាង​មិន​ចង់​ឲ្យ​គេ​ឃើញ​នាង​ទាំង​អាក្រាត​បែបនេះ​នោះ​ឡើយ​។

របាយការណ៍​នេះ​ ក៏​បាន​រៀប​រាប់​ពី​ក្មេង​ស្រី​ម្នាក់​ ដែល​បាន​ពន្យល់​ប្រាប់​ថា នាង​មិន​ហ៊ាន​ប្រាប់​ឪពុក​របស់​នាង​អំពីរឿង​ដែល​​គេ​បាន​ចាប់​រំលោភ​នាង​ឡើយ​​។ នៅ​ពេល​នាង​បាន​សម្រេចចិត្ត​ប្រាប់​ឪពុក​របស់នាង​ អំពី​ហេតុការ​ដែល​បាន​កើត​ឡើង​ ឪពុក​របស់​នាង​បាន​ទះកំភ្លៀង​នាង​ ហើយស្ដីបន្ទោសនាង​ថា ហេតុ​អ្វី​បាន​ជា​ដើរ​ចេញ​ពី​ផ្ទះ​ឆ្ងាយម៉្លេះ​។

របាយការណ៍​នេះ​បាន​លើក​ឡើង​ថា “ដោយសាវប្បធម៌និទណ្ឌភាព​ និង​​អំពើ​ពុក​រលួយ​​ ជន​រង​គ្រោះ ដោយ អំពើ​ហិង្សា​ផ្លូវ​ភេទ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ដែ​ល​ទទួល​បាន​យុត្តិធម៌​ឡើយ​ ហើយ​ត្រូវ​បង់​ថ្លៃ​ព្យាបាល ដោយខ្លួនឯង​ ហើយកម្រ​ទទួលបារការ​គាំទ្រណាស់​។ ជាទូទៅ​មន្ត្រី​អនុវត្ត​ច្បាប់​រួម​មាន​នគរបាល​ និង​មន្ត្រី​តុលាការ​ បាន​ដោះ​ស្រាយ​ករណីបែបនេះ តាមរយៈការ​បង់​ប្រាក់​នៅក្រៅ​តុលាការ​ដោយ មានការ ព្រម ព្រៀង គ្នារវាង​ជន​រង​គ្រោះ​ និង​ឧក្រិដ្ឋ​ជនល្មើស​”។

របាយការណ៍​នេះ​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា “​កង្វះ​ការ​ស៊ើប​អង្កេត​ ដ៏​មាន​ប្រសិទ្ធ​ភាព និង​កង្វះ​ការ​ផ្ដន្ទាទោស​បានបន្តធ្វើឲ្យ​ជន​រង​គ្រោះ​នៅតែភ័យ​ខ្លាចថា ឧក្រិដ្ឋ​ជនអាច​នឹង​មក​ធ្វើ​បាប​ពួក​គេ​ម្ដង​ទៀត​ ដូច្នេះ ជនរងគ្រោះត្រូវបន្ត​រស់​នៅ​ដោយឈំចាប់​ផ្នែក​ផ្លូវ​ចិត្ត​ និងបាត់​បង់​កិត្តិយស។ការ​ដែល​អាជ្ញាធរ​មិន​បាន​ចាត់​វិធាន​ការ​ រួម​ទាំង​ប្រព័ន្ធ​តុលាការ​ផង​នោះ​ បាន​កើត​មាន​ជាហូរ​ហែរ​ ហើយ​បាន​ធ្វើ​ឲ្យអំពើ​រំលោភ​ផ្លូវភេទបាន​កើតឡើង​កាន់​តែ​ច្រើន​​”។

អ្នកស្រី ណាលី ពីឡូក (Naly Pilorge) នាយិកា​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា “​បញ្ហា​នេះ​ ត្រូវ​បាន​គេ​លើកយកមកពិភាក្សា​យ៉ាង​ទូលំទូលាយ។ មនុស្ស​ភាគ​ច្រើន​ប្រហែល​ជា​បាន​ដឹង​ឭ​ហើយ​ថា វា​ជា​បទ​ឧក្រិដ្ឋ​ ហើយជន​ល្មើស​ត្រូវ​តែ​ផ្ដន្ទាទោស​។ ប៉ុន្ដែ ធាតុ​ពិត​វា​មិន​ដូច្នេះ​ឡើយ ជាពិសេស​នៅ​ពេល​ជន​រង​គ្រោះ​មានអាយុច្រើន ឬក៏ជន​រង​គ្រោះ​មិន​បាន​រាយការណ៍​ពីបទ​ឧក្រិដ្ឋ​នេះ​។

នៅ​ក្នុង​ស្រុក​កៀន​ស្វាយ​ ជនល្មើស​ដែល​បាន​ចាប់​រំលោភក្មេងស្រីពិការ​អាយុ​១៩​ឆ្នាំ​ មិនត្រូវបានចាប់់ខ្លួននៅ​ឡើយ​។

ម្ដាយមីង​របស់​ជន​រង​គ្រោះ​បាន​និយាយ​ នៅ​ក្នុង​សប្ដាហ៍​នេះ​ថា “ខ្ញុំ​មាន​អារម្មណ៍​សោក​ស្ដាយ​ចំពោះ​ក្មួយ​ស្រី​របស់​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ​ខ្លាំង​ណាស់។ អ្វី​ដែល​បាន​កើត​ឡើង​វា​គួរ​ឲ្យ​រន្ធត់​ណាស់”។ ម្ដាយ​មីង​ជន​រង​គ្រោះ​បាន​បន្ដ​ថា មនុស្ស​គ្រប់​ៗ​រូប​នៅ​ក្នុង​ភូមិ​សុទ្ធ​តែ​មាន​ការ​រន្ធត់​ចិត្ត​ ពេលឮថា មាន​គេ​ចាប់​រំលោភ​ក្មេង​ស្រី​ពិការ​ដោយ​ព្រៃ​ផ្សៃ​បែប​នេះ​។

លោក​ សូត្រ​ តូ មេឃុំ​ដីឥដ្ឋ​បាន​លើក​ឡើង​ថា លោករៀបចំ​កិច្ច​ប្រជុំ​មួយ​ជាមួយ​អ្នក​ភូមិ​ប្រហែល​៥០​នាក់​ នៅ​ថ្ងៃ​ច័ន្ទ​ ដើម្បីបង្កើនការ​យល់​ដឹង ​អំពី​ការ​ចាប់​រំលោភផ្លូវភេទ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​បាន​អញ្ជើញ​លោកអាចារ្យ ក្រុម​ប្រឹក្សា​ភូមិ​នាយក​សាល និង​ប្រជាពលរដ្ឋផ្សេងៗ​ទៀត​ ឲ្យមកចូលរួមស្តាប់ករណី​នេះ​ ​ដើម្បី​ឲ្យពួកគេយល់ច្បាស់អំពី​ករណី​ចាប់​រំលោភ​”។

លោក ប៉ម សំអិត បាន​មាន​ប្រសាសន៍​ថា នគរបាល​បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​រួច​ហើយ​នៅ​ក្នុង​ករណី​នេះ ហើយ​នឹង​ចាប់​ខ្លួន​ក្នុង​ពេល​ឆាប់​ៗ​។

លោក​បាន​បន្ដ​ថា “យើង​ខិត​ខំ​ធ្វើ​ការ​ខ្លាំង​ណាស់​នៅ​ក្នុង​រឿង​នេះ ប៉ុន្ដែ យើង​ត្រូវ​ការ​ពេល​វេលា ​ដើម្បី​​ស៊ើប​អង្កេត​។ ពេល​នាង​ត្រូវ​គេ​ចាប់​រំលោភ​នោះ​ គឺនៅម៉ោង​ប្រហែល​ប្រាំបួន​យប់​ទៅ​ហើយ​។ នាង​មិន​គួរ​​ដើរនៅយប់​ពេក​ដូច្នេះ​នោះ​ទេ​”៕ ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស