42.2 C
Phnom Penh

លោក ហ៊ុន សែន​ ប្រាប់​ប្រទេស​ថៃ​ឲ្យ​ឈប់​​​បិទ​​ច្រក​​​ព្រំ​ដែន​អានសេះ​​​ នៅខេត្ត​​​ព្រះវិហារជា​ឯកតោភាគី​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក ហ៊ុន សែន បាន​ព្រមាន​ប្រទេស​ថៃ​​​​​​​​​ចំពោះ​ការបិទ​ព្រំដែន​ដោយ​​​​គ្មាន​ហេតុផល។ លោក  ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ឯ​​​ពិធី​សម្ពោធ​​វិមាន​ឯករាជ្យ​ថ្មី​​​នៅ​ក្នុង​ខេត្ត ប៉ៃលិន កាលពីម្សិលមិញ​ថា​ “​​សូម​កុំ​បិទ​​បើក​​[ច្រក​​ព្រំ​ដែន]​ ដូច​ជា​បិទ​កុង​តាក់​ភ្លើង​នោះ​​”។

លោកមានប្រសាសន៍​បន្ត​ថា​ “​ខ្ញុំសូម​ផ្ញើ​សារ​​ទៅ​ប្រ​ទេស​ថៃ​ឲ្យ​ប្រុង​ប្រយ័ត្ន​​ពី​ព្រោះ​ប្រសិន​បើ​​ព្រំ​ដែន​បិទ​ជា​អចិន្ត្រៃយ៍​នោះ​​​ប្រទេស​ថៃ​នឹង​ខាត​ប្រ​យោជន៍​​មិន​មែន​​ប្រទេសកម្ពុជា​ទេ”។

លោក ហ៊ុន សែន មានប្រសាសន៍បន្ត​ទៀត​​​​ថា បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា​​នាំ​ទំនិញ​ចេញ​មាន​តម្លៃ​ប្រហែល​២ពាន់​លាន​ដុល្លារ​​​ក្នុង​មួយ​ឆ្នាំ ​រីឯ​ប្រទេស​ថៃ​វិញ​​នាំ​ចេញ​​ទំនិញ​មាន​តម្លែ​​​ប្រ​ហែល​២០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

កាល​ពី​ស​ប្តាហ៍​មុន ច្រក​​ទ្វារ​ព្រំ​ដែន​អន្តរ​​​ជាតិអាន​សេះ ​​នៅ​ក្នុង​ស្រុក​ជាំ​ក្សាន្ត​ ក្នុង​ខេត្ត​ព្រះវិហារ​ត្រូវបាន​ភាគី​​ថៃ​បិទ​​រយៈពេល​មួយ​​​​ថ្ងៃ​ដោយសារ​​មាន​ការ​ប្រឈម​មុខ​គ្នា​ជុំ​វិញ​​​ការជួសជុល​ផ្លូវមួយ​ខ្សែ​​​កាត់​តាម​តំបន់​មាន​ជម្លោះ​​ នៅ​ចម្ងាយ​​ប្រ​ហែល​៣០​គីឡូ​​​ម៉ែត្រ​​​​ពី​ប្រាសាទ​ព្រះ​វិហារ​។

​នៅ​ក្នុង​ឧបទ្ទវហេតុ​ដាច់​ដោយ​ឡែក​មួយ​​​ទៀត​​កាលពី​ម្សិល​មិញ​​ មន្ត្រី​​យោធា​បាន​បញ្ជាក់​​​​ថា ទាហាន​ថៃ​បាន​ដាក់​លួស​បន្លា​តាម​ព្រំដែន​ប្រវែង​៥០០ម៉ែត្រ​​ជិត​​ច្រក​​ទ្វារ​អន្តរ​​​ជាតិ​អាន​សេះ​ ទំនង​ជា​ដោយសារ​ភ័យ​ខ្លាច​មាន​​ការវាយ​ប្រ​ហារ​ពី​ភាគី​កម្ពុជា​។

លោកឧត្តម​សេនីយ៍​ឯក ស្រី ឌឹក​​​មេបញ្ជា​​ការ​​​រង​នៃ​កងយោធពល​​ខេមរភូមិន្ទ​ និងជា​មេបញ្ជាការ​កងពល​លេខ​៣​ប្រ​ចាំ​ខេត្ត​ព្រះវិហារ​ បាន​មាន​ប្រសាសន៍​ថា​ “​ទាហាន​ថៃ​បាន​ដាក់​លួស​បន្លានេះ​កាល​ពី [​យប់​ថ្ងៃ​អាទិត្យ​] ពីព្រោះ​ពួក​គេ​បារម្ភ​ថា ​យើង​នឹង​វាយ​ប្រ​ហារ​ពួក​គេ​ ប៉ុន្តែ​ យើង​បាន​​ប្រាប់​ពួក​គេ​ឲ្យ​ដោះ​វា​ចេញ​វិញ​ហើយ”។

កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១១​​គឺ​រយៈ​ពេល​បួន​ថ្ងៃ​ បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​​កម្ពុជា ​និង​​ថៃ​ជុំវិញ​បញ្ហា​ប្រាសាទ​ព្រះ​វិហារ ​ដែល​​ប្រទេស​ទាំង​ពីរ​ទាមទារ​​​សិទ្ធិ​កាន់​កាប់​នោះ ​​បាន​បណ្តាល​ឲ្យ​ទាហាន​ស្លាប់​ជា​ច្រើន​នាក់​ ហើយ​​បាន​នាំ​​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បង្គាប់​ឲ្យ​ដក​កង​ទ័ព​ចេញ​ពី​តំបន់​នោះ​ជា “បន្ទាន់” ព្រមទាំង​បង្កើត​តំបន់​គ្មាន​កងទ័ព​​​ក្នុង​តំបន់​​ជម្លោះ​ទំហំ​៤,៦​គីឡូម៉ែត្រ​ក្រឡា នៅ​ជុំវិញ​ប្រាសាទ​ព្រះ​វិហារ​ផង​ដែរ។

លោក ឧត្តមសេនីយ៍ឯក ស្រី ឌឹក បាន​​​មាន​ប្រសាសន៍​បន្តថា លួសបន្លា ដែល​ទាហាន​ថៃ​​បាន​ដាក់​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នោះ​ បាន​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​​រវាង​ប្រទេស​​ទាំង​ពីរ​ ដែល​មិន​ឲ្យ​ធ្វើ​​ការ​ផ្លាស់​ប្តូរ​ខ្សែ​បន្ទាត់​ព្រំដែន​ជា​ឯក​តោភាគី។

លោក​បានមាន​ប្រសាសន៍​បន្តទៀតថា​ “យើង​ត្រូវ​តែ​រក្សា​​ទុក​នូវ​​​អ្វីៗ​ឲ្យ​នៅ​ដូចដើម​​​​ និង​​​ដូច​​​កាល​​​ពី​ពេល​មុន ​​ហើយបញ្ហា​​​ ​បន្ទាត់​ព្រំដែន​ពិត​ប្រាកដ​ទុក​ឲ្យ​រដ្ឋាភិបាល​របស់​យើង​​​​ជា​អ្នក​សម្រេច”៕ឃិន ណៃ​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស