42.2 C
Phnom Penh

គេហទំព័របស់​រដ្ឋាភិបាល​គឺជា​ ឋាន​សួគ៌​សម្រាប់​ក្រុម​អ្នកវាយ ​ប្រហារ​​​​​តាមបណ្ដាញ​​អុីន​ធើណិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារស្វាគមន៍​អ្នក​ទស្សនា​គេហទំព័រ​របស់​កង​រាជ​អាវុធ​ហត្ថ​ជាតិ​ កាល​ពី​ព្រឹក​ម្សិលមិញ គឺ​ជា​រូប​ភាពរបស់​បុរស​បិទ​មុខ​ ហើយ​ពាក់​មួក​កាតិបពណ៌​​ក្រហម​។នៅ​ពី​លើ​ក្បាល​របស់​បុរស​រូប​នោះ​ មាន​​សរ​សេរអក្សរៗ​ធំថា “ ​គេ​លួចវាយ​ប្រហារ​ហើយ”។

គេហទំព័រ​​​របស់​តុលាការ​កំពូល​ ដែល​ជា​គេហទំព័រ​ទទួលរង​ការ​វាយ​ប្រហារ​ដែរ ក៏​មាន​សារ​មួយ​នៅ​លើ​ជ្រុង​ខាង​លើ​ផ្នែក​ខាង​ឆ្វេង​ ដែល​សរសេរថា “ ទទួលរងការវាយ​ប្រហារពី Hmei7​​”​ដោយមាន​ហត្ថលេខា​របស់​អ្នក​វាយ​ប្រហារ​តាម​បណ្ដាញ​អុីន​ធើណិត​ ជាជន​ជាតិ​ឥណ្ឌូ​ណេស៊ី​ម្នាក់​ ដែល​អះ​អាង​ថា ធ្លាប់​បាន​វាយ​ប្រហារ​គេហទំព័រ​ចំនួន​៧០.០០០​នៅ​ទូទាំង​ពិភព​លោក​។

នៅ​ពេល​​គេហទំព័រ​ទាំង​ពីរ​ ត្រូវ​បាន​កែ​តម្រូវ​មក​វិញ​ ប្រហែលជានៅ​វេលា​​​ថ្ងៃ​ត្រង់​ ការ​វាយ​ប្រហារ​ទៅ​លើ​គេហទំព័រ​ របស់រដ្ឋ​ គឺ​វា​មិន​មែន​ជា​រឿង​ថ្មី​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។​ អ្នក​ជំនាញ​មួយ​ចំនួន​បាន​និយាយ​ថា​អ្នក​វាយ​ប្រហារ​តាម​បណ្ដាញ​អុីន​ធើ​ណិត​ទាំង​អស់​ អាច​បន្ដ​វាយ​ប្រហារ​គេហទំព័ររបស់​រដ្ឋាភិបាល​បាន​ដោយ​ងាយ​ស្រួល​ ដោយ​សារ​តែ​កង្វះ​អ្នក​ជំនាញ​ខាង​ផ្នែក​ព័ត៌មាន​វិទ្យា ដែល​មាន​សមត្ថភាព​ការ​ពារ​គេហទំព័រ​របស់​រដ្ឋ​ដោយ​ប្រើ​លេខ​សម្ងាត់​ ដែល​មាន​សុវត្ថិ​ភាព​និង​​ប្រើ​​ប្រព័ន្ធ​ការ​ពារ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បាន។

ពួក​គេ​ក៏​បាន​លើក​ឡើង​ដែរ​ថា ប្រសិន​បើ​​សន្ដិសុខ​តាម​បណ្ដាញ​អុីនធើ​ណិត​មិន​មាន​ការពង្រឹង​​ទេ​ រដ្ឋាភិបាល​នឹង​ខូច​កេរ្ដិ៍​ឈ្មោះរបស់​ខ្លួនជា​មិនខាន ​ជា​ពិសេសនៅ​​លើ​ឆាក​​អន្ដរជាតិ​។

លោក ភូ លីវូដ សមាជិក​ក្រុមប្រឹក្សា​នាយក​​និង​ជា​អតីត​អគ្គលេខាធិការ​នៃ​អាជ្ញា​ធរ​ជាតិ​ទទួល​បន្ទុក​កិច្ច​ការ​អភិវឌ្ឍន៍​វិស័យ​បច្ចេក​វិទ្យា​​គមនាគមន៍ ព័ត៌មាន​វិទ្យា ​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា ឥឡូវនេះរដ្ឋាភិបាល​បាន​ទទួល​ស្គាល់​សារៈសំខាន់​នៃ​បញ្ហា​នេះ​ហើយ ប៉ុន្ដែ នៅ​មិន​មាន​ជំនាញ​ និង​ការបណ្តុះបណ្តាល​ក្នុង​វិស័យ​នេះ​នៅឡើយទេ​ ហេតុដូច្នេះ​ហើយ​​គេ​ត្រូវ​ចំណាយ​ពេល​វេលាថែម​ទៀត​”។

លោក លីវូដ បាន​បន្ថែម​ថា “ប្រសិនបើ​ប្រជា​ពលរដ្ឋ​ផ្ដល់​ព័ត៌មាន​រទៅ​ឲ្យ​រដ្ឋាភិបាល​ ហើយ​ព័ត៌មាន​ទាំង​នោះ​ត្រូវ​បាន​គេ​លួច​នោះ​ប្រជាពលរដ្ឋ​ នឹង​លែង​មាន​ទំនុក​ចិត្ត​លើ​រដ្ឋា​ភិបាល​ទៀត​ហើយ​”។

កាល​ពី​ឆ្នាំ​មុន អ្នក​វាយ​ប្រហារ​តាម​បណ្ដាញ​អុីនធើណិត បាន​វាយ​ប្រហារ​គេហទំព័រ​របស់ន គរបាល​ជាតិ​ ក្រសួង​កសិកម្ម​ ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ និង​ថាមពល​ និង​ក្រសួង​កិច្ច​ការ​នារី​។

លោក លីវូដ បាន​ពន្យល់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក​ ក្រសួង​នីមួយ​ៗ​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​សន្ដិសុខ​តាម​បណ្ដាញ​អុីនធើណិត​ដោយ​ខ្លួន​ឯង​ផ្ទាល់​ ហើយ​គេហទំព័រ​នីមួយ​ៗ​មាន​កន្លែង​ផ្ទុក​ទិន្ន័យ​ផ្ទាល់​ខ្លួន​ ដោយ​ភាគ​ច្រើន​មិន​មាន​ប្រព័ន្ធ​ការ​ពារ​ ដែល​គេ​បង្កើត​ឡើង​ ដើម្បី​រក្សា​សុវត្ថិភាព​បណ្ដាញ​អុីនធើណិត​នោះ​ឡើយ​។

លោក​បាន​ថ្លែង​ថា “ឥឡូវ​នេះ គេហទំព័រ​ទាំង​អស់​មាន​កន្លែង​ផ្ទុក​ទិន្នន័យ​ផ្សេង​ៗ​ពី​គ្នា ហើយ​មិន​មាន​ប្រព័ន្ធ​ការ​ពារ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ​ ពី​ព្រោះ​គ្មាន​នរណា​ចេះ​ប្រើ​របៀបប្រព័ន្ធ​ការ​ពារ​នោះ​ឡើយ​”។ លោក​បាន​បន្ថែម​ថា បន្ទាប់​ពី​មាន​របាយការ​ណ៍​លើក​ដំបូង​របស់​រដ្ឋាភិបាល​អំពី​ការ​វាយ​ប្រហារ​តាម​អុីនធើណិត​ កាល​ពី​ឆ្នាំ​២០០២ គេហទំព័រ​ទាំង​អស់​បាន​ប្រើ​កន្លែង​ផ្ទុក​ទិន្ន​ន័យ​​តែ​មួយ​ ដោយ​មាន​ការ​ពង្រឹងប្រព័ន្ធ​ការពារ​ជាប្រចាំ​។

លោក លីវូដ បាន​លើក​ឡើង​ថា លោក​ឆ្ងល់​ណាស់​ថា ហេតុអ្វី​បាន​ជា​គេ​សម្រេច​ផ្ដល់​ស្វ័យភាព​បន្ថែម​ចំពោះ​គេ​ហទំព័រ​ ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​រួច​ទៅ​ហើយ​ ប៉ុន្ដែ បែរ​ជា​ឲ្យ​មក​ប្រើ​កន្លែង​ផ្ទុក​ទិន្នន័យ​ផ្ទាល់ខ្លួនទៅ​វិញ​។

អ្នក​ជំនាញ​ខាង​ព័ត៌មាន​វិទ្យា​មួយ​ចំនួន​បាន​លើក​ឡើង​ថា  ប្រសិន​បើ​អ្នក​វាយ​ប្រហារ​​តាម បណ្ដាញ​អុីនធើណិត​ទាំង​នោះ​អាច​ផ្លាស់​​ប្ដូរ​គេហទំព័រ​របស់​រដ្ឋាភិបាល​បាន​ អ៊ីចឹង​វា​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ពួក​លួចមើល​ព័ត៌មាន​សម្ងាត់​នៅ​ក្នុង​កន្លែង​ផ្ទុក​ទិន្នន័យ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​។

លោក​ ណូបឺត គ្លេន (Nobert Klein) អ្នក​ជំនាញ​ខាង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អុីនធើណិត​ ក្នុង​ប្រទេ​សកម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ “នៅ​ពេល​នរណា​ក៏អាច​ចូល​ទៅ​កាន់ប្រព័ន្ធ​សុវត្ថិភាព​បាន អ៊ីចឹង​វា​មិន​ពិបាក​ចូល​ទៅ​កាន់​ប្រព័ន្ធ​សុវត្ថិភាព​​ផ្សេង​ទៀត​នោះ​ទេ​។ ប្រសិន​បើអ្នក​អាច​ទទួល​បាន​ជោគ​ជ័យ​លើក​ដំបូង​ អ្នក​អាច​ប្រើ​វិធី​សាស្ត្រ​ដដែល​ចូល​ទៅ​កាន់​ប្រព័ន្ធ​ស្រដៀង​គ្នា​មួយ​ទៀត​”។​

ជា​ការពិត​ កាល​ពី​ខែ​កញ្ញា​ គេហទំព័រ​របស់​ក្រសួង​ការ​បរទេស​ត្រូវ​បាន​គេ​វាយ ប្រហារ​ ហើយ​ឯកសារ​ចំនួន​៥.០០០​ច្បាប់​ដែលទាំង​ឯកសារធ្វើលិខិតឆ្លងដែន និង​សំណើសុំ​ទិដ្ឋា​ការ​ ត្រូវ​គេ​លួចបាន​​ពី​កន្លែង​ផ្ទុក​ទិន្នន័យ​របស់​រដ្ឋាភិបាល។

អ្នក​វាយ​ប្រហារ​តាម​បណ្ដាញ​អុីន​ធើ​ណិត​ដែល​អះអាង​ទទួល​ខុស​ត្រូវចំពោះ​ការ​វាយ​ប្រហារ​នេះ បាន​និយាយ​ថា វា​គឺ​ជា​ការ​សង​សឹក​ចំពោះ​ការ​ចាប់​ខ្លួន​ និង​ការ​ន​ិរទេស​ខ្លួន​លោក ហ្គតហ្វីត ស្វាតហម ​វ៉ាក (Gottfrid Svartholm Warg) សហស្ថាបនិក​គេហទំព័រ​ផាយរ៉េតបេ ដែល​ជា​គេហទំព័រ​ចែក​រំលែក​ព័ត៌មាន​ដោយ​សេរី​។ តែ​រដ្ឋា​ភិបាល​បាន​បដិសេធ​យ៉ាង​ដាច់​អហង្កា​រ​ថា មិន​មាន​ការ​វាយ​ប្រហារ​ណាមួយ​តាម​បណ្ដាញ​អុីន​ធើ​ណិត​មក​លើ​គេហទំព័រ​របស់​ខ្លួន​​នោះ​ទេ​។

លោក​ អ៊ូ ផាណ្ណារិទ្ធ ប្រធានសាខា​នៃ​អង្គការ​ក្រុម​អ្នក​ឆ្លើយ​តប​បន្ទាន់​ផ្នែក​ព័ត៌មាន​វិទ្យា​​ប្រចាំ​កម្ពុជា​ ដែល​ជា​អង្គការ​អន្តរ​ជាតិ​មួួយ ដើម្បី​សម្រប​​សម្រួល​ការ​ឆ្លើយ​តប​ចំពោះ​អសន្ដិសុខ​របស់បណ្ដាញ​អុីនធើណិត​ បាន​លើក​ឡើង​ថា អ្នក​វាយ​ប្រហារ​តាម​បណ្ដាញ​អុីនធើណិត​មាន​មធ្យោបាយ​ជា​ច្រើន​ ដើម្បី​វាយ​ប្រហារ​គេហទំព័រ​របស់​រដ្ឋាភិបាល​ ដោយ​ឆក់ឱកា សវាយប្រហារ នៅពេលខ្វះការ​ពង្រឹងប្រសិទ្ធភាព​ជា​ប្រចាំ ឬវាយ​ប្រហារកន្លែង​ផ្ទុក​ទិន្នន័យ​ ដែល​មិន​មាន​ប្រព័ន្ធ​ការ​ពារ​ត្រឹម​ត្រូវ​ និងមិន​​មាន​លេខ​សម្ងាត់​ល្អ។

លោក​បាន​មាន​ប្រសាសន៍​ថា “វា​មិន​មែន​ងាយដឹង​ថា នរណា​ជាអ្នកនៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះណាស់ ហើយ​មិន​ដឹង​ថា ពួក​គេ​មក​ពី​ទី​ណា​នោះ​ឡើយ​ ពី​ព្រោះ​វិធី​សាស្ត្រ​នៃ​ការ​វាយ​ប្រហារ​មាន​សមត្ថ​ភាព​ខ្ពស់​ណាស់​ក្នុង​ពេល​បច្ចុប្បន្ន​”។

លោក សុខ ហួត អ្នក​គ្រប់​គ្រង​ប្រចាំគេហ​​ទំព័រ​របស់​កង​រាជ​អាវុធ​ហត្ថ​មាន​ប្រសាសន៍​ថាមានអ្នក​វាយ​ប្រ​ហារ​ម្នាក់​ បាន​វាយ​ប្រហារ​តាម​បណ្ដាញ​អុីន​ធើណិត​ កាល​ពី​ម្សិលមិញ  ដោយសារ​កម្មវិធី​របស់​គេហទំព័រ​កង​រាជ​អាវុធ​ហត្ថ​ ជាកម្មវិធីចាស់ប្រើប្រាស់បួនឆ្នាំ​មកហើយ។

លោក​បានមាន​ប្រសាសន៍​​បន្ថែម​ថា “យើង​បាន​ពង្រឹង​ប្រសិទ្ធភាព​ប្រព័ន្ធ​ការ​ពារ​ទៅ​កាន់​កម្មវិធី​ថ្មី​មួយ​ហើយ​ ហេតុដូច្នេះ​ហើយ​វា​គ្មានបញ្ហា​អ្វី​ទៀត​នោះ​ទេ ឥឡូវ​នេះ។ លោកបន្ត​ថា គ្មាន​ទិន្នន័យ​​ណាមួយ​ត្រូវ​អ្នក​វាយប្រហារ​តាម​បណ្ដាញ​អុីនធើ​ណិត​ទាញ​យក​នោះ​ទេ​។

យោង​តាម​លោក បឺណាត អាល់ផុនសូ (Bernard Alphonso) អ្នក​ពិគ្រោះ​យោបល់​ឯករាជ្យ​ផ្នែក​សន្ដិសុខ​តាមបណ្ដាញ​អុីន​ធើ​ណិត​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ការ​វាយ​ប្រហារ​ភាគ​ច្រើន​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​មិន​ឲ្យ​គេ​ដឹង​ខ្លួន​នោះ​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​​ត្រូវ​តែរកវិធីដោះស្រាយគ្រោះ​ថ្នាក់​តាម​បណ្ដាញ​​អុីន​ធើណិត​បន្ដ​ទៅ​ទៀត។ ការ​វាយ​ប្រហារ​តាម​គេហទំព័រ​ គឺ​វា​កើត​ឡើង​ហើយ​កើត​ឡើង​ទៀត។ អ្នក​វាយ​ប្រហារ​តាម​បណ្ដាញ​អុីន​ធើណិត​ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​គ្រោះ​ថ្នាក់​បាន​វាយ​​ប្រហារ​គេហទំព័រ​រាប់​ម៉ឺន​ទូទាំង​ពិភព​លោក​ ជា​រៀង​រាល់​ឆ្នាំ”៕ ស៊ុយឈាង

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស