38.8 C
Phnom Penh

ការ​កើន​ឡើង​នៃ​ការ​ដឹក​ជញ្ជូន​​​ តាម​ផ្លូវ​អាកាស​បង្ហាញ​ឲ្យ​​ឃើញ​ ​នូវការរីកចម្រើន ផ្នែកសេដ្ឋកិច្ច​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទិន្នន័យ​ពី​រដ្ឋាភិបាល​ និង​ពី​អ្នក​គ្រប់​គ្រង​អាកាសយានដ្ឋាន​របស់​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ថា ​ការ​ដឹក​ជញ្ជូន​​ចូល​ និង​ចេញ​តាម​ផ្លូវ​​អាកាស​ ក្នុង​រាជ​ធានី​ភ្នំពេញ​ បាន​កើនឡើងជិត​៤០​ភាគ​រយ​ កាល​ពី​ឆ្នាំ​មុន​ ហើយ​គេ​បាន​កត់​ត្រា​ថា មាន​អ្នក​ធ្វើ​ដំណើរ​ ដើម្បីធ្វើ​ជំនួញ​មានជិត​១០០.០០០​នាក់​ថែម​ទៀត​ បាន​ចូល​មក​ដល់​រាជ​ធានី​ភ្នំពេញ អំឡុង​១១​ខែ​ដំបូង​ កាល​ពី​ឆ្នាំ​មុន បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា នៅក្នុងឆ្នាំ​២០១១​។

សេដ្ឋវិទូ​មួយ​ចំនួន​ បាន​លើក​ឡើង​ថា ការកើន​ឡើង​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាសគឺ​ជាសូចនាករមួយ​ បង្ហាញ​ពី​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែល​ចាប់​ផ្ដើម​មាន​ឧស្សាហ​កម្ម​ច្រើន​ ហើយ​ការ​ដែល​មាន​អ្នក​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជាកាន់​តែ​ច្រើន​ ដើម្បីធ្វើ​ពាណិជ្ជកម្ម​ បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ការ​កើន​ឡើង​នៃ​ការ​ចាប់​អារម្មណ៍​របស់​វិនិយោគិន​បរទេសមក​លើ​ប្រទេស​កម្ពុជា​។

តួលេខ​ដែល​ទទួលបាន​ពី​នគរបា​ល​អន្ដោ​ប្រវេសន៍​ប្រចាំ​​អាកាសយាន​ដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​​ កាល​ពី​ម្សិល មិញ ​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ចន្លោះ​ខែ​មករា​ និង​ខែ​វិច្ឆិកា​ អ្នក​ដំណើរ​ដែល​បាន​មក​ដល់ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ បាន​កើន​ឡើង​១១​ភាគ​រយ​ ពោល​គឺកើន​ដល់​​៨៨១.៧៥៦​នាក់​ ប្រសិន​បើ​ប្រៀប​ធៀប​ទៅ​ន​ិង​រយៈ​ពេល​ដូចគ្នា នៅក្នុង​ឆ្នាំ​​២០១១។

លើស​ពី​នេះ​ទៀត​ យោង​តាម​អាកាសយាន​ដ្ឋាន​កម្ពុជា​ ដែល​គ្រប់​គ្រង​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​ បាន​ឲ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​ចូល​ និង​​ចេញ​​តាម​ផ្លូវ​អាកាសក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​រាជ​ធានី​ភ្នំពេញ​ បាន​កើន​ឡើង​៣៨​ភាគ​រយ​ ពោលគឺកើនដល់​​​២៩.០០០​តោន​ក្នុង​ឆ្នាំ​២០១២។

លោក​ ភីធើ ប្រីមបល (Peter Brimble) សេដ្ឋវិទូ​ជាន់​ខ្ពស់​ប្រចាំ​ប្រទេស​របស់​ធនា​គារ​​អភិវឌ្ឍន៍​អាស៊ី បាន​មាន​ប្រសាសន៍​ដោយ​​សំដៅ​ទៅ​លើ​ការ​កើន​ឡើង​នៃ​ការ​ដឹក​ជញ្ជូន​ចូល និង​ចេញ​តាម​ផ្លូវ​អាកាស​របស់​ប្រទេស​កម្ពុជា​ថា “ វា​បង្ហាញ​ថា ប្រទេស​កម្ពុជា​ កំពុង​តែ​មាន​ផលិត​ផល ​ដែល​មាន​គុណភាព​ខ្ពស់​”។

លោក​បាន​បន្ថែម​ថា សូចនាករ​ទាំង​ពីរ​នេះ​ “បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា ប្រទេស​កម្ពុជា​បានចាក់​ឫស​យ៉ាង​ជ្រៅ​ចូល​ក្នុង​វិស័យ​ឧស្សាហកម្ម”។

លោក​ ខែក នរិនដា អ្នក​គ្រប់​គ្រង​ផ្នែក​ទំនាក់​ទំនងសាធារណរបស់​អាកាស​យាន​ដ្ឋាន​​កម្ពុជា​​​​​​ បាន​យល់​ស្រប​ថា ការ​កើន​ឡើង​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស និង​អ្នក​ធ្វើ​ដំណើរ​បែប​ពាណិជ្ជកម្ម​ បង្ហាញ​ឲ្យ​ឃើញ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កំពុង​តែ​រីក​ចម្រើន​ ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះដែល​សេដ្ឋវិទូ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ឲ្យ​មាន​ឧស្សាហកម្ម​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ក្រៅ​ពី​វិស័យ​កាត់​ដេរ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ មាន​អ្នក​ធ្វើ​ដំណើរ​បែប​ពាណិជ្ជកម្ម​ច្រើន​មក​ប្រទេស​កម្ពុជា មាន​ន័យ​ថា មាន​ឱកាស​ពាណិជ្ជកម្ម​ច្រើន​ក្នុង​ប្រទេ​ស​កម្ពុជា​ ហើយ​ការ​ដឹក​ជញ្ជូន​ចូល​ និង​ចេញ​តាម​ផ្លូវ​អាកាស​ ជា​​សូច​នាករ​មួយដ៏​ល្អ​នៃ​ការ​ផ្លាស់​ប្ដូរ​ទំនិញ​ទៅ​វិញ​ទៅ​មក​”។

ជា​ការ​ពិត​ នៅ​ក្នុង​រយៈ​ពេល​​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​ឃើញ​មាន​ក្រុមហ៊ុន​ជប៉ុន​ ដែល​មាន​ជំនាញ​ខាង​ផលិត​ផលិត​ផល​ ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​ បាន​ចូល​មក​រកសុីក្នុង​ប្រទេស​កម្ពុជា​។ កាល​ពី​ឆ្នាំ​២០១១ ក្រុមហ៊ុន

Minebea Co. Ltd ដែល​ផលិត​គ្រឿង​បន្លាស់​តូច​ៗ​​សម្រាប់​ឧបករណ៍​អេឡិចត្រូនិក​ បាន​បើក​រោង​ចក្រ​មួយ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។ ហើយ​កាល​ពី​ឆ្នាំ​មុន ក្រុម​ហ៊ុនសាជីវកម្ម​ជប៉ុន ​យាហ្សាគី (Yazaki Corperation) ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ខ្សែភ្លើង​ និង​ក្រុមហ៊ុន​សាជីវកម្ម​ ស៊ូមីតូមូ (Sumitomo Corperation) សុទ្ធ​តែ​បាន​ចូល​មករកសុីក្នុង​ប្រទេស​កម្ពុជា​។

លោក ប្រីមបល បាន​មាន​ប្រសាសន៍​ថា “ការ​ចាប់​ផ្ដើមនេះ​ គឺ​វា​ដូច​គ្នា​នឹង​ការ​រីក​ចម្រើន​ផ្នែក​ឧស្សាហកម្ម​នៅ​ក្នុងប្រទេស​ថៃ​ ដែល​ប្រទេស​ជប៉ុន​ គឺ​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការរីក​ចម្រើន​បែប​នេះ​”។

លោក នីកូឡាស ម៉ាស (Nicolas Masse) អ្នក​គ្រប់​គ្រង​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍ កាថៃ ប៉ាសុី ហ្វិក (Cathay Pacific Airways) ដែល ចូល ហ៊ុនរក សុី​​​ជាមួយ​​​ក្រុម​​​ហ៊ុន​អាកាស​ចរណ៍​ដ្រាហ្គនអ៊ែរ (Dragonair) របស់ហុងកុង ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ធំបំផុត​ក្នុង​ប្រទេស​កម្ពុជា​ បាន​លើក​ឡើង​តាម​រយៈ​អុីម៉េល​មួយ​ថា “ដោយ​មាន​ក្រុមហ៊ុនឧស្សាហកម្ម​ជា​​​ច្រើន​ ដែល​ស្វែង​រក​ការ​ចំណាយ​ទាប​ បាន​ចូល​​​​មក​ក្នុង​ប្រទេស​កម្ពុជា​ ការ​នាំ​ចេញ​តាម​ផ្លូវ​អាកាស​ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​នេះ”។ លោក​បាន​បន្ថែម​ថា ទំនិញ​ដឹក​ជញ្ជូន​តា​ម​ផ្លូវ​អាកាស​ គឺ​តិច​ជាង​១​ភាគរយ​នៃ​ពាណិជ្ជកម្ម​អន្ដរជាតិ បើ​គិ​ត​ជា​បរិមាណ​ ប៉ុន្ដែ បើ​គិត​ជា​តម្លៃ​វិញ​​ជិត​៤០​ភាគរយ​។

លោក ម៉ាស ​មាន​ប្រសាសន៍​ថា​ បរិមាណនៃ​ការ​ដឹក​ជញ្ជូន​ ដែល​ក្រុម​ហ៊ុន​អាកាស​​​ចរណ៍​​​ដ្រាហ្គនអ៊ែរ បាន​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​ កាល​ពី​ឆ្នាំ​មុន​មាន​ការ​កើន​ឡើងទ្វេ​ដង​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១ ដោយ​បានកើន​ឡើង​ដល់​១.៧០០​តោន​ នៅ​ក្នុង​រយៈ​ពេល​១១​ខែ​ដំបូង​ ក្នុង​ឆ្នាំ​២០១២។

លោក​បាន​បន្ថែមថា​ ការ​ដឹក​ជញ្ជូន​នេះ​ ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ដ្រាហ្គនអ៊ែរ ប្រមូល​បាន​ប្រាក់​ចំណូល​៤០​ភាគរយ​ពី​ជើង​​ហោះ​ហើរ​ចំនួន​១០​លើក​ក្នុង​មួយ​សប្ដាហ៍​ ដែល​ខ្លួន​បាន​ប្រតិបត្តិការរវាង​ទីក្រុង​ហុង​កុង​ និង​រាជ​ធានី​ភ្នំពេញ។

លោក​បាន​លើក​ឡើង​ថា ទំនិញ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ដ្រាហ្គនអ៊ែរ បាន​នាំ​ចូល​ភាគ​ច្រើន​មក​ក្នុង​ប្រទេស​កម្ពុជា​ គឺ​វត្ថុ​​​ធាតុ​​​​ដើម​សម្រាប់​ផ្គត់ផ្គង់រោង​ចក្រ​កាត់​ដេរ​ រីឯ​ផល​ធៀប​នៃ​ការ​នាំ​ចូល​ និង​ការ​នាំ​ចេញ​ គឺ​វា​មាន​តុល្យភាព​នឹង​គ្នា​។

នាយក​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​ដឹក​​​ជញ្ជូន​​​ឌីអេចអេល (DHL Express) ​ដែល​បដិសេធ​មិន​ព្រ​ម​បញ្ជេញ​ឈ្មោះ​ ព្រោះ​គេ​មិន​អនុញ្ញាត​​​​ឲ្យ​លោក​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​កំពុង​​​ជួល​​​ជើង​​ហោះ​ហើរ​របស់​ក្រុមហ៊ុន​អាកាស​​​ចរណ៍​​​​​បាងកក អ៊ែរវ៉េ (Bangkok  Airways) ពីរលើក​ក្នុង​មួយ​ថ្ងៃ​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ដឹក​ជញ្ជូន​ទំនិញ​ចូល និង​ចេញ​ក្នុង​ប្រទេស​កម្ពុជា​ មានការ​កើន​ឡើង​១៣​ភាគ​រយ​ នៅ​ក្នុង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ កាល​ពី​ឆ្នាំ​មុន បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១។

លោក ហ៊ីរ៉ូស៊ី ស៊ុយហ្សុយគី (Hiroshi Suzuki) នាយក​ប្រតិបត្តិ​ និង​សេដ្ឋវិទូ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ធុរកិច្ច​​​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ទំនិញដែល​បាន​នាំ​ចេញ​តាម​ផ្លូវ​អាកាស​ ​ភាគ​ច្រើន​គឺ​ជា​សម្លៀក​បំពាក់​ និង​វាយណ​​​ភណ្ឌ​​​​ផ្សេង​ៗ​ទៀត។

លោក ស៊ុយហ្សុយគី បាន​លើក​ឡើង​ថា “មាន​ហេតុផល​ពីរ​ ដែលនាំឲ្យមានការ​រីក​ចម្រើនបែបនេះ។ ផលិត​ផល​របស់​ពួក​គេ​ គឺ​ជា​​​​ផលិត​ផល​ដែល​មាន​ទម្ងន់​ស្រាល​ ប៉ុន្តែ មាន​តម្លៃ​ខ្ពស់​”។

លោក ស៊ុយហ្សុយគី ​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​មួយ​ចំនួន​ដូចជា​ក្រុមហ៊ុន​​​អូអេន​​​អេម (O&M  Co. Ltd) ដែល​ផលិត​កាបូប​ និង​ផលិត​ផលធ្វើពី​ស្បែក​ផ្សេង​ៗ​ទៀត​ ដែល​មាន​តម្លៃ​នៅ​លើ​ទីផ្សារ​ចន្លោះ​ពី​​២០០​ទៅ​៣០០​ដុល្លារ​ និងមានស្នាក់ការ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ មាន​លទ្ធភាព​ដឹក​​ជញ្ជូន​ផលិត​ផល​របស់​ខ្លួន​តាម​ផ្លូវ​អាកាស​បាន​ ពីព្រោះ​ផលិត​ផល​មាន​​ទម្ងន់​ស្រាល​ តែ​ មាន​តម្លៃ​ខ្ពស់​នៅតាមទីផ្សារ ទើបអាច​មាន​លទ្ធភាព​បង់​ថ្លៃ​ឈ្នួល​នៃ​ការ​ដឹក​ជញ្ជូនបាន​។

លោក ហៃ ស៊ីណា ប្រធានរដ្ឋបាល​របស់​​​ក្រុមហ៊ុន FST PP Co. Ltd ដែល​ជា​ក្រុមហ៊ុន​ជប៉ុន​ផលិត​សម្លៀក​បំពាក់ធ្វើ​អំពី​សូត​​ប្រពៃ​​​ណី​​​ជប៉ុន ឈ្មោះ​​​គីម៉ូណូ​​ ​ក៏​មាន​ទីតាំង​នៅ​ក្នុង​​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ដែរ បាន​មាន​ប្រសាសន៍​ថា តម្លៃ​បន្ថែម​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ គឺ​វា​អាស្រ័យ​ទៅ​លើ​រយៈ​ពេល​ទៅ​ដល់​គោល​ដៅ​យឺត​​ ឬក៏​ឆាប់។

លោក​ ហៃ ស៊ីណា បាន​មាន​ប្រសាសន៍​បន្ថែម​ថា “វា​មាន​តម្លៃ​ថ្លៃ​មែន​ ប៉ុន្ដែ ការ​នាំ​ចេញ​តាម​ផ្លូវ​អាកាស​ទៅ​កាន់​ប្រទេស​ជប៉ុន​ គឺ​ចំណាយ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​”។

លោក​ ហ៊ីរ៉ូស៊ី អឺម៉ាស្យូ (Hiroshi Uematsu) នាយកគ្រប់​គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ បាន​លើក​ឡើងតាម​អុីម៉េល​មួយ​​ ​សំដៅ​ទៅ​លើ​ក្រុមហ៊ុន​ FST និង​ក្រុមហ៊ុន​ជប៉ុន​មួយ​ទៀត​ ដែល​ផលិត​សម្លៀក​បំពាក់​ធ្វើ​អំពី​សូតតាមប្រពៃណី​​​ជប៉ុន​​​​គីម៉ូណូ ដែរ គឺក្រុមហ៊ុន Proceeding Co. Ltd ដែល​មាន​​​ទីតាំង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដូចគ្នា​ថា “ផលិត​ផល​របស់​ពួក​គេ គឺ​ជា​ផលិត​ផល​មាន​តម្លៃ​ខ្ពស់​ ហេតុ​ដូច្នេះ​ហើយ​គេ​អាច​រក​ប្រាក់​​ចំណេញ​បាន​ ថ្វីបើ​ផលិត​ផល​របស់​ខ្លួន​ត្រូវ​នាំ​ចេញ​តាម​ផ្លូវ​អាកាស​ ដែល​មា​ន​តម្លៃ​ថ្លៃ​ក៏​​​ដោយ​ ហើយ​គេ​ថែម​ទាំង​ចំណេញ​ពេល​វេលា​​​​ក្នុង​ការ​ដឹក​ជញ្ជូន​ទៀត​ផង​”។

លោក​បាន​បន្ថែម​​ថា “រោង​ចក្រ​ដែល​ត្រូវ​នាំចេញ​ទំនិញ​របស់​ខ្លួន​តាម​ផ្លូវ​អាកាស​ទាំង​នេះ​ គឺដោយសារ​តែ​ ពួក​គេ​​ចង់​ចំណេញ​ពេល​វេលា​”។

អ្នក​វិនយោគិន​មួយ​ចំនួន​​លើក​ឡើង​ថា ការ​នាំ​ទំនិញ​ចេញ​តាម​រយៈ​កំពង់​ផែស្វយ័ត​ក្រុង​ព្រះសីហនុ អាច​ចំណាយ​ពេល​ជា​ច្រើន​សប្ដាហ៍​។ ពួក​គេ​ក៏​បាន​លើក​ឡើង​ដែរ​ថា ថ្លៃ​​ឈ្នួល​នៃ​ការ​ដឹក​ជញ្ជូន​ ក៏​មាន​តម្លៃ​ថ្លៃ​ជាង​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ដែរ​។

លោក​ ប្រីមបល បាន​មាន​ប្រសាសន៍​ថា  “ប្រសិន​បើ​ផលិត​ផល​នោះ គឺ​ជា​ផលិត​ផល​ ដែលតម្រូវការ​ជាបន្ទាន់​ គេ​​ចាំ​បាច់​ត្រូវ​តេ​ដឹក​ជញ្ជូន​ទៅ​កាន់​ទី​ផ្សារ​ឲ្យ​ទាន់​ ពេល​​​វេលា​​​។

ហេតុដូច្នេះហើយ​ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​អាច​ជួយ​សម្រួល​ដល់តម្រូវ​ការ​បន្ទាន់​នេះ​បាន​”។ លោក​បាន​មាន​ប្រសាសន៍​បន្ដ​ថា “សូម្បី​​តែ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ ដែល​មាន​ផលិត​​​ផល​ទំនើប​ៗ​ និង​ទាន់​សម័យ​ គេ​ក៏​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ដែរ ប្រសិន​បើ​មាន​តម្រូវ​ការ​បន្ទាន់​”៕ស៊ុយឈាង

(រាយការណ៍​បន្ថែម​ដោយ សាំង សុឥន្ទរិទ្ធ)

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស