39.4 C
Phnom Penh

កង្វះ​បង្គន់​អនាម័យ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​បណ្តាល​ឲ្យប៉ះ​ពាល់​ដល់​សុខ​ភាពសាធារណៈ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ផ្ទះ​របស់​អ្នកស្រី សៀវ​​ ផល្លា មិន មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ទេ​។ស្ត្រីជា​កសិករ​អាយុ​៤៧ឆ្នាំ​​​ នៅក្នុង​​ខេត្ត​ពោធិ៍សាត់​ ដែល​រស់នៅជា​មួយ​ប្តី​ ​និង​កូន​ប្រាំ​ពីរ​នាក់ ហើយ​នៅពេលអ្នកស្រី​ឈឺ​ពោះ​ម្តងៗ​ត្រូវរត់​ទៅ​រកវាល​ស្រែ​ ដើម្បី​បត់ជើងធំ។ពួកគេ​ប្រើ​ចបដើម្បី​ជីក​រណ្តៅ​សម្រាប់​កប់លាមក ហើយ​លុប​ដី​វិញ​នៅ​ពេល​បត់ជើងរួច។

អ្នក​ស្រី​ ផល្លា បាន​និយាយ​ថា​ “​ខ្ញុំ​យល់​ថា​ មាន​បង្គន់​អនាម័យ​ពិតជាល្អ​ណាស់​។​ប៉ុន្តែ​សម្រាប់​យើង យើង​មិនមាន​លុយ​​ ដើម្បី​ធ្វើ​បង្គន់​អនាម័យ​ទេ​”​។

​យោង​តាម​របាយការណ៍​មួយ​ចេញ​កាល​ពី​ខែ​មុន​ របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​​ដោយ​សហការ​ជាមួយ​អង្គការ​យូនី​សេហ្វ បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​ ផល្លា​ គឺជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ភាគ​ច្រើននៅ​តាមជន​បទ ក្នុង​ប្រទេស​កម្ពុជា​ ដែល​តែងតែ​បត់​ជើង​ធំតាម​វាល​ស្រែ​ ដូចប្រជាពលរដ្ឋ​ជាង​៦៦​ភាគរយ​នៅ​តាមជន​បទ​ដែរ។

របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ដោយសារខ្វះលទ្ធភាព​​ដើម្បី​ធ្វើ​​បង្គន់​ឲ្យ​បានល្អ​​​ដែល​អង្គការ​សុខភាព​ពិភព​លោក​បានលើកឡើង​ថា ​​រដ្ឋាភិបាល​ បាន​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ​ជារៀង​រាល់​ឆ្នាំ​ ដើម្បី​ដោះស្រាយបញ្ហានេះ។

យោង​តាម​របាយការណ៍​ ដែល​ពិពណ៌នា​លម្អិត​ពី​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការ​រស់​នៅ​ស្អាត និង​អនាម័យ​ នៅ​ឆ្នាំ​២០២៥​ នោះ​ បាន​ឲ្យ​ដឹង​ថា“ ការ​គ្រប់​គ្រង​លាមក​មិន​ត្រឹម​ត្រូវនិងខ្វះអនាម័យ​ អាច​​បណ្ដាល​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​”។

​យោង​តាម​របាយការណ៍​​នោះ​ រដ្ឋាភិ​បាល​ “ប្រហែលជា” មិនអាច​សម្រេច​គោល​ដៅរបស់​ខ្លួន​ឲ្យបាន១០០ភាគរយ​​​ស្រប​តាម​​ផែន​ការរបស់ខ្លួននោះ​ទេ ស្រប​ពេល​រដ្ឋាភិបាល​បាន​កំណត់​គោលដៅមួយ​ កាល​ពី​ឆ្នាំ​២០០៣ ដើម្បី​លើក​កម្ពស់​ការ​រស់​នៅ​ស្អាត​ឲ្យបាន​គ្រប់គ្នាត្រឹម​ឆ្នាំ២០២៥​នោះគឺ​មាន​ប្រជាពលរដ្ឋ​ត្រឹម​​តែ​២៨​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ពេល​បច្ចុប្បន្ននេះ​ ដែល​ទទួលបាន​បង្គន់​អនាម័យ​ ។

លោក ជា សំណាង ប្រធាន​នាយក​ដ្ឋាន​សុខភាព​សាធារណៈ​នៃ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ បាន​មាន​ប្រសាសន៍​ថា “ ទោះ​បី​ជា​មាន​ការ​លំបាក​ខ្លះៗ​ក៏ដោយ យើង​នៅតែ​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព [ដើម្បី​សម្រេច​ឲ្យ​ដល់​គោល​ដៅ ត្រឹមឆ្នាំ២០២៥]​”។

លោក​មាន​ប្រសាសន៍​បន្ដ​ថា “នៅ​ពេល​នេះ រដ្ឋាភិបាល​កំពុង​សម្រប​សម្រួល​ និង​ធ្វើ​ការ​ជា​មួយ​អង្គការ​ក្រៅរដ្ឋាភិបាល​នានា​ ហើយ​យើង​បាន​ជួប​ប្រជុំ​គ្នា​ជា​រៀល​រាល់​ខែ​”។

ផែន​ការ​ជាតិ​សម្រាប់​អនាម័យ​ និង​ការ​រស់​នៅ​ស្អាត​ បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​មូលនិធិ​ថែម​ទៀត​ ដើម្បីដោះស្រាយ​ចំពោះ​បញ្ហា​ការ​រស់​នៅ​ស្អាត​នេះ ហើយ​បាន​​លើក​ទឹក​ចិត្ត​ឲ្យ​វិស័យ​ឯកជន​ ចូលរួម​វិនិយោគ​ក្នុង​គម្រោង​អនាម័យ​ និង​សហការ​ស្រាវ​ជ្រាវ​ ​អភិវឌ្ឍ​ និង​លើកកម្ពស់​​ធន​ធាន​មនុស្ស​​ក្នុង​ផ្នែក​នេះ។

យោង​តាម​លោក ស្តេវិន អុីដឌីង​(Steven Iddings)​វិស្វករ​ផ្នែកបរិដ្ឋាន​​ប្រ​ចាំ​អង្គការ​សុខភាពពិភពលោកប្រចាំ​ប្រទេស​កម្ពុជា​ បានឲ្យ​ដឹង​ថា​ ការ​បន្ទោរបង់​នៅ​តាម​ទី​វាល​ស្រែ អាចធ្វើ​ឲ្យ​បាក់តេរី និង​ប៉ារ៉ាស៊ីត​ឆ្លង​ចូល​ទៅក្នុង​​ប្រភព​ទឹក​ ហើយ​ប៉ះពាល់​ដល់​សុខភាព​មនុស្សទូទៅ។

យោង​តាម​របាយការណ៍​ចេញ​កាល​ពី​ឆ្នាំ​២០១១​ ដោយ​អង្គការ​ ផាតអន្ដរជាតិ​(Path International) បានឲ្យ​ដឹង​ថា ជារៀង​រាល់​ឆ្នាំ​មាន​កុមារ​ប្រហែល​២.៣០០​នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​រាករូស​​ក្នុង​ប្រទេស​កម្ពុជា​។ ​លោក​ អុីដឌីង មាន​ប្រសាសន៍​ថា មាន​ចំនួន​សមាមាត្រ​​ខ្ពស់​ចំពោះ​ជំងឺ​ទាក់​ទង​នឹង​កុមារ​ភាព​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ដោយ​សារ​ជំងឺ​រាករូស​ទាក់​ទង​នឹង​គុណភាព​ទឹក​ និង​​អនានាម័យទឹក​​”។

ប៉ុន្ដែ ការលើក​ស្ទួយ​អនាម័យ​​​មិនអាច​សម្រេចបាននៅឆ្នាំ២០២៥​តាម​ផែន​ការ​នោះ​ទេ​ បើទោះជាមានអង្គការ​​អភិវឌ្ឍន៍​​អន្តរជាតិ​មួយ​ចំនួន​បាន​ចូល​រួម​​ជា​មួយ​រដ្ឋា​ភិបាល​ក៏ដោយ ដើម្បី​សាង​សង់​​បង្គន់​អនា​ម័យ​​តាម​តម្រូវការ​នៅ​ក្នុង​ប្រទេស ដែល​មាន​ប្រ​ជាពល​រដ្ឋ​ខ្មែរមិន​សូវចង់ប្រើ។

ការ​ជំរុញឲ្យ​ប្រើ​ប្រាស់​បង្គន់​អនាម័យ​នេះ បើ​យោង​តាម​របាយការណ៍របស់​ក្រសួង​​អភិវឌ្ឍន៍​ជន​បទបានឲ្យដឹងថា មិន​ត្រឹម​តែ​ជា​បញ្ហា​ក្នុង​ការ​សាង​សង់​បង្គន់​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ ត្រូវ​មាន​គោលការណ៍​ ដើម្បី​ផ្លាស់​ប្ដូ​រទម្លាប់​របស់​ប្រជាពលរដ្ឋ​ និង​ផ្សព្វផ្សាយ​អំពី​បង្គន់​អនាម័យ​ ដើម្បីឲ្យ​គ្រួសារ​ទាំង​នោះ​អាច​យល់​​ពី​តម្លៃ និង​​ព្រមទិញបង្គន់​ទាំង​នោះ​។

យោង​តាម​លោក ម៉ៃ រ៉ូបឺត (Mike Roberts)​ នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​អាយឌីអុី (IDE) មាន​ប្រសាសន៍​ថា ការ​ផ្សព្វ​ផ្សាយ​ និង​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ចេះប្រើ​ប្រាស់​បង្គន់​អនា​ម័យ​ គឺ​ជា​គោល​ដៅ​មួយ​ក្នុង​ចំណោម​គោល​ដៅ​ជា​ច្រើន​របស់​អង្គការ​អន្ដរជាតិ​​ ចាប់​តាំង​ពី​អង្គការ​នេះ បាន​ចាប់​ផ្ដើម​ស្រាវជ្រាវ​លើ​គម្រោង​ផ្សព្វ​ផ្សាយ​ អំពីការ​រស់​នៅ​ស្អាត​ កាល​ពី​ឆ្នាំ​២០០៦​។

យោង​តា​ម​លោក រ៉ូបឺត ​បា​ន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០០៨ អង្គការអាយឌីអុី បា​ន​​ជួល​អ្នក​​គូស​​ប្លង់​ម្នាក់ ដែល​​ធ្លាប់​​ផលិត​​បង្គន់ មានតម្លៃ​ថោកធ្វើ​​ពី​​សុីម៉ង់ត៍ ​ម៉ាក ​Easy Latrine ​​​ ដើម្បី​ជួយ​បណ្តុះ​​បណ្តាល​​ក្រុ​ម​ហ៊ុ​ន​ក្នុង​ស្រុក​ឲ្យចេះ​​ផលិត បង្គន់ប្រភេទនេះ​។ចាប់​​តាំ​ង​ពី​​ផលិត​​​បង្គន់​ Easy Latrine ក្នុង​ឆ្នាំ​​២០០៩ ក្រុ​ម​ហ៊ុន​សុី​ម៉ង់​ត៍​​ចំ​នួ​ន​១៥០​​នៅ​​តាមជនបទ​ក្នុង​ប្រទេ​ស​​កម្ពុជា​ អាចលក់​បង្គន់​នេះ​បា​ន​ប្រហែល​​៣០.០០០​សម្រាប់។

ចំ​ណែកអ្នក​ស្រី​ ផល្លា ​ដែល​មានបញ្ហា​មិន​អា​ច​​រក​ប្រាក់​​ទិញ​​បង្គន់ប្រភេទនេះ​បាន លោក​រ៉ូ​បឺត ​បា​ន​មា​ន​​​ប្រ​សាសន៍​ថា ​បង្គន់​​ម៉ាក Easy Latrine មានតម្លៃថ្លៃប្រហែល​​៣៥​ដុល្លារ​​ប៉ុណ្ណោះ និង​ថ្លៃបន្តិច​បន្តួច​ទៀតសម្រាប់​​ចំណាយលើដំបូល ហើយ​លោក​កំ​ពុង​តែ​លើក​ទឹក​ចិត្តឲ្យ​ស្ថា​ប័ន​​មី​ក្រូ​ហិរញ្ញវត្ថុជួយ​ផ្តល់ប្រាក់​កម្ចី​សម្រាប់​គ្រួ​សារ​ចង់បាន​បង្គន់​បែបនេះ​។

​សម្រាប់ដំឡើង​ ​និងលក់​បង្គន់​អង្គការអាយឌីងអុី ​សហ​កា​រ​ជាមួ​យ​ក្រសួង​​អភិ​​វឌ្ឍ​ន៍​ជន​បទ​​និ​ង​អង្គកា​រក្រៅរដ្ឋាភិបាល ផ្សេង​ទៀត​ ដើម្បី​បញ្ចុះ​បញ្ចូល​ប្រជាជននៅ​តាមជន​បទ​​ឲ្យ​យល់​​​ដឹង​​ពី​​សារ​ៈសំ​ខាន់​នៃ​​បង្គន់​​នេះ​។

ក្រុ​ម​ហ៊ុន​ស្រាវជ្រាងផ្នែកទី​ផ្សារ​សង្គម​ឈ្មោះ 17 Triggers ​បា​ន​​ធ្វើ​យុទ្ធ​នា​កា​រ​​ផ្នែក​ទី​ផ្សារ​​ឲ្យអង្គការអាយឌីអុី ​និង​​ក្រសួ​ង​អភិ​វឌ្ឍន៍​ជន​បទ​​ដើម្បី​​បញ្ចុះបញ្ចូល​ប្រជា​ពល​រដ្ឋ​​ដែល​គ្មាន​​បង្គន់​​​ឲ្យ​ទិញ​​បង្គន់​នេះ​។ ក្នុ​ង​រូ​បភាព​​មួ​យ​បានបង្ហាញថា​ “ទី​ភ្នាក់ងារ

​លក់​បង្គន់​ Tool Kit “ របស់​អង្គការ​អាយ​ឌី​អុី​បានបង្ហាញនូវដុំលា​មក​​នៅ​ក្បែរ​ ជើង​មាន់​អាំងមួយកំណាត់ ដោយមា​ន​​រុយរោមជុំជិត​។

​រូប​ភាពរបស់​ក្រសួ​ង​អភិ​វឌ្ឍន៍​ជន​បទវិញ បង្ហាញ​ថា “ Sanitation and Hygiene Behavior Change Toolkit​” បង្ហាញ​​អំ​ពី​បុរសម្នាក់ស្រាត​​ខោ​បត់​ជើង​ធំ​នៅ​ក្បែរ​សត្វ​ឆ្កែ​មួ​យ​ក្បាល ដែល​​កំពុងជុះ​​អាចម៍ដូច​គ្នា ដោយ​មាន​សរ​សេរ​ជា​អក្សរថា “សត្វមិនចេះប្រើ​​បង្គន់​ទេ ចុះអ្នកវិញ​”។

​រូប​ភាព​​ដែល​គួរ​​ឲ្យចង់​សើច និង​​ដ៏​គម្រក់​​បែបនេះ គឺ​ចង់​ឲ្យមានការផ្លាស់​ប្តូរ ​​និង​បង្កើន​កា​រ​​​យល់​​ដឹង​​របស់​ប្រជា​​ពល​រដ្ឋ​​ខ្មែរ​ជុំវិញ​បញ្ហា​​​អនា​ម័​យ​៕ ឃិន ណៃ

​​

​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស