42.2 C
Phnom Penh

វិវាទរវាងម្ចាស់ភាគហ៊ុនសណ្ឋាគារ​ក្នុង​ខេត្ត​​សៀម​រាបនៅតែ​អូស​បន្លាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សំណំុ​រឿងវិវាទ​ដ៏​អូស​បន្លាយ​មួយ​នៅ​ក្នុង​តុលាការ​ រវាង​វិនិយោគិន​បារាំង​ពីរ​នាក់​ ជាម្ចាស់ភាគហ៊ុន សណ្ឋាគារ​ វិកតូរីយ៉ា អង្គរ (Victoria Angkor Hotel) នៅ​ក្នុង​ខេត្ត​សៀម​រាបកំពុង​ជាប់​គាំង បន្ទាប់​ពី​សវនករ​ ដែល​តុលាការ​កំពូល​បានចេញ​សេចក្តី​បង្គាប់​ឲ្យ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ហិរញ្ញ​វត្ថុ​របស់​សណ្ឋាគារ​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រួត​ពិនិត្យ​បញ្ជី​ហិរញ្ញ​វត្ថុ​នេះ​ទេ​ នៅ​ក្នុង​សប្តាហ៍​នេះ។

នៅ​ក្នុង​ជម្លោះ​មួយ​ដែល​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​២០០៥ លោក​ ព្យែ អាដេ (Pierre Ader) នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ ហ្វាញ​ ស្កាយ អីុន​វេសមិន ខេមបូឌា (Fine Sky Investment Cambodia) ដែល​គ្រប់​គ្រង​ផ្ទះ​ល្វែង​ជួល​ ឡេ​ ហ្សាដាំង ឌុយ បាសាក់ (Les Jardins du bassac) ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​នរោត្តម​ បាន​ចោទ​ប្រកាន់​ដៃ​គូ​វិនិយោគ​របស់​ខ្លួន​ គឺ​លោក ហ្វ្រង់​ស័រ ហ្គុងជេ (Francois Gontier)ថា​ បាន​កេង​បន្លំ​យក​ប្រាក់​រាប់​ពាន់​ដុល្លារ​ ចេញ​ពី​គណនី​សណ្ឋាគារ​ នៅ​ចន្លោះ​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៤។

លោក ហ្គុងជេ ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ អូអេ អេឡិចទ្រិក ស៊ីត​តេ​ ឌឺ ម៉ាដា​ហ្កាស្កា (Eaux et Electricite de Madagasgar) ដែល​មាន​ស្នាក់ការធំនៅក្នុង​ប្រទេស​បារាំង ជាអ្នកគ្រប់​គ្រង​ភាគ​ហ៊ុន​ចំនួន​៧៥​ភាគ​រយ នៅ​ក្នុង​សណ្ឋា​គារ​ វិកតូរីយ៉ា អង្គរ ហើយ​ធ្លាប់​​បាន​ការ​ពារ​ខ្លួន​ដោយ​ជោគ​ជ័យ​ចំនួន​បួន​លើក​​​រួច​មក​ហើយ​ ដោយ​ពីរ​លើក​នៅ​ឯ​សាលា​ដំបូង​ខេត្ត​សៀ​ម​រាប​ និង​ពីរ​លើក​ទៀត​នៅ​ឯ​សាលា​ឧទ្ធរណ៍​។

ក៏​ប៉ុន្តែ កាល​ពី​ខែ​កក្កដា តុលាការ​កំពូ​ល​​បាន​​សម្រេច​តាម​សំណើ​របស់​លោក អាដេ ហើយ​​បាន​បង្គាប់​ឲ្យ​ធ្វើ​សវនកម្ម​ពេញ​លេញ​មួយ​អំពី​ហិរញ្ញវត្ថុរបស់​សណ្ឋាគារ​ វិកតូរីយ៉ា​ អង្គរ។

សេចក្តី​បង្គាប់​ពី​សំណាក់​តុលាការ​កំពូល​ ដែល​ចុះ​កាល​បរិច្ឆេទ ខែ​មិថុនា ឆ្នាំ​២០១២ មាន​ខ្លឹម​សារ​ដូច្នេះ​ថា “ ​ដោយ​ពិ​ចារណា​ឃើញ​ថា នៅក្នុង​សវនការ គ្មាន​ភ័ស្តុតាង​ច្បាស​់​លា​ស់​គ្រប់​គ្រាន់​ ដើម្បី​ចេញ​សេចក្តី​សម្រេច​​ តុលាការ​​ចាំ​បាច់​ត្រូវ​តែ​​ចេញ​សេចក្តី​បង្គាប់​ឲ្យ​ស្វែង​រក​ភ័ស្តុតាង​បន្ថែម​ទៀត​ ដែល​ម្ចាស់​ភាគ​ហ៊ុន​ និង​សវនករ​របស់​ខ្លួន ត្រូវ​ចូល​រួម​ត្រួត​ពិនិត្យ​នូវ​រាល់​បញ្ជី​ហិរញ្ញ​វត្ថុ​ទាំង​អស់​របស់​សណ្ឋាគារ​ វិកតូរីយ៉ាអង្គររីសត អេន ស្បា៉ ចន្លោះ​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៤”។

យោង​តាម​អីុម៉េល​ឆ្លើយ​ឆ្លង​គ្នា​ ដែល​ទទួល​បាន​នៅ​ក្នុង​សប្តាហ៍​នេះ បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ច័ន្ទ លោក ហ្គាព្រីអ៊ែល តែវ (Gabriel ​Teo) នាយក​ក្រុម​ហ៊ុន​ BG Associates ដែល​ត្រូវ​បាន​តុលាការ​កំពូល​​ចាត់​តាំង​ឲ្យ​ធ្វើ​ជា​សវនករ សម្រាប់ត្រួត​ពិនិត្យករណី​នេះ បាន​សរសេរ​​ជូន​ដំ​ណឹង​ទៅ​លោក ហានណូ ស្តេម ​(​Hanno Stamm) អ្នក​ចាត់​ការ​ទូ​ទៅ​របស់​សណ្ឋាគារ​ វិកតូ​រីយ៉ា អង្គរ ហើយ​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ទៅ​ដល់​ខេត្ត​សៀម​រាប​នៅ​ថ្ងៃ​អង្គារ​ ដើម្បី​ត្រួត​ពិនិត្យ​រាល់​​របាយ​ការណ៍​ធនាគារ​ វិក្កយបត្រទាំង​អស់របស់​សណ្ឋាគារ​នេះ​ នៅ​ចន្លោះ​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១២។

លោក តែវ បាន​សរសេរ​ទៅ​លោក​ ស្តេម ​ដោយ​លើក​ឡើង​ដូច្នេះ​ថា “ វា​គឺ​ជា​​សិទ្ធិ​របស់​​លោក ក្នុង​ការ​ប្រឹក្សា​យោ​បល់​ជា​មួយ​មេធាវី​របស់​លោកអំពីផល​វិបាក​ ដែល​បណ្តាល​មក​ពី​ការ​ប្រឆាំង​នឹង​សេចក្តី​បង្គាប់​របស់​តុលា​ការ​​កំពូល​​​នៅកម្ពុជា។ ក្នុង​នាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គួរ​តែ​ចាត់​ទុក​ការ​ប្រឆាំង​របស់​បុគ្គលិក​របស់​លោក​ ជា​ការ​ប្រឆាំង​​របស់​លោក​ ហើយ​ខ្ញុំ​នឹង​ជូន​ដំណឹង​ទៅ​តុលាការ​កំពូល​ឲ្យ​បាន​ត្រឹម​ត្រូវ​”។

លោក ស្តេម បាន​ឆ្លើយ​តប​វិញ​ដោយ​លើក​ឡើង​ថា លោក​ត្រូវ​ការ​សេចក្តី​បង្គាប់​របស់​តុលាការ​ និងការអនុញ្ញាត​ពី​ថ្នាក់​លើ​របស់​លោក មុន​ពេល​អនុញ្ញាត​ឲ្យ​ត្រួត​ពិនិត្យ​បញ្ជី​ហិរញ្ញ​វត្ថុ​។ នៅ​ពេល​សួរ​ថា តើ​ការ​​ធ្វើ​សវនកម្ម​សណ្ឋាគារ​នេះបាន​ធ្វើ​ទេ កាល​ពី​​ថ្ងៃ​អង្គារ​ ឬយ៉ាង​ណា​នោះ​ លោក ស្តេម បាន​​បដិសេធ​មិន​ព្រម​ពន្យល់​អំពី​បញ្ហា​នេះ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​ពិត​ជា​មិន​អាច​ពន្យល់​លើ​រឿង​នោះ​បាន​ទេ​”។

លោក តែវ បាន​បញ្ជាក់​ថា រូប​លោក​ត្រូវ​បាន​តុលាការ​កំពូល​តែង​តាំង​ឲ្យ​ធ្វើសវន​កម្ម​បញ្ជី​ហិរញ្ញ​វត្ថុ​របស់​សណ្ឋាគារ​ វិកតូ​រីយ៉ា អង្គរ​ បើ​ទោះ​បី​ជា​លោក​ ក៏​បាន​បាន​បដិសេធ​មិន​ព្រម​​រៀប​រាប់​ថា តើ​លោក​បាន​ទៅ​ដល់​សណ្ឋា​គារ​នោះ​ នៅ​ក្នុង​ខេត្ត​សៀម​រាប កាល​ពី​ថ្ងៃ​អង្គារ​ ឬយ៉ាង​ណា​ក៏​ដោយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “​បច្ចុប្បន្ន​ បញ្ហា​នេះ​នៅ​តែ​បន្ត​នៅ​ក្នុង​តុលា​ការ​ វា​មិន​សម​ស្រប​នោះ​ទេ​សម្រាប់​រូប​ខ្ញុំ​ ក្នុង​ការ​ពន្យល់​នៅ​ពេល​នេះ”។

លោក សាន គង់បរម្យ តំណាង​​របស់​លោក​ ហ្គុងជេ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​សវនកម្ម​​ មិន​ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ទេ​ កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​សារ​តែ​​គេ​មិន​បាន​ជូន​ដំណឹង​ដល់​មេធាវី​តំណា​ង​ឲ្យ​លោក  ហ្គុងជេ។

លោក​បាន​និយាយ​ដោយ​សំដៅ​ដល់​លោក​ អាដេ ថា “គាត់​មិន​បាន​ជូ​ន​ដំណឹង​ដល់​មេធាវី​របស់​យើងនោះ​ទេ។ សណ្ឋា​គារ​នេះ​មាន​ភ្ញៀវ​ស្នាក់​នៅ​ពេញ​ ហើយ​តុលាការ​បាន​ស្នើ​ឲ្យ​មេ​ធាវី​ ធ្វើ​ការ​ជាមួយ​គ្នា​។ កិច្ច​ការ​មិន​ត្រូវ​បាន​អនុវត្ត​ត្រឹម​ត្រូវ​នោះ​ឡើយ”។​​​​​

តំណាង​របស់​លោក ហ្គុងជេ ក៏​បាន​ឲ្យ​ដឹង​​​ដែរ​ថា លោក​ អាដេ គ្មាន​ភ័​ស្តុតាង ដើម្បី​​បង្ហាញ​ថា មាន​ការ​កេង​បន្លំ​ប្រាក់​ពី​សណ្ឋាគារ​​នោះ​ទេ​ នេះ​ហើយ​ជា​មូល​ហេតុ​ ដែល​តុលា​​​ការ​កំពូល​ចេញ​សេ​ចក្តី​បង្គាប់​ឲ្យ​ធ្វើ​​សវន​កម្ម​ពេញ​លេញ​មួយ​លើ​សណ្ឋាគារ​នេះ។

យោង​តាម​ព័ត៌​មាន​សង្ខេប​ ស្តី​អំពី​ការ​ការ​ពារ​ខ្លួន​របស់​លោក ហ្គុងជេ នៅ​ឯ​​សា​លា​ឧទ្ធរណ៍​  កាល​ពី​ខែ​តុលា ឆ្នាំ​២០១០ បាន​បង្ហាញ​​ថា “ [លោក ហ្គុងជេ] បាន​អះ​អាង​ថា ដើម​ចោទ​សំណុំ​រឿង​រដ្ឋ​ប្បវេណី​នេះ គ្មាន​ភ័ស្តុតាង​ ​និង​មូលដ្ឋាន​ច្បាស់​លាស់​ ក្នុង​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​កំហុស​នោះ​ទេ”។

លោក អាដេ បាន​អះអាងថា ភ័ស្តុ​តាង​របស់​លោក​ គឺ​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ ហើយ​ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​លាស់​ អំពី​របៀប​ដែល​​លោក ហ្គុងជេ កេង​បន្លំ​យកប្រាក់​ពី​ក្រុម​ហ៊ុន។ លោក​មាន​ប្រសាសន៍​ថា “វា​គឺ​ជា​ឯក​សារ​​ពី​ធនាគារ​ពិត​ប្រាកដ​មួយ ដែល​បង្ហាញ​អំពី​ចំនួន​​ទឹក​ប្រាក់​យ៉ាង​ច្រើន​​ ផ្ទេរ​ចេញ​ពី​គណនី​។ ភ័ស្តុតាង​ផ្សេងៗ​ទៀត​ គឺ​សាក្សី​ម្នាក់​ ដែលធ្លាប់​​ធ្វើ​ការ​នៅ​ក្នុងសណ្ឋា​គារ​នេះ​តែ​ម្តង​។ គាត់គឺ​ជា​មនុស្ស​ទី​២​ នៅក្នុង​សណ្ឋាគារ​ វិកតូរីយ៉ា អង្គរ ​ហើយ​គាត់​ធ្លាប់​ជា​អ្នក​ត្រួត​ពិនិត្យ​មើល​គ្រប់​ផ្នែក​ទាំង​អស់​នៅ​ឯ​សណ្ឋាគារ​នេះ​”។

លោក​បាន​ចោទ​ជា​សំណួរ​ថា “ប្រសិ​ន​បើ​​រាល់​គណនី​ទាំង​អស់​ វា​ពិត​ជា​មាន​ភាព​ច្បាស់​លាស់​នោះ​ តើ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​ មិន​ឲ្យ​គាត់​ត្រួត​ពិនិត្យ​មើល​​គណនី​ទាំង​នោះ​?”

ករណី​ដែល​កាន់​តែ​ស្មុគ​ស្មាញ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ថា សណ្ឋាគារ វិកតូ​រីយ៉ា​ អង្គរ ​ដែល​ស្ថិត​នៅ​កណ្តាល​ទី​ប្រជំុ​ជន​ខេត្ត​សៀម​រាប​ ហើយ​នៅ​មិន​ឆ្ងាយ​ពី​សណ្ឋា​គារ​ ព្រះ​រាជ​ដំណាក់​ ក៏​បាន​ទាក់​ទាញ​ចំណាប់​អា​រម្មណ៍​ពី​​ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ផង​ដែរ​។

យោង​តាម​លិខិតមួយ​ច្បាប់​ ចុះថ្ងៃ​ទី​៦ ខែ​​មីនា ឆ្នាំ​២០០៩ ហើយ​ត្រូវ​បាន​ផ្ញើ​ជូន​លោក ​ហ្គុង​ជេ នោះ​បាន​បង្ហា​ញ​ថា លោក ​​អៀង ​សុផាល្លែត ជំនួយ​ការ​របស់​លោក​​ ហ៊ុន សែន បាន​ទិញ​យក​ភាគ​ហ៊ុន​២​ភាគ​រយរបស់​លោក អាដេ នៅ ក្នុង​សណ្ឋាគារ​នេះ កាល​ពី​ថ្ងៃ​២២ ខែ​ធ្នូ ឆ្នាំ​២០០៨។

សំបុត្រ​នេះ ត្រូវ​បាន​សរសេរ​ដូច្នេះ​ថា “​ក្នុង​នាម​ជា​ម្ចាស់​ភាគ​ហ៊ុន​មួយ​រូប​ ខ្ញុំ​មាន​ទឹក​ចិត្ត​សោមន្ស​ នឹង​ជួប​ជាមួយ​លោក​ ដើម្បី​ណែ​នាំ​ខ្លួន​ខ្ញុំ​ឲ្យ​លោក​ស្គាល់​”។

លោក​ ឡុង ដារ៉ា​ មេធាវី​របស់​លោក​ អាដេ​ ​បាន​បញ្ជាក់​ថា​ កូន​ក្តី​របស់​លោក​បាន​ព្យា​យាម​លក់​​ភាគ​ហ៊ុន​របស់​ខ្លួន​ទៅ​ឲ្យ​លោក សុផាឡែត ក៏​ប៉ុន្តែ លោក​បាន​កត់​សម្គាល់​ថា ការ​លក់​ភាគ​ហ៊ុន​នេះ ត្រូវ​បាន​ជម្ទាស់​ដោយ ហ្កុង​ចេ។

លោក​ ឡុង ដារ៉ា បាន​មាន​ប្រសាសន៍​ថា

“ ​លោក​ ព្យែរ៉េ អាដេ ប្រាប់​ខ្ញុំ​ថា គាត់​បាន​លក់​ភាគ​ហ៊ុន​ឲ្យ​ឯក​ឧត្តម អៀង សុផាឡែត ហើយ។ ក៏​ប៉ុន្តែ​ លោក ហ្កុង​ចេ បាន​ចោទ​ចំពោះ​ការ​លក់​នេះថា ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ដល់​ម្ចាស់​ភាគ​ហ៊ុន​ភាគ​ច្រើន​នៅ​ក្នុង​ក្រុម​ហ៊ុន​”។

គេ​មិន​អាច​ទាក់​ទង​លោក សុផាឡែត​ ដើម្បី​សំុ​ការ​ពន្យល់​បាន​ទេ។ ក៏​ប៉ុន្តែ លោក​ អាដេ បាន​មាន​ប្រសាសន៍​ថា លោក អៀង​ សុផាឡែត គ្មាន​តួ​នាទី​នៅ​ក្នុង​ករណី​នេះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍ថា លោក​ សុផាឡែត “​គ្មាន​អ្វី​ដែល​ត្រូវ​​ពាក់​ពន្ធ​ជា​មួយ​នឹង​បញ្ហា​នេះ​ទេ។ ខ្ញុំ​លក់​ភាគ​ហ៊ុន​របស់​ខ្ញុំ​ឲ្យ​លោក ពី​ព្រោះ​ខ្ញុំ​ធុញ​ទ្រាន់​នឹង​រឿង​នេះ​ណាស់​។ ក៏​ប៉ុន្តែ លោក ហ្វ្រង់ស័រ ហ្កុងចេ មិន​ដែល​ឆ្លើយ​តប​ថា យល់​ព្រម ឬក៏​មិន​យល់​ព្រម​នោះ​ទេ។ តុ​លាការ​កំពូល​បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដោយ​ត្រឹម​ត្រូវ ដោយ​បាន​បញ្ជា​ឲ្យ​ធ្វើ​សវ​នកម្ម​។ គ្មាន​អ្វី​ពាក់​ព័ន្ធ​ជាមួយ​នឹងឥ​ទ្ធិពល​របស់​លោក សុផាឡែត នោះ​ឡើយ​”។

លោក កៅ ស៊ូផា មេធាវី​របស់​លោក ហ្កុងចេ បាន​មាន​ប្រសាសន៍​ថា “​ប្រសិន​បើ​តុលាការ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ លោក​នឹង​ស្នើ​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍ​ន៍​ជន​បទ​កម្ពុជា ឲ្យ​ជួយ​ដោះ​ស្រាយ​ករណី​នេះ​បាន។ ប្រសិន​បើ​ CDC មិន​អាច​ដោះ​ស្រាយករណី​នេះទេ សូម​ឲ្យ​សម្តេច​ ហ៊ុន​ សែន ជួយ​អន្តរាគមន៍ ដើម្បី​អនុញ្ញាត​ឲ្យ​កូន​ក្តី​ខ្ញុំ​ ដែល​មាន​ភាគ​ហ៊ុន​៧៥​ភាគ​រយ បាន​វិនិយោគ​គម្រោង​ផ្សេង​ទៀត​”។​​​​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស