42.2 C
Phnom Penh

តុលាការ​ចោទ​ប្រកាន់​​បុរស​បួន​នាក់​ពី​បទ​បាញ់​បោះ​អនាធិបតេយ្យ​ និង​បើកបរ​ទាំង​ស្រវឹង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តី​តុលាការ​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ កាលពី​ម្សិលមិញ​​សាលា​ដំបូង​រាជធានី​បាន​ចោទ​ប្រ​កាន់​​បុរស​វ័យ​ក្មេង​បួន​នាក់ជា​សាច់​ញាតិ​របស់​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​​ បន្ទាប់​ពី​ពួក​គេ​បាន​ផឹក​ស្រា​ស្រវឹង ​ហើយ​បាន​បាញ់​​បោះយ៉ាង​អនាធិបតេយ្យ​​​កាល​ពី​​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍​។

លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​មាន​ប្រសា​សន៍​ថា​ លោក​បាន​សាក​សួរ​បុរស​វ័យ​ក្មេង​ទាំង​បួន​នាក់​នោះ​រួច​ហើយ​​ពី​បទ​​បាញ់​បោះ​យ៉ាង​អនាធិបតេយ្យ​​នៅ​ពេល​ពួក​គេ​បើក​រថយន្ត​ពីរ​គ្រឿង​តាម​បណ្តោយ​​មហាវិថី​ព្រះ​មុនី​រ៉េត​ជាង​មួយ​គីឡូម៉ែត្រ។

លោក សុភក្រ្ត បានមានប្រសាសន៍បន្ត​ថា “យើង​បាន​ចោទ​ប្រកាន់​ឈ្មោះ ង៉ុយ​ សែម អាយុ​៣៣​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​ទី​ផ្សា​​របស់​ក្រុម​ហ៊ុន​ក្នុង​ស្រុក​មួយ​​ពី​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ និង​បើក​បរទាំង​ស្រវឹង​ ហើយ​​ក្មួយ​ប្រុស​​របស់​គាត់​ឈ្មោះ ​ង៉ុយ សេង​អីុ អាយុ១៩​ឆ្នាំ លី ​ដារ៉ូ​ អាយុ​២០​ឆ្នាំ​ ជា​អ្នក​បើក​បររថយន្ត​មួយ​ផ្សេង​ទៀត​ និង​ឈ្មោះ​ សឿន បូរ៉ា​​ អាយុ​១៩​ឆ្នាំ​”។

លោកមានប្រសាសន៍ទៀត​ថា ឈ្មោះ​ លី ដារ៉ូ​ បាន​រង​របួស​ធ្ងន់​ដោយ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ក្នុង​អំឡុងពេល​​ឧបទ្ទវហេតុនោះ​ ហើយ​​នៅ​មិន​ទាន់​ដឹងច្បាស់​ថា នរណា​ជា​អ្នក​​បាញ់​នោះ​ទេ​។ ​គាត់​ត្រូវ​បាន​ចោទប្រកាន់​កំបាំង​មុខ​ ហើយ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ដោយ​មាន​ការ​អនុញ្ញាត​ជា​ពិសេស​ពី​សាលាដំបូង​រាជ​ធានី​ភ្នំពេញ។​

លោកបាន​មាន​ប្រសាសន៍ទៀត​ថា ករណី​​នេះ​​ត្រូវ​បាន​ប្រគល់​ឲ្យ​លោក ហេង​ សុខណា​​​​ចៅក្រម​ស៊ើប​សួរ​ចាត់​ការ​បន្ត​។

លោកមានប្រសាសន៍បន្ថែមទៀតថា “លោក សែម ជាកូន​ប្រុសម្នាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ ប៉ុន្តែ ឥឡូវ​នេះ​យើង​មិន​អាច​ប្រាប់​ឈ្មោះ​ឪពុក​ម្តាយ និង​តួនាទី​​របស់​គាត់​បាន​ទេ ពីព្រោះ​​​​​តុលាការ​កំពុង​តែ​ធ្វើការ​លើ​ករណីនេះ​ ហើយសំណុំ​​​រឿង​នេះ​មិន​ស្ថិត​​នៅ​ក្នុង​ដៃ​របស់​ខ្ញុំ​ទៀត​ទេ”។

រូប​ថតបន្ទាប់​ពី​ឧបទ្ទវហេតុ​នៃការ​បាញ់​ប្រហារ​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​គេហ​ទំព័រ​ព័ត៌មា​នក្នុង​ស្រុក​បាន​បង្ហាញ​ថា បុរស​ទាំងនោះ​ប្រឡាក់​ដោយ​ឈាម ហើយ​​នៅ​លើ​កញ្ចក់​​រថយន្ត​មាន​ស្នាម​​ត្រូវ​គ្រាប់​កាំ​ភ្លើង​​មួយ​គ្រាប់​។ពួកគេ​បាន​បើក​រថយន្ត​ស៊េរី​ទំនើប​​ម៉ាកកាឌីឡាក់​អេស្កាឡេត និង​អេសិនមីនី ​តាម​​​មហាវិថី​​ក្នុង​ខណ្ឌ៧មករា​ ជិត​ស្តាត​អូឡាំពិក។

ចៅក្រម​ស៊ើបសួរ​​លោក សុខណា ​មាន​ប្រសាសន៍ថា លោក​បាន​សាកសួរ​ជន​សង្ស័យ​​បីនាក់​​​រួច​ហើយ​ ទោះ​បី​ជា​ពួកគេ​បាន​អះអាង​​ថា ពួកគេ​គ្មាន​កំហុស​ក៏ដោយ ​ក៏លោក​បាន​សម្រេច​ផ្តន្ទា ទោស​ពួកគេ​ឲ្យ​មាន​ទោស​ដោយ​​មាន​ភ័ស្តុតាង​ ព្រមទាំង​មាន​កាំភ្លើង​មួយ​ដើម​ ដែល​រក​ឃើញ​នៅក្នុង​រថយន្ត​របស់​ពួកគេ​។

លោកបានមាន​ប្រសាសន៍បន្តថា “ខ្ញុំ​បាន​សម្រេច​​នៅ​ក្នុង​ករណី​នេះ​រួច​ហើយ​ និង​បាន​បញ្ជូន​ជន​សង្ស័យ​ទាំង​បី​នាក់​នេះ​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស​”។

លោក សុខណា​ មាន​ប្រសាសន៍ទៀត​ថា​លោក​បាន​ដឹង​ថា ឪពុក​របស់​ពួកគេ​​ម្នាក់​ជា​មន្ត្រី​​កង​រាជអាវុធហត្ថ​​ ប៉ុន្តែ លោកបានមាន​ប្រសា​សន៍ថា នេះ​ជា​ការ​ពិត​​​មិន​អាច​មាន​ឥទ្ធិពល​មក​លើ​ការ​សម្រេច​របស់​តុលាការ​បាន​ទេ​។

លោកមាន​ប្រសាសន៍ទៀតថា “ខ្ញុំ​មិន​ទាន់​​បាន​ពិនិត្យ​​បញ្ហា​នេះ​ជាមួយ​គ្រួសារ​របស់​ពួក​គេទេ យើង​កំពុង​ធ្វើការ​ដោយ​ផ្អែក​លើ​បទ​ឧក្រិដ្ឋ​របស់​ពួកគេ៕ ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស